ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមសកម្មជន​បរិស្ថាន​ជាង​៨០នាក់ ស្នើ​រដ្ឋាភិបាល​ឲ្យ​បិទ​អាជីវកម្ម​ឈើ​របស់​ក្រុមហ៊ុន​ពីរ


រូបឯកសារ៖ លោក អ៊ូច ឡេង គឺជា​សកម្មជន​ការពារ​ព្រៃឈើ​របស់​កម្ពុជា​មួយ​រូប ដែល​ទទួល​បាន​ពាន​រង្វាន់​វីរៈជន​បរិស្ថាន Goldman Environmental Prize ឆ្នាំ​២០១៦។ (រួបថត​ផ្តល់​ឲ្យ​ដោយ GEP)
រូបឯកសារ៖ លោក អ៊ូច ឡេង គឺជា​សកម្មជន​ការពារ​ព្រៃឈើ​របស់​កម្ពុជា​មួយ​រូប ដែល​ទទួល​បាន​ពាន​រង្វាន់​វីរៈជន​បរិស្ថាន Goldman Environmental Prize ឆ្នាំ​២០១៦។ (រួបថត​ផ្តល់​ឲ្យ​ដោយ GEP)

ក្រុមសកម្មជនថា វត្តមាន​របស់​ក្រុមហ៊ុន Think Biotech (Cambodia) Co., Ltd និង Angkor Plywood Co. Ltd នាំឲ្យមាន​ការសម្រុក​កាប់ និងដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ការពារ។

ក្រុម​សកម្មជន​ព្រៃឈើ ​សិទ្ធិមនុស្ស​ និស្សិត​និង​ព្រះសង្ឃ​ជាង​៨០​នាក់​ បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល ​បិទ​អាជីវកម្ម​ឈើ​របស់​ក្រុម​ហ៊ុន​ចំនួន​ពីរ ​គឺ​ Think Biotech (Cambodia) Co., Ltd ​និង ​Angkor Plywood Co. Ltd ដោយពួកគេ​លើក​ឡើង​ថា ​វត្តមាន​ក្រុម​ហ៊ុន​ទាំង​ពីរ​នេះ ​នាំ​ឲ្យ​មាន​ការ​សម្រុក​កាប់​ និង​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​តំបន់​ការពារ រួម​ទាំង​ដែន​ជំរក​សត្វព្រៃ​ និង​តំបន់​ព្រៃឡង់​ផងដែរ។​

លោក អ៊ូច ឡេង សកម្មជន​ការពារ​ព្រៃឈើ​ ដែល​ទទួល​បាន​រង្វាន់​ចំពោះ​សកម្មភាព​ការពារ​បរិស្ថាន​ បាន​ថ្លែង​ប្រាប់​វីអូអេ​ក្នុង​បទ​សម្ភាស​មួយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា៖​

«បទល្មើស​ជាច្រើន​ មិនត្រឹម​តែ​ខ្ញុំ​ និង​ក្រុមការងារ​ដែល​ជា​សកម្មជន​ព្រៃឈើ​នេះ​ទេ សូម្បីតែ​ម្ចាស់​ជំនួយ​ដូចជា ​USAID​ ក៏ដូចជា​ស្ថាប័ន​ផ្សេងៗ​ទៀត​ ដូចជា​បងៗ​កងកម្លាំង​ប៉េអ៊ឹម​ គណៈកម្មការ​ថ្នាក់​ជាតិ ក៏​បាន​រក​ឃើញ​បទ​ល្មើស​ប្រព្រឹត្តឡើង​នៅ​ក្នុង​ក្រុម​ហ៊ុន​នេះ​ដែរ​ ដែល​តែងតែ​កាប់​ និង​ពង្រាយ​កម្មករ​ ដើម្បី​ប្រមូល​ឈើ​ចេញ​ពី​តំបន់​ការពារ»។​

សេចក្តីថ្លែងការណ៍​រួម​គ្នា​របស់​ក្រុម​សកម្មជន​ព្រៃឈើ​ទាំង​នេះ បាន​រៀបរាប់​ថា ​អាជីវកម្ម​ឈើ​របស់​ក្រុមហ៊ុន​ទាំង​ពីរ​នេះ ​នៅ​តែ​បន្ត​ក្នុង​អំឡុង​ពេល​មាន​ការ​ឆ្លង​រាលដាល​ជា​សកល​នៃ​ជំងឺ​កូវីដ១៩ ខណៈ​សកម្មជន​ព្រៃឈើ​ត្រូវ​បាន​រារាំង និង​រង​ការ​គំរាមកំហែង​ ធ្វើ​ទុក្ខបុកម្នេញ និង​ការ​ចាប់ខ្លួន​ពី​សំណាក់​អាជ្ញាធរ នៅពេល​ដែល​ពួកគេ​បាន​ព្យាយាម​ចូល​ល្បាត​ព្រៃ​នៅក្នុង​តំបន់​ស្នូល​ព្រៃឡង់​នា​ពេល​កន្លង​មក។

​លោក សេង សុខហេង អ្នក​សម្រប​សម្រួល​បណ្តាញ​កសាង​សន្តិភាព​សហគមន៍ បាន​ប្រាប់​វីអូអេ​ថា ​ការ​ខនខាន​របស់​រដ្ឋាភិបាល​ក្នុង​ការ​ចាត់វិធាន​ការ​លើ​ក្រុមហ៊ុន​ទាំង​នេះ​ អាច​ទាក់ទង​នឹង​អំពើ​ពុក​រលួយ។

«ពួកគេ​មួយ​ចំនួន​ធំ​ គឺ​ទទួល​បាន​ផល​ប្រយោជន៍​ពី​បទល្មើស​ព្រៃ​ឈើ​ហ្នឹង។ បើ​ពួកគេ​ព្រម​បិទ​ មាន​ន័យ​ថា ​ពួកគេ​កំពុង​តែ​បំផ្លាញ​ ឬ​ វាយ​បំបែក​ឆ្នាំង​បាយ​ខ្លួន​ឯង។​ អ៊ីចឹង​ហើយ​បានជាពួកគេ​ ចេះ​តែ​ពន្យារពេល ចេះ​តែ​រក​វិធីសាស្ត្រ និង​ហេតុផល ដើម្បី​ការពារទង្វើ​របស់​ឈ្មួញ​ទាំង​អស់​នោះ»។

វីអូអេ​មិន​អាច​ទាក់ទង​លោក ​នេត្រ ភក្ត្រា អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន ដើម្បី​ស្នើ​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ​ គិត​ត្រឹម​ម៉ោង​ផ្សាយ​នៅ​យប់​ ថ្ងៃ​ពុធ​នេះ៕

XS
SM
MD
LG