ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​ខណ្ឌ​ដង្កោ៖ ផ្ទះ​​ប្រជាពល​រដ្ឋ​​ជាង​​១.៥០០​ខ្នង​រង​ការ​ជន់​លិច​ពី​ទឹក​ជំនន់​ស្ទឹង​ព្រែកត្នោត​​​​​​​​​​​​​​​​​​


ប្រជាពលរដ្ឋ រៀបចំ​ទុកដាក់​ស្រូវ​សម្រាប់​ទុក​បរិភោគ នៅ​ភូមិខ្វិត សង្កាត់​សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅ​ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១។(លាស់ លីបលីប/វីអូអេ)
ប្រជាពលរដ្ឋ រៀបចំ​ទុកដាក់​ស្រូវ​សម្រាប់​ទុក​បរិភោគ នៅ​ភូមិខ្វិត សង្កាត់​សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅ​ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១។(លាស់ លីបលីប/វីអូអេ)

អាជ្ញាធរ​ខណ្ឌ​ដង្កោ​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​សុក្រ​ថា​ទឹក​ស្ទឹង​ព្រែក​ត្នោត​បាន​ជន់​លិចផ្ទះ​ប្រជា​ពល​រដ្ឋ​ប្រមាណ​ជាង១៥០០​ខ្នង ប៉ុន្តែមក​ដល់​ថ្ងៃ​នេះ​កម្រិត​ទឹក​បាន​ស្រកស្រុតចុះ​វិញ​ជា​បណ្តើរៗ។​

ប្រជា​ពល​រដ្ឋមួយ​ចំនួន​ដែលរស់​ជិត​ស្ទឹងព្រែក​ត្នោត​បាន​និយាយ​ថា​ជំនន់​ទឹកស្ទឹង​ព្រែក​ត្នោត​ដែល​មាន​កម្រិត​ខ្ពស់​ជាង​ឆ្នំាមុននោះ​បាន​បង្ខំ​ឲ្យ​ពួកគាត់​ទៅ​ស្នាក់​នៅ​កន្លែង​ទី​ទួល​សុវត្ថិ​ភាព​ជា​បណ្តោះអាសន្ន​និង​បានត្អូញ​ត្អែរ​អំពី​កង្វះ​ខាង​ស្បៀង​អាហារ​សម្រាប់​បរិ​ភោគ​ប្រចាំថ្ងៃ​និង​ពិបាក​ក្នុង​ការ​រស់​នៅ​ទីទួល​សុវត្ថិភាព​នោះ​ពាក់​ព័ន្ធ​កង្វះ​អនាម័យ។​

អភិបាល​ខណ្ឌដង្កោ​អ្នកស្រី​គឹម ញឹប​មាន​ប្រសាសន៍​ថា ផ្ទះ​របស់​ប្រជាពល​រដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ពី​ជំនន់​ទឹកស្ទឹង​ព្រែក​ត្នោត​ក្នុង​ខណ្ឌដង្កោមាន​ជាង​១.៥០០​ខ្នង ប៉ុន្តែទឹកស្ទឹង​ដែល​បាន​ជោរ​ឡើង​ខ្លាំងកាលពី​ថ្ងៃអង្គារបាន​ស្រក​ទៅ​វិញ​ហើយ។​

អ្នកស្រី​បញ្ជាក់ថា៖ «ខ្នង​ផ្ទះ​ចូល​ជា​១.៥២០ [​ឬ]​១.៥៣០​ខ្នង​ផ្ទះ​ប៉ុន្តែ​ចំពោះ​មុខ​ទឹក​វា​បាន​ផុត​ទៅអស់​ហើយ»។

​គិត​ត្រឹមថ្ងៃ​សុក្រ​នេះ​ប្រជាពលរដ្ឋ​មួយ​ចំនួន​មិន​ទាន់​អាច​វិល​ត្រឡប់​ទៅផ្ទះ​របស់​ពួកគាត់​វិញ​ទេ​ដោយ​សារ​កម្រិត​ទឹក​បន្តស្ថិត​ក្នុង​កម្ពស់​មួយ​គួរ​ព្រួយបារម្ភ​នៅ​ឡើយ​។​ពួកគាត់​មួយ​ចំនួនបាន​បន្ត​រស់​នៅ​ក្រោម​ដំបូលតង់​តាម​ផ្លូវ​ដែល​មា​នទីទួល​សុវត្ថិភាព​រង់ចាំ​រហូត​ដល់​ទឹក​ស្រក់​ទៅ​វិញ។ ពួក​គាត់ទទូច​សុំឲ្យ​អាជ្ញាធរ​រាជធានី​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ដល់​ពួក​គេ ជា​ពិសេស​ការ​ផ្គត់​ផ្អង់​ស្បៀង​អាហារជា​ដើម។​

