វ៉ាស៊ីនតោន —
ពីរថ្ងៃក្រោយពីមានពាក្យគំរាមពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែនដល់ក្រុមបាតុករគណបក្សប្រឆាំងឱ្យប្រយ័ត្ន«បាតដៃទីបី»ប្រសិនបើពួកគេនៅបន្តតវ៉ានោះក្រុមពលរដ្ឋដែលគាំទ្រគណបក្សសង្គ្រោះជាតិនិងអ្នកដែលមានសមានចិត្តបានចេញមកយ៉ាងកកកុញនៅតាមវិថី នានាក្នុងទីក្រុងភ្នំពេញដើម្បីទាមទារឱ្យមានការបោះឆ្នោតជាតិឡើងវិញនិងឱ្យលោកហ៊ុន សែនចុះចេញពីតំណែង។
បាតុកររាប់ម៉ឺននាក់ដែលចេញមកតវ៉ាកាលពីថ្ងៃអាទិត្យហើយដែលមិនធ្លាប់មានក្នុងប្រវត្តិនៃបាតុកម្មក្នុងប្រទេសកម្ពុជានេះ គឺជាលើកទីមួយហើយក្នុងអំឡុងពេលនៃការកាន់កាប់អំណាចអស់ជិតបីទសវត្សរ៍របស់លោកហ៊ុន សែនដែលមានមនុស្សដ៏ច្រើនកកកុញបែបនេះចេញមកតវ៉ាប្រឆាំងនឹងការដឹកនាំរបស់លោក។
ខុសពីលើកណាៗទាំងអស់ដែលលោកនាយករដ្ឋមន្រ្តីហ៊ុន សែនធ្លាប់តែចេញមុខជាសាធារណៈគ្រប់គ្រងសភាពការណ៍ក្នុងប្រទេស ប៉ុន្តែបន្ទាប់ពីការបោះឆ្នោតជាតិលើកនេះគេឃើញលោកហាក់មានតំណមដោយមិនបញ្ចេញប្រតិកម្មក្ឌុងក្ឌាំងខ្លាំងអ្វីទាំងអស់។
ប៉ុន្តែលោកបានចេញមកបង្ហាញមុខកាលពីថ្ងៃសុក្រសប្តាហ៍មុនដោយបញ្ចេញសារយ៉ាងច្បាស់ថាលោកនឹងមិនចុះចេញពីតំណែង ហើយរៀបចំឱ្យមានការបោះឆ្នោតជាតិឡើងវិញទេដោយសារតែច្បាប់មិនអនុញ្ញាត។ អមជាមួយនឹងសម្តីមុតៗនោះលោកក៏ ផ្តាំទៅគណបក្សប្រឆាំងឱ្យប្រយ័ត្នចំពោះ«បាតដៃទីបី»ប្រសិនបើបាតុកម្មនេះនៅ បន្តនិងធ្វើជ្រុលហួសពីព្រំដែនច្បាប់។
អ្នកវិភាគឯករាជ្យដូចជាលោក ភីតធឺ តាន់កែវ ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកមិនបានសម្តែងការភ្ញាក់ផ្អើលចំពោះចរិកនៃការគំរាមកំហែងនោះទេប៉ុន្តែអ្វីដែលលោកភ្ញាក់ផ្អើលគឺថាហេតុអ្វីបានជាលោកហ៊ុន សែនរង់ចាំយូររាប់ខែមុននឹងទម្លាយចេញនូវការគំរាមកំហែងនេះ។
លោកបានប្រាប់វីអូអេខេមរភាសាតាមរយៈសារអេឡិកត្រូនិកកាលពីថ្ងៃច័ន្ទថា៖ «ការកំណត់ពេលចេញមកនិយាយនិងការប្រើប្រាស់ពាក្យ«បាតដៃទីបី»នេះហាក់ដូចជាបង្ហាញថាលោកហ៊ុន សែនប្រហែលជាចាប់ផ្តើមព្រួយបារម្ភពីស្ថានភាពនយោបាយកាន់តែអាក្រក់ទៅៗ ដែលអាចឈានទៅអស្ថិរភាពនិងអំពើហិង្សាពេញទំហឹងដែលជាអ្វីមួយគណបក្សសង្គ្រោះជាតិអាចប្រើប្រាស់ជាប្រយោជន៍របស់ខ្លួនបាន»។
