ករណីឆ្លងកូវីដ១៩នៅភ្នំពេញនិងតាមបណ្ដាខេត្តមានសន្ទុះហក់ឡើងមកវិញនារយៈពេល១០ថ្ងៃមកនេះ ខណៈវិធានការរដ្ឋបាលទប់ស្កាត់ និងបំរាមនានាដែលបានដាក់ដើម្បីទប់ស្កាត់ការឆ្លងនោះត្រូវបានបន្ធូរបន្ថយជាបណ្ដើរៗ។
រដ្ឋបាលសាលារាជធានីភ្នំពេញបានសម្រេចបិទបញ្ចប់បម្រាមគោចរ ដោយឲ្យមានការធ្វើចរាចរណ៍ដោយសេរីក្នុង«តំបន់លឿង» និងអនុញ្ញាតឲ្យអាជីវកម្មអាចបើកដំណើរបានជាប្រក្រតី ថែមទាំងមានការលក់ដូរគ្រឿងស្រវឹងជាធម្មតាថែមទៀតផងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ នេះបើតាមការចេញផ្សាយរបស់រដ្ឋបាលរាជធានីភ្នំពេញកាលពីថ្ងៃទី២១ ខែឧសភា។
ជំងឺកូវីដ១៩ ចាប់ផ្តើមមានការរីកសាយភាយខ្លាំងទៅតាមបណ្តាខេត្តមួយចំនួន បន្ទាប់ពីមានការបើកឲ្យមានការធ្វើដំណើរពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្តនានា និងលែងមានការបិទខ្ទប់ក្នុងតំបន់ភូមិសាស្ត្ររាជធានីភ្នំពេញ។
តួលេខប្រចាំថ្ងៃនៃអ្នកឆ្លងថ្មីនៃជំងឺកូវីដ១៩ បានធ្លាក់ចុះដល់ចំនួន៣៣៥នាក់ប៉ុណ្ណោះកាលពីថ្ងៃទី១៥ ខែឧសភា ប៉ុន្តែស្ថិតិនេះបានកើនឡើងក្រឺតៗមកវិញដល់ចំនួន៥៥៦នាក់នៅថ្ងៃចន្ទនេះ ហើយកាលពីថ្ងៃអាទិត្យមានដល់ទៅ៥៦០នាក់។ នេះបើតាមតួលេខក្រសួងសុខាភិបាល។
កំណើនត្រឡប់មកវិញនេះ កើតមានចំពេលរដ្ឋបាលរាជធានីភ្នំពេញ បានបន្ធូរបន្ថយវិធានការបិទខ្ទប់ ដោយដកការដាក់ជា«តំបន់ក្រហម» និងទុកតែ«តំបន់លឿង» និង«តំបន់លឿងទុំ»តាមបណ្ដាខណ្ឌនានា កាលពីថ្ងៃទី១៩ ខែឧសភា។ ការលក់គ្រឿងស្រវឹង និងការព្រមឱ្យចូលទទួលទានអាហារតាមភោជនីយដ្ឋាននិងកន្លែងលក់អាហារនានា ត្រូវបានអនុញ្ញាតចាប់ពីព្រឹកថ្ងៃទី២២ ខែឧសភា មកស្របពេលនឹងការលុបចោលបំរាមគោចរ។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានប្រាប់វីអូអេ នៅថ្ងៃច័ន្ទនេះថា ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩នេះ គឺមិនមែនមកពីប្រជាជនដែលរស់នៅរាជធានីភ្នំពេញបណ្តាលឱ្យឆ្លងទៅបណ្តាខេត្តនោះទេ ហើយការសម្រេចបន្ធូរបន្ថយវិធានការរដ្ឋបាលនានាធ្វើឡើងដោយសារតែស្ថានការណ៍នៃការឆ្លងក្នុងរាជធានីភ្នំពេញមានភាពល្អប្រសើរ។
លោកបានថ្លែងថា៖
«យើងបានដាក់ចេញនូវវិធានការជាច្រើនហើយទើបឈានមកដល់ដំណាក់កាលនេះ ហើយវិធានការមួយៗត្រូវបានអនុវត្តចេញជាលទ្ធផល ហើយនឹងវាយតម្លៃថាភាពល្អប្រសើរហ្នឹងវាមានកម្រិតណាទើបយើងឈានទៅដល់ការសម្រេចនៅក្នុងការដាក់ចេញនូវវិធានការ ឬក៏ដកនូវបំរាមមួយចំនួនផ្សេងៗទៀតដើម្បីឲ្យវាស្របទៅតាមតម្រូវការប្រជាពលរដ្ឋរបស់យើងមួយចំនួន តាមលក្ខខណ្ឌដែលយើងអាចធ្វើទៅបាន។ ក្នុងន័យធ្វើយ៉ាងណាឲ្យការទប់ស្កាត់ហ្នឹងនៅតែបន្តការទប់ស្កាត់នៃការរីករាលដាលនៃកូវីដ១៩ដោយឡែកបញ្ហាជីវភាព បញ្ហាសតិអារម្មណ៍ បញ្ហាការហូបចុក ឬអ្វីផ្សេងៗ នៃដំណើរការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញរបស់យើងហ្នឹង ក៏យើងបន្ធូរបន្ថយទៅតាមហ្នឹងបានដែរ»។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញរូបនេះបានបន្ថែមទៀតថា ប្រសិនបើទាក់ទងទៅនឹងករណីឆ្លងរីករាលដាលជាថ្មី គឺលោកមិនអាចវាយតម្លៃបាននោះទេ ប៉ុន្តែលោកបញ្ជាក់ថាអ្វីៗគឺបានគិតគូររួចជាស្រេចក្នុងការបង្ការ និងទប់ស្កាត់កុំឱ្យមានករណីឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ជាថ្មី នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
លោកបានថ្លែងថា៖ «រឿងទៅមុខ គឺជារឿងដែលយើងមិនអាចវាយតម្លៃបានមួយរយភាគរយ ក៏ប៉ុន្តែគឺថាអ្វីដែលនឹងអាចកើតឡើង អ្វីដែលមិនអាចកើតឡើងសុទ្ធតែយើងបានគិតគូរ សុទ្ធតែយើងបានខិតខំអនុវត្តនូវវិធានការទប់ដើម្បីកុំឲ្យមានព្រឹត្តិការណ៍ទាំងអស់ហ្នឹងបានរីករាលដាល បើនិយាយសាមញ្ញមិនឲ្យមានការលាប់សារជាថ្មី»។
អ្នកឃ្លាំមើលបានសម្ដែងក្ដីបារម្ភចំពោះតួលេខឆ្លងដែលនៅខ្ពស់ ហើយបានស្នើរដ្ឋាភិបាលពិចារណាឡើងវិញលើការបន្ធូរបន្ថយបំរាមលើអាជីវកម្មលក់សុរានិងគ្រឿងស្រវឹង និងការបន្ធូរបន្ថយនានាផ្សេងទៀត។
អ្នកស្រីវេជ្ជបណ្ឌិត Li Ailan (លី អាយលែន) តំណាងប្រចាំប្រទេសកម្ពុជានៃអង្គការសុខភាពពិភពលោក (WHO) ក៏បានកត់សម្គាល់ពីកំណើនហក់ឡើងមកវិញនៃចំនួនករណីកូវីដប្រចាំថ្ងៃនេះដែរ។
អ្នកស្រីបានសរសេរក្នុងទំព័រ Twitter ផ្លូវការរបស់ខ្លួនកាលពីយប់ថ្ងៃទី២២ ខែឧសភាថា៖
«កម្ពុជានៅបន្តរកឃើញករណីថ្មីនៃកូវីដ១៩ក្នុងចំនួនច្រើនគួរឱ្យសម្គាល់នៅឡើយ។ គ្រប់ខេត្តទាំងអស់កំពុងរងផលប៉ះពាល់។ ការឆ្លងថ្មីៗក៏មានសន្ទុះកើនឡើង។ បើសិនជាមិនមានការអនុវត្តឱ្យមានប្រសិទ្ធភាពនៃវិធានការបង្ការកូវីដ១៩នោះទេ យើងកំពុងស្ថិតក្នុងហានិភ័យនៃការកើនឡើងការឆ្លងសាជាថ្មី»។
នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាលោកស្រី ចក់ សុភាព មានប្រសាសន៍ថា ចំពោះការបន្ធូរបន្ថយនេះ បើសម្រាប់អាជីវករគឺមានភាពប្រសើរឡើងសម្រាប់ពួកគាត់ ប៉ុន្តែក្នុងនោះយើងក៏គួរតែនៅប្រកាន់នូវការយកចិត្តទុកដាក់ខ្ពស់ និងមានការប្រយ័ត្នប្រយែងទាំងអស់គ្នា ជាពិសេសសម្រាប់អ្នកប្រកបអាជីវកម្មទាំងអស់ហ្នឹង ធ្វើម៉េចគោរពទៅតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល។
«ចំពោះការបើកអាជីវកម្មនេះទៀតសោត ខ្ញុំគិតថារដ្ឋាភិបាល លោកគួរតែពិនិត្យមើលលក្ខខណ្ឌ ហើយជាដំណាក់កាលៗដែរ គួរតែពិនិត្យមើលអាជីវកម្មណាដែលចាំបាច់បំផុតនៅក្នុងស្ថានភាពនេះ ដែលអាចទ្រទ្រង់ដល់ជីវភាពរបស់ប្រជាពលរដ្ឋ ដូចជាអាហារហូបចុក ស្បៀងជាដើមហ្នឹង ប៉ុន្តែចំពោះអាជីវកម្មមួយចំនួនពាក់ព័ន្ធនឹងការលក់ដូរគ្រឿងស្រវឹងអីនេះ ដូចជាមិនចាំបាច់នៅក្នុងបរិបទនៃការរីករាលដាលនេះទេ ហើយវារឹតតែបង្កហានិភ័យថែមទៀត»។