ទីទួល​ស្នាក់នៅ​បណ្តោះ​អាសន្ន​របស់​ប្រជាពលរដ្ឋ​ដែល​ផ្ទះ​សម្បែង​ត្រូវបាន​លិច នៅ​ភូមិខ្វិត សង្កាត់​សាក់សំពៅ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១។ (លាស់ លីបលីប/វីអូអេ)
ទីទួល​ស្នាក់នៅ​បណ្តោះ​អាសន្ន​របស់​ប្រជាពលរដ្ឋ​ដែល​ផ្ទះ​សម្បែង​ត្រូវបាន​លិច នៅ​ភូមិខ្វិត សង្កាត់​សាក់សំពៅ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១។ (លាស់ លីបលីប/វីអូអេ)

​អ្នក​ស្រី​កូវ ស៊ីថា ​អាយុ​៦២​ឆ្នាំ​ជា​ពល​រដ្ឋ​ម្នាក់​រស់នៅ​ភូមិខ្វិត​សង្កាត់​សាក់សំពៅ ​ខណ្ឌ​ដង្កោ​រាជធានី​ភ្នំពេញ ដែល​បាន​មក​ផ្លាស់​ទី​រស់​នៅ​ជា​បណ្តោះអាសន្ន​លើទី​ទួល​សុវត្ថិភាព​បាន​ប្រាប់​វីអូអេ​ថា​នៅ​ឆ្នាំ​នេះ​អ្នកស្រី​មាន​ការ​លំបាក​ជាង​ឆ្នំាមុន​នៅ​ពេល​ទឹក​បាន​ជន់​លិច​ផ្ទះ​ហើយ​ត្រូវ​ចេញ​មក​រស់​នៅ​ទីតាំង​ដែល​មិន​មាន​ការ​តភ្ជាប់​អគ្គិសនី​ប្រើប្រាស់​និង​មិន​មានការ​រក្សា​អនាម័យ​បាន​ត្រឹមត្រូវ។

សម្រាប់​បញ្ហា​ស្បៀង​អាហារ​អ្ន​កស្រីថា​ មាន​ការ​ខ្វះ​ខាត​ច្រើន​ដោយគាត់​ត្រូវ​ទៅ​បណ្តាក់​គ្រឿង​ទេស​ពី​អ្នក​លក់​គ្រឿង​ឧបភោគ​បរិភោគ​យក​មក​ហូប​ជា​បណ្តោះ​អាសន្ន​សិន។ អ្នក​ស្រី​ បាន​ឲ្យ​ដឹង​ទៀត​ថា គិត​តាំង​ពីថ្ងៃ​ទឹកចូល​ដល់​ផ្ទះ​គាត់គឺគាត់​ទទួល​បាន​អង្ករ​ប្រមាណ​២០គីឡូ​ជាង​តែ​ប៉ុណ្ណោះ។

អ្នកស្រី​ថ្លែងថា៖ «នៅ​លើ​ម៉ូតូ​ប៉ុន​នោះ​មួយ​គ្រួសារ​ តែ​អង្ករ​ប៉ុណ្ណឹង​តាំង​ថ្ងៃ​ដំបូង»។

អ្នក​ស្រី​បន្ថែម​ថា៖​«ចេះ​ខ្ចី​គេហូប​សិន​ទៅ​ទិ​ញ​អីៗ​ហូប​អញ្ចឹងទៅ។ ប្រហុក​អំបិល​ទៅ​ដល់​ដាក់មួយ​គីឡូមក​ម្សិល​មិញ​បា​នពង​ទា​១០គ្រាប់​មក»។​

អ្នក​ស្រី កូវ​ ស៊ីថា​ក៏​ពិបាក​រក​កន្លែងបន្ទោរ​បង់​ផង​ដែរ ដោយ​លើក​ហេតុផល​ថា​គ្មាន​បន្ទប់​ទឹក​ឬ​បង្គន់​សម្រាប់ប្រើ​ប្រាស់​នោះ​ទេ។