មិនមានការបកស្រាយណាឱ្យបានច្បាស់លាស់ទេថាអ្វីទៅជា«បាតដៃទីបី» ប៉ុន្តែបើតាមអ្នកតាមដាននយោបាយនៅប្រទេសថៃគឺពាក្យពេចន៍នេះសំដៅលើជនទីបីដែលចូលមកបង្កអុកឡុកក្នុងជួរបាតុករហើយបំបែកបំបាក់ក្រុមបាតុករដែលផ្តល់ជាហេតុផលសម្រាប់រដ្ឋាភិបាលបង្រ្កាបយ៉ាងស្របច្បាប់។
រីឯលោក បណ្ឌិតចន សូសៀរី សាស្រ្តាចារ្យផ្នែកគោលនយោបាយសាធារណៈនៃសាកលវិទ្យាល័យមីឈីហ្កេនបានបញ្ជាក់តាមសារអេឡិកត្រូនិកដែរថា៖
«អត្ថាធិប្បាយនាពេលថ្មីៗនេះរបស់លោកហ៊ុន សែនទៅលើបាតុកម្មតវ៉ានេះបង្ហាញថាមិនមានការផ្លាស់ប្តូរអ្វីទាំងអស់ក្នុងការស្វែងរកដំណោះស្រាយនៅក្រោយពីការបោះឆ្នោត។ វាជាការបង្ហាញថាលោកហ៊ុន សែនជាអ្នកនៅត្រួតត្រាបញ្ជាហើយមិនមានផែនការណាដើម្បីធ្វើសម្បទានធំដុំអ្វីទេ»។
លោក សាស្រា្តចារ្យចន សូសៀរី បានបន្ថែមទៀតថា៖ «អត្ថាធិប្បាយរបស់លោកហ៊ុន សែនជាការគំរាមកំហែងយ៉ាងច្បាស់លាស់ក្នុងការប្រើប្រាស់កម្លាំងប្រឆាំងនឹងបាតុករ ហើយគេត្រូវយកចិត្តទុកដាក់នឹងអត្ថាធិប្បាយនេះឱ្យបានដិតដល់»។
តាំងពីថ្ងៃទី១៥ខែធ្នូមកគណបក្សសង្គ្រោះជាតិដែលដឹកនាំដោយលោកសម រង្ស៊ីនិងលោកកឹមសុខា បានធ្វើបាតុកម្មជារៀងរាល់ថ្ងៃទាមទារឱ្យមានការបោះឆ្នោតឡើងវិញបន្ទាប់ពីការទាមទារកន្លងមកឱ្យមានការស៊ើបអង្កេតលើភាពមិនប្រក្រតីក្នុងការបោះឆ្នោតមិនត្រូវបានគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនទទួលយកហើយការជួបចរចាជាច្រើនលើកនិងបាតុកម្មជាបន្តបន្ទាប់មិនទទួលបានលទ្ធផលអ្វី។
លទ្ធផលឆ្នោតផ្លូវការបង្ហាញថាគណបក្សប្រជាជនកម្ពុជាឈ្នះបានអាសនៈចំនួន៦៨ហើយគណបក្សប្រឆាំងឈ្នះបាន៥៥អាសនៈ។ ប៉ុន្តែគណបក្សប្រឆាំងប្រកាសថាគឺខ្លួនឈ្នះបាន៦៣អាសនៈហើយអាចដឹកនាំប្រទេសតែម្នាក់ឯងបាននិងគណបក្សកាន់អំណាចឈ្នះបានតែ៦០អាសនៈទេ។
បាតុកម្មកន្លងមកដែលទាក់ទងនឹងការបោះឆ្នោតមានអំពើហិង្សាតិចតួចតែប៉ុណ្ណោះដែលខុសពីការព្រួយបារម្ភរបស់មជ្ឈដ្ឋានអ្នកតាមដានក្នុងនិងក្រៅប្រទេសថាអាចនឹងមានហិង្សាធំដុំកើតមានឡើង។
