ជំនន់ទឹកភ្លៀងបានបំផ្លាញស្រែនិងធ្វើឲ្យលិចផ្ទះរបស់ប្រជាពលរដ្ឋនៅតាមបណ្តាខេត្តមួយចំនួន ដូចជាខេត្តបន្ទាយមានជ័យជាដើម ដែលរងគ្រោះខ្លាំងជាងគេ។ ទន្ទឹមនឹងនេះផងដែរ អាជ្ញាធរក៏បានអំពាវនាវឲ្យមានការប្រុងប្រយ័ត្នខ្ពស់ និងព្រមានពីការប្រកាសអាសន្ននៃកម្ពស់ទឹកឡើងខ្ពស់ផងដែរ។
ទំព័រហ្វេសប៊ុករបស់ក្រសួងធនធានទឹកនិងឧតុនិយមដែលចេញផ្សាយនៅថ្ងៃចន្ទនេះបានឲ្យដឹងថាស្ថានភាពកម្ពស់ទឹកនៅអាងទឹកតាម៉ុក ស្ថិតនៅឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ទឹកមានកម្ពស់៣,៩៥ម៉ែត្រ កើនឡើង ០,១៥ម៉ែត្រ នៅវេលាម៉ោង៦និង៣០នាទីព្រឹក បើធៀបនឹងម៉ោង៣រសៀលថ្ងៃអាទិត្យ ដែលទឹកមានកម្ពស់៣,៨០ម៉ែត្រ។ ក្រសួងបញ្ជាក់ថាកម្ពស់ទឹកប្រកាសឲ្យមានការប្រុងប្រយ័ត្ននៅក្នុងខេត្តឧត្តរមានជ័យគឺ៣,៨០ម៉ែត្រ និងកម្ពស់ទឹកប្រកាសអាសន្ន គឺ៤,៥០ម៉ែត្រ ។
លោក ឃុន សុខា អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ប្រាប់វីអូអេនៅថ្ងៃចន្ទថាបន្ទាប់ពីខេត្តបន្ទាយមានជ័យដែលរងគ្រោះធ្ងន់ធ្ងរជាងគេ ខេត្តចំនួន៤ផ្សេងទៀតក៏រងគ្រោះដែរ ក្នុងនោះមានខេត្តពោធិ៍សាត់បាត់ដំបង ក្រចេះ និងប៉ៃលិន។ លោកបន្ថែមថាស្ថានភាពកម្ពស់ទឹកក្នុងខេត្តពោធិ៍សាត់នាពេលបច្ចុប្បន្ននេះ ស្ថិតនៅក្នុង«កម្រិតលើសប្រកាសអាសន្ន» ប៉ុន្តែលោកបញ្ជាក់ថាមិនទាន់បានរកឃើញផលប៉ះពាល់ធ្ងន់ធ្ងរណាមួយឡើយ។
លោក សេក សុខុម ប្រធានមន្ទីរព័ត៌មាននិងអ្នកនាំពាក្យខេត្តបន្ទាយមានជ័យ បានឲ្យដឹងថាទោះបីជាមានភ្លៀងធ្លាក់ជាប់គ្នា២ថ្ងៃក៏ដោយ ប៉ុន្តែកម្ពស់ទឹកមិនទាន់ហក់ឡើងជាគំហុកណាមួយគួរឲ្យកត់សម្គាល់ឡើយ។
លោកប្រាប់វីអូអេថា៖ «មូលហេតុដែលភ្លៀងក្នុងសប្តាហ៍នេះពីរបីថ្ងៃជាប់គ្នានេះមែន តែទឹកបន្ទាយមានជ័យនៅនឹង ដោយសារការរៀបចំប្រព័ន្ធស្រោចស្រពបានល្អមានប្រឡាយ មានទំនប់ទឹកបែងចែកទឹកបានល្អបានន័យថាទឹកមកវាអត់បុកមកទីប្រជុំជនទេវាបុកទៅកន្លែងដីទំនាប។ អញ្ចឹងប្រព័ន្ធធារាសាស្ត្របានរៀបចំរួចហើយស្របពេលដែលផ្លូវថ្មីធ្វើ។ យើងមានលូបង្ហូរបានត្រឹមត្រូវ»។
