ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកវិភាគ៖ ​មាន​នីតិវិធី​សម្រាប់​ការ​បោះឆ្នោត​ឡើងវិញ


កម្មករ​​​​ចូលរួម​​តវ៉ា​ជាមួយ​គណបក្សសង្គ្រោះជាតិ​ទាមទារ​ឲ្យបោះឆ្នោត​ឡើងវិញ។​
កម្មករ​​​​ចូលរួម​​តវ៉ា​ជាមួយ​គណបក្សសង្គ្រោះជាតិ​ទាមទារ​ឲ្យបោះឆ្នោត​ឡើងវិញ។​
ទោះបីជា​មេដឹកនាំ​គណបក្ស​គ្រប់គ្រង​ប្រទេស​ រួមទាំង​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ផង​ បាន​អះអាង​ថា ​លោក​នឹង​មិន​ចុះចេញ​ពីអំណាច​ហើយនឹង​មិន​អាច​ធ្វើការ​បោះឆ្នោត​មុន​កាល​កំណត់​បាន​មែន​ តែ​អ្នក​វិភាគ​ឯករាជ្យ​និង​អ្នក​ជំនាញ​ក្នុង​ប្រទេស​កម្ពុជា​ខ្លះ​យល់​ថា​ ការ​បោះ​ឆ្នោត​អាច​ធ្វើ​ឡើង​វិញ​បាន​ ដោយសារ​តែភាគី​ម្ខាង​មិន​ទទួល​ស្គាល់​លទ្ធផល​ឆ្នោត​ថ្ងៃទី២៨​ ខែកក្កដា​ថា​ ជា​លទ្ធផល​ឆ្នោត​ត្រឹមត្រូវ​ ហើយ​មិនទទួល​ស្គាល់​រដ្ឋសភា ​និង​រដ្ឋាភិបាល​ថ្មី ​ដែល​កើត​ឡើង​ក្រោយ​ការ​បោះឆ្នោត ​ដែល​គណបក្ស​ជំទាស់​ចាត់​ទុក​ថា​ មាន​ការ​គៃបន្លំ​និង​មាន​ភាព​មិន​ប្រក្រតី​ដ៏​ធ្ងន់ធ្ងរ​នោះ។​

លោក​បណ្ឌិត​ឡៅ​ ម៉ុងហៃ​ អ្នកវិភាគ​ឯករាជ្យ​ម្នាក់​ បាន​អះអាង​ថា​ ការ​មិន​ទទួល​ ស្គាល់​លទ្ធផល​ឆ្នោត​ និង​សភា​មិនស្រប​ច្បាប់​គឺ​ជា​មូលដ្ឋាន​នៃការ​ដែល​អាច បោះឆ្នោត​ឡើង​វិញ​បាន។​

«អាច​ទៅរួច ​ដោយសារ​ការ​បោះឆ្នោត​នេះ​មាន​ភាព​មិនប្រក្រតី​ច្រើន ហើយ​ការ​ បោះឆ្នោត​នេះ​ជា​មូលដ្ឋាន​នៃ​រដ្ឋ​សភា​អាណត្តិ​ទី៥​នេះ។​ ការ​បោះឆ្នោត​អត់​បាន​ត្រឹមត្រូវ ​ហើយ​រដ្ឋសភា​ដែល​កើត​ចេញ​ពីការ​បោះឆ្នោត​អត់​ត្រឹមត្រូវ ​អត់ស្រប​ច្បាប់។ ​ដូច្នេះ​ក្នុង​ច្បាប់​ បើសិនជា​ភាព​មិន​ប្រក្រតី​ហ្នឹង​ធ្ងន់ធ្ងរ​ អត់ទទួល​យក​បាន​ នោះ​រដ្ឋសភា​ហ្នឹង​គឺ​ដូចជា​អត់​មាន​អញ្ចឹង។​ ទោះ​ជា​បង្កើត​ក៏ដោយ​ វា​ខុស​ច្បាប់»។

លោក​ឡៅ ម៉ុងហៃ​បាន​បន្ថែម​ថា​ គេមិន​ចាំបាច់​រំលាយ​សភាទេ​ ព្រោះ​សភា​កើត​ ចេញ​មិន​ត្រឹមត្រូវ​តាមច្បាប់​ ហាក់​ដូចជា​អត់មាន​សភា​ដែរ។​ លោក​ថ្លែង​ថា ​អ្នក ដឹក​នាំ​ក្នុង​ប្រទេស​ប្រកាន់​ប្រជាធិបតេយ្យ​ ត្រូវ​ស្វែងរក​តុលាការ​រាស្ត្រ​ដើម្បី​កាត់​ សេចក្តី ​នៅពេល​មានការ​តវ៉ា​ មិន​សុខចិត្ត​ក្នុង​បញ្ហា​នយោបាយ​និង​លទ្ធផល​ ឆ្នោត។​

