ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ការ​បរទេស​ចក្រភព​អង់គ្លេស​មក​កម្ពុជា ដើម្បី​ពង្រឹង​ចំណង​ទាក់ទង​មុន​ពេល​កម្ពុជា​ធ្វើ​ជា​ប្រធាន​អាស៊ាន


រដ្ឋមន្ត្រី​ការបរទេស​ចក្រភព​អង់គ្លេស​លោក Dominic Raab ថត​រូប​ជាមួយ​លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស​​​កម្ពុជា​នៅ​ក្រសួង​ការ​បរទេស​​ក្នុង​រាជធានី​ភ្នំពេញ​ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១។ (Facebook/Cambodia Ministry of Foreign Affairs)

ដំណើរ​ទស្សន​កិច្ចរបស់​រដ្ឋមន្រ្តី​ការបរ​ទេស​ចក្រភព​អង់​គ្លេស​លោក Dominic Raab​ ក្នុង​ប្រទេស​កម្ពុជា​នា​ថ្ងៃ​ពុធ​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​បញ្ជាក់​ថា«ដើម្បី​ពង្រឹងទំនាក់​ទំនង​ទ្វេ​ភាគី​និងកិច្ច​សហ​ប្រតិបត្តិការ​បញ្ហាប្រឈម​ជា​សាកល» និង​ដើម្បី​ជា​ប្រយោជន៍ មុន​ពេល​ដែល​កម្ពុជា​ធ្វើ​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​២០២២ ដែល​ចក្រភព​អង់គ្លេស​បាន​បញ្ជាក់​ថា​«ចង់​ធ្វើ​ជា​ដៃ​គូ​សន្ទ​នា​អាស៊ាន»។

ប៉ុន្តែ​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋ​មន្រ្តីការបរទេស​ចក្រភព​អង់គ្លេស​ក្នុង​រាជធានី​ភ្នំពេញ ស្រប​ពេល​ដែល​មាន​ការ​ចាប់​ខ្លួន​សកម្មជន​បរិស្ថាន​វ័យ​ក្មេង​៣​នាក់​ដាក់​ពន្ធនាគារ​ព្រៃ​ស ហើយ​ពួក​គេ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​«ប្រមាថ​អង្គ​ព្រះ​មហាក្សត្រ»និង«​រួម​គំនិត​ក្បត់»​ដែល​អាច​ជាប់​ពន្ធនាគារ​រហូត​ដល់​១០​ឆ្នាំ។ ស្ថានទូត​ប្រទេស​ប្រជាធិបតេយ្យ​មួយ​ចំនួន រួម​មាន​អាមេរិក ស៊ុយអែត និង​អូស្រ្តាលី បាន​បង្ហាញ​ក្តី​ព្រួយ​បារម្ភ​អំពី​ការ​ចាប់​ខ្លួន​នេះ។

ដំណើរ​ទស្សនកិច្ច​របស់លោក Dominic Raab ក៏​ត្រូវ​បាន​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​Human Rights Watch ជំរុញ​ឲ្យ​លើក​ឡើង​អំពី​«វិបត្តិ​សិទ្ធិ​មនុស្ស»​នៅ​កម្ពុជា និង​ជំរុញ​ឲ្យ​ដោះ​លែង​សកម្មជន​បរិស្ថាន​និង​អ្នក​នយោបាយ​បក្ស​ប្រឆាំង​ដែល​កំពុង​ជាប់​ពន្ធនាគារ​ផង​ដែរ។ នេះ​ជា​ដំណើរ​ទស្សន​កិច្ច​របស់​មន្រ្តី​ជាន់​ខ្ពស់​នៃ​ក្រសួង​ការបរ​ទេស​ចក្រភព​អង់គ្លេស បន្ទាប់​ពី​មាន​ដំណើរ​ទស្សនកិច្ច​របស់​អនុ​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​អ្នកស្រី Wendy Sherman​ ដែល​បាន​មក​បំពេញ​ទស្សនកិច្ច​ជាផ្លូវការ​នៅ​កម្ពុជា​កាល​ពី​ដើម​ខែ​មិថុនា។

