អ្នកធ្វើការលើផ្នែកសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជាបានបង្ហាញក្តីព្រួយបារម្ភយ៉ាងខ្លាំងអំពីសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងការចូលរួមកិច្ចការសង្គមរបស់ប្រជាពលរដ្ឋ ក្រោយមានការចាប់ខ្លួនក្រុមយុវជនបរិស្ថាន៣នាក់បន្ថែមទៀតកាលពីសប្តាហ៍មុន។
កាលពីថ្ងៃទី១៦ ខែមិថុនា សកម្មជនបរិស្ថាននៃចលនាមាតាធម្មជាតិ៣នាក់ ដែលរួមមានកញ្ញា ស៊ុន រដ្ឋា អាយុ២៦ឆ្នាំ លោក លី ចាន់ដារ៉ាវុទ្ធ អាយុ២២ឆ្នាំ លោក យីម លាងហ៊ី អាយុ៣២ឆ្នាំ ត្រូវបានចាប់ខ្លួន តាមដីការបស់តុលាការរាជធានីភ្នំពេញ។ ដីកាបញ្ជាក់ថាការចាប់ខ្លួន ដើម្បីឲ្យពួកគេមកបង្ហាញខ្លួននៅនាយកដ្ឋានសន្តិសុខកណ្តាលនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោយពីនាយកដ្ឋាននេះបានបញ្ជូនរបាយការណ៍មួយ ចុះថ្ងៃទី១២ ខែមិថុនា ទៅតុលាការរាជធានីភ្នំពេញ។ នេះបើតាមដីកាបញ្ជាឲ្យចាប់ខ្លួនរបស់ព្រះរាជអាជ្ញារង លោក សេង ហៀង ដែលបានបញ្ជាក់ថាការចាប់ខ្លួននេះ គឺដើម្បីសាកសួរទាក់ទងនឹង«អំពើបង្កអសន្តិសុខ»។
ពីដំបូងឡើយ ក្រុមសិទ្ធិមនុស្សយល់ថាការចាប់ខ្លួននេះពាក់ព័ន្ធនឹងភាពសកម្មរបស់ពួកគេក្នុងការចូលរួមការពារបរិស្ថាន។ ប៉ុន្តែក្រោយមក ប៉ូលិសបានបញ្ជាក់ថាការចាប់ខ្លួននេះ ពាក់ព័ន្ធនឹងអំពើ«រួមគំនិតក្បត់» ដែលជាបទចោទមួយគេដឹងថាកន្លងទៅពាក់ព័ន្ធនឹងសកម្មជនរបស់អតីតគណបក្សសង្រ្គោះជាតិ។
នៅពេលសំណុំរឿងនេះត្រូវបញ្ជូនទៅតុលាការកាលពីចុងសប្តាហ៍ សារព័ត៌មាន Fresh News ដែលស្និទ្ធនឹងរដ្ឋាភិបាល បានចុះផ្សាយកាលពីថ្ងៃអាទិត្យថាព្រះរាជអាជ្ញារង សេង ហៀង បានចោទប្រកាន់លោកAlejandro Gonzalez Davidson ដែលជាស្ថាបនិកចលនាមាតាធម្មជាតិ និងក្រុមរបស់លោក គឺសកម្មជនបរិស្ថានទាំង៣នាក់នោះ ពីបទ«ប្រមាថអង្គព្រះមហាក្សត្រ» និង«រួមគំនិតក្បត់»។ បទចោទ«ប្រមាថអង្គព្រះមហាក្សត្រ» អាចជាប់ពន្ធនាគាររហូតដល់៥ឆ្នាំ។ ចំណែកបទចោទ«រួមគំនិតក្បត់» អាចជាប់ពន្ធនាគាររហូតដល់១០ឆ្នាំ។
VOA មិនទាន់អាចសុំការអត្ថាធិប្បាយពីមេធាវីរបស់សកម្មជនទាំង៣នាក់ គឺលោក សំ សុគង់ បាននៅឡើយទេ។
VOA ព្យាយាមទាក់ទងអ្នកនាំពាក្យអយ្យការរបស់តុលាការរាជធានីភ្នំពេញ លោក ប្លង់ សុផល តាមប្រព័ន្ធTelegram ប៉ុន្តែលោកបានបដិសេធមិនអត្ថាធិប្បាយ។
សេចក្តីថ្លែងការណ៍របស់អង្គការលីកាដូចេញផ្សាយកាលពីថ្ងៃអាទិត្យ ឲ្យដឹងថាពីដំបូងឡើយ ប៉ូលិសបានចាប់ខ្លួនកញ្ញា ស៊ុន រដ្ឋា លោក លី ចាន់ដារ៉ាវុទ្ធ និងសកម្មជនម្នាក់ទៀត គឺលោក សិដ្ឋ ឈីវលីម៉េង នៅរាជធានីភ្នំពេញ។ ប៉ុន្តែក្រោយមក លោក ឈីវលីម៉េង ត្រូវបានដោះលែងពីការឃុំឃាំងវិញ បន្ទាប់ពីត្រូវបានឃាត់ខ្លួនរយៈពេល២៤ម៉ោង នៅនាយកដ្ឋានគ្រប់គ្រងសន្ដិសុខនៃក្រសួងមហាផ្ទៃ។
អង្គការលីកាដូបញ្ជាក់ថាការចាប់ខ្លួននេះ ទំនង«អាចពាក់ព័ន្ធនឹងសកម្មភាពរបស់ពួកគេ ក្នុងការចងក្រងឯកសារលើការបង្ហូរទឹកស្អុយចូលទៅក្នុងបឹងទន្លេសាបនៅក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ»។
