មេដឹកនាំឥណ្ឌាលោក Narendra Modi បានធ្វើដំណើរមកដល់សហរដ្ឋអាមេរិក ដើម្បីជួបពិភាក្សាជាលើកដំបូងបង្អស់ជាមួយនឹងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump នៅថ្ងៃចន្ទស្អែក ក្នុងគោលបំណងដើម្បីកសាងទំនាក់ទំនងដែលកំពុងតែមានការរីកចម្រើនទៅមុខ និងដោះស្រាយបញ្ហាមិនស៊ីសង្វាក់គ្នាទាក់ទិននឹងការបញ្ហាប្រែប្រួលអាកាសធាតុ។
ទំនាក់ទំនងរវាងប្រទេសលទ្ធិប្រជាធិបតេយ្យធំជាងគេពីរនៅលើពិភពលោកនេះ មានភាពប្រសើរឡើងនៅក្រោមរដ្ឋបាលរបស់លោកអតីតប្រធានាធិបតី Barack Obama ស្របពេលដែលប្រទេសឥណ្ឌាស្វែងរកការវិនិយោគបរទេស និងទំនាក់ទំនងពាណិជ្ជកម្មប្រសើរជាងមុនជាមួយនឹងបស្ចិមប្រទេស។
កន្លងមក លោកនាយករដ្ឋមន្ត្រីឥណ្ឌាបានសន្យាថា នឹងធ្វើការឲ្យបានជិតស្និទ្ធជាមួយនឹងរដ្ឋបាលរបស់លោក Trump ប៉ុន្តែឧបសគ្គនានានឹងកើតឡើងជាក់ជាមិនខាន ពាក់ព័ន្ធនឹងបញ្ហាមួយចំនួនដូចជាពាណិជ្ជកម្ម និងទិដ្ឋាការធ្វើដំណើរសម្រាប់ពលរដ្ឋឥណ្ឌាណាដែលចង់ធ្វើការនៅក្នុងសហរដ្ឋអាមេរិក។
ចំណែកឯលោក Trump វិញ បានចោទប្រកាន់ប្រទេសឥណ្ឌាថាបានស្វះស្វែងទាញយកផលប្រយោជន៍ពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ដីពីអាកាសធាតុ ពេលដែលលោកបានប្រកាសថា លោកនឹងដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងនេះ នៅក្នុងខែមិថុនានេះ។ ប៉ុន្តែ ការចោទប្រកាន់នេះ ត្រូវបានរដ្ឋាភិបាលឥណ្ឌាបដិសេធយ៉ាងដាច់អហង្ការ៕