មុន​ជំនួប​នេះ រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​បាន​ផ្សព្វ​ផ្សាយ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ចុះ​ថ្ងៃ​ទី​២៣ ខែ​មិថុនា ដោយ​សង្កត់​ធ្ងន់​ពី​ភាព​ជាដៃ​គូសន្ទ​នា​អាស៊ាន នៅ​ពេលកម្ពុជា​នឹង​ធ្វើ​ជា​ប្រធានអាស៊ាន​នៅ​ក្នុង​ឆ្នាំ​២០២២។ សេចក្តី​ប្រកាស​បញ្ជាក់​ថា៖ «មក​ដល់​ឆ្នាំ​នេះ វា​មាន​រយៈ​ពេល​៣០​ឆ្នាំ​ហើយ​ដែល​ចក្រភព​អង់គ្លេស​បាន​បើក​ឡើង​វិញ​នូវ​ស្ថានទូត​របស់​ខ្លួន​នៅ​កម្ពុជា ហើយ​ខ្ញុំ​មាន​ការ​ចាប់​អារម្មណ៍​ចំពោះ​ការ​វិវឌ្ឍ​ដែល​កម្ពុជា​បាន​សម្រេច​នៅ​ក្នុង​វិស័យ​អប់រំ​និង​សុខាភិបាល។ ខ្ញុំ​នឹង​កសាង​ទំនាក់ទំនង​ដោយ​ឈរ​លើ​មូលដ្ឋាន​ទាំង​នេះ ដូច​ដែល​កម្ពុជា​នឹង​ទទួល​តួនាទី​ដ៏​សំខាន់​ក្នុង​ការ​ធ្វើ​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​ក្រោយ»។

រដ្ឋមន្ត្រី​ការបរទេស​ចក្រភព​អង់គ្លេស​លោក Dominic Raab ត្រូវ​ស្វាគមន៍ដោយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស​និងសហប្រតិបត្តិការអន្តរជាតិ​កម្ពុជា​ នៅ​ក្រសួង​ការ​បរទេសក្នុង​រាជធានី​ភ្នំពេញ​ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១។
រដ្ឋមន្ត្រី​ការបរទេស​ចក្រភព​អង់គ្លេស​លោក Dominic Raab ត្រូវ​ស្វាគមន៍ដោយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស​និងសហប្រតិបត្តិការអន្តរជាតិ​កម្ពុជា​ នៅ​ក្រសួង​ការ​បរទេសក្នុង​រាជធានី​ភ្នំពេញ​ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១។

ក្រោយ​ជំនួប​ជាមួយ​រដ្ឋមន្រ្តី​ការបរទេស​កម្ពុជា លោក ប្រាក់ សុខុន ស្ថានទូត​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា​បាន​បង្ហោះ​សារ​នៅ​រសៀល​ថ្ងៃ​ពុធ​នេះ ដោយ​លើក​ឡើង​ថា​ភាគី​ទាំង​ពីរ​បាន​ពិភាក្សា​អំពី​កិច្ច​សហប្រតិបត្តិការរវាង​ចក្រភព​អង់គ្លេស​និង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក ជុំវិញ​អាទិភាព​រួម​ដែល​រួម​មាន​ពាណិជ្ជកម្ម ភាព​ប្រសើរ​ឡើង​វិញ​ពី​ស្ថានភាព​ជំងឺ​កូវីដ១៩ សិទ្ធិ​មនុស្ស និង​អំពី​ប្រទេស​មីយ៉ាន់ម៉ា។ សារ​នៅ​លើ​ហ្វេសប៊ុក​បញ្ជាក់​ថា៖ «ចក្រភព​អង់គ្លេស​ទន្ទឹង​រង់ចាំ​ក្នុង​ការ​ធ្វើការ​យ៉ាង​ជិត​ដិត​ជាមួយ​កម្ពុជា​នា​ពេល​ខាង​មុខ​ក្នុង​អំឡុង​ពេល​ប្រទេស​កម្ពុជា​ជា​ប្រធាន​កិច្ច​ប្រជុំ​អាស៊ាន​ក្នុង​ឆ្នាំ​២០២២»។

VOA​ មិន​អាច​សុំ​ការ​ឆ្លើយ​តប​បន្ថែម​ពី​ឯក​អគ្គ​រាជ​ទូត​អង់​គ្លេស​ប្រចាំ​នៅ​កម្ពុជា អ្នកស្រី Tina Redshaw តាម​រយៈ​សារ​អ៊ីមែល​នៅ​ថ្ងៃ​ពុធ​នេះ​បាន​ទេ។

លោក កុយ គួង អ្នក​នាំពាក្យ​របស់​ក្រសួង​ការបរទេស​កម្ពុជា មិន​បាន​ផ្តល់​ការ​អត្ថាធិប្បាយ​អំពី​លទ្ធផល​នៃ​កិច្ច​ប្រជុំ​នៅ​ឡើយ​ទេ ដោយ​ឲ្យ​រង់​ចាំ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​កម្ពុជា។

ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្រ្តី​ការ​បរទេស​នៃ​ចក្រភព​អង់គ្លេស ជា​ទស្សនកិច្ច​លើក​ដំបូង ក្រោយ​ចក្រភពអង់​គ្លេស​បាន​ចាក​ចេញ​ពី​សហភាព​អឺរ៉ុប​ឬ​ហៅ​ថា Brexit។

រដ្ឋមន្ត្រីការ​បរទេស​ចក្រភព​អង់គ្លេស លោក Dominic Raab បាន​ជួប​ជាមួយ​រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន លោក ​សាយ សំអាល់ ផងដែរ​ដើម្បី​ពិភាក្សា​អំពី​ការ​ប្រែ​ប្រួល​អាកាស​ធាតុ ក៏​ដូច​ជា​មហិច្ឆតា​របស់កម្ពុជា​ក្នុង​ការ​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​នៃ​ការ​ប្រែ​ប្រួល​អាកាសធាតុ​របស់​អង្គការ​សហប្រជាជាតិ​(COP26)។

រដ្ឋមន្ត្រី​ការបរទេស​ចក្រភព​អង់គ្លេស​លោក Dominic Raab ជួប​ជាមួយ​លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន​កម្ពុជា​ នៅក្រសួងបរិស្ថាន​ក្នុង​រាជធានី​ភ្នំពេញ​ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១។ (Facebook/Cambodia Ministry of Environment)
រដ្ឋមន្ត្រី​ការបរទេស​ចក្រភព​អង់គ្លេស​លោក Dominic Raab ជួប​ជាមួយ​លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន​កម្ពុជា​ នៅក្រសួងបរិស្ថាន​ក្នុង​រាជធានី​ភ្នំពេញ​ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១។ (Facebook/Cambodia Ministry of Environment)

ក្រោយ​ជំនួប​នេះ ក្រសួង​បរិស្ថាន​បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​របស់​ខ្លួន​ថា​កម្ពុជា​និង​អង់គ្លេស​គូស​បញ្ជាក់​ពី​កិច្ច​សហ​ប្រតិបត្តិការ​ល្អ មិត្ត​ភាព​និង​ភាព​ជា​ដៃគូរវាង​ប្រទេស​ទាំង​ពីរ។ ភាគី​ទាំង​ពីរ​បាន​ពិភាក្សា​ប្រធាន​បទ​មួយ​ចំនួន​ទាក់ទង​នឹង​វិស័យ​បរិស្ថាន​ដូចជា​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុនិង​ការចូល​រួម​របស់​កម្ពុជា​ក្នុង​កិច្ច​ប្រជុំ​ COP26 ស្តីពី​ការ​ប្រែ​ប្រួល​អាកាសធាតុ និង​កិច្ច​ការ​អាទិភាព​នានា​ដែល​ប្រទេស​ទាំង​ពីរ​នឹង​ធ្វើ​រួម​គ្នា ការ​អភិរក្ស​ធនធាន​ធម្មជាតិ ជីវៈចម្រុះ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​សត្វ​ព្រៃ​ឆ្លង​ដែន និង​ការ​ប្រើប្រាស់​ថាមពល​កកើត​ឡើង​វិញ​ជាដើម។

កាល​ពី​ថ្ងៃ​សៅរ៍ លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេស​ប៊ុក​របស់​លោក​ថា​លោក​បាន​លុប​ចោល​ជំនួប​ដែល​បាន​ព្រាង​ទុក​ជាមួយ​រដ្ឋមន្រ្តី​ការ​បរទេស​ចក្រភព​អង់គ្លេស ដោយ​លោក​ថា​លោក​បាន​ពាក់​ព័ន្ធ​ដោយ​ប្រយោល​ជាមួយ​អ្នក​ឆ្លង​ជំងឺកូវីដ​១៩​ម្នាក់ ដែល​តម្រូវ​ឲ្យ​លោក​ធ្វើ​ចត្តាឡីស័ក​រយៈ​ពេល​១៤​ថ្ងៃ រហូត​ដល់​ថ្ងៃ​ទី​៣ ខែ​កក្កដា។