លោកបន្ថែមថាខេត្តបន្ទាយមានជ័យតែងទទួលរងឥទ្ធិពលទឹកជំនន់ពីប្រទេសថៃ និងស្ថានភាពទឹកភ្លៀងតិចឬច្រើននៅខេត្តបាត់ដំបងផងដែរពោលកាលណាអាងស្តុកទឹកកំពីងពួយខេត្តបាត់ដំបងពេញហូរហៀរ នោះខេត្តបន្ទាយមានជ័យអាចនឹងរងគ្រោះទឹកជំនន់ធ្ងន់ធ្ងរដូចកាលពីឆ្នាំ២០២០។
លោកបញ្ជាក់ថា៖ «អ៊ីចឹងនៅពេលដែលបាត់ដំបងភ្លៀងខ្លាំង ប្រសិនបើបាត់ដំបងប្រកាសអាសន្នខ្លាំង ហើយអាងកំពីងពួយដែលស្តុកទឹកបានរាប់លានម៉ែត្រគូបនោះធ្លាយបន្ទាយមានជ័យនឹងលិចដូចឆ្នាំទៅមិញចឹង» ។
ចំណែកលោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យប្រាប់វីអូអេថាមកទល់ពេលនេះដីស្រែចម្ការដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ មានប្រមាណជាង៣ម៉ឺន៦ពាន់ហិកតា ដែលក្នុងនោះប្រមាណ២ម៉ឺនហិកតាត្រូវបានខូចខាត។ ចំណែកដំណាំដំឡូងមីប្រមាណ៥ពាន់ហិកតារងផលប៉ះពាល់ និងរងការបំផ្លិចបំផ្លាញជិត២ពាន់ហិកតា។
លោក កែវ វ័យ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ មានប្រសាសន៍ថាកម្ពស់ទឹកក្នុងភូមិសាស្ត្រខេត្ត បានស្រកចុះជាបណ្តើរៗហើយ មកនៅត្រឹម៣,៨៥ម៉ែត្រ ដែលកម្ពស់ទឹកប្រកាសអាសន្ន៥ម៉ែត្រ។ លោកយល់ថាមូលហេតុដែលបណ្តាលឲ្យមានទឹកជំនន់ ដោយសារបរិមាណទឹកភ្លៀងនៅតាមបណ្តោយជួរភ្នំក្រវាញមានបរិមាណច្រើន ដែលនាំឲ្យហូរធ្លាក់ទៅទន្លេសាប ឆ្លងកាត់កាត់ខេត្តពោធិ៍សាត់ តាមរយៈការជន់ទឹកពីទន្លេសាបទៅតាមស្ទឹងពោធិ៍សាត់បន្តបន្ទាប់។ លោកបញ្ជាក់ថាការជន់លិចនេះបណ្តាលមកពីគ្រោះធម្មជាតិគឺទឹកភ្លៀងមិនមែនដោយសារការជន់លិចពីប្រទេសជិតខាងណាទេ។
លោកថ្លែងថា៖ «ឥឡូវស្អែកនឹងស្រកទៀតក្មួយ នៅស្រកធ្លាក់បន្តបន្ទាប់ទៀតដោយសារទី១ តំបន់នៅស្រុកវាលវែងស្រកហើយ ស្រុកភ្នំក្រវាញក៏បានស្រក។ អញ្ចឹងពោធិ៍សាត់យើងនឹងស្រកចុះបន្តទៀត»។
ចំណែកនៅក្នុងខេត្តបាត់ដំបងវិញ ស្ថានភាពទឹកជំនន់ទឹកភ្លៀងនៅស្ទឹងសង្កែ បានបន្តថមថយ មកនៅត្រឹមកម្រិតកម្ពស់១១,៨៧ម៉ែត្រ គិតត្រឹមវេលាម៉ោង៩ និង១៥នាទីយប់ថ្ងៃអាទិត្យ ដែលជាស្ថានភាពមកធម្មតាវិញ។ នេះបើតាមទំព័រហ្វេសប៊ុករបស់រដ្ឋបាលខេត្តបាត់ដំបងចេញផ្សាយនៅថ្ងៃចន្ទនេះ។