អ្នកស្រី​បញ្ជាក់​ថា៖ «នេះតែគេ​យប់​ព្រលប់​មិន​ស្រួល​អី​[បត់​ជើង​]ក្នុង​ទឹក​ហើយ​បើ​មិន​អញ្ចឹង​ទេ អាច​គៀន​វាល​ស្រែ​ហ្នឹង​ហើយ មិន​ដឹង​ទៅ​ណា​ទេ»។

បើតាម​អ្នកស្រី​កូវ ស៊ីថា​ កម្រិតទឹក​នៅ​ស្ថិត​ខ្ពស់​ត្រឹម​ក​របស់​គាត់។​

ពលរដ្ឋ​រងគ្រោះ​ពីទឹក​ជំនន់​ម្នាក់​ទៀត​គឺ​ ​អ្នក​ស្រី អឿ វណ្ណនី​អាយុ​៣១ ឆ្នាំ ដែល​កំពុង​ជ្រក​ក្រោម​ដំបូល​តង់​បណ្តោះ​អាសន្ន​ជាមួយកូន​តូចអាយុ​៩​ខែ​ផង​នោះ​បាន​លើក​ឡើង​អំពី​កង្វះ​អាហារ​ហូប​ចុក​នៅ​ទីទួល​សុវត្ថិភាព​ផងដែរ។

​អ្នកស្រី​រៀប​រាប់ប្រាប់​វីអូអេថា៖ «ខាង​រាជ​រដ្ឋាភិបាល​ផ្តល់​ស្បៀង​ផ្តល់​ទឹក ផ្តល់​អី​ឲ្យ​បាន​គ្រប់គ្រាន់​ប្រើ​ប្រាស់​មក​ពី​ព្រោះ​នៅ​លើ​[​ទីទួល​បណ្តោះ​អាសន្ន​] វេទនា​ណាស់ ទឹក​លិច​ធ្វើ​អ្វី​មិនកើត​ទេ»។​

លោក​នាង វ៉ត អាយុ​៤​០ ឆ្នាំដែល​រងគ្រោះ​ពីជំនន់​ទឹកស្ទឹង​ព្រែក​ត្នោត​ដូច​ពលរដ្ឋ​មួយចំនួន​ទៀត​ដែល​រស់​នៅ​ក្បែរ​ស្ទឹងនេះ​បាន​ឲ្យ​ដឹង​ថា​ឆ្នាំនេះ​មិនសូវ​មាន​អាជ្ញាធរ​ចុះ​មក​ជួយ​មូល​ដ្ឋានរបស់​លោក​ទេ សូម្បី​តែ​ទូក​ក៏​ប្រជា​ពល​រដ្ឋរៃ​អង្គាស​លុយ​គ្នា​ទិញ​ហើយទូ​កមាន​តម្លៃ​ប្រមាណ​១លាន​៥០ម៉ឺនរៀល​ដែល​ត្រូវ​ចំណាយ​រួម​គ្នាពី​ពលរដ្ឋ​ចំនួន​៤ទៅ​៥នាក់។

លោកថ្លែង​ថា៖ «យើង​ជញ្ចូន​អី​មក ទឹក​ជ្រៅ​លិច​ក្បាល ​មាន​អីណា ទូ​ក​ក៏​អត់​អី​ក៏​អត់។ ទូក​សុទ្ធ​តែ​នាំ​គ្នា​អង្គាស​លុយ​ទិញ​រៀ​ងៗ​ខ្លួន​ខាន​នេះ​[អាជ្ញាធរ​]គេ​អត់​ជួយ​ផង»។

លោក​នាង វ៉ត ​បន្ត​ថា សម្ភារៈ​ក្នុង​ផ្ទះ​របស់​លោក​ក៏​បាន​ខូច​ខាត​ខ្ទេច​ខ្ទី​ទាំងស្រុង។

លោកថ្លែង​ថា៖ «​ទូរ ចាន​ឆ្នាំ​ងអី​ទៅ​ខ្ទិច​ខ្ទី អស់​ហើយ។ ស្រូវ​ហ្នឹង លិច​ខូច​អស់​ហើយ​ សុទ្ធ​តែ​ដុះ​ទេតើ​អ្នកខ្លះ​ទៀត​ទៅគេ​យក​អត់​កើត​ចោល​ដូច​ខ្ញុំ​អញ្ចឹង​ចេះ​យក​មក​ខ្លះ​អញ្ចឹង»។