គួរ​បញ្ជាក់​ថា​កាល​ពី​ចុង​ឆ្នាំ​២០២០ ចក្រភព​អង់គ្លេស​ដែល​ចាក​ចេញពី​សហភាព​អឺរ៉ុប​បាន​ប្រកាស​ថា​អង់គ្លេស​មិន​កាត់​ផ្តាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា ដូច​តាម​ចំណាត់​ការ​របស់​សហ​ភាព​អឺរ៉ុប​ដែល​បាន​សម្រេច​កាល​ពី​ខែ​សីហា ឆ្នាំ​២០២០ ដោយ​សារ​រក​ឃើញ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់​ធ្ងរ​នៅ​កម្ពុជា​នោះ​ទេ។ ប៉ុន្តែ​កន្លង​ទៅ ស្ថានទូត​អង់​គ្លេស​ប្រចាំ​នៅ​កម្ពុជា​ធ្លាប់​បាន​បញ្ជាក់​ប្រាប់​ VOA ​ថា ​ចក្រភព​អង់គ្លេស​ព្រួយ​បារម្ភ​អំពី​បញ្ហា​សិទ្ធិ​មនុស្ស​និង​សេរីភាព​ផ្សេង​ទៀត​ក្នុង​ប្រទេស​កម្ពុជា​ហើយ​នឹង​បន្ត​តាម​ដាន​ស្ថានការណ៍​ទាំង​នោះ។

លោក​បណ្ឌិត​ប៉ា ចន្ទរឿន ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា កត់​សម្គាល់​ថា​ដំណើរ​ទស្សនកិច្ច​នេះ កើត​មាន​ក្រោយ​មាន​ជំនួប​នៃ​កិច្ច​ប្រជុំ​ក្រុម​មេដឹកនាំ​នៃប្រទេសអ្នក​មាន​G-7 ដែល​មាន​ចក្រភព​អង់គ្លេស​ផងដែរ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មិថុនា ដែល​មាន​ការ​លើក​ឡើង​អំពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​ចិន។ លោក​បន្ត​ថា​ដំណើរ​ទស្សន​កិច្ច​នេះ ក៏​ជា​ផល​ប្រយោជន៍​សម្រាប់ពង្រឹង​ចំណង​ទាក់​ទង​រវាង​ប្រទេស​ទាំង​ពីរ និង​ស្រប​ពេល​ដែល​កម្ពុជា​ធ្វើ​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​ក្រោយ​នេះ ដែល​លោក​ថា ​វា​អាច​ជា​វិធី​មួយ​ក្នុង​ការ «ទប់​ឥទ្ធិពល​របស់​ចិន​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍» ស្រប​ពេល​ដែល​កម្ពុជា​ទទួល​រង​ឥទ្ធិពលយ៉ាង​ខ្លាំង​ក្លា​ពី​ប្រទេស​ចិន។

លោក ប៉ា ចន្ទរឿន បន្ថែម​ថា​នៅ​ពេល​កម្ពុជា​ធ្វើ​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​២០២២ វា​អាច​ជាឱកាស​ក្នុង​ការ​បង្ហាញ​ភាព​ជា​អ្នក​ដឹកនាំ​តំបន់។ ប៉ុន្តែ​វា​អាច​មាន​ផល​ជះ​មក​លើ​កម្ពុជា​ផង​ដែរ ដែល​មាន​ទំនាក់ទំនង​ស្និទ្ធ​ខ្លាំងជាមួយប្រទេស​ចិន។

លោក​ប្រាប់ ​VOA ​ថា៖ «ប៉ុន្តែ​ទន្ទឹម​នឹង​គ្នា​ផង​ដែរ វា​ក៏​អាច​ជា​បន្ទុកសម្រាប់​កម្ពុជា​ផង​ដែរ នៅ​ពេល​ដែលស្ថាន​ភាព​ភូមិ​សាស្រ្ត​នយោបាយ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍នេះ មាន​ភាព​ស្មុគស្មាញ។ ប្រទេស​ទាំង​១០​ដែល​ជា​សមា​ជិក​អាស៊ាននៅ​ពេល​បច្ចុប្បន្ននេះ ហាក់​បីដូច​ជា​មាន​គោល​នយោបាយ​ការបរទេស​ផ្សេង​ខ្វែង​គ្នា»។

ទាក់ទង​នឹង​បញ្ហា​សិទ្ធិ​មនុស្សក្នុង​ប្រទេស​កម្ពុជា លោក ប៉ា ចន្ទ​រឿន លើក​ឡើង​ថា​តិច​ឬ​ច្រើន ច្បាស់​ជា​មាន​ការ​លើក​ឡើង​អំពី​ការ​ព្រួយ​បារម្ភ និង​ការ​ធ្លាក់​ចុះ​នៃ​ដំណើរការ​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា ដែល​ជា​គុណ​តម្លៃ​របស់ចក្រភព​អង់គ្លេស ដែលតែង​តែ​យក​មក​ប្រើប្រាស់​សម្រាប់គោល​នយោបាយ​ការ​បរទេស​និង​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​របស់​ខ្លួន៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG