ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

និស្សិត​កើន​ច្រើន​ប៉ុន្តែ​គ្មាន​ថវិកា ខណៈ​ដែល​សាកលវិទ្យាល័យ​នៅ​អាហ្វ្រិក​ខំ​ប្រឹង​ប្រែង​អភិវឌ្ឍ​ខ្លួន


Nkululeko Simelane និស្សិត​ឆ្នាំ​ទី​២​ផ្នែក​វិសកម្ម​ស៊ីវិល​ឈរ​ថត​រូប​នៅ​សាកលវិទ្យាល័យ Wits នៅ​ក្នុង​ក្រុង Johannesburg កាលបី​ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៥។
Nkululeko Simelane និស្សិត​ឆ្នាំ​ទី​២​ផ្នែក​វិសកម្ម​ស៊ីវិល​ឈរ​ថត​រូប​នៅ​សាកលវិទ្យាល័យ Wits នៅ​ក្នុង​ក្រុង Johannesburg កាលបី​ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៥។

បញ្ញាវន្ត​មក​ពី​ជុំវិញ​ទ្វីប​អាហ្វ្រិក​បាន​ជួបជុំ​គ្នា​កាល​ពី​សប្តាហ៍​មុន​នៅ​ទីក្រុង​Johannesburg ប្រទេស​អាហ្រ្វិក​ខាង​ត្បូង​ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​របស់​សាកលវិទ្យាល័យ​អាហ្រ្វិក​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ធំៗ​ទាក់ទង​នឹង​ការ​អប់រំ​ថ្នាក់​ឧត្តម​នៅ​ក្នុង​ប្រទេស​អាហ្វ្រិក​នា​ពេល​បច្ចុប្បន្ន។​ បញ្ហា​ទាំង​នោះ​មាន​ដូច​ជា​ការ​បាត់បង់​អ្នក​មាន​ជំនាញ បាត់បង់​មូលនិធិ ​របៀប​ពង្រឹង​ការ​ស្រាវជ្រាវ និង​របៀប​អភិវឌ្ឍ​ទីក្រុង។ កិច្ចប្រជុំ​បាន​ទាក់ទង​និស្សិត​ជាច្រើន។

បញ្ញាវន្ត​ដែល​ចូល​រួម​បាន​ឲ្យ​ដឹង​ថា​ ការ​ស្វែង​រក​ការ​អភិវឌ្ឍ​នៅ​ទ្វីប​អាហ្រ្វិក​មិន​អាច​ចប់​សព្វ​គ្រប់​ឡើយ​ បើ​មិន​មាន​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​រីក​ចម្រើន​ និង​ការ​ប្រឹងប្រែង​នៃ​ប្រព័ន្ធ​អប់រំ​ថ្នាក់​ឧត្តម​សិក្សា​។

ក្រុម​បញ្ញាវន្ត​ដែល​បាន​មក​ជួបជុំ​គ្នា​នៅ​ចុង​ខែ​កក្កដា​កន្លង​ទៅ​នៅ​ឯ​សាកលវិទ្យាល័យ​ Johannesburg បាន​លើក​ឡើងថា​ ចាប់​ពី​រដ្ឋធានី​ Cape Town នៃ​ប្រទេស​អាហ្រ្វិក​ខាងត្បូង​ទៅ​ដល់​រដ្ឋធានី​គែរ​ (Cairo) នៃ​ប្រទេស​អេហ្ស៊ីប​ការ​ខ្វះ​ខាត​ធនធាន​ហិរញ្ញវត្ថុ ​កង្វះ​ខាត​ហេដ្ឋារចនាសម្ព័ន្ធ ​និង​តម្រូវការ​លើស​លប់​ធ្វើ​ឱ្យ​កិច្ចការ​អប់រំ​ដល់​សិស្ស​អាហ្រ្វិក​មាន​ការ​លំបាក​ជាង​អ្វី​ដែល​រំពឹង​ទុក។

សាស្ត្រាចារ្យ​ផ្នែក​វិស្វកម្ម​ និង​ជា​ព្រឹទ្ធ​បុរស​រង​សាកលវិទ្យាល័យ​ Dar es Sallam ក្នុង​ប្រទេស​តង់សានី ​លោក​ David Mfinanga បាន​ឱ្យ​ដឹង​ថា​បញ្ហា​ចំបង​នោះ​គឺ​ជា​ចំនួន​សិស្ស​ដ៏​ច្រើន។

