ភរិយាសពលោកជា វិជ្ជា មេដឹកនាំសហជីពកម្មករដ៏ល្បីល្បាញ គឺអ្នកស្រីជា គឹមនី អបអរសាទរចំពោះការដែលរដ្ឋាភិបាលកម្ពុជាបានផ្តល់រូបសំណាក «វីរបុរស» ជូនស្វាមីរបស់អ្នកស្រី ដោយបានទទូចផងដែរថា រដ្ឋាភិបាលកម្ពុជាចាំបាច់ត្រូវចាប់ខ្លួនឃាតករ ដែលបាញ់សម្លាប់ប្តីអ្នកស្រីមកផ្តន្ទាទោសតាមច្បាប់។
«ប្រពន្ធកូនសព្វថ្ងៃនេះរង់ចាំទាមទារយុត្តិធម៌ ព្រោះអីរឿងរ៉ាវទាំងអស់ហ្នឹងដែលស្លាប់បាត់បង់ទៅហ្នឹងវាយូរហើយ ហើយគ្មានទាន់រកឃាតករអីឃើញទេ»។
នេះជាការ អះអាងរបស់អ្នកស្រីជា គឹមនី តាមទូរស័ព្ទពីប្រទេសហ្វាំងឡង់ជាកន្លែងដែលអ្នកស្រីនិងកូន២នាក់កំពុងជ្រកកោនផ្នែកនយោបាយបន្ទាប់ពីគេបាញ់ស្លាប់លោកជា វិជ្ជា។
អ្នកស្រីបានអះអាងថា ទុក្ខសោក ការស្តាយចំពោះការបាត់បង់ស្វាមីនៅដក់ជាប់ក្នុងអារម្មណ៍ជានិច្ចដែលមិនអាចរសាយចិត្តបាន។
«អ្វីដែលខ្ញុំជួបប្រទះ អ្វីដែលខ្ញុំឃើញគឺវាសាហាវបំផុតសម្រាប់រូបនាងខ្ញុំ សម្រាប់ប្តីខ្ញុំនិងកូនខ្ញុំ។ ខ្ញុំមិនអាចបំភ្លេចបានទេ។ សព្វថ្ងៃខ្ញុំនៅចងចាំ។ ខ្ញុំនៅមានជីវិត ខ្ញុំនឹងទាមទារ រកយុត្តិធម៌ឲ្យឃើញ»។
លោកជា វិជ្ជា មេដឹកនាំសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជាដែលជាជើងឯកខាងការស្វែងរកសិទ្ធិសេរីភាពជូនកម្មករ ដោះស្រាយវិវាទរវាងកម្មករ និងថៅកែរោងចក្រ ដឹកនាំបាតុកម្មទាមទារឲ្យរដ្ឋាភិបាលដោះស្រាយប្រាក់ខែកម្មករ និងសុខទុក្ខជូនកម្មករនោះ ត្រូវបានឃាតករមិនស្គាល់មុខបាញ់សម្លាប់កាលពីថ្ងៃ២២ មករាឆ្នាំ២០០៤ នៅជិតវត្តលង្កា ក្នុងរាជធានីភ្នំពេញ។ តែឃាតករមិនត្រូវគេរកឃើញនៅឡើយទេក្នុងរយៈពេល៨ឆ្នាំនេះ។
លោកឧត្តមសេនីយ៍ឯកគាត ចាន់ថារិទ្ធ ប្រធានសេនាធិការ និងជាអ្នកនាំពាក្យនគរបាលជាតិ បានអះអាងថា សំណុំរឿងលោកជា វិជ្ជា លោកមិនមានព័ត៌មានអ្វីថ្មីទេ តែលោកថ្លែងថា ជាទូទៅ អាជ្ញាធរប៉ូលិសនៅតែបន្តរកជនដៃដល់មកផ្តន្ទាទោសតាមច្បាប់ ពេលមានឃាតកម្ម ហើយក៏មិនដែលបិទសំណុំរឿងឡើយ។
«យើងអត់ដែលចោលទេ។ មិនដែលថា មនុស្សស្លាប់មួយទាំងមូល ឧទាហរណ៍សូម្បីតែលោកជា វិជ្ជា ឬក៏អ្នកណាមួយផ្សេងទៀតក៏ដោយ។ មនុស្សស្លាប់ យើងរកឃាតករមិនឃើញ យើងអត់មានសិទ្ធិអីទៅបិទសំណុំរឿងទេ មានតែជំរុញការរកបន្ថែម។ គ្រាន់តែលទ្ធផលរកមិនទាន់ឃើញ។ យើងនៅតែបន្តខិតខំរកឲ្យឃើញ»។