«មាន​ន័យថា ​ទៅសួរ​ប្រជារាស្ត្រ​ តើ​ខាងណា​ដែលត្រូវ​ ខាងណា​ខុស។​ រឿង​ហ្នឹង​ គឺ​ទៅ​រក​តុលាការ​រាស្ត្រ​គឺបែប​ផែន​ជាការ​បោះឆ្នោត​ហ្នឹង​ឯង»។​

ថ្លែង​ប្រាប់​ក្រុមអ្នក​យក​ព័ត៌មាន​ក្នុង​រដ្ឋ​សភា​កាលពី​សប្តាហ៍​កន្លង​ទៅ​ លោក​ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ដែល​តែងតាំង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ​បាន​អះអាង​ថា ​លោក​មិន​ចុះចេញ​ពីមុខ​តំណែង​ទេ ​ហើយ​ក៏មិន​អាច​មាន​ការ​បោះឆ្នោត​មុន​អាណត្តិ​ដែរ​ តាមច្បាប់​ប្រទេស​កម្ពុជា៖

«ខ្ញុំ​ឡើង​តាម​រដ្ឋធម្មនុញ្ញ​ ខ្ញុំចុះ​ក៏ចុះ​តាម​រដ្ឋធម្មនុញ្ញ។​ អញ្ចឹង​សុំបញ្ជាក់​ឲ្យ​ហើយ​ គ្មាន​ការ​បោះឆ្នោត​ឡើង​វិញ​ ព្រោះគ្មាន​អ្នក​រំលាយ​សភា​ ហើយ​ក៏គ្មាន​យន្តការ​ ណា​កំណត់​អំពីការ​បោះឆ្នោត​មុន​អាណត្តិ​នោះ​ទេ»។​

លោក​ពុទ្ធា ហង្ស ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត ​និចហ្វិក បាន​អះអាង​ថា ​ការ​បោះឆ្នោត​អាច​ធ្វើបាន​គឺពឹង​ទៅ​លើ​មេដឹកនាំ​គណបក្ស​ នយោបាយ​ទាំង​ពីរ។​
«ច្បាប់​កែ​បាន​ លុះត្រា​តែ​សភា​អនុម័ត។​ តែបើ​កំណត់​តម្លៃ​ថា​ សភា​ឯក​បក្ស​គឺ​ជា​ សភា​ស្របច្បាប់​ ហើយ​សភានោះ​អាចនឹង​ធ្វើការ​កែ​អី​ក៏​បាន​ដែរ។​ តែ​បច្ចុប្បន្ន​នេះយើង​ឃើញ​ថា​ ទិដ្ឋភាព​នយោបាយ​ជា​បញ្ហា​ធំ​ជាង​ច្បាប់​ទៅទៀត​ផង»។​

លោក​បាន​ថ្លែង​ថា​ ឆន្ទៈ​នយោបាយ​របស់​មេដឹកនាំ​នៃ​កម្លាំង​នយោបាយ​ទាំង​ពីរ​គឺ ជា​ការ​សំខាន់។​

«ឥឡូវ​ឲ្យតែ​គណបក្ស​ទាំងពីរ​ហ្នឹង​គាត់​ចង់​ធ្វើអី ​គាត់​ព្រម​ព្រៀង​គ្នា​គឺ​ប្រាកដ​ជា ធ្វើ​បាន​ហើយ។ គ្មាន​ស្អី​ធំជាង​គាត់​ទាំង​ពីរ​ទេ។​ តែគ្រាន់តែ​ថា ​គណបក្ស​នយោ បាយ​ ដែលចង់​លេងល្បែង​នយោបាយ​ជាមួយគ្នា​គឺតែងតែ​ប្រើប្រាស់​ច្បាប់​ ប្រើ​នីតិវិធី​ឬ ​ក៏កង​កម្លាំង​ផ្សេងៗ​ដើម្បី​ផ្ចាញ់ផ្ចាល​គ្នាទៅវិញ​ទៅមក។​ ប៉ុន្តែ​លទ្ធផល​ ចុង​ក្រោយ ​ប្រជា​ពលរដ្ឋ​ជាអ្នក​រងទុក្ខ​ទៅវិញ»។​

