ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលារការ​បញ្ជូន​ប៊ន សំណាង​ និង​សុខ ​សំអឿន​ទៅ​ពន្ធនាគារ​វិញ​


ដោយ​ផ្អែកលើ​ព្រះ​រាជ​បន្ទូល​អតីត​ព្រះ​មហាក្សត្រ​សម្តេច​ឪ​នរោត្តម​ សីហនុ​លោក​កៅ ទី ​មេធាវី​ឲ្យ​សព​លោកជា វិជ្ជា​មាន​ប្រសាសន៍​ថា​ ប៊​ន សំណាង​និង​សុខ សំអឿន​មិនមែន​ជា​ឃាតករ​ពិត​ទេ។​
ដោយ​ផ្អែកលើ​ព្រះ​រាជ​បន្ទូល​អតីត​ព្រះ​មហាក្សត្រ​សម្តេច​ឪ​នរោត្តម​ សីហនុ​លោក​កៅ ទី ​មេធាវី​ឲ្យ​សព​លោកជា វិជ្ជា​មាន​ប្រសាសន៍​ថា​ ប៊​ន សំណាង​និង​សុខ សំអឿន​មិនមែន​ជា​ឃាតករ​ពិត​ទេ។​
​ភ្នំពេញ​៖ ប៊​ន សំណាង​បាន​ស្រែកយំ​ និង​សុខ សំអឿន​ស្រែក​បដិសេធ​ថា ​ខ្លួន​មិន​បាន​សម្លាប់​លោក​ជា វិជ្ជា​នោះទេ ​នៅពេល​ដែល​សាលា​ឧទ្ធរណ៍​បាន​សម្រេច​ផ្តន្ទាទោស​ពួក​គេ​ម្នាក់ៗ​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​២០​ឆ្នាំ ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ក្រោម​ការ​ចោទ​ប្រកាន់​ថា ​ពួក​គេ​បាន​ធ្វើឃាត​មេដឹក​នាំ​សហជីព​សេរី​កម្មករ​ដ៏​ល្បីល្បាញ​រូបនេះ។

សាលដីកា​នេះ​ធ្វើ​ឡើង​បន្ទាប់ពី​សាលា​ឧទ្ធរណ៍​បើក​សវនាការ​កាលពី​ខែ​មុន​លើ​សំណុំរឿង​ប៊​ន សំណាង​ និង​សុខ សំអឿន​តាម​ដីការ​បង្គាប់​របស់​តុលាការ​កំពូល។ ​តុលាការ​ជាន់ខ្ពស់​បាន​សម្រេច​ដោះលែង​បុរស​ទាំងពីរ​ជា​បណ្តោះ​អាសន្ន​ កាលពី​ចុងឆ្នាំ​២០០៨​ ហើយ​បង្គាប់​ឲ្យ​សាលា​ឧទ្ធរណ៍​បើក​ការ​ស៊ើប​អង្កេត​ឡើង​វិញ។​
លោក​ចៅក្រម​យូ ស៊ុន​ឡេង​បាន​សំអាង​ថា​ ស​ក្សី​ដែល​ត្រូវបាន​សាក​សួរ​កាលពី​ពេលមុន​អាច​ជឿជាក់​បាន ​ហើយ​បាន​ច្រាន​ចោល​សាក្សី​ដោះ​បន្ទុក​របស់​ជនជាប់ចោទ​ដោយ​តម្កល់​ទោស​ជនជាប់ចោទ​តាម​ការ​សម្រេច​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​និង​បង្គាប់​ឲ្យ​ពួកគេ​បង់​ប្រាក់​រួមគ្នា​សរុប​ចំនួន​៤០​លាន​រៀល​ ឬ​ប្រមាណ​ជា​១០.០០០​ដុល្លារអាមេរិក​ដល់​គ្រួសារ​លោក​ជា វិជ្ជា។​

ក៏​ប៉ុន្តែ​អគ្គ​ព្រះរាជ​អាជ្ញា​លោក​តាន់ សេណារ៉ុង​បាន​សន្និដ្ឋាន​ថា​ភស្តុតាង​ដាក់​បន្ទុក​លើ​ជន​ជាប់​ចោទ​មិន​គឺ​ពេញលេញ​ទេ​ ហើយ​ក៏​មិន​បាន​រក្សា​ការ​ចោទ​ប្រកាន់​របស់ខ្លួន​នោះ​ទេ។​

លោក​សុខ សំអឿន ​អាយុ​៤៣ឆ្នាំ ​និង​ប៊​ន សំណាង​ អាយុ៣២​ឆ្នាំ ​ថ្លែង​នៅ​ពេល​ដែល​កង​ប៉ូលិស​ក្រៀក​ពួកគេ​ចូល​រថយន្ត​ឆ្ពោះ​ទៅកាន់​ពន្ធនាគារ​ព្រៃ​ស។​

លោកសុខ សំអឿនស្រែកថា៖
«យល់​ឃើញ​ថា ​អយុត្តិធម៌​ខ្លាំង​ណាស់​សម្រាប់​រូប​ខ្ញុំ»។

ក្នុងពេលជាមួយគ្នានេះដែរ​ លោក​ប៊​ន សំណាងស្រែកថា៖​

«សម្តេច​តា​តែងតែ​អះអាង​តា​ប៊​ន សំណាង​មិន​មែន​ជា​ឃាតករ​ទេ។ ​ប៉ុន្តែ​ឥឡូវ​គេ​យក​ចៅ​ដាក់គុក​ទៀត​ហើយ»។​

លោក​ហុង គឹម​សួន ​មេធាវី​របស់​សុខ សំអឿន ​បាន​សម្តែង​ការ​សោកស្តាយ​ចំពោះ​សេចក្តី​សម្រេច​របស់​សាលា​ឧទ្ធរណ៍​នេះ។​