លោកភីធឺតាន់ កែវ អ្នកវិភាគឯករាជ្យផ្តល់ការពន្យល់ថា៖ «ការខុសប្លែកនៅលើកនេះប្រហែលជាដោយសារតែសហគមន៍អន្តរជាតិបានអនុម័តយកនូវវិធានការមួយគឺមិនអនុគ្រោះដល់រដ្ឋាភិបាលណាដែលប្រើប្រាស់កម្លាំងនិងអំពើហិង្សាដើម្បីបង្រ្កាបក្រុមប្រឆាំងទេ ដែលនេះអាចជាហេតុផលមួយដែលយើងមិនបានឃើញលោកហ៊ុន សែនបញ្ចេញប្រតិកម្មហិង្សាទៅលើបាតុករនៅឡើយ។ សមាជិកគណបក្សប្រឆាំងផ្សេងៗទៀតក៏បានត្រៀមខ្លួនប្រើប្រាស់យន្តការតុលាការឧក្រិដ្ឋកម្មអន្តរជាតិឱ្យចូលមកអន្តរាគមន៍ប្រើសិនបើគណបក្សកាន់អំណាចហ៊ានប្រើប្រាស់អំពើហិង្សាមកដោះស្រាយស្ថានភាព នយោបាយនាពេលបច្ចុប្បន្ន។ គណបក្សប្រឆាំងដឹងពីចំណុចនេះអញ្ចឹងហើយបានជាពួកគេមិនខ្លាចនឹងចេញមកតវ៉ានៅតាមផ្លូវក្នុងកម្រិតខ្លាំងក្លាដូចនេះទេ»។
នៅមិនឆ្ងាយពីប្រទេសកម្ពុជាគឺប្រទេសថៃដែលកំពុងជួបវិបត្តិនយោបាយយ៉ាងវឹកវរដែរប៉ុន្តែ រដ្ឋាភិបាលរបស់លោកស្រីនាយករដ្ឋមន្ត្រី យីងឡាក់ ស៊ីណាវ៉ាត់បានរំលាយសភាចោលហើយប្រកាសរៀបចំការបោះឆ្នោតឡើងវិញនៅដើមខែកុម្ភៈខាងមុខដើម្បី ដោះស្រាយវិបត្តិនយោបាយដែលកំពុងគំរាមកំហែងដល់អនាគតនយោបាយត្រកូលស៊ីណាវ៉ាត់។ ហើយនេះគឺជាអ្វីដែលអ្នកគាំទ្រគណបក្សសង្គ្រោះជាតិនិងថ្នាក់ដឹកនាំសាទរនិងជំរុញឱ្យលោកនាយករដ្ឋមន្ត្រីហ៊ុន សែនត្រូវហ៊ានសម្រេចចិត្តធ្វើដូច្នេះដែរដើម្បីជាច្រកចេញផុតពី វិបត្តិនាពេលបច្ចុប្បន្នដែលកំពុងរួតរឹតប្រទេសកម្ពុជា។
ប៉ុន្តែការទាញយកការប្រៀបប្រដូចរវាងប្រទេសទាំងពីរត្រូវបានលោកសាស្រ្តាចារ្យចន សូសៀរី មើលឃើញថាសភាពការណ៍របស់ប្រទេសកម្ពុជាមានលក្ខណៈខុសពីនៅប្រទេសថៃ។
លោកបានបញ្ជាក់ថា៖ «នៅប្រទេសថៃ ក្រុមបាតុករអាវលឿង ដែលខិតខំព្យាយាមទម្លាក់លោកស្រីយីងឡាក់ ស៊ីណាវ៉ាត់ មានមិត្តភ័ក្រដែលមានអំណាចខ្លាំងៗនៅក្នុងជួររដ្ឋាភិបាលនិងកងកម្លាំងសន្តិសុខច្រើនជាងគណបក្សសង្គ្រោះជាតិមាននៅក្នុងប្រទេសកម្ពុជា»។
លោកសូសៀរីបានបន្ថែមទៀតថា៖ «លោកហ៊ុន សែន គ្រប់គ្រងអំណាចរដ្ឋគ្រប់កម្រិតទាំងអស់ ដែលជាការស្ទើរតែមិនអាចទៅរួចទេសម្រាប់លោកចុះចេញពីតំណែង រំលាយសភាចោល ឬ ក៏ឱនក្បាលគោរពតាមការទាមទាររបស់ក្រុមបាតុករនោះ»។
