មន្រ្តីយោធាជាន់ខ្ពស់ម្នាក់របស់ចិន បានច្រានចោលនៅថ្ងៃអាទិត្យនេះនូវការពោលអះអាងរបស់លោករដ្ឋមន្រ្តីការពារប្រទេសសហរដ្ឋអាមេរិកដែលបានធ្វើឡើងកាលពីមួយថ្ងៃមុនថា រដ្ឋាភិបាលទីក្រុងប៉េកាំងកំពុងកសាងមហាកំពែងមួយទៀតដើម្បីផ្តាច់ខ្លួនពីពិភពលោក ប្រសិនបើខ្លួនបន្តសកម្មភាពយោធានៅក្នុងប្រជុំកោះមានជម្លោះក្នុងសមុទ្រចិនខាងត្បូង។
ឧត្តមនាវី Sun Jianguo នៃកងទ័ពរំដោះប្រជាជនចិន បាននិយាយស៊កសម្តីថា «យើងមិនបានធ្វើឲ្យខ្លួនយើងឯកោកាលពីអតីតកាល យើងមិនធ្វើឲ្យខ្លួនយើងឯកោនៅពេលឥឡូវនេះ ហើយយើងនឹងមិនធ្វើឲ្យខ្លួនយើងឯកោនៅពេលអនាគតទេ»។
លោក Sun ដែលជានាយកអគ្គសេនាធិការរងនៃកងទ័ពរំដោះប្រជាជនចិន បានដាក់ការស្តីបន្ទោសទៅលើសហរដ្ឋអាមេរិកចំពោះការតានតឹងផ្លូវនាវាចរណ៍នៅក្នុងតំបន់។លោក បានរិះគន់ថា កិច្ចប្រតិបត្តិការនៃការធ្វើនាវាចរណ៍ដោយសេរីរបស់យោធាសហរដ្ឋអាមេរិកនិងការគាំទ្ររបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនដល់ប្រទេសនានានៅក្នុងតំបន់ បានធ្វើឲ្យមានជម្លោះទឹកដីជាមួយរដ្ឋាភិបាលទីក្រុងប៉េកាំង។
លោក Sunនិយាយបន្តទៀតថា ប្រទេសនានាដែលមានគំនិតសម័យសង្គ្រាមត្រជាក់មិនត្រូវពាក់ព័ន្ធដោយផ្ទាល់នៅក្នុងជម្លោះហើយមិនត្រូវអនុញ្ញាតឲ្យចូលរួមនៅក្នុងការបំផ្លិចបំផ្លាញដើម្បីប្រយោជន៍ផ្ទាល់ខ្លួនឡើយ។ «គ្មាននរណាម្នាក់ មានសិទ្ធិចោទប្រកាន់ចិននោះទេ»។
នៅឯវេទិកាដដែលនោះនៅក្នុងប្រទេសសឹង្ហបូរីកាលពីថ្ងៃសៅរ៍ លោករដ្ឋមន្រ្តីការពារប្រទេសសហរដ្ឋអាមេរិកAsh Carter បានប្រាប់អស់លោករដ្ឋមន្រ្តីការពារប្រទេស ពួកអ្នកវិភាគនិងអ្នកស្រាវជ្រាវថា មានការព្រួយកង្វល់កាន់តែខ្លាំងឡើងអំពីសកម្មភាពរបស់ចិននៅក្នុងផ្ទៃទឹកយុទ្ធសាស្រ្តនិងទីកន្លែងផ្សេងទៀត។
លោករដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក John Kerry ដែលថ្លែងទៅកាន់ពួកអ្នកយកព័ត៌មាននៅក្នុងប្រទេសម៉ុងហ្គោលីនៅថ្ងៃអាទិត្យថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន នឹងពិចារណាការបង្កើតតំបន់ការពារដែនអាកាសលើសមុទ្រចិនខាងត្បូងជាសកម្មភាពបង្កហេតុនិងធ្វើឲ្យមានអស្ថេរភាព៕