ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សេចក្តី​ថ្លែងការណ៍​របស់​សហរដ្ឋ​អាមេរិក​ធ្វើ​ឱ្យ​កម្ពុជា​ខឹងសម្បារ

  • ហេង រស្មី

លោក​ឈាង វ៉ុន ​តំណាង​រាស្រ្ត​គណបក្ស​កាន់​អំណាច ឆ្លើយតប​នឹង​សរអា​ដែល​សម្តែង​ការព្រួយ​បារម្ភ​អំពីលទ្ធិ​ប្រជាធិបតេយ្យ​ធ្លាក់​ចុះ​នៅ​កម្ពុជា​ ក្រោយ​ពីការ​បណ្តេញ​សមាជិក​សភា​គណបក្សប្រឆាំង។​
អ្នក​តំណាង​រាស្រ្ត​មួយ​រូប​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​គឺ​លោក​ឈាង វ៉ុន​នៅ​ថ្ងៃ​ច័ន្ទ​នេះបាន​ចេញ​មុខ​ព្រមាន​សហរដ្ឋ​អាមេរិក​កុំឱ្យជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​កម្ពុជាដោយ​ចាត់ទុកថា​កម្ពុជា​ជា​ប្រទេស​មាន​អធិបតេយ្យភាព។​

ការ​ព្រមាន​របស់​សមាជិក​សភា​មួយ​រូប​ខាង​គណបក្ស​គ្រប់គ្រង​អំណាច​បាន​កើត​មាន​ឡើង​ក្រោយ​ពី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមរិក​បាន​សម្តែង​ការព្រួយ​បារម្ភ​ទាក់​ទង​នឹង​ការ​បណ្តេញ​សមាជិក​សភាចំនួន​២៧​រូប​មកពី​គណបក្ស​សិទ្ឋិ​មនុស្ស​និង​គណបក្ស​សម រង្ស៊ី។​

អ្នកនាំពាក្យ​ក្រសួង​ការ​បរទេស​សហហរដ្ឋអាមេរិក​គឺ​លោកស្រី Jen Psaki ​បាន​ចាត់ទុក​ការ​បណ្តេញ​ចេញ​សមាជិក​សភា​តំណាង​រាស្ត្រ​មកពីគណបក្ស​ប្រឆាំង​ថាជាទង្វើផ្ទុយ​យ៉ាង​ច្បាស់​ក្រឡែត​ទៅនឹង​ស្មារតី​នៃ​ដំណើរ​ការ​លទ្ធិ​ប្រជាធិបតេយ្យ​ដ៏​រឹងមាំ​មួយ។​

កាលពី​សប្តាហ៍​មុន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​ទាំង​អស់​របស់​គណបក្ស​គ្រប់គ្រង​អំណាច​បាន​បណ្តេញ​សមាជិក​សភា​មកពី​គណបក្ស​ប្រឆាំង​ទាំង​នោះ​ហើយ​ក្រោយមក​បាន​បញ្ឈប់​ប្រាក់​បៀវត្សរ៍​ក្នុង​ឋានៈ​ជា​សមាជិក​សភា​តំណាង​រាស្ត្រ។​

លោកស្រី​ Jen Psaki​បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លែងការណ៍​ចេញ​កាលពី​ថ្ងៃ​សៅរ៍​ថា​ការបញ្ឈប់​ប្រាក់ខែ​និង​ឋានៈ​ក្នុង​សមាជិក​សភាជាតិ​របស់​គណបក្ស​ប្រឆាំង​នឹង​ធ្វើ​ឱ្យប្រជាជន​កម្ពុជា​បាត់បង់​សំឡេង​របស់​គេ​ហើយ​ប៉ះពាល់​ដល់​ដំណើរការ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

លោកស្រី​បាន​ស្នើសុំ​ឱ្យ​ថ្នាក់​ដឹកនាំ​រដ្ឋសភា​ជាតិ​អនុញ្ញាត​ឱ្យសមាជិក​ជាប់​ឆ្នោត​ទាំង​អស់​បំពេញ​ការប្តេជ្ញា​ចិត្ត​របស់គេ​ដើម្បី​បម្រើ​ប្រជា​ពលរដ្ឋ។​

