ខ្សែភាពយន្តឯកសារដ៏រសើបមួយដែលមានចំណងជើងថា«នរណាសម្លាប់លោកជា វិជ្ជា?» ត្រូវបានហាមឃាត់សារជាថ្មីម្តងទៀតខណៈពេលដែលសហជីពសេរីកម្មករបានដាក់បញ្ចាំងឲ្យក្រុមកម្មករទស្សនារយៈពេលប្រមាណតែ១៥នាទីតែប៉ុណ្ណោះ។
សហជីពសេរីកម្មកររបស់ព្រះរាជាណាចក្រកម្ពុជាបានរៀបចំទិវានារីអន្តរជាតិ៨មិនាលើកទី១០០នៅភោជនីយដ្ឋានពិភពថ្មីដោយមានការចូលរួមពីក្រុមកម្មករកម្មការីនីប្រមាណជាង៤០០នាក់បន្ទាប់ពីកម្មវិធីសំណេះសំណាលរបស់អ្នកតំណាងសហជីពក្រុមគ្រូបង្រៀន គណបក្សនយោបាយ និងតំណាងស្ថានទូតបានបញ្ចប់ហើយចូលដល់កម្មវិធីដាក់បញ្ចាំងខ្សែភាពយន្តឯកសាររឿង«នរណាជាអ្នកសម្លាប់លោកជា វិជ្ជា?» ត្រូវបានអ្នកទទួលខុសត្រូវភោជនីយដ្ឋាននេះបានមកហាមឃាត់។
ស្រី្តមួយរូបដែលជាអ្នកទទួលខុសត្រូវក្នុងភោជនីយដ្ឋាននេះដែលបានអះអាងស្នើសុំមិនបញ្ចេញឈ្មោះបាននិយាយថាអ្នកស្រីបានទទួលបញ្ជាពីអាជ្ញាធរខណ្ឌដូនពេញមិនអនុញ្ញាតឲ្យដាក់បញ្ចាំងខែ្សភាពយន្តឯកសារនេះបានឡើយ។
«គេតេ(ទូរស័ព្ទ)មកអំបាញ់មិញ ខាងខណ្ឌដូនពេញ។ ឥឡូវសូមផ្អាកកម្មវិធីសិនពូព្រោះខ្ញុំនៅហាងដែរ។ ខ្ញុំអត់ដឹងដែរទាល់បន្តិចទៀតខាងខណ្ឌគេមកដល់អាហ្នឹងចាំជួបគេទៅ»។
ខ្សែភាពយន្តឯកសារនរណាជាឃាតករសម្លាប់លោកជា វិជ្ជា មានរយៈពេលប្រមាណ៥៥នាទីរបស់ផលិតករជនជាតិអាមេរិកកាំងមួយរូបឈ្មោះ ប្រែដលី ខក់ (Bradley Cox) បានបង្ហាញពីរូបភាពលោកជា វិជ្ជា កាលនៅរស់រានមានជីវិតរហូតដល់ឃាតករបាញ់សម្លាប់កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤។
ចុងបញ្ចប់នៃខ្សែភាពយន្តនេះបានដាក់ចម្ងល់ថា នរណាជាឃាតករសម្លាប់លោកជា វិជ្ជា បើទោះបីជារដ្ឋាភិបាលបានចាប់ខ្លួនលោកប៊ន សំណាង និងលោកសុខ សំអឿន មកកាត់ទោសយ៉ាងណាក៏ដោយ។
កញ្ញាពេជ្រ ស្រីនី អាយុ២៨ឆ្នាំ កម្មករមកពីរោងចក្រមិថុនា ដែលបានចូលរួមទស្សនាខ្សែភាពយន្តឯកសារនេះបានសម្តែងការខកចិត្តចំពោះការរារាំងនេះ។
