សកម្មជនបរិស្ថាន៣នាក់ ដែលមានអាយុចន្លោះពី២២ឆ្នាំទៅ៣២ឆ្នាំ ត្រូវបានអាជ្ញាធរកម្ពុជាចោទប្រកាន់ថាធ្វើសកម្មភាពដើម្បីឈានទៅផ្តួលរំលំរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ នេះជាការចោទប្រកាន់មួយដូចទៅនឹងការចោទប្រកាន់លើគណបក្សសង្គ្រោះជាតិ ដែលត្រូវបានរំលាយចោលដោយតុលាការកំពូល កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ ថាប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល។
កាលពីថ្ងៃទី១៦ខែមិថុនាសកម្មជនបរិស្ថាននៃចលនាមាតាធម្មជាតិ៣នាក់ ដែលរួមមានកញ្ញា ស៊ុន រដ្ឋា អាយុ២៦ឆ្នាំ លោក លី ចាន់ដារ៉ាវុទ្ធអាយុ២២ឆ្នាំ និងលោក យីម លាងហ៊ី អាយុ៣២ឆ្នាំ ត្រូវបានចាប់ខ្លួនតាមដីការបស់តុលាការរាជធានីភ្នំពេញ ក្រោយទទួលបានរបាយការណ៍របស់នាយកដ្ឋានសន្តិសុខកណ្តាលនៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
លោក អ៊ឹម វណ្ណៈ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃចន្ទ បានសម្រេចឃុំខ្លួនពួកគេ ក្រោមបទចោទ«រួមគំនិតក្បត់»និង«ប្រមាថអង្គព្រះមហាក្សត្រ»។ ចំណែកសហស្ថាបនិកនៃចលនាមាតាធម្មជាតិគឺលោក Alejandro Gonzalez Davidson ដែលជាជនជាតិអេស្ប៉ាញ ក៏ត្រូវចោទប្រកាន់ដោយកំបាំងមុខពីបទ«រួមគំនិតក្បត់»និង«ប្រមាថអង្គព្រះមហាក្សត្រ»។
ការចោទប្រកាន់នេះនាំឱ្យមានការរំឭកដល់ការចោទប្រកាន់លើគណបក្សសង្គ្រោះជាតិ។
នៅលើគេហទំព័ររបស់អង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ មានការផ្សព្វផ្សាយវីដេអូដែលមានរូបថតរបស់ក្រុមយុវជនចលនាមាតាធម្មជាតិមួយចំនួន ហើយរដ្ឋាភិបាលបានលើកឡើងនៅគ្រានោះថាជា«ក្រុមឧទ្ទាមក្រៅច្បាប់ប្រើឧបាយកលចាស់ យុទ្ធសាស្ត្រថ្មី ដើម្បីប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល»។ អង្គភាពរបស់រដ្ឋាភិបាលនេះបានបញ្ជាក់នៅក្នុងវីដេអូនោះថា«ការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល» ដោយមានការជួយជ្រោមជ្រែងរបស់បរទេស មកប្រើប្រាស់អង្គការសង្គមស៊ីវិលដើម្បីធ្វើសកម្មភាពជំនួសឲ្យក្រុមបក្សប្រឆាំង។ អង្គភាពនេះបន្ថែមថា៖ «បើទោះបីជាអង្គការចាត់តាំងនយោបាយនៃបដិវត្តន៍ពណ៌ ត្រូវបានរំលាយ... ក៏ផែនការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល នៅតែត្រូវបានពួកឧទ្ទាមក្រៅច្បាប់បន្តអនុវត្តជាបន្តបន្ទាប់ ក្រោមការគាំទ្រទាំងនយោបាយនិងហិរញ្ញវត្ថុពីបរទេសមួយចំនួន»។
ការចាប់ខ្លួនសកម្មជនបរិស្ថានចុងក្រោយនេះ ត្រូវបានផ្សាភ្ជាប់នឹងការចោទប្រកាន់របស់រដ្ឋាភិបាលក្នុងសំណុំរឿងខាងនេះ។
ក្រសួងមហាផ្ទៃ កាលពីថ្ងៃពុធ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយការពារចំណាត់ការផ្លូវច្បាប់ទៅលើសកម្មជនដែលក្រសួងហៅថា«ខុសច្បាប់ ជ្រកក្រោមផ្លាកនៃអង្គការមាតាធម្មជាតិ»។
