ក្រុមមន្ត្រីអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនិងទទួលបន្ទុកផ្នែកជនភៀសខ្លួនបានចាប់ផ្តើមស្វែងរកជនជាតិដើមភាគតិចតំបន់ភ្នំម៉ុងតាញ៉ាចំនួន១៣នាក់ដែលកំពុងលាក់ខ្លួននៅក្នុងព្រៃនៃខេត្តរតនគីរីជាថ្មីម្តងទៀតនៅថ្ងៃសុក្រនេះ។
បេសកកម្មនេះធ្វើឡើងមួយសប្តាហ៍គត់បន្ទាប់ពីក្រសួងមហាផ្ទៃផ្តល់ភ្លើងខៀវក៏ប៉ុន្តែអាជ្ញាធរខេត្តនៅតែមិនព្រមសហការភ្លាមៗ។
លោកស្រីវីវៀន តាន់( Vivian Tan) អ្នកនាំពាក្យឧត្តមស្នងការអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួន(UNHCR)ប្រចាំតំបន់មានប្រសាសន៍តាមសារអេឡិកត្រូនិក(អ៊ីម៉ែល)នៅថ្ងៃនេះថា៖«បុគ្គលិករបស់ក្រសួងមហាផ្ទៃ របស់ការិយាល័យឧត្តមស្នងការសហប្រជាជាតិសម្រាប់សិទ្ធិមនុស្សនិងឧត្តមស្នងការអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនកំពុងតែស្ថិតនៅខេត្តរតនគីរីដើម្បីជួបជាមួយជនភៀសខ្លួនម៉ុងតាញ៉ា»ប៉ុន្តែលោកស្រីមិនទាន់ទទួលបានដំណឹងចុងក្រោយទាក់ទងនឹងកិច្ចប្រជុំរវាងមន្ត្រីអង្គការសហប្រជាជាតិនិងអាជ្ញាធរមូលដ្ឋាននោះទេ។
យោងតាមលោកឆាយ ធី អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តរតនគីរីបានឲ្យដឹងថាក្រុមចម្រុះបានចុះជួបលោក លី វិន អភិបាលរងខេត្តភាគឥសាន្តនេះកាលពីព្រឹកមិញនេះ ប៉ុន្តែលោកលី វិន មិនព្រមសហការភ្លាមៗនោះទេដោយសំអាងថាមិនមានបញ្ជាដោយផ្ទាល់ពីក្រសួងមហាផ្ទៃ។
ប៉ុន្តែលោកឆាយ ធី បញ្ជាក់ថាលោកបានទទួលដំណឹងពីមន្ត្រីអង្គការសហប្រជាជាតិថាក្រសួងមហាផ្ទៃបានបញ្ជាតាមទូរស័ព្ទឲ្យអាជ្ញាធរខេត្តសហការជាមួយក្រុមចំរុះហើយ។ប៉ុន្តែលោកអភិបាលរងខេត្តនៅតែអះអាងថាមិនទាន់បានទទួលដំណឹងអ្វីនោះទេ។
«គាត់បានបញ្ជាក់ថាខាងមន្ត្រីក្រសួងមហាផ្ទៃបានអន្តរាគមទៅក្រសួងហើយ។ហើយក្រសួងមហាផ្ទៃបានទូរស័ព្ទមកអភិបាលរងខេត្តឲ្យសហការ។ក្រុមមន្ត្រីក្រុមចំរុះទូរស័ព្ទទៅអភិបាលរងខេត្តដដែល លោកលី វិន តែលោកថានៅតែមិនទាន់ទទួលដំណឹងបានទេ។ដូច្នេះគេព្យាយាមទូរស័ព្ទទៅភ្នំពេញម្តងទៀតដើម្បីឲ្យក្រសួងមហាផ្ទៃអន្តរាគមមកគាត់។តែយើងនៅតែរង់ចាំដដែល»។
លោកអភិបាលរងខេត្តរតនគីរីលី វិន បានធានាអះអាងថាអាជ្ញាធរបានត្រៀមសហការជាមួយអង្គការសហប្រជាជាតិហើយក៏ប៉ុន្តែលោករង់ចាំស្តាប់បញ្ជាផ្ទាល់ពីក្រសួងមហាផ្ទៃតាមទូរស័ព្ទ។
«ការជួបគ្នានេះយើងសហការហើយប៉ុន្តែខ្ញុំជាអភិបាលរង ខ្ញុំគ្រាន់តែថាឲ្យឯកឧត្តម(ក្រសួងមហាផ្ទៃ)ទូរស័ព្ទជួបខ្ញុំបន្តិចទៅដើម្បីបង្កលក្ខណៈងាយស្រួលជូនគាត់។គាត់ក៏យល់ព្រមដែរ។ខាងណាក៏ដោយឱ្យតែក្រសួងមហាផ្ទៃ ហើយជំរាបមកឯកឧត្តមអភិបាលមក ខាងខ្ញុំធ្វើតាមឋានានុក្រម»។
លោកឧត្តមសេនីយ៍សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍របស់ក្រសួងមហាផ្ទៃមិនអាចទាក់ទងបានទេនៅថ្ងៃនេះ។
នេះជាលើកទី២ហើយដែលក្រុមមន្ត្រីអង្គការសហប្រជាជាតិបានចុះទៅកាន់ខេត្តរតនគីរីដើម្បីស្វែងរកជួយជនជាតិភាគតិចតំបន់ភ្នំម៉ុងតាញ៉ាវៀតណាមដែលកំពុងលាក់ខ្លួនក្នុងព្រៃខេត្តរតនគីរីប៉ុន្តែមិនទទួលបានកិច្ចសហការពីមន្ត្រីដែនដីនោះទេ។
ជនជាតិដើមភាគតិចទាំង១៣នាក់នេះត្រូវគេរាយការណ៍ថាបានគេចខ្លួនពីការធ្វើទុក្ខបុកម្នេញរបស់អាជ្ញាធរវៀតណាមផ្នែកសេរីភាពសាសនា សេរីភាពក្នុងការប្រើប្រាស់អ៊ីនធឺណិតនិងសិទ្ធិដីធ្លីហើយពួកគេបានភៀសខ្លួនចូលក្នុងព្រៃនៃខេត្តរតនគីរីចាប់តាំងពីចុងខែតុលាមកម្ល៉េះដើម្បីស្វែងរកសិទ្ធិជ្រកកោណនៅប្រទេសទី៣។
ក្នុងចំណោមជនភៀសខ្លួនទាំងនោះមានស្ត្រីម្នាក់ផងដែលទើបនឹងចេញពីពន្ធនាគាររបស់រដ្ឋការក្រុងហាណូយ។
លោកស្រីវីវៀន តាន់ បញ្ជាក់ឡើងវិញថាប្រសិនបើក្រុមចំរុះនេះ«រកឃើញថាជនជាតិដើមភាគតិចតំបន់ភ្នំវៀតណាមនេះមានបំណងស្វែងរកសិទ្ធិជ្រកកោណនោះ ពួកគេនឹងត្រូវដឹកជញ្ជូនមកកាន់រាជធានីភ្នំពេញដើម្បីឲ្យអាជ្ញាដំណើរការនីតិវិធីហើយឧត្តមស្នងការអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួននឹងជួយប្រសិនបើមានការចាំបាច់»៕