កញ្ញាបាននិយាយថា យើងចង់ដឹងថា នរណាជាឃាតករសម្លាប់លោកជា វិជ្ជា ហើយនៅពេលដែលមានការរារាំងយ៉ាងដូច្នេះ បានធ្វើឲ្យពួកយើងជាកម្មករមានការដាក់មន្ទិលសង្ស័យទៅលើរដ្ឋាភិបាល។
«ខ្ញុំមានចម្ងល់ ពេលដែលគេដាក់បញ្ចាំងអញ្ចឹង ខ្ញុំចង់ដឹងដែរ។ ដូចអ្វីដែលគេបានប្រាប់ថា តើនរណាជាឃាតករអញ្ចឹង។ បើជាអ្នកជាឃាតករ គេស្រែកថាខ្លួនគេមិនមែនជាឃាតករអយុត្តិធម៌ណាស់។ គេបានរងគ្រោះអញ្ចឹងដែរ។ ខ្ញុំឆ្ងល់រឿងហ្នឹងដែរ ហើយខ្ញុំក៏ចង់ដឹងដែរ តែតែងតែមានបញ្ហាអញ្ចឹងរហូតពួកខ្ញុំអត់ដែលបានមើលទេ»។
លោករ៉ុង ឈុន ប្រធានសហភាពសហជីពកម្មករកម្ពុជា និងជាប្រធានសមាគមគ្រូបង្រៀនឯករាជ្យកម្ពុជាបានថ្លែងប្រាប់ក្រុមអ្នកកាសែតថាការរាំងមិនឲ្យដាក់បញ្ចាំងខ្សែភាពយន្តឯកសារនេះមានន័យថា រដ្ឋាភិបាលនៅពីក្រោយខ្នងនៃករណីឃាតកម្មទៅលើលោកជា វិជ្ជា។
«អាជ្ញាធរក្រុងភ្នំពេញ ក៏ដូចជារដ្ឋាភិបាលរារាំងម្តងហើយម្តងទៀត។ នេះបង្ហាញឲ្យឃើញថាមានមន្រ្តីជាន់ខ្ពស់ណាមួយនៅខាងក្រោយឃាតកម្ម ជា វិជ្ជា ហើយ»។
អ្នកស្រីមួរ សុខហួរ អ្នកតំណាងរាស្រ្តគណបក្សប្រឆំាង ដែលបានចូលរួមនៅក្នុងកម្មវិធីនេះផងដែរ បានមានប្រសាសន៍ថា សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋជាពិសេសសិទ្ធិក្នុងការទទួលព័ត៌មានត្រូវបានរឹតបន្តឹងក្នុងប្រទេសកម្ពុជា។
«យើងនៅតែសួរទៀត អ្នកណាជាអ្នកសម្លាប់ជា វិជ្ជា។ រាស្រ្តត្រូវដឹងរាស្រ្តតូ្រវតែបានព័ត៌មានហ្នឹងហើយជាកាតព្វកិច្ចរបស់រដ្ឋាភិបាលនៅក្នុងការបញ្ចេញព័ត៌មាន»។
លោកសុខ ពេញវុធ អភិបាលរងខណ្ឌដូនពេញ ដែលមានវត្តមាននៅក្នុងបរិវេណភោជនីយដ្ឋានពិភពថ្មីដែរនោះបានបដិសេធពុំធ្វើអត្ថាធិប្បាយទេដោយលោកបានអះអាងថាលោកមកទទួលទានអាហារពេលព្រឹកនៅទីនេះ។
«មិនមករឿងហ្នឹងផង ខ្ញុំមកហូបគុយទាវ។ ខ្ញុំមកហូបគុយទាវទេ។ សូមទោសអត់បានទេ អត់ពាក់ព័ន្ធទេ»។
គួររំលឹកផងដែរថា នេះជាលើកទី៣ហើយ ដែលខ្សែភាពយន្តឯកសារនរណាជាឃាតករសម្លាប់ លោកជា វិជ្ជា ត្រូវបានរារាំងមិនឲ្យដាក់បញ្ចាំងជាសាធារណៈនោះ៕