ក្រសួងបញ្ជាក់ថាអង្គការមាតាធម្មជាតិត្រូវបានចុះបញ្ជី កាលពីឆ្នាំ២០១២ ហើយត្រូវបានរំលាយចេញពីបញ្ជីអង្គការមិនមែនរដ្ឋាភិបាលកាលពីឆ្នាំ២០១៧ ដូច្នេះអង្គការនេះពុំមាននីតិសម្បទាផ្លូវច្បាប់ក្នុងការបំពេញការងារនៅកម្ពុជាទេ។
ក្រសួងបញ្ជាក់ថាលោក Alejandro Gonzalez Davidson ស្ថាបនិកនៃចលនាមាតាធម្មជាតិ ដែលជាជនជាតិអេស្ប៉ាញ និងត្រូវបានបណ្តេញចេញពីកម្ពុជាកាលពីឆ្នាំ២០១៥ នៅបន្តធ្វើ«សកម្មភាពខុសច្បាប់» ដូចជាការដឹកនាំកិច្ចប្រជុំមួយ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ ដោយក្រសួងថាបានប្រើប្រាស់«ពាក្យពេចន៍ប្រមាថយ៉ាងធ្ងន់ធ្ងរមកលើអង្គព្រះមហាក្សត្រ និងប្រមុខរាជរដ្ឋាភិបាល»។
ក្រសួងមហាផ្ទៃបញ្ជាក់ថា៖ «ទង្វើទាំងនេះគឺជាផែនការញុះញង់បញ្ឆេះឲ្យមានការបែកបាក់ជាតិ និងរំលោភបំពានទៅលើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក្នុងចេតនាបង្កអសន្តិសុខសង្គមនិងប៉ះពាល់ដល់ស្ថិរភាពជាតិដែលអាជ្ញាធរមានសមត្ថកិច្ចចាំបាច់ត្រូវចាត់វិធានការតាមច្បាប់ជាធរមាន»។
ក្រសួងមហាផ្ទៃបានផ្អែកលើវីដេអូឃ្លីបមួយដែលសមត្ថកិច្ចចាប់បានតាមប្រព័ន្ធZoom ហើយថាសកម្មជនទាំងនោះធ្វើការងារ «មិនមែនក្នុងបុព្វហេតុស្មោះត្រង់ចំពោះការការពារធនធានធម្មជាតិ និងបរិស្ថាននោះទេ»។
ក្រសួងបន្ថែមថា៖ «ផ្ទុយទៅវិញ ការធ្វើសកម្មភាពទាំងនោះ គឺបង្កប់ទៅដោយឧបាយកលទុច្ចរិតក្នុងបំណងញុះញង់អុជអាល កៀរគរកម្លាំង ឲ្យងើបបះបោរ បង្កើតឲ្យមានភាពចលាចលវឹកវរក្នុងប្រទេស។ ចម្លើយសារភាពរបស់ជនសង្ស័យទាំង៣រូបក៏បានទទួលស្គាល់ថាខ្លួនពិតជាបានធ្វើសកម្មភាពក្រោមផ្លាកអង្គការមាតាធម្មជាតិ ប៉ុន្តែការពិត គឺចង់ឲ្យមានការងើបបះបោរប្រឆាំង ហើយឈានទៅផ្តួលរំលំរាជរដ្ឋាភិបាលតាមវិធានការណ៍ផ្ទុយនឹងគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា»។
នាយករងទទួលបន្ទុកឃ្លាំមើលនិងការពារសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត ថ្លែងថា សកម្មជនបរិស្ថានទាំងនោះ បានធ្វើសកម្មភាពយូរមកហើយក្នុងន័យអប់រំប្រជាពលរដ្ឋ ដូចជាទាក់ទងនឹងបញ្ហាថង់ប្លាស្ទិក លូទឹកស្អុយ ការលុបបឹង និងការបូមខ្សាច់ជាដើម ដែលលោកថាការងារបរិស្ថាននេះ មិនចាំបាច់មានការចុះបញ្ជីនៅក្រោមអង្គការណាមួយនោះទេ ព្រោះប្រជាពលរដ្ឋអាចចូលរួមបាន។
លោកបន្ថែមថាការចោទប្រកាន់លើសកម្មជនទាំងនេះមានភាពធ្ងន់ធ្ងរ ដែលនាំឲ្យមានការរិះគន់ពីសាធារណជន និងចោទជាសំណួរថាតើពួកគេអាចផ្តួលរំលំរដ្ឋាភិបាលកម្ពុជាឬយ៉ាងណា។
