ប្រទេសអាល្លឺម៉ង់ផ្តល់ឲ្យនិស្សិតបរទេសក៏ដូចជានិស្សិតនៅក្នុងស្រុកដែលមានលក្ខខណ្ឌសិក្សាគ្រប់លក្ខណៈ នូវការសិក្សានៅសាកលវិទ្យាល័យដោយឥតគិតថ្លៃ។
ផ្ទុយទៅវិញ ថ្លៃសិក្សានៅសាកលវិទ្យាល័យរដ្ឋ និងឯកជននៅសហរដ្ឋអាមេរិក បានកើនឡើងយ៉ាងខ្លាំងនៅក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។
បំណុលរបស់និស្សិតមហាវិទ្យាល័យអាមេរិកសរុបក្នុងម្នាក់មានជាមធ្យម៣០.០០០ដុល្លារ សម្រាប់បង់ថ្លៃរហូតដល់ពួកគេបញ្ចប់ការសិក្សា។ នេះបើយោងតាមលោក Lawrence Wittner ដែលជាប្រវត្តិវិទូអាមេរិកាំងនិងជាសកម្មជនយុត្តិធម៌សង្គម។
លោ Wittner បាននិយាយក្នុងកម្មវិធី HashtagVOA នៅសប្តាហ៍នេះថា៖ «សព្វថ្ងៃនេះ ថ្លៃបង់សាលាខ្ពស់ជាងចំណូលមធ្យមរបស់និស្សិតអាមេរិកាំងនិងក្រុមគ្រួសាររបស់ពួកគេ»។
លោក Hunter Bliss ដែលមានអាយុ២០ឆ្នាំ មកពីរដ្ឋ South Carolina ដែលស្ថិតនៅភាគខាងត្បូងនៃសហរដ្ឋអាមេរិក បានប្រាប់ HashtagVOA ថា គ្រួសាររបស់លោកបានប្រឈមមុខជាមួយនឹងជម្រើសដ៏ពិបាកមួយ។
លោកBliss បាននិយាយថា «ខ្ញុំត្រូវតែជ្រើសរើសយកជម្រើសមួយ ថាតើត្រូវចាកចេញពីប្រទេសនេះ ហើយសង្គ្រោះជីវិតរបស់ខ្ញុំចេញពីបំណុល ឬក៏ត្រូវបន្តរស់នៅសហរដ្ឋអាមេរិក ហើយចំណាយលុយ៤៥.០០០ដុល្លារ ដើម្បីទទួលបានសញ្ញាប័ត្រកម្រិតបរិញ្ញា។ រឿងនេះខ្ញុំមិនអាចធ្វើបានទេ»។
ប្រទេសអាល្លឺម៉ង់បានក្លាយជាជម្រើសសម្រាប់លោក Bliss នៅពេលដែលលោកបានដឹងថា លោកអាចសម្រេចតាមចំណង់ចំណូលចិត្តរបស់លោកក្នុងការសិក្សាផ្នែករូបវិទ្យានៅសាកលវិទ្យាល័យបច្ចេកទេសមុយនិច (TUM) ដែលលោកបានចូលរៀនថ្នាក់បរិញ្ញាបត្រកាលពីមួយឆ្នាំមុន។
ការសិក្សានៅ TUM គឺឥតគិតថ្លៃ ក៏ប៉ុន្តែ លោក Bliss និយាយថា ជារៀងរាល់ឆ្នាំលោកត្រូវបង់ថ្លៃ«ប្រចាំឆមាស» ដែលមានតម្លៃប្រមាណ២០០ដុល្លារ ដែលជាថ្លៃសម្រាប់ចំណាយលើផ្នែករដ្ឋបាលរបស់សាកលវិទ្យាល័យ និងសម្រាប់ជាវិភាគទានដល់សហជីពនិស្សិតរបស់សាកលវិទ្យាល័យ។