«ប្រទេស​ជា​ច្រើន​កំពុង​ព្យាយាម​បង្កើន​ចំនួន​និស្សិត​បញ្ចប់​ការ​សិក្សា​ថ្នាក់​ឧត្តម​សិក្សា​ព្រោះ​វា​សំខាន់​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច។ ប៉ុន្តែ​ធនធាន​នៅ​មាន​កំណត់។​ដូច្នេះ ​វា​ប៉ះពាល់​ដល់​គុណភាព​ផង​ដែរហើយ​ម្យ៉ាង​ទៀតពួក​យើង​កំពុង​ប្រឹង​ប្រែង​រក្សា​តុល្យភាព​រវាង​គុណ​ភាពនិង​ចំនួន។ នេះ​ក៏​ដោយ​សារ​តែ​មាន​តម្រូវការ​និស្សិត​បញ្ចប់​ការ​សិក្សា​ថ្នាក់​ឧត្តម​ច្រើន ប៉ុន្តែ​អ្នក​ក៏​ត្រូវ​រក្សា​គុណភាព​អប់រំ​ខណៈ​ដែល​ធនធាន​មាន​កំណត់»។

លោកស្រី Pinkie Mekgwa ជា​បុគ្គលិក​រដ្ឋបាល​នៅ​សាកលវិទ្យាល័យ​Johannesburg បាន​និយាយ​ថា​ សាលា​ជា​ច្រើន​ប្រឈម​បញ្ហា​ដទៃ​ទៀត​នោះ​គឺ​ថវិកា។

លោក​ស្រី​បាន​បន្ត​ថា​ ដូច​សាកលវិទ្យាល័យ​ជា​ច្រើន​នៅ​អាមេរិក​ដែរ សាកលវិទ្យាល័យ​នៅ​អាហ្រ្វិក​កំពុង​ខ្វះ​ថវិកា។ ប៉ុន្តែ​មិន​ដូច​ស្ថាប័នអប់រំ​អាមេរិក​ទេ​ស្ថាប័ន​នៅ​អាហ្រ្វិក​មិន​អាច​ពឹង​ផ្អែក​លើ​ការ​បង់​ថ្លៃ​សិក្សា​ដើម្បី​បំពេញ​ការ​ខ្វះ​ចន្លោះ​នេះ​ទេ។ វិបត្តិ​សេដ្ឋកិច្ច​សកល​កាល​ពី​ឆ្នាំ​២០០៩​ បាន​ធ្វើឲ្យ​រដ្ឋាភិបាល​អាហ្រ្វិក​ត្បិតត្បៀត​ការ​ចំណាយ​ ហើយ​សាកលវិទ្យាល័យ​ក៏​បាន​រងគ្រោះ​ដែរ។

«យើង​ឃើញ​ថា​ ថវិកា​មួយ​ចំនួន​ដែល​បាន​ពី​រដ្ឋាភិបាល​ត្រូវ​បាន​កាត់​បន្ថយ​ហើយ​ស្ថាប័ន​ត្រូវតែ​រក​ផ្លូវ​ផ្សេងៗ​ ដើម្បី​បំពេញ​កង្វះ​ខាត​នេះ។ ដូច្នេះ​ខ្ញុំ​អាច​និយាយ​ថា វា​ជា​បញ្ហា​ទូទៅ ប៉ុន្តែ​វា​ជា​បញ្ហា​សំខាន់​ ដែល​អ្នក​អាច​និយាយ​ថា​ វា​ជាបញ្ហា​ចម្បង​សម្រាប់​អភិវឌ្ឍការ​អប់រំ​នៅ​ថ្នាក់​ឧត្តម​សិក្សា»។

លោក ​Mfinaga និយាយ​ថា​ ការ​តស៊ូ​មតិ​ដើម្បី​ការ​អប់រំ​ថ្នាក់​ឧត្តម​សិក្សា​អាច​ជា​ឧបសគ្គ​នៅ​ទ្វីប​អាហ្វ្រិក​ដែល​ជា​រឿយៗប្រឈម​មុខ​នឹង​បញ្ហា​ធំៗ​ ដូចជា​សង្រ្គាម​គ្រោះទុរិ្ភក្ស​ ភាព​ក្រីក្រ ​និង​អស្ថិរភាព​នយោបាយ។ ប៉ុន្តែ​គាត់​បន្ត​ថា​ ស្តង់ដា​អប់រំ​ល្អ​សម្រាប់​ការ​អប់រំ​កម្រិត​សាកលវិទ្យាល័យ​អាច​ជា​ដំណោះស្រាយ​ជា​ច្រើន​ក្នុង​ការ​ឆ្លើយ​តប​បញ្ហា​ទាំង​នោះ​។

