របាយការណ៍ថ្មីមួយដែលចេញដោយអង្គការពលកម្មអន្តរជាតិ (ILO) បានព្រមានថាមនុស្សច្រើនជាង២១២លាននាក់នៅលើពិភពលោកនឹងមិនមានការងារធ្វើនៅត្រឹមឆ្នាំ២០១៩។ នេះ គឺរាប់ចាប់ពីអ្នកគ្មានការងារធ្វើនាពេលបច្ចុប្បន្នចំនួន២០១លាននាក់។ អង្គការពលកម្មពិភពលោកបានចេញរបាយការណ៍មួយដែលមានចំណងជើងថា «ការផ្តល់ការងារលើពិភពលោក និងនិន្នាការសង្គមឆ្នាំ២០១៥» នៅក្នុងទីក្រុងហ្សឺណែវ។
អង្គការពលកម្មអន្តរជាតិបានរាយការណ៍ថាការងារចំនួនច្រើនជាង៦១លានត្រូវបានបាត់បង់ចាប់តាំងពីមានវិបត្តិសេដ្ឋកិច្ចពិភពលោកនៅក្នុងឆ្នាំ២០០៨ ហើយដោយសារតែការងើបឡើងវិញនៃសេដ្ឋកិច្ចមានលក្ខណៈយឺតយ៉ាវ អត្រានិកម្មភាពនឹងបន្តកើនឡើងរហូតដល់ចុងទស្សវត្សរ៍នេះ។
អង្គការពលកម្មអន្តរជាតិ បានព្រមានថា និកម្មភាពបូកផ្សំជាមួយអសមភាពដែលមានកាន់តែធំ អាចបណ្តាលឲ្យមានភាពវឹកវរក្នុងប្រទេសជាច្រើន។ អង្គការនេះនិយាយថាចំណុចចាប់ផ្តើមនៃភាពចលាចលសង្គមដែលអាចកើតឡើងចេញពីក្រុមមនុស្សវ័យក្មេងដែលមានអាយុចន្លោះពី១៥ទៅ២៤ឆ្នាំ ដែលពួកគេមានទំនោរមិនអាចរកការងារធ្វើបានមានច្រើនជាងមនុស្សពេញវ័យដល់ទៅ៣ដងឯណោះ។
នៅក្នុងឆ្នាំ២០១៤ និកម្មភាពក្នុងចំណោមយុវជនមានចំនួនស្ទើរតែ១៣ភាគរយ។ Raymond Torres ប្រធានផ្នែកស្រាវជ្រាវអង្គការពលកម្មអន្តរជាតិ និយាយថាមានទំនាក់ទំនងដែលមិនអាចបដិសេធបានរវាងភាពចលាចលសង្គមនិងទីផ្សារការងារ។
«យើងបានធ្វើការវិភាគដែលមានលក្ខណៈស្រដៀងទៅនឹងការវិភាគរបស់អង្គការផ្សេងៗទៀត ដូចជាអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។ ការវិភាគនេះ បង្ហាញថាមានការជាប់ពាក់ព័ន្ធគ្នារវាងអសមភាពនិងលទ្ធភាពក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ។ នៅក្នុងប្រទេសដែលមានអសមភាពខ្ពស់ វារឹតតែមានការពិបាកក្នុងការស្តារសេដ្ឋកិច្ចជាងក្នុងប្រទេសដែលមានអសមភាពទាប»។
របាយការណ៍មួយនេះបង្ហាញពីកំណើនការងារនៅក្នុងសហរដ្ឋអាមេរិកនិងប្រទេសជប៉ុន ប៉ុន្តែបានបង្ហាញថានិកម្មភាពនៅតែមានខ្ពស់នៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនមួយចំនួន ជាពិសេសនៅក្នុងទ្វីបអឺរ៉ុប។