ដោយឡែក​នាយក​រដ្ឋ​បាលខណ្ឌ​ដង្កោ​លោក​ ម៉ុក ពុទ្ធា​បាន​ប្រាប់​វីអូអេ​ថា​អាជ្ញាធរ​បាន​យក​អំណោយទៅ​ចែក​ដល់​ប្រជា​ពល​រដ្ឋ​រងគ្រោះ​រួចហើយ​។ លោក​ថា ទឹក​ជំនន់​នេះក៏​បាន​ស្រក​ទៅ​វិញ​ហើយ​ដែរ។​

លោក​ថ្លែង​ថា៖ «រឿង​អំណោយ​មិន​មែន​តាម​តម្រូវ​ការ​ដែល​យើង​ចង់បាន​ទេ។ អំណោយ​គ្រាន់​តែ​ជាការ​សង្គ្រោះ​ឲ្យ​យើង​ក្នុង​ដំណាក់​កាល​ខ្លី​សម្រាប់​ផ្គត់​ផ្គង់​ជីវភាព​យើង​សម្រាប់​ការ​លំបាក។ ឥឡូវ​ទឹកស្រក​អស់​ហើយ​មាន​អី​លំបាក គឺ​អត់​មា​នអី​លំបាក​ទៀត​ទេ​បាទ»។

ប្រធាន​កម្មវិធី​ផ្នែក​ស្រាវជ្រាវ និង​តស៊ូ​មតិ​របស់​សមាគម​បណ្ដាញ​យុវជន​កម្ពុជា ​(Cambodian Youth Network)​ហៅ​កាត់​ថា​ CYN ​លោក​ហេង គឹមហុង​លើក​ឡើង​ថារដ្ឋា​ភិបាល​គួរតែ​សិក្សា​ពីប្រព័ន្ធ​រំដោះ​ទឹក​ឲ្យ​បាន​ត្រឹមត្រូវ​ដើម្បី​បញ្ចៀសការ​ជន់​លិចទឹកបន្តទៅ​ទៀត។​

លោក​បញ្ជាក់​ថា៖ «រដ្ឋាភិបាល​គួរតែ​ធ្វើ​ការ​សិក្សា​អំពី​ចរន្ត​ទឹក​នៅ​តំបន់​ដែល​មានទំនាប​ទាប​ជាពិសេស​តំបន់​ដែល​មាន​ការ​លុប​ហើយ​ជំនួស​មក​វិញ​នូវ​ការ​សាង​សង​លំនៅ​ឋាន​ ដូច​ជាការ​ចាក់​ដី​សាង​សង់​អាគារ​សាងសង់​បុរី សាង​សង់អ្វីជាដើម»។

អ្នក​នាំ​ពាក្យ​គណៈ​កម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​លោក​ ឃុន សុខា​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រនេះ​ថា​លោក​មិន​ទាន់​ទទួល​បាន​ទិន្ន​ន័យ​និង​តួលេខ​នៃ​ការ​លិច​លង់​ផ្ទះ​សម្បែង​នៅ​ភូមិសាស្ត្រស្ទឹង​ព្រែក​ត្នោត ក្នុង​រាជ​ធានី​ភ្នំពេញ​នៅ​ឡើយ​ទេ។

យ៉ាង​ណាក៏ដោយ​បើតាម​ហ្វេសប៊ុក​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​អភិបាល នៃ​គណៈអភិបាល​រាជធានី​ភ្នំពេញ លោក​ឃួង ស្រេង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​បាន​យក​អំណោយ​ចែក​ជូនពលរដ្ឋ​ដែល​រងគ្រោះជំនន់​ទឹក​ភ្លៀង​ទឹក​សណ្ដ​ស្ទឹង​ព្រែក​ត្នោត ចំនួន​៥១៥​គ្រួសារ​ហើយ​នៅ​ថ្ងៃសុក្រ​នេះ ប្រជា​ពលរដ្ឋ​ចំនួន​៨៣៧​គ្រួសារ​ស្ថិត​នៅ​ក្នុង​សង្កាត់​គង​នយ និង​សង្កាត់​ទៀន​ ខណ្ឌ​ដង្កោ រាជ​ធានី​ភ្នំពេញ​បាន​ទទួល​អំណោយ​ទ្រទ្រង់​ការ​រស់​នៅប្រចាំ​ថ្ងៃ​ពីព្រះ​មហាក្សត្រផងដែរ៕

XS
SM
MD
LG