ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

គណបក្ស​សង្គ្រោះជាតិទាមទារ​ឲ្យដំឡើង​ប្រាក់ខែ​កម្មករ

  • គង់ សុឋានរិទ្ធ

លោកកឹម សុខា​ អនុ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ ស្វាគមន៍​អ្នកគាំទ្រ។​
គណបក្ស​សង្គ្រោះជាតិ​បានបង្វែរការ​ផ្តោត​អារម្មណ៍​ទៅ​រក​ក្រុម​កម្មករ​រោងចក្រ​នៅ​ក្នុង​ប្រទេស​ក្នុង​យុទ្ធនាការ​ធ្វើ​បាតុកម្ម​របស់​ខ្លួន​កាលពី​ថ្ងៃ​ពុធ។​ កម្មករ​រោងចក្រ​មាន​ចំនួន​សរុប​ជាង​៤០​ម៉ឺន​នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា។​

លោក​សម រង្ស៊ី ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ បាន​ប្រកាស​ថា ​គណបក្ស​របស់​លោក​ទាមទារ​ដាច់​ខាត​ឲ្យ​មាន​ការ​ដំឡើងប្រាក់ខែ​ជូន​កម្មករ​រោងចក្រ ​និង​មន្រ្តី​រាជការ​ ក្នុង​យុទ្ធនាការ​បាតុកម្ម​ដែល​មិន​មាន​ពេល​កំណត់​នេះ។​

«ត្រូវ​តែ​ដំឡើងប្រាក់ខែ​ជូន​មន្ត្រី​រាជការ​មួយ​លានរៀល​ ហើយ​ដំឡើងប្រាក់​ខែ​ឲ្យ​កម្មករ​១៦០​ដុល្លារ​ក្នុង​មួយខែ»។​

សេចក្តី​ថ្លែង​ការណ៍​នេះ​ធ្វើឡើង​នៅពេល​ដែល​គណបក្ស​ជំទាស់​បាន​ដឹកនាំ​បាតុកម្ម​ឈាន​ដល់​ថ្ងៃ​ទី​១០ក្នុង​ទី​ក្រុង​ភ្នំពេញ។​

មនុស្ស​ជាច្រើន​ពាន់​នាក់​បាន​ប្រមូល​ផ្តុំគ្នា​នៅ​ទីលាន​ប្រជា​ធិបតេយ្យ​មុន​នឹង​ចាប់​ផ្តើម​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ផ្លូវ​ជាតិ​លេខ​៦ និង​បាន​បត់​ត្រឡប់​មក​វិញ​នៅ​ម្តុំ​សង្កាត់​ព្រែក​លាប។​
អ្នកចូលរួម​ភាគច្រើន​គឺជា​កម្មករ​រោងចក្រ​កាត់ដេរ​នៅក្នុង​ក្រុងភ្នំពេញ​ និង​មកពី​បណ្តា​ខេត្ត​មួយ​ចំនួន​ ដូចជា​ខេត្ត​កណ្តាល ​និង​ខេត្ត​ស្វាយរៀង​ជាដើម។ ​កម្មករ​ទាំង​នេះ​បាន​ធ្វើ​កូដកម្ម​នៅ​ក្នុង​រោង​ចក្រ​របស់​ខ្លួន​កាលពី​ព្រឹកថ្ងៃ​ពុធ​ដើម្បី​ទាមទារ​ដំឡើងប្រាក់​ខែ​គោល​ឲ្យ​ដល់​១៦០​ដុល្លារ​អាមេរិក។​

លោក​កឹម សុខា ​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ មាន​ប្រសាសន៍នៅ​ចំពោះ​មុខ​ហ្វូង​បាតុករ​ថា ​គណបក្ស​របស់​លោក​បើក​យុទ្ធនាការ​ទារឲ្យ​ដំឡើងប្រាក់ខែ​ឲ្យ​កម្មករ។​

«យើង​ចាប់​ផ្តើម​ធ្វើយុទ្ធនាការ​បន្ថែម​មួយទៀត​ក្រៅ​ពី​យុទ្ធ​នាការ​ទាមទារ​សម្លេង​ឆ្នោតគឺ​យុទ្ធនាការ​ទាមទារ​ប្រាក់​ខែ​ជូន​កម្មករ​ឲ្យ​បាន​យ៉ាង​តិច​១៦០​ដុល្លារ»។​

រដ្ឋាភិបាល​បាន​សម្រេច​ឲ្យ​មាន​ការ​ដំឡើងប្រាក់ខែ​ជូន​កម្មករជា​បន្ត​បន្ទាប់​ឲ្យ​បាន​ដល់​ចំនួន​១៦០​ដុល្លារ​អាមេរិក​រហូត​ដល់​ឆ្នាំ​២០១៨​គឺ​ក្នុង​រយៈ​ពេល​ប្រាំ​ឆ្នាំ​ទៀត។ ​ក៏ប៉ុន្តែ​ក្រុម​សហជីពមិន​យល់ស្រប។​

លោក​ផៃ​ ស៊ីផាន​ រដ្ឋលេខា​ធិការ​និង​ជា​អ្នក​នាំពាក្យ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​ មាន​ប្រសាសន៍​ថា​ ការ​បើក​យុទ្ធនាការ​ទាមទារ​ការ​ដំឡើង​ប្រាក់​ខែ​កម្មករ​រោង​ចក្រ​របស់​គណបក្ស​ជំទាស់​គឺ​ជា​ការ​ធ្វើ​ប្រជា​ភិថុត។​

«គាត់​លើក​ឡើង​ពី​យុទ្ធ​នាការ​ទាមទារ​ដំឡើងប្រាក់​ខែ​ជូន​កម្មករ​ គ្រាន់​តែ​ជា​យុទ្ធនាការ​ធ្វើ​ប្រជាភិថុត​ដើម្បី​ប្រមូល​កម្លាំង​បង្ហាញ​សាច់ដុំ​តាម​ចិញ្ចើម​ថ្នល់​ ពី​ព្រោះ​ការ​ដំឡើងប្រាក់​ខែ​មិន​មែន​ជា​ការ​បង្គាប់​ ឬ​ដាក់​គំនៀប​ឲ្យ​អ្នកណា​ធ្វើ​ទេ។​ហើយ​មាន​ការ​ឯកភាព​គ្នា​ដំឡើងប្រាក់ខែ​ចាប់​ពី​ខែ​មករា​តទៅ»។​

យ៉ាងណាក៏ដោយ​ លោក​សម រង្ស៊ី ​និង​លោក​កឹម សុខា​បាន​ចាប់ផ្តើម​ដឹកនាំ​បាតុកម្ម​ក្រុម​កម្មករ​កាល​ពី​ថ្ងៃ​ពុធ​នៅ​ក្នុង​ខេត្ត​ស្វាយរៀង​ និងនៅ​ក្នុង​ខេត្ត​កំពង់ចាម។ ​ហើយ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​ពីរ​រូប​គ្រោង​នឹង​បន្ត​ដឹកនាំ​បាតុកម្ម​នៅ​ពេល​ព្រឹក​ នៅ​តាម​បណ្តា​ខេត្តដទៃទៀត​ចាប់ពី​ថ្ងៃ​ព្រសហ្បតិ៍​តទៅ​ ហើយនឹង​ត្រូវ​ត្រឡប់​មក​ដឹកនាំ​បាតុកម្ម​នៅ​ក្នុង​ក្រុង​ភ្នំពេញ​នៅពេល​ល្ងាច៕
XS
SM
MD
LG