ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

រដ្ឋ​មន្ត្រី​ការពារ​ជាតិ​អាមេរិក​ស្ថិត​នៅ​ប្រទេស​សិង្ហបុរី​ដើម្បី​ចូល​រួម​ក្នុង​កិច្ចប្រជុំ​សន្តិសុខ​សាកលលោក


លោក​រដ្ឋ​មន្រ្តី​ការពារ​ជាតិ​អាមេរិក Ash Carter (រូប​ឆ្វេង) ជាមួយ​លោក John McCain សមាជិក​ព្រឹទ្ធសភា​អាមេរិក​នៅ​ក្នុង​ប្រទេស​សិង្ហបុរី កាលពី​ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៦។

រដ្ឋ​មន្ត្រី​ក្រសួង​ការពារជាតិ​អាមេរិក​កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេស​សិង្ហបុរី​ដើម្បី​ចូលរួម​ក្នុង​វេទិកា​ប្រចាំ​ឆ្នាំ​ធំជាង​គេ​បំផុត​ស្តីពី​សន្តិសុខ​របស់​តំបន់​អាស៊ី ដោយ​មាន​ការ​ចូលរួម​ពី​សំណាក់​រដ្ឋ​មន្ត្រី​ការពារ​ប្រទេស​និង​មេបញ្ជាការ​យោធា​មក​ពី​ទូទាំង​ពិភពលោក។

លោក Ash Carter ក៏​មាន​វត្តមាន​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​កិច្ចសន្ទនា Shangri-La ដែល​មាន​រយៈពេល​បី​ថ្ងៃ​នេះ​ដែរ ហើយ​លោក​នឹង​ថ្លែង​សុន្ទរកថា​នៅ​ថ្ងៃ​សៅរ៍​ស្អែក​នេះ។

កិច្ចពិភាក្សា​នៅ​ក្នុង​កិច្ចប្រជុំ​ដែល​នឹង​បញ្ចប់​នៅ​ថ្ងៃ​អាទិត្យ ទំនង​ជា​នឹង​ផ្តោត​សំខាន់​ទៅ​លើ​ការ​បន្ត​សាងសង់​កោះ​សិប្បនិម្មិត​របស់​ចិន​នៅ​សមុទ្រ​ចិន​ខាង​ត្បូង។ ​

លោក Carter បាន​ព្រមាន​កាល​ពី​សប្តាហ៍​មុន​ថា ចិន​កំពុង​តែ​ស្ថិត​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​ដោយ​សាងសង់​ជញ្ជាំង​ដ៏​អស្ចារ្យ​មួយ​ឲ្យ​ខ្លួន​ឯង​ឯកោ តាមរយៈ​ប្រតិបត្តិការ​របស់​ខ្លួន​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​នោះ។

ប្រទេស​ចិន​បាន​ទាមទារ​យក​សមុទ្រ​ចិន​ខាង​ត្បូង​ស្ទើរ​តែ​ទាំងមូល ហើយ​ចាប់​តាំង​ពី​ឆ្នាំ​មុន​មក ចិន​បាន​ចាប់​ផ្តើម​បង្កើត​ប៉ុស្តិ៍​យោធា​ជួរ​មុខ​នៅ​លើ​បណ្តា​កោះ​តូចៗ ​ដែល​ខ្លួន​បាន​ទន្រ្ទាន​យក​ពី​សមុទ្រ​នោះ។ តំបន់​នេះ​ក៏​ត្រូវ​បាន​ទាមទារ​ដោយ​ប្រទេស​ហ្វីលីពីន​និង​ប្រទេស​វៀតណាម​ផង​ដែរ។ មាន​រដ្ឋាភិបាល​ចំនួន​៦​ទាមទារ​យក​ផ្នែក​មួយ​ចំនួន​នៃ​ដែន​ទឹក​ដែល​សម្បូរ​ទៅ​ដោយ​ធនធាន​មួយ​នេះ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គ្មាន​កិច្ចប្រជុំ​ផ្លូវការ​រវាង​សហរដ្ឋ​អាមេរិក​និង​ចិន​នៅ​ក្នុង​របៀបវារៈ​នៃ​កិច្ចប្រជុំ​នោះ​ទេ។

លោក Carter បាន​មាន​ប្រសាសន៍​ថា តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​គឺ​ជា​តំបន់​ដ៏​សំខាន់​ខ្លាំង​បំផុតតែ​មួយ​គត់​សម្រាប់អាមេរិក​នា​ពេល​អនាគត៕

XS
SM
MD
LG