របាយការណ៍ក៏បានកត់សម្គាល់នូវការងារចំនួន៣ភាគ៤ ដែលងាយរងការប៉ះពាល់នៅលើពិភពលោកផងដែរ។ ការងារទាំងនោះមានដូចជាការធ្វើការឲ្យខ្លួនឯង និងការងារនៅតាមគ្រួសារដែលមិនបានប្រាក់បៀវត្សន៍នៅអាស៊ីខាងត្បូង និងតំបន់ Sub-Saharan នៅអាហ្រ្វិក។ អង្គការពលកម្មអន្តរជាតិបាននិយាយថាតំបន់ Sub-Saharan មានអត្រាការងារដែលងាយរងការប៉ះពាល់និងភាពក្រីក្រច្រើនជាងគេនៅក្នុងតំបន់ទាំងអស់។
អង្គការនេះ និយាយថាមេរោគអ៊ីបូឡានៅក្នុងអាហ្វ្រិកខាងលិចបានប៉ះពាល់យ៉ាងខ្លាំងមកលើប្រទេសហ្គីណេ លីបេរីយ៉ា និងសៀរ៉ាឡេអូន។
អគ្គនាយកអង្គការពលកម្មអន្តរជាតិ លោក Guy Ryder និយាយថាក្នុងចំណោមកម្មករ៣១៩លាននាក់ គេរកឃើញថាកម្មករម្នាក់ក្នុងចំណោម១០នាក់ស្ថិតនៅក្នុងភាពក្រីក្រធ្ងន់ធ្ងរដោយរកប្រាក់បានតិចជាង១.២៥ដុល្លារក្នុងមួយថ្ងៃ។
«ទោះបីជាតួលេខទាំងនោះបានធា្លក់ចុះនាពេលថ្មីៗនេះក៏ដោយ ក៏អត្រានៃការធ្លាក់ចុះនេះមានភាពយឺតយ៉ាវនៅក្នុងអំឡុងពេលមានវិបតិ្ត។ ទោះបីជាយ៉ាងណាក៏ដោយ គួរតែកត់សម្គាល់ផងថាប្រជាជនថា្នក់កណ្តាលនៅបន្តរីកចម្រើន ហើយយើងបានឲ្យនិយមន័យប្រជាជនថា្នក់កណ្តាលលើពិភពលោក ជាក្រុមមនុស្សដែលមានកម្រិតចាយវាយនៅចន្លោះពី៤ទៅ១៣ដុលា្លរក្នុងមួយនាក់ក្នុងមួយថ្ងៃ។ ប្រជាជនថ្នាក់នេះរួមចំណែកការងារ៣៤ភាគរយនៃការងារទាំងអស់នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍»។
របាយការណ៍ក៏បាននិយាយផងដែរថា ទស្សនវិស័យការងារនាពេលអនាគតបានថមថយនៅក្នុងតំបន់អារ៉ាប់ និងផ្នែកផ្សេងៗទៀតក្នុងតំបន់អាមេរិកឡាទីន (Latin America) និងនៅតំបន់ការ៉ាអ៊ីព (Caribbean)។ របាយការណ៍នេះបានរៀបរាប់ទៀតថា ទស្សនវិស័យការងារអាចមានភាពប្រសើរឡើងនៅក្នុងប្រទេសសេដ្ឋកិច្ចជឿនលឿន និងប្រទេសមួយចំនួនក្នុងទ្វីបអាស៊ី ប្រសិនបើការធ្លាក់ចុះនៃតម្លៃប្រេងនិងឧស្ម័ននៅតែបន្ត។
ប៉ុន្តែរបាយការណ៍ក៏បានកត់សម្គាល់ថា ទីផ្សារការងារនឹងទទួលរងការប៉ះពាល់នៅក្នុងប្រទេសផលិតប្រេងនិងសាំង ជាពិសេសនៅក្នុងតំបន់អាមេរិកឡាទីន អាហ្រ្វិក និងអារ៉ាប់៕
ប្រែសម្រួលដោយ ប៊ុន ប៉េងហ៊ុយ