លោក ឈាង វ៉ុន​ ប្រធាន​គណៈ​កម្មាធិការ​កិច្ចការ​បរទេស​របស់​រដ្ឋសភា​បាន​ប្រាប់​ក្នុង​សន្និសីទ​កាសែត​ថា​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​គួរ​តែ​ពិចារណា​ឡើង​វិញ​ថា​តើ​បាន​ទទួល​ស្គាល់​ប្រទេស​កម្ពុជា​ជា​ប្រទេស​អធិបតេយ្យ​ដែរ​ឬ​យ៉ាងណា?​

លោក​បាន​និយាយ​ដោយ​សំឡេង​ខ្លាំងៗ​ថា​កុំឱ្យសហរដ្ឋ​អាមេរិក​មាន​គំនិត​ធ្វើ​អាណានិគម​មក​លើ​កម្ពុជា​តទៅទៀត។​
លោក​និយាយថា៖ «យើង​បាន​ស្បថ​ទាំង​អស់​គ្នា​ថា​ការពារ​អធិបតេយ្យភាព​ សហរដ្ឋ​អាមេរិក​ចង្អុល​ឱ្យកម្ពុជា​ធ្វើ​អញ្ចេះ​ ធ្វើ​អញ្ចុះ​ ទទួល​យក​អត់​បានទេ។​បើយើង​ចង្អុល​ឱ្យគាត់​ធ្វើ​វិញ​តើគាត់​ធ្វើទេ? សភា​គាត់?​ បើគាត់​មិន​ធ្វើទេ​កុំ​បង្ខំ​ឱ្យកម្ពុជា​ធ្វើ​តាម​គាត់»។

លោក​ សុន ឆ័យ​ សមាជិក​សភា​តំណាង​រាស្ត្រ​មកពី​គណបក្ស​ប្រឆាំង​បាន​និយាយ​ថា​នេះ​ជា​ទម្លាប់​របស់​រដ្ឋសភា​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ តែង​តែមិន​ចូល​ចិត្ត​ការ​រិះគន់​ផ្សេងៗ​ពី​សហរដ្ឋ​អាមេរិក​និង​ពីសហគមន៍​អន្តរជាតិ។​
លោកនិយាយថា​៖ «ខ្ញុំ​ថា​វាគួរ​តែ​ដល់​ឱកាស​មួយ​ដែល​គណបក្ស​កាន់​អំណាច​គោរព​គោល​ការណ៍​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​ហើយ​ត្រូវ​តែធ្វើ​ការងារ​ឱ្យ​ត្រឹម​ត្រូវ​តាម​ច្បាប់​ ។កុំ​បកស្រាយ​ច្បាប់​តាម​តែ​អំពើចិត្ត​ហើយ​ប្រើ​អំណាច​ដែល​គ្រប់គ្រង​ស្ថាប័នជាតិ​ផ្តាច់មុខ​យក​មក​គាប​សង្កត់​សិទ្ធិ​ជា​តំណាង​របស់​ប្រជាពលរដ្ឋ​ខ្មែរ»។​

លោក សន ម៉ាក់ឃីនថុស​ អ្នកនាំពាក្យ​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​បាន​ឆ្លើយ​តប​តាម​សារ​អេឡិក​ត្រូនិក​ឬ​អ៊ីមែល​បាន​និយាយ​យោង​ទៅលើ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​ប៉ារ៉ាក់​ អូបាម៉ា​កាល​ពី​ខែវិច្ឆិកា​ឆ្នាំ​២០១២​ថា​កង្វះខាត​នៃ​ដំណើរការ​លទ្ធិ​ប្រជាធិបតេយ្យ​និង​ការ​គោរព​សិទ្ធិ​មនុស្ស​គឺជា​ក្តីកង្វល់​យ៉ាង​ខ្លាំង​ដល់​ទំនាក់​ទំនង​រវាង​សហរដ្ឋ​អាមេរិក​និង​កម្ពុជា។​

លោកបាន​និយាយ​ថា​នេះ​គឺជា​ការ​ទទួល​ខុសត្រូវ​របស់​រដ្ឋាភិបាល​ដើម្បី​លើក​តម្កើងឱ្យបរិយាកាស​ឃោសនា​បោះ​ឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​សេរី​ សន្តិភាព​និង​គ្មាន​អំពើ​ហិង្សា។​
លោក​បាន​បញ្ជាក់​ថា​យើង​ទាំងអស់គ្នា​អំពាវនាវ​ឱ្យរដ្ឋាភិបាល​កម្ពុជា​ធានា​សុវត្ថិភាព​និង​សន្តិសុខ​គ្រប់​បេក្ខជន​ទាំង​អស់មិន​ថា​មកពី​គណបក្ស​នយោបាយ​ណា​ទេ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG