ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋ​ថា​ចំនួន​ឆ្លង​កូវីដ​ក្នុង​ពន្ធនាគារ​មាន​៥២​នាក់ តែ​ក្រុម​សិទ្ធិ​មនុស្ស​ថា​មាន​ដល់​រាប់​រយ


រូបឯកសារ៖ រថយន្តពន្ធនាគារបើក​នៅ​ក្បែរតុលាការកំពូលក្នុងក្រុងភ្នំពេញ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨។ (ទី អូលីស្សា/វីអូអេ)
រូបឯកសារ៖ រថយន្តពន្ធនាគារបើក​នៅ​ក្បែរតុលាការកំពូលក្នុងក្រុងភ្នំពេញ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨។ (ទី អូលីស្សា/វីអូអេ)

អគ្គនាយកដ្ឋាន​ពន្ធនាគារ​បាន​ឱ្យ​ដឹងថា មាន​ករណី​ឆ្លង​ជំងឺ​កូវីដ​១៩​ក្នុង​ចំណោម​អ្នក​ទោស​និង​អ្នក​ជាប់​ឃុំ​រាប់​សិប​នាក់​ក្នុង​ពន្ធនាគារ​ដ៏​ចង្អៀត​ណែន​នៅ​ខេត្ត​ព្រះ​សីហនុ​និង​រាជធានី​ភ្នំពេញ​ តែ​ក្រុម​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ធំៗ​នៅ​ក្រៅ​ប្រទេស​ចំនួន​ពីរ​អះអាង​ថា​ចំនួន​ឆ្លង​កូវីដ​ក្នុង​ពន្ធនាគារ​នៅ​កម្ពុជា​អាច​មាន​ដល់​រាប់​រយ​នាក់។

បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​នាំ​ពាក្យ​អគ្គ​នាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ ​លោក នុត​ សាវនា​ ដែល​បាន​ប្រាប់​បណ្តាញ​ព័ត៌មាន​ក្នុង​ស្រុក​នោះ​ គិត​ត្រឹម​ថ្ងៃ​សុក្រ​ មានអ្នក​ជាប់​ឃុំនៅ​ពន្ធនាគារ​ខេត្ត​ព្រះសីហនុចំនួន​៣៤​នាក់​ និង​នៅ​ពន្ធនាគារ​ព្រៃស​ក្នុង​មណ្ឌល​អប់រំ​កែប្រែ​ទី១(ម១)ចំនួន​១៨​នាក់ ត្រូវ​រក​ឃើញ​ថា​បាន​ឆ្លង​ជំងឺ​កូវីដ​១៩។

កាល​ពី​ថ្ងៃ​សុក្រ​ លោក នុត​ សវនា​ បាន​ប្រាប់​អង្គភាព​ព័ត៌មាន ​Fresh News ថា​ ប្រភព​ចម្លង​ដំបូង​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី១​(ម១)​នៃ​ពន្ធនាគារ​ព្រៃស រាជធានី​ភ្នំពេញ​ អាច​ផ្តើម​ចេញ​ពី​កម្មករ​សំណង់​ដែល​ដឹក​សម្ភារៈ​ចូល​បរិវេណ​ពន្ធនាគារ​ដើម្បី​សាង​សង់​សំណង់​ផ្សេងៗ។ សម្រាប់​ខេត្ត​ព្រះសីហនុ​ លោក​ថា ករណី​ឆ្លង​ក្នុង​ពន្ធនាគារ​អាច​ទំនង​ជា​បណ្តាល​មក​ពី​ជនជាតិ​តៃវ៉ាន់​ដែល​ជាប់​ឃុំ​ ពេល​កំពុង​ត្រៀម​បញ្ជូន​ទៅ​ប្រទេស​ដើម​វិញ។

បើ​តាម​លិខិត​របស់​លោក យិន​ គន្ធ ប្រធាន​មណ្ឌល​អប់រំ​កែ​ប្រែ​ទី១​ អ្នក​ជាប់​ឃុំ​១៨​នាក់​នៅ​មណ្ឌល​នេះ​ ត្រូវ​រក​ឃើញ​ថា​ មាន​វិជ្ជមាន​ជំងឺ​កូវី​ដ១៩​ ហើយ​បច្ចុប្បន្ន​មណ្ឌល​កែប្រែ​នេះ​កំពុង​អនុវត្ត​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​១៩​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​ និង​កំពុង​ស្រាវជ្រាវ​រក​អ្នក​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​ និង​ប្រយោល​មក​យក​សំណាក​ពិនិត្យ​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ​១៩។

លោក​ យិន​ គន្ធ​ ស្នើ​ឲ្យ​ប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ផ្អាក​ការ​នាំ​ជន​ជាប់​ឃុំ​ទៅ​ជំនុំជម្រះ គិតចាប់​ពី​ថ្ងៃ​ទី២០​ ឧសភា​ឆ្នាំ​២០២១​នេះ។