«ភាព​អយុត្តិធម៌​នេះ​ដឹក​ក៏​មិន​រួច​ សែង​ក៏​មិន​បាន​ គាស់​ក៏​មិន​ល្បើក​ដែរ​ ពីព្រោះ​ព្រះរាជ​អាជ្ញា​មិនបាន​ធ្វើការ​ចោទ​ប្រកាន់​ទេ»។​

លោកហុង គឺ​ម​សួន​លើកឡើង​ថា​ ការ​សម្រេច​ក្តី​របស់​ចៅ​ក្រម​ធ្វើបាន ​លុះ​ណាតែ​មាន​បទ​ចោទ​ពី​ព្រះរាជ​អាជ្ញា។​

លោក​ជុំ សុ​វណ្ណាលី ​មេធាវី​របស់​ប៊​ន សំណាង​បាន​ហៅ​ការ​សម្រេច​ទោស​របស់​សាលា​ឧទ្ធរណ៍​ថា​ ជាការ​ប្រឆាំង​នឹង​សាលដីកា​របស់​តុលាការ​កំពូល។​

«អគ្គ​ព្រះរាជ​អាជ្ញា​សន្និដ្ឋាន​ថា ​អត់​មាន​ភស្តុតាង​ដាក់​បន្ទុក​គ្រប់គ្រាន់​ទេ​ហើយ​បើ​គាត់​សន្និដ្ឋាន​បែប​នេះ គួរតែ​រួច​ខ្លួន។​ តុលាការ​កំពូល​ចេញ​សាលដីការ​មួយ​សម្រេច​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​ ហើយ​ដូច្នេះ​បើ​សាលា​ឧទ្ធរណ៍​សម្រេច​ឃុំ​វិញ​ វា​ប្រឆាំង​ទៅ​នឹង​ដីកា​របស់​តុលាការ​កំពូល»។​

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ នាពេល​កន្លងមក ​បាន​ហៅ​ការ​ចាប់​ខ្លួន​ប៊​ន សំណាង​ និង​សុខ សំអឿន​ថា ​ជាការ​រៀបចំ​ឆាក​ល្ខោន​និង​គ្រាន់តែ​ជា​ការ​បង្កើត​ឃាតករ​«សិប្ប​និមិត្ត»​សម្រាប់​បិទបាំង​ឃាតករ​ពិតប្រាក​ ដែល​ទំនង​ជា​ត្រូវបាន​គេ​បញ្ជា​ឲ្យ​ទៅ​សម្លាប់​លោក​ជា វិជ្ជា។​

លោក​ជា វិជ្ជា​ត្រូវ​ឃាតករ​ដែល​មិនបិទ​ស្រោម​មុខ​ ចូល​បាញ់​យ៉ាង​កៀក​បំផុត​កាលពី​ខែ​មករា​ឆ្នាំ​២០០៤​ នៅពេល​លោក​កំពុង​អង្គុយ​អាន​កាសែត​ក្បែរ​របង​វត្ត​លង្កា​ក្រុង​ភ្នំពេញ។ ​ហើយ​ប៊​ន សំណាង​និង​សុខ សំអឿន​ត្រូវ​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ ចាប់​ពីពេល​នោះ ​មុននឹង​ត្រូវ​ដោះលែង​បណ្តោះ​អាសន្ន​ប្រាំ​ឆ្នាំ​ក្រោយ​មក។​

លោក​អំ សំអាត ​អ្នកគ្រប់គ្រង​បច្ចេក​ទេស​ស៊ើប​អង្កេត​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ ដែល​តាម​ឃ្លាំមើល​ការ​ប្រកាស​សាលដីកា​កាលពី​ព្រឹក​មិញ​ មាន​ប្រសាសន៍​ថា ​សាលដីកា​របស់​សាលា​ឧទ្ធរណ៍​មិនអាច​ទទួល​យក​បាន​ទេ។​

«យើង​ជា​សង្គម​ស៊ីវិល​ យើង​នៅតែ​ចាត់ទុក​ថា​ ជន​ទាំងពីរ​នាក់​ជា​ឃាតករ​សិប្ប​និមិត្ត​ដដែល​ ហើយ​នេះ​ជា​ភាព​អយុត្តិធម៌​សម្រាប់​លោក​ជា វិជ្ជា​ និង​ក្រុម​គ្រួសារ ​ដែល​នៅ​តែ​រក​ឃាតករ​ពិត​មិន​ឃើញ។ ​ហើយ​ចំណែក​ឯ​លោក​ប៊​ន សំណាង ​និង​លោក​សុខ សំអឿន​គឺជា​ជនរងគ្រោះ​បន្ថែម​ទៀត​លើ​ករណី​បាញ់សម្លាប់​លោក​ជា វិជ្ជា​នេះ»។​
ដោយ​ផ្អែកលើ​ព្រះ​រាជ​បន្ទូល​អតីត​ព្រះ​មហាក្សត្រ​សម្តេច​ឪ​នរោត្តម​ សីហនុ​លោក​កៅ ទី ​មេធាវី​ឲ្យ​សព​លោកជា វិជ្ជា​មាន​ប្រសាសន៍​ថា​ ប៊​ន សំណាង​និង​សុខ សំអឿន​មិនមែន​ជា​ឃាតករ​ពិត​ទេ។​

មេធាវី​របស់​ជន​ជាប់ចោទ​ទាំង​ពីរ​បាន​ប្តឹង​សារទុក្ខ​ទៅកាន់​តុលាការ​កំពូល​ភ្លាមៗ​ដែរ ​បន្ទាប់ពី​ការ​ប្រកាស​សាលដីការ​របស់​សាលា​ឧទ្ធរណ៍៕​
XS
SM
MD
LG