លោក សួស សុភ័ក្ត្រ ប្រធានមន្ទីរព័ត៌មានខេត្តបាត់ដំបង និងជាអ្នកនាំពាក្យបានបញ្ជាក់ថាមូលហេតុដែលបណ្តាលឲ្យទឹកភ្លៀងជន់លិចខេត្តបាត់ដំបង ដោយសារជំនន់ទឹកភ្លៀងមកពីកំពូលភ្នំក្រវាញខេត្តពោធិ៍សាត់ដែលហូរចាក់មកក្បាលស្ទឹងសំឡូត។
លោកថ្លែងថា៖ «ដីស្រែ ផ្ទះសម្បែងវាប៉ះពាល់ហើយប៉ុន្តែឥឡូវវាស្រកទៅវិញ។ វាអាចសម្រាលនៃការលំបាករបស់ប្រជាពលរដ្ឋ។ ចំពោះដីស្រែដូចមិនមានការប៉ះពាល់ទេ» ។
លោក តុង សេង ប្រធានការិយាល័យស្រាវជ្រាវនិងព្យាករណ៍ទឹកជំនន់នៃក្រសួងធនធានទឹកនិងឧតុនិយម បានប្រាប់វីអូអេថាលោកអង្កេតឃើញថាប៉ុន្មានឆ្នាំជាប់ៗគ្នានេះ កម្ពស់ទឹកទន្លេមិនចោទជាបញ្ហាសម្រាប់ទឹកជំនន់នោះទេ ខណៈលោកយល់ថាកម្ពស់ទឹកទន្លេមានសភាពទាប បើប្រៀបធៀបទៅនឹងរយៈពេល១០ឆ្នាំមុន។
លោកថ្លែងថា៖ «ចំពោះទឹកទន្លេ គឺប្រហែលឆ្នាំទៅ(ឆ្នាំ២០២០) អីដែរ មិនជាខ្ពស់អីទេបើយើងប្រៀបធៀបឆ្នាំពីមុនៗ៤ទៅ១០ឆ្នាំគឺថាវាទាប»។
លោក ស៊ីត ភាក់ អាយុ៥០ឆ្នាំ និងជាកសិករនៅឃុំពន្លៃ ក្នុងស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យបានឲ្យដឹងថាដីស្រែប្រមាណ១ហិកតាកន្លះរបស់លោក ត្រូវបានបំផ្លិចបំផ្លាញទាំងស្រុង ដោយសារទឹកជំនន់ ចាប់តាំងពីខែកញ្ញាមក។ លោកសង្កេតឃើញថាស្ថានភាពស្រូវឆ្នាំនេះ រងការខូចខាតជាងឆ្នាំមុន ដោយសារទឹកស្រកចុះយឺតបើប្រៀបធៀបទៅនឹងឆ្នាំមុន។ ចំណែកគុណភាពស្រូវដែលទទួលបាន កាលពីឆ្នាំមុនមានសភាពល្អប្រសើរជាង។
លោកថ្លែងថា៖ «បើតាមសំណូមពរខ្ញុំ គឺចង់ឲ្យអាជ្ញាធរធ្វើយ៉ាងណាដើម្បីឲ្យអាងត្រពាំងថ្ម ឲ្យគាត់បើកលួសសំណង់ឲ្យបានទូលាយតិចដើម្បីឲ្យស្រូវយើងនៅផ្នែកខាងលើបានរស់នៅវិញ»។
ចំណែកពលរដ្ឋម្នាក់ទៀតក្នុងឃុំពន្លៃដូចគ្នាដែរ លោក មឺន នោរ ដែលប្រឈមនឹងទឹកលិចស្រែដូចគ្នា បានឲ្យដឹងថា ស្រូវរបស់លោក រងការខូចខាតច្រើនជាងឆ្នាំមុន ដោយសារស្រូវមិនសូវលូតលាស់បានល្អ ស្របពេលមានភាពរាំងស្ងួតខ្លាំង តាំងពីដើមឆ្នាំមក៕