យ៉ាង​ណា​ក៏​ដោយ​បើ​តាម​ការ​បង្ហាញ​កាល​ពី​ថ្ងៃ​អាទិត្យ​របស់​អង្គការ​សិទ្ធិ​មនុស្ស​Amnesty International និង​អង្គការ Human Rights Watch​ មាន​ការ​សង្ស័យ​និង​អះអាង​ថា​ចំនួន​ឆ្លង​អាច​នឹង​មាន​ទំហំ​ធំធេង​ជាង​នេះ។

រូបឯកសារ៖ ក្រុមមន្ត្រីសុខាភិបាលស្ថិតក្នុងឯកសណ្ឋានការពារពីការឆ្លងជំងឺកូវីដ១៩ បញ្ជូនអ្នកជំងឺកូវីដ១៩ មកទទួលការព្យាបាលនៅមណ្ឌលព្យាបាល នៅកោះពេជ្រ រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១។ (ហ៊ាន សុជាតា/វីអូអេ)
រូបឯកសារ៖ ក្រុមមន្ត្រីសុខាភិបាលស្ថិតក្នុងឯកសណ្ឋានការពារពីការឆ្លងជំងឺកូវីដ១៩ បញ្ជូនអ្នកជំងឺកូវីដ១៩ មកទទួលការព្យាបាលនៅមណ្ឌលព្យាបាល នៅកោះពេជ្រ រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១។ (ហ៊ាន សុជាតា/វីអូអេ)

អង្គការ​ទាំងពីរ​បាន​អះអាង​ថា មាន​អ្នក​ទោស​និង​អ្នក​ជាប់​ឃុំ​រាប់​រយ​នាក់​ផ្សេង​ទៀត​នៅ​ពន្ធនាគារ​ខេត្ត​ព្រះសីហនុ និង​ពន្ធនាគារ​រាជធានី​ភ្នំពេញ (PJ) បាន​ធ្វើ​តេស្ដ​វិជ្ជមាន​ឃើញ​មាន​វីរុស​កូវីដ​១៩។ យ៉ាង​ណា​ក៏​ដោយ​ការ​បង្ហាញ​នេះ​មិន​បាន​រំលេច​តួលេខ​ជាក់លាក់​នៅ​ពន្ធនាគារ​ទាំង​ពីរ និង​របាយ​ការណ៍​ឆ្លង​ត្រួសៗ​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី១​(ម១)​ដែល​មាន​អ្នក​ទោស​និង​អ្នក​ជាប់​ឃុំ​ប្រមាណ​៨​ពាន់​នាក់​នោះ​ទេ។

សេចក្ដី​ថ្លែងការណ៍​រួម​របស់​អង្គការ​អន្តរជាតិ​ធំៗ​ទាំង​ពីរ បាន​ទាម​ទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បញ្ចេញ​នូវ​តួលេខ​ពិត​ប្រាកដ​នៃ​អ្នក​ជាប់ឃុំ​ដែល​រក​ឃើញ​ថា​ មាន​ជំងឺ​កូវីដ​១៩។

អង្គការ​ទាំងពីរ​លើក​ឡើង​ថា៖ «យើង​ស្នើ​ឲ្យ​អាជ្ញាធរ​ពន្ធនាគារ​ធ្វើ​ការ​ដោយ​មាន​តម្លាភាព​ខ្ពស់​ជាង​មុន​ និង​បង្ហាញ​ជា​បន្ទាន់​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ​នៃ​ចំនួន​ករណី​វិជ្ជមាន​[ជំងឺ​កូវីដ​១៩]ដែល​បាន​កត់​ត្រា​នៅ​តាម​ពន្ធនាគារ​ និង​ចាត់​វិធានការ​ជា​បន្ទាន់​ដើម្បី​ការពារ​ជីវិត​ និង​សុខភាព​អ្នក​ដែល​ស្ថិត​ក្នុង​ការ​ឃុំឃាំង​ ក្នុង​នោះ​គឺ​ការ​កាត់​បន្ថយ​ភាព​ចង្អៀត​ណែន​ជា​បន្ទាន់​នៅ​ក្នុង​ពន្ធនាគារ​ទូទាំង​ប្រទេស»។

អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ទាំង​ពីរ​បាន​ទទូច​សុំ​អាជ្ញាធរ​ និង​តុលាការ​ពាក់ព័ន្ធ​ឲ្យ​មាន​វិធានការ​ដូចៗ​គ្នា​នៅ តាម​ពន្ធនាគារ​ទាំង​២៨​របស់​ប្រទេស​ ដូច​នឹង​វិធានការ​ដែល​ធ្វើ​ដោយ​តុលាការ​ខេត្ត​ព្រះសីហនុ​ ដែល​ត្រូវ​គេ រាយការណ៍​កាល​ពី​ថ្ងៃ​ទី​១១ ខែ​ឧសភា​ ថា​បាន​បញ្ជា​ឲ្យ​មាន​ការ​ដោះលែង​ឲ្យ​បាន​លឿន​អ្នក​ទោស​ជាង​១០០ នាក់​ ពី​ពន្ធនាគារ​ខេត្ត​ព្រះសីហនុ​ ដើម្បី​កាត់បន្ថយ​ការ​ចង្អៀត​ណែន។ តុលាការ​នៃ​ខេត្ត​ជាប់​មាត់​សមុទ្រ​មួយ​នេះ​ ក៏​ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​អនុវត្ត​ជម្រើស​មិន​ឃុំ​ខ្លួន​ក្នុង​ការ​ឃុំ​ខ្លួន​ជា​បណ្តោះ អាសន្ន​រង់ចាំ​ការ​កាត់​ទោស​ក្នុង​ករណី​ថ្មីៗ ដែល​ខ្លួន​បាន​ទទួល។

សេចក្តី​ថ្លែងការណ៍​រួម​របស់​អង្គការ​លើកលែង​ទោស​អន្តរជាតិ​ និង​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​បាន​សង្កត់​ធ្ងន់​ថា៖​

«អាជ្ញាធរ​កម្ពុជា​គួរ​តែ​ដោះលែង​ជា​បន្ទាន់​អ្នក​ជាប់​ឃុំ​រង់ចាំ​ការ​កាត់​ទោស​ទាំងអស់​ទូទាំង​ប្រទេស​ សម្រាប់​អ្នក​ដែល​អាច​មាន​សិទ្ធិ​ទទួលបាន​ការ​ដោះ​លែង​ឲ្យ​បាន​ស្ថិត​នៅ​ក្រៅ​ឃុំ ក៏ដូចជា​អ្នក​ជាប់​ឃុំ​ទាំង​ឡាយ​ណា​ដែល​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩»។

អង្គការ​ទាំងពីរ​បន្ថែម​ថា​ អាជ្ញាធរ​គួរ​ផ្តល់​នូវ​លក្ខខណ្ឌ​នៃ​ការ​ដោះលែង​អ្នក​ទោស​មុន​ពេល​កំណត់​ដែល​មាន​លក្ខខណ្ឌ​ ឬ​ជា​លក្ខណៈ​បណ្តោះអាសន្ន​នៃ​អ្នក​ទោស​ដែល​ជាប់​ចោទ​បទ​មជ្ឈិម​ ឬ​បទ​ល្មើស​ដែល​មិន​ពាក់​ព័ន្ធ​នឹង​អំពើ​ហិង្សា។ អាជ្ញាធរ​ក៏​គួរ​តែ​ធានា​ថា​ចំនួន​អ្នក​ជាប់​ពន្ធនាគារ​គឺ​ស្ថិត​ក្នុង​កម្រិត​ទាប​ជាង​កម្រិត​ដែល​អាច​ផ្ទុក​អ្នក​ទោស​បាន​ជា​អតិប្បរមា​នៅ​ពន្ធនាគារ​ដើម្បី​បន្ថយ​ល្បឿន​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩។

នាយ​ឧត្តមសេនីយ៍​ ខៀវ សុភ័គ​ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ និង​លោក ឃាង ភារម្យ អ្នក​នាំ​ពាក្យ​រដ្ឋ​បាល​ខេត្ត​ព្រះសីហនុ បដិសេធ​ផ្ដល់​បទសម្ភាស ដោយ​បង្វែរ​សំណួរ​ទៅ​ខាង​អគ្គ​នាយកដ្ឋាន​ពន្ធនាគារ​វិញ។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អធិប្បាយ​ពី​លោក ឆែម សាវុធ អគ្គ​នាយក​ពន្ធនាគារ និង​លោក នុត​ សវនា ​អ្នក​នាំ​ពាក្យ​អគ្គ​នាយកដ្ឋាន​ពន្ធនាគារ​បាន​នៅ​ឡើយ​នៅ​ថ្ងៃ​ចន្ទ​នេះ។

លោក អំ​ សំអាត​ នាយក​រង​ទទួល​បន្ទុក​ឃ្លាំមើល​និង​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​ ថ្លែង​ថា​ មន្ត្រី​ទទួល​បន្ទុក​មើល​ការ​ខុស​ត្រូវ​ពន្ធនាគារ​ គួរស្វែង​រក​យន្តការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​កាន់​តែ​ខ្លាំង​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩​ក្នុង​ពន្ធនាគារ​ដែល​មាន​លក្ខណៈ​ចង្អៀត​ណែន។

លោក​បន្ថែម​ថា​យន្តការ​នោះ​ អាច​រួមមាន​ការ​ដោះលែង​អ្នក​ជាប់​ឃុំ​ណា​ដែល​ជាប់​ចោទ​បទ​ល្មើស​ស្រាលៗ ឬ​អ្នក​ដែល​មាន​អាកប្ប​កិរិយា​ល្អ​ក្នុង​ពន្ធនាគារ​ ពេល​កំពុង​អនុវត្ត​ទោស​នោះ។

«បាន​ន័យ​ថា​ គាត់​អនុវត្ត​បាន​ល្អ​ ហើយ​ជិត​ផុត​ទោស​អី​ជាដើម​ហ្នឹង លទ្ធភាព​ក្នុង​ការ​ដោះលែង​អីចឹង​ទៅ​ ដូច​ជា​ពិសេស​ទៅ​លើ​អ្នក​ដែល​មាន​វ័យ​ចាស់​ជរា​ជំងឺ​រាំរ៉ៃ​ ឬ​ក៏​ស្ត្រី​ដែល​មាន​កូន​តាម​ម្តាយ​ ដែល​បទ​ល្មើស​អាចនៅ​ក្រៅ​ឃុំ​បាន​ ឬក៏​ទាក់​ទង​ជាមួយ​នឹង​ស្ត្រី​ដែល​មាន​ផ្ទៃ​ពោះ​ ដែល​អាច​ធ្វើ​ការ​សម្រួល​នូវ​បទ​ល្មើស​មជ្ឈិម​កម្រិត​ស្រាល​អី​ជាដើម​នោះ»។

​គិត​ត្រឹម​ថ្ងៃ​ចន្ទ​ទី​២៤ ខែ​ឧសភា​នេះ​ ក្រសួង​សុខាភិបាល​កម្ពុជា​ឲ្យ​ដឹង​ថា​ករណី​ឆ្លង​ជំងឺ​កូវីដ​១៩ មាន​ចំនួន២៥.៧៦១​ករណី​ និង​ចំនួន​អ្នក​ស្លាប់​មាន​ចំនួន​១៧៩​នាក់។

បើ​តាម​សេចក្តីថ្លែងការណ៍​រួម​របស់​អង្គការ​លើកលែង​ទោស​អន្តរជាតិ​ និង​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អង់គ្លេស​ និង​សហរដ្ឋ​អាមេរិក​ ពន្ធនាគារ​ខេត្ត​ព្រះសីហនុ​ជា​ជម្រក​របស់​អ្នក​ជាប់​ឃុំ​ចំនួន​១៩៣៨​នាក់​ ទោះ​បី​ពន្ធនាគារ​នេះ​ មាន​សមត្ថភាព​អាច​ទទួល​អ្នក​ទោស​បានត្រឹម​តែ​១៥០០​នាក់។ ចំណែក​មណ្ឌល​អប់រំ​កែប្រែ​ទី​មួយ​ អាច​ដាក់​អ្នកទោស​បាន​តែ​ចំនួន​២០៥០​នាក់​ប៉ុណ្ណោះ​ ប៉ុន្តែ​អ្នក​ជាប់​ក្នុង​នោះ​ មាន​ចំនួន​ប្រមាណ​៧៤៦៦​នាក់។

អង្គការ​ទាំង​ពីរ​ឲ្យ​ដឹ​ងថា​ បន្ទាប់​ពី​រកឃើញ​មាន​អ្នក​វិជ្ជមាន​ជំងឺ​កូវីដ​១៩​ ចំនួន​៣៤​នាក់ ក្នុង​ពន្ធនាគារ​ខេត្ត​ព្រះសីហនុ​ មាន​អ្នក​ទោស​រាប់​រយ​នាក់​ទៀត​ក្នុង​មន្ទីរ​ឃុំឃាំង​ដែល​ចង្អៀត​ណែន​នោះ​ ត្រូវ​បាន​រក​ឃើញ​ថា​វិជ្ជមាន​ជំងឺកូវីដ​១៩ ទោះ​បី​រដ្ឋាភិបាល​មិន​បញ្ចេញ​ចំនួន​សរុប។

បន្ទាប់​ពី​ការ​រក​ឃើញ​ករណី វិជ្ជមាន​ជំងឺ​កូវីដ​១៩​នេះ​មក​ អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ បាន​ផ្ទេរ​អ្នក​ជាប់​ឃុំ​ជា​ស្ត្រី​ចំនួន​១៤៦​នាក់​ ក្នុង​នោះ​មាន​កុមារ​១០​នាក់ ទៅ​កាន់​ពន្ធនាគារ​ខេត្ត​កំពត៕

XS
SM
MD
LG