ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

តុលាការ​ដោះលែង​ឃាតករ​សិប្បនិមិត្ត

  • ហេង រស្មី

លោក ប៊ន សំណាង (ឆ្វេង​ទី​ពីរ) និង​​​លោក​ សុខ សំអឿន (ស្តាំ​ទី​ពីរ) ​ត្រូវបាន​អម​​ដោយ​ប៉ូលិស​​នៅ​មុខ​តុលាការ​​កំពូល​​ក្រុង​នៅ​​ថ្ងៃ​​ពុធ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០១៣។
ភ្នំពេញ៖​ លោក​ សុខ សំអឿន​ និង​ លោក​ ប៊ន សំណាង​បាន​ញញឹម​ដាក់​ក្រុម​គ្រួសារ​និង​អង្កការ​ក្រៅ​រដ្ឋាភិបាល នៅ​ពេល​ដែល​អ្នក​ទាំង​ពីរ​បាន​ដើរ​ចេញ​ពី​ពន្ឋនាគារ​ព្រៃស​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ។​

តុលាការ​កំពូល​កម្ពុជា ​កាល​ពី​ថ្ងៃ​ពុធ​ម្ស៉ិល​បាន​សម្រេច​ទម្លាក់​បទចោទ​និង​សម្រេច​ដោះលែង​ឲ្យ​ជន​ជាប់​ចោទ​ជា​ឃាតករ​សិប្បនិម្មិត​ចំនួន​ពីរ​នាក់​គឺ​លោក​ប៊ន សំណាង​ និង​លោក​សុខ សំអឿន​ ឲ្យ​មាន​សេរីភាព​វិញ។

ជនជាប់​ចោទ​ទាំងពីរ​រូប​ត្រូវ​បាន​ឃុំ​ខ្លួនអស់រយៈ​ពេល​ជិត​ប្រាំមួយ​ឆ្នាំពី​បទ​ជាប់ទាក់​ទិន​នឹង​អំពើ​ឃាតកម្ម​លើ​លោក​ជា វិជ្ជា​ ដែល​ជា​មេដឹកនាំ​សហជីព​កម្មករ​ដ៏​ល្បីល្បាញ​កាល​ពី​ខែ​មករា ឆ្នាំ​២០០៤។

បន្ទាប់​ពី​បាន​ដើរ​ចេញ​ពី​ពន្ឋនាគារ។ លោក​ ប៊ន សំណាង​ និងលោក​សុខ សំអឿន​ បាន​ទៅ​ស្រោច​ទឹក​នៅ​វត្ត​មួយ​ក្បែរ​ពន្ឋនាគារ​ព្រៃស។

លោក​ ប៊ន សំណាង​ និងលោក​សុខ សំអឿន​ បាន​ទៅ​ស្រោច​ទឹក​នៅ​វត្ត​មួយ​ក្បែរ​ពន្ឋនាគារ​ព្រៃស ក្រោយពី​ អ្នកទាំងពីរ បាន​ដើរ​ចេញ​ពី​ពន្ឋនាគារ។
លោក​ ប៊ន សំណាង​ និងលោក​សុខ សំអឿន​ បាន​ទៅ​ស្រោច​ទឹក​នៅ​វត្ត​មួយ​ក្បែរ​ពន្ឋនាគារ​ព្រៃស ក្រោយពី​ អ្នកទាំងពីរ បាន​ដើរ​ចេញ​ពី​ពន្ឋនាគារ។
លោក​ ប៊ន សំណាង​ ពាក់​អាវ​ស​និង​មាន​រូប​រាង​ស្គម​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ដោយ​ទឹក​មុខ​ញញឹម​ថា ថ្ងៃ​នេះ​ជា​ថ្ងៃ​ល្អ​ដែល​តុលាការ​បាន​បញ្ចប់​ការ​ចោទ​ប្រកាន់​លើរូប​លោក។

«បាទ! ថ្វី​ត្បិត​តែ​យឺត​ពេល​បន្តិច តែ​ថ្ងៃ​នេះ​ជា​ថ្ងៃ​ល្អ។ លោក​បាន​បញ្ចប់​ការ​ចោទ​ប្រកាន់​មក​លើ​ខ្ញុំ​បាទ។ គឺលើក​នេះ​ខុស​ពី​លើក​មុន។ លើក​មុន​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​ទេ។ លើក​នេះ​គឺ​លើក​លែង​ការ​ចោទ​ប្រកាន់​តែ​ម្តង​គឺ​សប្បាយ​ចិត្ត​ខ្លាំង​ណាស់»។

លោក​ ប៊ន សំណាង​និង​លោក​សុខ សំអឿន​ត្រូវ​បាន​តុលាការ​កំពូល​បាន​សម្រេច​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​ម្តង​កាល​ពី​ខែ​ធ្នូ​ឆ្នាំ​២០០៨។ ក៏​ប៉ុន្តែ ជនជាប់​ចោទ​ទាំង​ពីរ​ត្រូវ​បាន​អាជ្ញាធរ​ខ្មែរ​ចាប់​ឃុំ​ខ្លួន​នៅ​ពន្ឋនាគារ​វិញ​តាម​សេចក្តី​សម្រេច​របស់​សាលា​ឧទ្ធរណ៍។

លោក​ សុខ​ សំអឿន​ ដែល​ជា​ជនជាប់​ចោទ​ម្នាក់​ទៀត​បន្ទាប់​ពីបាន​ដោះ​លែង​ចេញ​ពី​ពន្ឋនាគារ​ព្រៃស​បាន​ប្រកាស​ថា តុលាការ​ពិត​ជា​មាន​យុត្តិធម៌​មែន​បន្ទាប់​ពី​លោក​បាន​ទន្ទឹង​រងចាំ​អស់​រយៈ​ពេល​ជាង​១០​ឆ្នាំ​មក​ហើយ។

«ខ្ញុំ​សង្ឃឹម​ថា ចាប់​ពី​ថ្ងៃ​ដែល​លោក​ចៅក្រម​ ប្រកាស​ថ្ងៃទិ​២៥ ខែ​កញ្ញា ឆ្នាំ​២០១៣​នេះ ខ្ញុំ​មាន​ជំនឿ​ថា​នៅ​កម្ពុជា​នឹង​មាន​យុត្តិធម៌»។

ការ​សម្រេច​ប្រកាស​ដោះលែង​លោក ប៊ន សំណាង​ និង​លោក សុខ​ សំអឿន ដោយ​តុលាការ​កំពូល​ បាន​កើត​មាន​ឡើង​ស្រប​ពេល​នឹង​គណៈរដ្ឋ​មន្ត្រី​បាន​បើក​សម័យ​ប្រជុំ​របស់​ខ្លួន​ជា​លើក​ដំបូង​ក្រោយ​ពី​ការ​បោះឆ្នោត។

លោក​ ហុង គឹមសួន ដែល​ជា​មេធាវីការ​ពារ​ក្តី​ឲ្យ​ជនជាប់​ចោទ​សុខ សំអឿន​បាន​បញ្ជាក់​ថា កូន​ក្តី​របស់​លោក​មាន​សិទ្ឋិ​ទាមទារ​សំណង​ពី​រដ្ឋមក​វិញ​ដោយសារ​តែ​តុលាការ​បាន​រក​ឃើញ​ថា មិន​មាន​កំហុស។

«បើ​យើង​និយាយ​ពី​នីតិវិធី​របស់​តុលាការ​ ការ​ធ្វើ​ការ​យូរ​នេះ​គឺជា​រឿង​មួយ​ដែល​អូស​បន្លាយ​ធ្វើ​ឲ្យ​ខូច​ដល់​ប្រយោជន៍​ជន​ត្រូវ​ចោទ​ទាំង​ពីរ ដែល​ចុង​ក្រោយ​បំផុត គាត់​អត់​មាន​ទោស​ពៃរ៍​អ្វី​ទេ​ដែល​តុលាការ​បាន​លើក​លែងការ​ចោទ​ប្រកាន់​គាត់​ទាំង​ស្រុង​ហើយ​នោះ»។​

លោក​ អំ សំអាត​ ប្រធាន​ការិយាល័យ​គ្រប់​គ្រង​បច្ចេកទេស​ស៊ើប​អង្កេត​របស់​សមាគម​សិទ្ឋិ​មនុស្ស​លីកាដូ​មាន​ប្រសាសន៍​ថា អង្កការ​សង្គម​ស៊ីវិល​បាន​រក​ឃើញ​តាំង​ពី​ដំបូង​មក​ថា អ្នក​ទាំង​ពីរ​នាក់​នេះ​មិន​មែន​ជា​ឃាតករ​ពិត​ប្រាកដ​ទេ​គឺ​ជា​ឃាដ​ករ​សិប្បនិមិ្មត។ លោក​បាន​បញ្ជាក់​ថា អ្វី​ដែល​យើង​សោក​ស្តាយ​គឺ​តុលាការ​មិន​បាន​ឲ្យ​អ្នក​ទាំង​ពីរ​ប្តឹង​ទាមទារ​សំណង។​

«អញ្ចឹង​យើង​គិត​មើល​ថា នៅ​ក្នុង​ប្រទេស​អ្នក​កាន់​លិទ្ឋិ​ប្រជាធិបតេយ្យ​ទាំង​មូល ចាប់​គេ​ដោយ​គ្មាន​រឿង ​គ្មាន​បាន​ប្រព្រឹត្តិ​អ្វី យក​មក​ដាក់​គុក​ប្រាំ​មួយ​ឆ្នាំ​ហើយ​មិនឲ្យ​គេ​ទារ​សំណង។ តើវា​ប៉ះ​ពាល់​ដល់​សិទ្ឋិ​សេរីភាព​របស់​គេ​យ៉ាង​ណា​ខ្លះ»។​

លោក​ ប៊ន សំណាង​ និង​លោក​ សុខ សំអឿន​ ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​កាត់​ទោស​ឲ្យ​ជាប់​ពន្ឋនាគារ​ក្នុង​ម្នាក់ៗ​ចំនួន​២០​ឆ្នាំ​ពី​បទ​ថា​បាន​បាញ់​សម្លាប់​លោក ជា វិជ្ជា។

​លោក​ជា មុន្នី ដែល​ជា​ប្អូនប្រុស​បង្កើត​របស់​លោក ជា វិជ្ជា ដែល​កំពុង​ដឹកនាំ​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា បាន​សារទរ​ក្នុង​លិខិត​មួយ​ច្បាប់​របស់​លោក​កាលពី​ថ្ងៃ​ពុធនិង​បាន​សំណូមពរ​ដល់​អាជ្ញាធរ​ស៊ើប​អង្កេត​រក​ឃាតករ​ពិត​មក​ផ្តន្ទាទោស៕
XS
SM
MD
LG