គេរំពឹងថា លោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi នឹងថ្លែងសុន្ទរកថាទៅកាន់ពលរដ្ឋអាមេរិកាំងដើមកំណើតឥណ្ឌានៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន និងនៅតំបន់ជុំវិញនោះ នៅថ្ងៃអាទិត្យនេះម៉ោងក្នុងសហរដ្ឋអាមេរិក នៅក្នុងដំណើរទស្សនកិច្ចលើកដំបូងបង្អស់របស់លោកទៅកាន់សហរដ្ឋអាមេរិក ក្រោមរដ្ឋបាលរបស់លោក ត្រាំ។
ព្រឹត្តិការណ៍នេះគ្រោងនឹងធ្វើឡើងនៅរសៀលថ្ងៃអាទិត្យនៅសណ្ឋាគារលំដាប់ខ្ពស់ Tysons Corner Ritz-Carlton នៅប៉ែកខាងជើងរដ្ឋ Virginia។ មិនដូចពិធីដ៏ល្បីសម្រាប់ទទួលលោក Modi កាលពីឆ្នាំ២០១៤ នៅឯ Madison Square Garden ក្នុងទីក្រុងញូវយ៉កដែលមានការចូលរួមពីមនុស្សរាប់ម៉ឺននាក់ទេ ពិធីនៅថ្ងៃអាទិត្យនេះ គឺសម្រាប់តែភ្ញៀវដែលត្រូវបានអញ្ជើញឲ្យចូលរួមតែប៉ុណ្ណោះ។
ជនជាតិឥណ្ឌានិងពលរដ្ឋអាមេរិកាំងដើមកំណើតឥណ្ឌារាប់សិបនាក់បានរង់ចាំនៅឯមូលដ្ឋានទ័ព Joint Base Andrews ដើម្បីស្វាគមន៍លោកនាយករដ្ឋមន្ត្រី Modi ខណៈដែលលោកបានចុះពីយន្តហោះនៅយប់ថ្ងៃសៅរ៍ ក្បែររដ្ឋធានីរបស់អាមេរិក។
លោក Modi នឹងជួបជាមួយនឹងលោកប្រធានាធិបតី ត្រាំ នៅឯសេតវិមាននៅថ្ងៃច័ន្ទ ដើម្បីពិភាក្សាដោយផ្ទាល់រវាងមេដឹកនាំទាំងពីរ។ នៅមុនពេលកិច្ចប្រជុំនេះ លោក ត្រាំ បានបង្ហោះសារមួយលើបណ្តាញសង្គម Twiter កាលពីថ្ងៃសៅរ៍ថា លោកទន្ទឹងរង់ចាំការពិភាក្សាទៅលើបញ្ហាយុទ្ធសាស្ត្រនានាជាមួយនឹង«មិត្តពិតប្រាកដម្នាក់»។
រដ្ឋាភិបាលទាំង២កំពុងធ្វើការជាមួយគ្នាលើសេចក្តីថ្លែងការណ៍រួមមួយអំពីការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម ហើយមន្ត្រីជាន់ខ្ពស់ម្នាក់នៃសេតវិមាននិយាយថា «យើងអាចរំពឹងរង់ចាំមើលគំនិតផ្តួចផ្តើមថ្មីៗមួយចំនួន ទៅលើកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម»៕