គណបក្ស​សង្គ្រោះ​ជាតិ​របស់​លោក​សម រង្ស៉ី​ និង​លោក​កឹម សុខា ​បាន​អះអាង​ ថា ​ខ្លួន​ជាអ្នក​ឈ្នះការ​បោះឆ្នោត​គឺ​បាន​ដល់​ទៅ៦៣​អាសនៈ​ក្នុង​ចំណោម​១២៣ អាសនៈ​ ដែល អាច​បង្កើត​រដ្ឋាភិបាល​ម្នាក់ឯង​បាន​ តែ​ដោយសារ​ការ​គៃបន្លំ​និង ភាពមិន​ប្រក្រតី ​បានធ្វើ​ឲ្យមាន​ការកែ​ប្រែ​លទ្ធផល​ឆ្នោត។​ គណបក្ស​ជំទាស់​បាន​ ធ្វើ​បាតុកម្ម​តវ៉ា​សុំ​ឲ្យមាន​ការ​បោះឆ្នោត​ឡើងវិញ​ ដោយមាន​ការ​រៀបចំ​គណៈ​ កម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(គ.ជ.ប.​)​ ដោយ​ឯករាជ្យ​ និង​សុំ​ឲ្យ​លោក​ នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ចុះ​ចេញ​ពីមុខ​តំណែង។​

លោក​ហ៊ុន​ សែន​បាន​ចោទ​សួរ​ទៅ​វិញ​ ថា​តើ​លោក​ខុសអ្វី?​ ហើយ​បាន​បន្ថែម​ សេចក្តី​ថា​ ការ​ចង់​ឲ្យ​លោក​ចាកចេញ​ពីតំណែង​មិនមែន​ជាការ​ចង់​បាន​របស់​អ្នក​គាំទ្រ​លោក​ និង​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ទេ។​ លោក​គំរាម​ថា​ ការ​អត់ ធ្មត់​របស់​រដ្ឋាភិបាល​របស់​លោក​គឺ​មាន​កម្រិត​ ដោយ​លោក​បញ្ជាក់​ថា​ បាតុកម្ម​ខុស​ច្បាប់​ឬ​ការ​បិទផ្លូវ​ជាតិ​អាចនឹង​ទទួល​វិធានការ​ផ្លូវ​ច្បាប់។

បាតុកម្ម​តវ៉ា​របស់ក្រុម​ជំទាស់​ជាហូរហែ​កន្លង​មកនេះ​ ដែល​មាន​ការ​ទាមទារ​ឲ្យ​លោក ហ៊ុន សែន ​ដែល​កាន់កាប់​អំណាច​៣​ទសវត្សរ៍​ចេញ​ពី​តំណែង​ ​ហើយនឹង​ទាមទារ​ឲ្យ​មាន​ការ​បោះឆ្នោត​ឡើងវិញ​នេះ​គឺកើត​ឡើង​ក្រោយពេល​ដែល​គណបក្ស​ជំទាស់​ចោទ​ប្រកាន់​ថា​ គណបក្ស​ប្រជាជន​កម្ពុជា ​ដែល​ត្រូវ​គ.ជ.ប.ប្រកាស​ថា​ ឈ្នះ​អាសនៈ​ចំនួន​៦៨នោះ ​មិន​អនុញ្ញាត​ឲ្យមាន​ការ​ស៊ើប​អង្កេត​លទ្ធផល​ឆ្នោត​ដោយ​ស្ថាប័ន​ឯករាជ្យ​ទេ។​

​ច្បាប់​រដ្ឋធម្មនុញ្ញ​ប្រទេស​កម្ពុជា​បានចែង​ថា​ សភា​មាន​សុពល​ភាព​តាម​ច្បាប់​ លុះត្រាតែ​មាន​ចំនួន​១២០រូប​យ៉ាងតិច​ក្នុង​ចំណោម​១២៣​រូប​សរុប។​ ដោយ​ឡែក​ ប្រទេស​កម្ពុជា​ប្រកាន់​របបសេរី​និយម​ពហុបក្ស​ ឬមាន​បក្ស​ច្រើន។​ តែ​បច្ចុប្បន្ន ​សមាជិក​សភា​៥៥​រូប​របស់​គណបក្ស​ជំទាស់​ធ្វើ​ពហិការ​មិន​ចូលរួម​ប្រជុំ​ទេ។​ ការ​មិន​ចូល​ប្រជុំ​សភា​នេះ​បាន​ធ្វើ​ឲ្យ​សភា​មិនគ្រប់​ចំនួន​សមាជិក​ផង​ និង​ជា​សភា​ឯកបក្ស​ដែល​មិនស្រប​នឹង​រដ្ឋធម្មនុញ្ញ​ផង៕
XS
SM
MD
LG