អាជ្ញាធរបានចាប់ខ្លួនជនសង្ស័យពីរនាក់គឺប៊ន សំណាង និងសុខ សំអឿនហើយឃុំខ្លួនពួកគេក្នុងគុកអស់រយៈពេល៥ឆ្នាំ។ តែតុលាការកំពូល កាលពីចុងខែធ្នូឆ្នាំ២០០៨ បានសម្រេចដោះលែងពួកគេទាំងពីរបណ្តោះអាសន្នក្រោយពីរកឃើញថា ជនទាំងពីរមិនមែនជាឃាតករសម្លាប់លោកជា វិជ្ជាពិតប្រាកដ។
ទន្ទឹមគ្នានឹងពេលដែលក្រុមគ្រួសាររង់ចាំអាជ្ញាធរស្វះស្វែងរកឃាតករពិតដែលបានសម្លាប់លោកជា វិជ្ជានោះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនកាលពីថ្ងៃទី៣១ធ្នូ ឆ្នាំ២០១១ បានផ្តល់ការយល់ព្រមចំពោះសំណើស្នើសុំរបស់កម្មករ និងសហជីពសេរីកម្មករផង ដែលសុំឲ្យមានការផ្តល់ទីតាំង និងរូបសំណាកសពលោកជា វិជ្ជា។ លោកហ៊ុន សែនបានធ្វើចំណារផ្ទាល់ដៃរបស់លោកថា «យល់ព្រម»លើលិខិតរបស់លោកជា មុន្នី ប្អូនប្រុសរបស់លោក ជា វិជ្ជា ដែលបន្តវេនជាប្រធានសហជីពសេរីកម្មករបច្ចុប្បន្ន។ នៅក្នុងលិខិតរបស់លោកជា មុន្នីនោះ លោកបានស្នើជាថ្មីបន្ថែមលើការស្នើសុំជាយូរឆ្នាំមកហើយនោះ ជូនទៅលោកនាយករដ្ឋមន្ត្រីហ៊ុន សែនដើម្បីសាងសង់រូបសំណាកលោកជា វិជ្ជានៅទីតាំងសមរម្យណាមួយសម្រាប់រំឭកវិញ្ញាណក្ខន្ធ សម្រាប់រំឭកគុណ ធ្វើពិធីបុណ្យរំឭកខួបតាមប្រពៃណី។
លោកជា មុន្នីដែលនៅតែទទូចឲ្យអាជ្ញាធរចាប់ខ្លួនឃាតករមកផ្តន្ទាទោសនោះ អះអាងថា ការសម្រេចរបស់រដ្ឋាភិបាលជារឿងមានសារៈសំខាន់ណាស់សម្រាប់កម្មករ កម្មការិនី និងជាការទទួលស្គាល់ដល់ការទាមទាររបស់កម្មករ និងកម្មការិនី។
«ការដែលរដ្ឋាភិបាលបានសម្រេចឲ្យនេះ សម្រាប់ខ្ញុំមានន័យថា គឺជាការមើលឃើញថា រដ្ឋាភិបាលចង់បាននូវសន្តិភាព ចង់បាននូវការចូលរួមពីសង្គមស៊ីវិលជាមួយរដ្ឋាភិបាល។ នោះគឺថា ជជែកគ្នា ខុសនិងត្រូវគឺដាក់លើតុជជែកគ្នា»។
ការជជែកគ្នារឿងការសាងសង់នេះនឹងធ្វើបន្ត ក្រោយពីមានសេចក្តីសម្រេច របស់រដ្ឋាភិបាល គឺស.ជ.ណ ដែលណែនាំឲ្យសាលក្រុងភ្នំពេញពិភាក្សារឿងសាងសង់ទីតាំង រូបសំណាកលោកជា វិជ្ជាជិតវត្តលង្កា រាជធានីភ្នំពេញនោះ៕