សន្និបាតគណបក្សប្រជាធិបតេយ្យចាប់ផ្ដើមនៅថ្ងៃច័ន្ទនេះ ដែលប្រព្រឹត្តទៅភាគច្រើនតាមអនឡាញ
លោក Joe Biden រំពឹងថា បេក្ខភាពប្រធានាធិបតីរបស់លោកនឹងក្លាយជាផ្លូវការក្នុងសប្ដាហ៍នេះ នៅពេលដែលលោកទទួលយកការតែងតាំងជាផ្លូវការពីគណបក្សនៅឯសន្និបាតជាតិគណបក្សប្រជាធិបតេយ្យ។ លោក Biden បានបង្កើតឲ្យមានប្រវត្តិសាស្ត្រកាលពីសប្ដាហ៍មុន នៅពេលដែលលោកបានជ្រើសរើសអ្នកស្រី Kamala Harris សមាជិកព្រឹទ្ធសភានៃរដ្ឋ California ឲ្យឈរឈ្មោះជាមួយនឹងលោកសម្រាប់តំណែងជាអនុប្រធានាធិបតី។ អ្នកស្រី Harris គឺជាស្ត្រីស្បែកខ្មៅដំបូងបង្អស់ និងក៏ជាបេក្ខជនដំបូងបង្អស់ដែលមានខ្សែស្រឡាយជនជាតិឥណ្ឌា ដែលមានឱកាសជួយគណបក្សប្រជាធិបតេយ្យប្រជែងយកតំណែងប្រធានាធិបតី។ ក្នុងសប្ដាហ៍នេះ អ្នកស្រីក៏នឹងចូលរួមបង្កើតប្រវត្តិសាស្ត្រនៅឯសន្និបាតគណបក្សប្រជាធិបតេយ្យ ដែលនឹងប្រព្រឹត្តទៅភាគច្រើនតាមអនឡាញផងដែរ។ លោក Arash Arabasadi នៃ VOA រាយការណ៍លម្អិតអំពីរឿងនេះ។ អ្នកស្រី ហុង ចិន្ដា ជូនសេចក្ដីប្រែសម្រួល៕