នៅប៉ុន្មានឆ្នាំចុងក្រោយនេះ និស្សិតអាមេរិកាំងរាប់ពាន់នាក់ បានជ្រើសយកការសម្រេចចិត្តដូចអ្វីដែលលោក Bliss បានធ្វើដែរ។ វិទ្យាស្ថានអប់រំអន្តរជាតិ ដែលជាស្ថាប័នមិនរកប្រាក់ចំណេញដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានប្រាប់ VOA តាមរយៈអ៊ីម៉ែលថា មានជនជាតិអាមេរិកាំងចំនួន៣.០៦៩នាក់ បានកំពុងសិក្សាយកសញ្ញាប័ត្រពេញលេញ នៅប្រទេសអាល្លឺម៉ង់ ក្នុងឆ្នាំសិក្សា២០១៣-២០១៤ ដែលចំនួននេះកើនឡើង៥០ភាគរយ រាប់តាំងពីប្រាំឆ្នាំមុន។ ការកើនឡើងនេះគឺដោយសារតែសេវាផ្លាស់ប្តូរវិស័យអប់រំអាល្លឺម៉ង់ (DAAD) ដែលជារចនាសម្ព័ន្ធនៃស្ថាប័នអប់រំកម្រិតឧត្តមសិក្សានៅប្រទេសអាល្លឺម៉ង់។
លោក Bliss និយាយថា ជនជាតិអាមេរិកាំងដែលគ្រប់លក្ខខណ្ឌសម្រាប់ការសិក្សាក្នុងកម្មវិធីកម្រិតឧត្តមសិក្សានៅប្រទេសអាល្លឺម៉ង់ ជាទូទៅអាចសិក្សាជាភាសាអង់គ្លេសសម្រាប់ឆ្នាំដំបូង។ ប៉ុន្តែ លោកបញ្ជាក់ថា និស្សិតទាំងនោះតម្រូវឲ្យរៀនភាសាអាល្លឺម៉ង់យ៉ាងយកចិត្តទុកដាក់ ដើម្បីឲ្យពួកគេត្រៀមបញ្ចប់ការសិក្សារបស់ពួកគេជាភាសាអាល្លឺម៉ង់។
លោក Bliss ដែលអាចនិយាយភាសាអាល្លឺម៉ង់បានខ្លះ មុនពេលប្តូរទៅសិក្សានៅប្រទេសអាល្លឺម៉ង់និយាយថា៖ «ឧបសគ្គដែលយើងមិនមានជំនាញភាសាអាល្លឺម៉ង់ គឺពិតជាបញ្ហាប្រឈមយ៉ាងធំ។ ប៉ុន្តែ យើងនៅតែមានផ្លូវជ្រើសរើស។ អ្នកអាចចំណាយលុយយ៉ាងច្រើន ដើម្បីរៀនជាភាសាអង់គ្លេសនៅសហរដ្ឋអាមេរិក ឬមួយអ្នកអាចរៀនភាសាអាល្លឺម៉ង់ នៅប្រទេសអាល្លឺម៉ង់ ដោយមិនបាច់ចំណាយអ្វីទាំងអស់»។
លោក Bliss និយាយថា លោកកំពុងគិតពិចារណាប្តូរទៅសិក្សាជំនាញរចនាម៉ូដវិញ បន្ទាប់ពីលោកបានប្រលងធ្លាក់មុខវិជ្ជារូបវិទ្យានាពេលចុងក្រោយនេះ។ ប៉ុន្តែ លោកថា លោកមិនមានការសោកស្តាយអ្វីទេក្នុងការផ្លាស់ទៅនៅប្រទេសអាល្លឺម៉ង់នេះ។
«ការរស់នៅចម្ងាយជាង៧.០០០គីឡូម៉ែត្រ ពីឪពុកម្តាយ វាពិតជាការពិបាកមួយ។ ប៉ុន្តែ ការធ្វើដំណើរទាំងមូលនេះ បានធ្វើឲ្យមានការសប្បាយរីករាយយ៉ាងខ្លាំង។ ខ្ញុំចូលចិត្តដំណើរជីវិតនេះគ្រប់ពេល»។