ប្រសិនបើជា «បាតដៃទីបី»ត្រូវបានបញ្ចេញមកប្រើមែន ស្ថានភាពក្នុងប្រទេសកម្ពុជាអាចជៀសមិនរួចពីការឈានទៅអំពើហិង្សាទេ។
រហូតមកដល់ពេលនេះគេនៅមិនទាន់ដឹងថាតើអំពើហិង្សានឹងផ្តល់ផលប្រយោជន៍ទៅឱ្យរដ្ឋាភិបាលឬបាតុករនៅឡើយទេហើយភាគីទាំងពីរកំពុងតែធ្វើការលេងល្បែងដែលចេញមកពីការតានតឹងដែលកើនកំដៅជាលំដាប់នេះ។ នេះបើតាមការបញ្ជាក់របស់លោកសាស្រ្តាចារ្យ ចន សូសៀរី។ លោកបានព្រមានថាការបង្រ្កាបដោយកងកម្លាំងមានសមត្ថកិច្ចនឹងធ្វើឱ្យពលរដ្ឋកម្ពុជាកាន់តែងាកមកប្រឆាំងនឹងរដ្ឋាភិបាលហើយនាំឱ្យអន្តរជាតិកាន់តែមានសមានចិត្តចំពោះគណបក្សសង្គ្រោះជាតិជាពិសេសនៅពេលដែលការប្រើប្រាស់កម្លាំងនោះមានលក្ខណៈខ្លាំងហួសហេតុហើយក្រុមបាតុករនៅបន្តរក្សាភាពអហិង្សារបស់ខ្លួន។
លោកស្រី អេឡែន ប៊ក នាយិកាកម្មវិធីនៃវិទ្យាស្ថានគោលនយោបាយសាធារណៈរបស់សហរដ្ឋអាមេរិកក៏បានបញ្ជាក់នៅ ក្នុងអត្ថបទរបស់លោកស្រីដែលមានចំណងជើងថា«ពលរដ្ឋកម្ពុជាភ្ញាក់ពីដំណេក»ដែរថា៖ «លទ្ធផលមួយដែលអាចធ្វើទៅបានគឺលោកហ៊ុន សែននឹងរង់ចាំរហូតទាល់តែសហគមន៍អន្តរជាតិទទួលស្គាល់លទ្ធផលឆ្នោតថាជាបេសកកម្មបានចប់សព្វគ្រប់ មុននឹងកម្ទេចក្រុមប្រឆាំងដែលនៅមាន»។
រហូតមកដល់ពេលនេះសហរដ្ឋអាមេរិកនិងសហគមន៍អឺរ៉ុបនៅ ពុំទាន់ទទួលស្គាល់លទ្ធផលឆ្នោតនេះនៅឡើយហើយរក្សាជំហរឱ្យមានការស៊ើបអង្កេតពីភាពមិនប្រក្រតី។
លោកសាស្រ្តាចារ្យ ចន សូសៀរី ក៏លើកឡើងដែរថាមធ្យោបាយដ៏ល្អបំផុតឆ្ពោះទៅ រកសន្តិភាពនិងការកែទម្រង់ប្រកបដោយលទ្ធិប្រជាធិបតេយ្យគឺដំណោះស្រាយតាមរយៈការចរចាដែលអាចឱ្យគណបក្សសង្គ្រោះជាតិធ្វើជាគណបក្សប្រឆាំងដ៏ខ្លាំងមួយ ប៉ុន្តែច្រកសម្រាប់ការដោះស្រាយដូចនេះស្ទើរតែបិទទ្វារទៅហើយ។
បាតុកម្មរបស់គណបក្សសង្គ្រោះជាតិបានឈានមកដល់ថ្ងៃទី១១នៅថ្ងៃពុធនេះដោយមិនបង្ហាញសញ្ញាណាដែលនឹងថមថយទៅវិញទេហើយមានគម្រោងធ្វើកាន់តែធំទៅទៀតនៅថ្ងៃអាទិត្យទី២៩ខែធ្នូនេះគឺមួយថ្ងៃក្រោយពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែនត្រឡប់មកពីដំណើរបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមវិញ៕