«អ្នកមិន​អាច​មាន​ការ​អភិវឌ្ឍ​បាន​ដោយ​មិន​បាន​បង្កើត​ចំណេះ​ដឹង ​និង​បាន​ផ្ទេរ​ចំណេះ​ដឹង​ឡើយ។ ប្រសិន​បើ​អ្នក​មើល​ទៅ​ប្រទេស​អភិវឌ្ឍន៍​ភាគច្រើន ​ពួកគេត្រូវបានគេ​ទទួល​ស្គាល់​ដោយសារ​មាន​សាកលវិទ្យាល័យ​ និង​និស្សិត​បាន​បញ្ចប់​ការ​សិក្សា​ប្រកប​ដោយ​គុណភាព ​ហើយ​និស្សិត​របស់​ពួកគេ​ក៏​មាន​ច្រើន​ដែរ»។

ប៉ុន្តែ ​លោក ​Ousmane ​Sene ​នាយកមជ្ឈមណ្ឌល​ស្រាវជ្រាវ​ស្ថិត​នៅ​ប្រទេស​សេណេហ្គាល់់ (Senegal) បាន​ឲ្យ​ដឹង​ថា​ រដ្ឋាភិបាល​ក៏​ត្រូវ​មើល​លទ្ធផល​ចុង​ក្រោយរបស់​និស្សិត​បញ្ចប់​ការ​សិក្សាថ្នាក់​សាកលវិទ្យាល័យ​ដែរ។ បើ​រដ្ឋាភិបាល​ទាំង​នោះមិន​បង្កើន​ឱកាស​ការងារ​ដល់​និស្សិត​ រដ្ឋាភិបាល​អាច​បន្ថែម​បញ្ហា​មួយ​ទៀត។

«តើ​អ្នក​នឹង​ធ្វើ​អ្វី​ ប្រសិន​បើ​ពួកគេ​ទើប​តែ​ចេញ​ពី​សាកលវិទ្យាល័យ ​ហើយ​ពួក​គេ​មិន​មាន​ការងារ​នោះ? វា​ជា​ការ​គំរាម​កំហែង​មួយ​យ៉ា​ងច្បាស់។ នេះ​ជា​ស្ថានភាព​ដែល​ជំពាក់​ជំពិន​នឹង​បញ្ហា​ពិត​ប្រាកដ​មួយ​នៅ​ក្នុ​ង​ប្រទេស​អាហ្រ្វិក​ដែលមាន​និស្សិត​រាប់​ពាន់​នាក់​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​មហាវិទ្យាល័យ​ ថ្នាក់​ក្រោយ​ឧត្តម​សិក្សា ហើយ​មាន​សមត្ថភាព ឬ​មាន​សញ្ញាប័ត្រ​ច្រើន​រំពឹង​ថា ​បាន​ទទួល​នូវ​អ្វី​ដែល​ពួក​គេ​ចង់​បាន​ពី​សង្គម​ ហើយ​និង​ការ​ចំណាយ​ពេល​វេលា​ជាច្រើន​ឆ្នាំ​ដោយ​មិន​បាន​ទទួល​ការងារ​សមរម្យ​មួយ​សោះ។ នេះ​វា​ជា​បញ្ហា​ដ៏​ជាកលាក់​មួយ»។

បញ្ហា​នេះ​មិន​អាច​ដោះស្រាយ​ដោយ​ជោគជ័យ​ក្នុង​ពេល​មួយ​ភ្លែត​បាន​ទេ។ ប៉ុន្តែ​បណ្តា​បញ្ញាវន្ត​អាហ្រ្វិក​និយាយ​ថា ​បញ្ហា​នេះ​ត្រូវ​ដោះស្រាយ​ឲ្យ​បាន​មុន​បញ្ហា​ដទៃ​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក។ ពេល​ខ្លះ ការ​ដោះ​ស្រាយ​បញ្ហា​នេះ​ប្រហែល​អាច​ជួយដោះ​ស្រាយ​បញ្ហា​ដទៃ​ទៀត​ផង​ដែរ៕

ប្រែ​សម្រួល​ដោយ ស៊ូ ពិសែន

វីដេអូថ្មីៗបំផុត

XS
SM
MD
LG