លោក ស៊ឹង សែនករុណា មន្ត្រីអង្កេតជាន់ខ្ពស់នៃសមាគមអាដហុក បានថ្លែងប្រាប់វីអូអេនៅថ្ងៃនេះផងដែរថា លោកនៅតែព្រួយបារម្ភ ដោយសារតួលេខនៃចំនួនអ្នកឆ្លងជំងឺកូវីដ១៩ខ្ពស់នៅឡើយ ដូច្នេះរដ្ឋាភិបាលគប្បីពិនិត្យមើលនូវមុខរបរដែលធ្វើឱ្យមានការជួបជុំ ជាពិសេសពាក់ព័ន្ធនឹងការទទួលទានគ្រឿងស្រវឹង គួរតែកុំទាន់ឲ្យមានការបើកអាជីវកម្មបែបនេះ។
លោកបានថ្លែងថា៖
«សម្រាប់ខ្ញុំ ក្នុងការតាមដានព័ត៌មាននៃការឆ្លង យើងមើលឃើញថា ចំនួនដូចជាមិនទាន់មានការថមថយណាស់ណាទេ គឺនៅមានចំនួនខ្ពស់នៅឡើយ ដូចជាម្សិលមិញយើងឃើញហើយ៥៦០នាក់អញ្ចឹងនៅច្រើនណាស់។ សម្រាប់ខ្ញុំ ខ្ញុំគិតថាវាមានការលំបាកដែលសម្រាប់អ្នកដែលគាត់រំពឹងលើមុខរបរនឹងអាជីវកម្មរបស់ពួកគាត់ ប៉ុន្តែចំណុចសំខាន់មុខរបរខ្លះគួរតែបន្តការហាមឃាត់ដែរ ពាក់ព័ន្ធនឹងការជួបជុំ ការពិសាគ្រឿងស្រវឹងទាំងអស់នេះ វាអាចធ្វើឱ្យមានការភ្លាំងភ្លាត់ស្មារតី ការមិនបានការពារខ្លួនតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល វាអាចបន្តឲ្យមានការឆ្លងរោគមកដល់ខ្លួន ក្រុមគ្រួសារ ឬមិត្តភក្ដិផ្សេងៗបន្តទៀត»។
មន្ត្រីជាន់ខ្ពស់នៃសមាគមអាដហុករូបនេះបានមានប្រសាសន៍ទៀតថា រដ្ឋាភិបាលដូចជាមិនឃើញមានការជួយគាំទ្រផ្នែកសេដ្ឋកិច្ចដល់អ្នកប្រកបរបរដែលជួបការលំបាកក្នុងអំឡុងពេលកូវីដនេះដូចបណ្តាប្រទេសដទៃ ដែលវាបណ្តាលឲ្យពិបាកក្នុងការគ្រប់គ្រង់ជំងឺកូវីដ១៩នេះបានល្អប្រសើរ។
លោកបានថ្លែងថា៖
«រដ្ឋាភិបាល ប្រសិនបើចង់បិទនូវមុខរបរទាំងអស់ហ្នឹង វាទាល់តែមានការជួយផ្តល់នូវថវិកាក្នុងការខាតបង់របស់ពួកគាត់កន្លងមកជាដើម ប៉ុន្តែស្រុកយើងដូចអត់ឃើញមានការជួយនៅក្នុងរឿងហ្នឹងទេ ប៉ុន្តែបើយើងពិនិត្យមើលប្រទេសផ្សេងៗ កាលណាគេបិទឬបិទនូវវិធានការរដ្ឋបាលរបស់គេណាមួយគេមានការទទួលខុសត្រូវទៅលើបញ្ហាទាំងអស់ហ្នឹង ហើយប្រាក់ឧបត្ថម្ភផ្សេងៗទៀត សម្រាប់យើង យើងអត់អញ្ចឹង គឺយើងពិបាកក្នុងការហាមឃាត់ ឬក៏បន្តការបិទទាំងអស់ហ្នឹង ដោយសារតែពាក់ព័ន្ធនឹងបញ្ហាជីវភាព នឹងសេដ្ឋកិច្ចរបស់ពួកកាត់ហ្នឹងធ្លាក់ចុះ វាយូរដែរមកហើយ»។
វីអូអេបានព្យាយាមទាក់ទងទៅខាងក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេសនៃក្រសួងសុខាភិបាល និងលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ដែរ ប៉ុន្តែគ្មានការឆ្លើយតបនោះទេ។
គួរបញ្ជាក់ថាក្រសួងសុខាភិបាល បានរកឃើញករណីឆ្លងថ្មីចំនួន៥៥៦ករណីនៃជំងឺកូវីដ១៩នៅថ្ងៃច័ន្ទនេះ ដែលនាំឱ្យតួលេខសរុបនៃអ្នកឆ្លងជំងឺនេះមានរហូតដល់២៥.៧៦១នាក់៕