នេះជាការចាប់ខ្លួនសកម្មជនបរិស្ថានបន្ថែមទៀតនៅកម្ពុជា។ កាលពីដើមខែឧសភា សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារមនុស្ស៥នាក់ ដែលក្នុងនោះមានសកម្មជនបរិស្ថាន៤នាក់ ឱ្យជាប់ពន្ធនាគារចន្លោះពី១៨ខែដល់២០ខែ ពាក់ព័ន្ធនឹងសកម្មភាពរបស់ពួកគេក្នុងការការពារបរិស្ថានកាលពីកន្លងមក។ ពួកគេត្រូវបានចោទប្រកាន់ពីបទ«ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»។
លោក អាឡិច ដែលត្រូវបានបណ្តេញចេញពីកម្ពុជាកាលពីឆ្នាំ២០១៥ ក៏ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារចំនួន២០ខែផងដែរ។
លោក សាន់ ម៉ាឡា មន្រ្តីតស៊ូមតិនៃគម្រោងការពារព្រៃឈើនៃសមាគមបណ្តាញយុវជនកម្ពុជា(Cambodian Youth Network) ដែលកំពុងតាមដានរឿងនេះ ប្រាប់VOAនៅថ្ងៃច័ន្ទនេះថាមានតែក្រុមយុវជនបរិស្ថានតែប៉ុណ្ណោះ ដែលហ៊ានរិះគន់ឥតសំចៃមាត់ទៅលើរដ្ឋាភិបាល ក៏ដូចជាស្ថាប័នពាក់ព័ន្ធក្នុងការអភិរក្សនិងការពារធនធានធម្មជាតិ។ លោកថាសកម្មជនទាំងនោះកំពុងក្លាយជាគោលដៅថ្មីដែលអាជ្ញាធរចង់បំបិទសំឡេងរបស់ពួកគេ។ លោកអំពាវនាវឲ្យរដ្ឋាភិបាលដោះលែងសកម្មជនទាំងអស់នោះ។
លោកថ្លែងថា៖ «អ្វីដែលពួកគាត់បានធ្វើកន្លងមក គឺនៅក្នុងបុព្វហេតុប្រទេសជាតិ និងសង្គមរួមរបស់យើងទាំងអស់គ្នា។ [វា]មិនមែនជាការការពារបរិស្ថាន ដើម្បីទទួលបានដីព្រៃសម្រាប់គ្រប់គ្រងផ្ទាល់ខ្លួនទេ។ វាដើម្បីជាផលប្រយោជន៍សង្គមទាំងមូល។ ដូច្នេះមិនថារដ្ឋាភិបាល ឬសាធារណជនទូទៅទេ យើងត្រូវកោតសរសើរគោរព និងដឹងគុណអំពីការលះបង់របស់ពួកគាត់»។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក ថ្លែងថាការចាប់ខ្លួន និងចោទប្រកាន់ក្រុមណាមួយដែលហ៊ានធ្វើកិច្ចការសង្គម ឬការពារបរិស្ថាន នឹងចោទជាសំណួរថាតើកម្ពុជាប្រកាន់នូវរបបដឹកនាំតាមលទ្ធិប្រជាធិបតេយ្យបានត្រឹមត្រូវ ឬយ៉ាងណា ខណៈបញ្ហាសិទ្ធិមនុស្ស សិទ្ធិសេរីភាពនៃការបញ្ចេញមតិនិងការជួបជុំ ត្រូវបានរិះគន់យ៉ាងខ្លាំងថាមានការរឹតត្បិត។
លោកថ្លែងថា៖ «បើសិនជាពួកគាត់[យុវជន]មិនអាចធ្វើសកម្មភាពទៅតាមមនសិការ ឆន្ទៈរបស់ពួកគាត់[យុវជនបរិស្ថាន]បានទេ សបញ្ជាក់ថាសង្គមកម្ពុជាយើង យើងពិបាកហៅថាជាសង្គមមួយដែលប្រកាន់នូវរបបដឹកនាំតាមលទ្ធិប្រជាធិបតេយ្យឲ្យបានត្រឹមត្រូវណាស់»។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុករូបនេះបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងទាក់ទងនឹងការចាប់ខ្លួនសកម្មជនបរិស្ថានទាំងនេះ បន្ថែមលើសកម្មជនបរិស្ថានផ្សេងទៀត ដែលត្រូវបានកាត់ទោសកាលពីខែឧសភា។
ពាក់ព័ន្ធនឹងការចាប់ខ្លួននេះដែរ ចលនាមាតាធម្មជាតិដែលគ្រប់គ្រងដោយលោក អាឡិច បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុក Mother Nature Cambodiaកាលពីថ្ងៃអាទិត្យ ដោយអំពាវនាវឲ្យតុលាការទម្លាក់ចោលការចោទប្រកាន់លើយុវជនទាំង៣នាក់។
សារនៅលើហ្វេសប៊ុកមានអត្ថន័យថា៖ «យើងសូមទទូចឲ្យតុលាការទម្លាក់ចោលបទចោទប្រកាន់ទាំងអស់មកលើពួកគេទាំង៣នាក់ ដោយហេតុពួកគេទាំងនោះ មិនបានប្រព្រឹត្តបទល្មើស ឬបង្កអសន្តិសុខអ្វីដល់សង្គមជាតិឡើយ»៕