លោកថ្លែងថា៖ «អញ្ចឹងបើយើងមើលទៅលើរូបភាពនៃការចោទប្រកាន់នេះវិញ វាជារឿងបទឧក្រិដ្ឋ វាជារឿងធ្ងន់ធ្ងរ ហើយថាតើយុវជនប៉ុន្មាននាក់ គាត់អាចក្លាយទៅជាអ្នករួមគំនិតក្បត់ឬក៏អីទេ? អាហ្នឹងដែលធ្វើឲ្យសាធារណជនមិនអស់ចិត្តនឹងបញ្ហាហ្នឹង។ ហើយគេយល់ថាបញ្ហាហ្នឹងជាការគំរាមកំហែងបំភិតបំភ័យទៅលើសកម្មជន និងអ្នកការពារបរិស្ថានទៅវិញ»។
លោក អំ សំអាត បន្ថែមថាការតាមដានតាមប្រព័ន្ធអនឡាញ ក៏ត្រូវបានត្រួតពិនិត្យយ៉ាងខ្លាំងពីសំណាក់អាជ្ញាធរកម្ពុជា ដែលលោកថានេះប៉ះពាល់ដល់សិទ្ធិឯកជនភាពដែលធានាដោយច្បាប់។
កាលពីថ្ងៃអង្គារ សារព័ត៌មាន Fresh News ដែលស្និទ្ធនឹងរដ្ឋាភិបាល បានបង្ហោះវីដេអូ មួយប្រមាណ៨នាទី ដែលលើកឡើងអំពីការសន្ទនាគ្នាតាមប្រព័ន្ធZoom ដែលអះអាងថាជាការសន្ទនារវាងលោក Alejandro Gonzalez Davidson និងសកម្មជនបរិស្ថានទាំង៣នាក់ដែលត្រូវបានចាប់ខ្លួន។ ក្នុងវីដេអូនោះ ក៏មានការនិយាយអំពីព្រះមហាក្សត្រ និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ។
អ្នកស្រី ដួង រី អាយុ៥៩ឆ្នាំ ជាម្តាយបង្កើតរបស់កញ្ញា ស៊ុន រដ្ឋា រស់នៅក្នុងឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មានប្រសាសន៍ថាការចោទប្រកាន់កូនស្រីរបស់អ្នកស្រី ជាការចោទប្រកាន់«ហួសហេតុ» ហើយថាកូនស្រីមិនដែលពាក់ព័ន្ធនឹងរឿងនយោបាយ ក្រៅតែពីរឿងការពារបរិស្ថាន។
អ្នកស្រីដែលមានការងារជាជាងធ្វើទទឹកជាមួយស្វាមីក្នុងខេត្តបាត់ដំបង ឲ្យដឹងទៀតថាកូនស្រីទី៤របស់អ្នកស្រីក្នុងចំណោមកូន៥នាក់ គឺកញ្ញា ស៊ុន រដ្ឋា មិនដែលធ្វើសកម្មភាពអ្វីទៅផ្តួលរំលំរដ្ឋាភិបាលនោះទេ។
អ្នកស្រីប្រាប់VOAនៅថ្ងៃព្រហស្បតិ៍នេះថា៖ «ខ្ញុំដឹងថាធ្វើការខាងបរិស្ថានហ្នឹងឯង។ អារឿងខាងនយោបាយអី ខ្ញុំអត់មានដែលដឹងផង។ ដឹងតែថាវាធ្វើខាងបរិស្ថាន ឃើញវាថតផុសរឿងវាទៅ[កន្លែង]សំរាមអីហ្នឹងឯង។ អាត្រង់រឿងនយោបាយ មីងមិនដែលដឹង មិនដែលឃើញផង»។
ការចាប់ខ្លួនសកម្មជនទាំងនេះ ក៏នាំឲ្យមានការព្រួយបារម្ភពីស្ថានទូតបរទេសមួយចំនួនផងដែរ ក្នុងនោះមានអាមេរិក ស៊ុយអែត និងអូស្រ្តាលី។
លោក Alejandro Gonzalez Davidson ស្ថាបនិកចលនាមាតាធម្មជាតិប្រាប់VOAនៅថ្ងៃព្រហស្បតិ៍ថារដ្ឋាភិបាលរបស់លោក ហ៊ុន សែន បានប្រើវោហារសាស្រ្តចោទប្រកាន់លើអ្នកដែលហ៊ាននិយាយការពិត និងអ្នកដែលចូលរួមកិច្ចការសង្គម ដោយចង់ឃើញសង្គមមានភាពយុត្តិធម៌ ជា«ក្រុមបដិវត្តន៍» «ក្បត់ជាតិ»និង«ភេរវករ»។ លោកប្រៀបធៀបករណីនេះដូចទៅនឹងខ្មែរក្រហម ដែលប្រើប្រាស់វិធីនេះ ដើម្បីកម្ចាត់សត្រូវរបស់គេ។
លោកបញ្ជាក់ថា៖ «វោហារសាស្រ្ត និងការឃោសនាដែលក្រសួងមហាផ្ទៃកំពុងប្រើប្រាស់ដើម្បីធ្វើឲ្យមានភាពស្របច្បាប់ក្នុងការចាប់ខ្លួនសកម្មជនបរិស្ថានស្លូតត្រង់ នឹងមិនធ្វើឲ្យនរណាម្នាក់ជឿនោះទេ ទាំងសហគមន៍អន្តរជាតិ និងប្រជាជនកម្ពុជាទាំងអស់»៕