ក្រុមហ៊ុនផ្តល់ប្រឹក្សាយោបល់មួយអំពីការជ្រើសរើសសាកលវិទ្យាល័យអន្តរជាតិ ឈ្មោះថា ៨ម៉ោងនិងការផ្លាស់ប្តូរ ឬ Eight Hours and Change មានមូលដ្ឋាននៅទីក្រុង Chicago កំពុងតែព្យាយាមជួយនិស្សិតអាមេរិកាំងដទៃទៀតឲ្យដើរតាមវិធីរបស់លោក Bliss។
លោក Jay Malone ដែលជាស្ថាបនិកនៃក្រុមហ៊ុនប្រឹក្សាយោបល់នេះក៏បានទៅសិក្សានៅប្រទេសអាល្លឺម៉ង់ដែរ ហើយនៅពេលនេះ លោកកំពុងរស់នៅក្នុងទីក្រុង កូឡូញ (Cologne)។
លោកបានប្រាប់កម្មវិធី HashtagVOA ថា និស្សិតអាមេរិកាំង និងក្រុមគ្រួសាររបស់ពួកគេ បានសួរលោកជាញឹកញាប់អំពីការចំណាយបន្ថែមសម្រាប់ការសិក្សានៅក្នុងប្រទេសអាល្លឺម៉ង់។
លោក Malone និយាយថា៖ «ការសិក្សានៅទីនោះមិនមែនថាឥតគិតថ្លៃទាំងស្រុងនោះទេ។ ប្រសិនបើអ្នករស់នៅក្នុងទីក្រុងដែលមានការចំណាយខ្ពស់ដូចជាទីក្រុងមុយនិចជាដើមនិស្សតម្នាក់ៗគួរតែមានថវិកាចន្លោះពី៨០០ដុល្លារ ទៅ១.០០០ដុល្លារក្នុងមួយខែសម្រាប់ការចំណាយក្នុងការរស់នៅផ្សេងៗ។ នៅតាមទីក្រុងដែលមានការចំណាយមិនសូវខ្ពស់ដែលស្ថិតនៅភាគខាងកើត អ្នកអាចឃើញថា ការចំណាយអាចមានតិចជាង៦០០ដុល្លារក្នុងមួយខែ»។
លោក Malone និយាយថា អាល្លឺម៉ង់ចង់បង្កើនចំនួននិស្សិតអន្តរជាតិរបស់ខ្លួនពីចំនួន៣០០.០០០នាក់ដល់៤០០.០០០នាក់ក្នុងប៉ុន្មានឆ្នាំខាងមុខនេះ ដោយអាល្លឺម៉ង់សង្ឃឹមថា និស្សិតទាំងនោះនឹងបន្តធ្វើការនៅក្នុងប្រទេសនេះ ហើយអាចធ្វើឲ្យមានការប្រែប្រួលកម្លាំងការងារដែលកំពុងតែចាស់ជរា និងចូលរួមក្នុងក្រុមអ្នកបង់ពន្ធរបស់ខ្លួន។
នៅពេលសួរថា តើគាត់នឹងក្លាយជានិស្សិតម្នាក់ក្នុងចំណោមនិស្សិតជាច្រើនដែលបន្តស្នាក់នៅប្រទេសអាលល្លឺម៉ង់បន្ទាប់ពីបញ្ចប់ការសិក្សានោះ លោក Bliss ឆ្លើយយ៉ាងមុតមាំថា៖ ពិតណាស់ ខ្ញុំចង់នៅទីនេះ។ ប្រទេសនេះ អស្ចារ្យណាស់»៕
ប្រែសម្រួលដោយ នៀម ឆេង