ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​ជំរុញ​ពលរដ្ឋ​ឲ្យ​ចាក់​វ៉ាក់សាំង ស្រប​ពេល​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ កើនឡើង​ខ្លាំង


រូបឯកសារ៖ ស្ត្រី​ម្នាក់​ដែល​ពាក់​ឧបករណ៍​និង​ឯកសណ្ឋាន​ការពារ​ពណ៌ស មើល​សាកសព​ស្វាមី​របស់​អ្នកស្រី ដែល​បាន​ស្លាប់​ដោយសារ​ជំងឺកូវីដ១៩ នៅ​ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃ១០ ខែកញ្ញា ឆ្នាំ២០២០។

នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក Narendra Modi បាន​ថ្លែង​នៅ​ក្នុង​សុន្ទរកថា​ប្រចាំ​ខែ​តាម​វិទ្យុ​កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ថា ជំងឺ​កូវីដ១៩ បាន​ធ្វើ​ឲ្យ​ប្រទេស​ឥណ្ឌា​រង្គោះ​រង្គើ។

លោក​បាន​ថ្លែង​ដូច្នេះ ស្រប​ពេល​ដែល​លោក​ជំរុញ​ប្រជាពលរដ្ឋ​ឲ្យ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ និង​កុំ​ឲ្យ​ជឿ​ទៅ​តាម​អ្វី​ដែល​លោក​ហៅ​ថា​ជា «ពាក្យ​ចចាមអារ៉ាម​អំពី​វ៉ាក់សាំង​នេះ» និង​ស្រប​ពេល​ដែល​រដ្ឋធានី​ញូវដែលី​បន្ត​ការ​បិទ​សកម្មភាព​សង្គម​មួយ​សប្តាហ៍​ទៀត។

ក្រសួង​សុខាភិបាល​ឥណ្ឌា​បាន​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូវីដ១៩ ចំនួន ៣៤៩.៦៩១ ករណី បាន​កើតឡើង​នៅ​ក្នុង​រយៈពេល ២៤ ម៉ោង​ចុងក្រោយ ដែល​នេះ​ជា​កំណត់ត្រា​ប្រចាំ​ថ្ងៃ​ថ្មី​មួយ​ទៀត។

មន្ត្រី​សុខាភិបាល​ឥណ្ឌា​បាន​ព្រមាន​ថា តួលេខ​នៃ​ការ​ឆ្លង​ពិត​ប្រាកដ​អាច​ច្រើន​ជាង​នេះ។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​សន្យា​ជួយ​ប្រទេស​ឥណ្ឌា​កាលពី​ថ្ងៃ​អាទិត្យ។

លោក​បាន​សរសេរ​នៅ​លើ Twitter ថា៖ «ដោយសារ​ប្រទេស​ឥណ្ឌា​បាន​បញ្ជូន​ជំនួយ​ជួយ​សហរដ្ឋ​អាមេរិក នៅ​ពេល​ដែល​មន្ទីរពេទ្យ​នានា [នៅ​ក្នុង​សហរដ្ឋ​អាមេរិក] ហួស​សមត្ថភាព​របស់​ខ្លួន [ទប់ទល់​នឹង​ជំងឺ​កូវីដ១៩] នៅ​ក្នុង​ដំណាក់កាល​ឆ្លង​រាលដាល​ដំបូងៗ សហរដ្ឋ​អាមេរិក​ក៏​ប្ដេជ្ញា​ជួយ​ឥណ្ឌា​នៅ​ពេល​ចាំបាច់​នេះ​ដែរ»។

ប្រទេស​ផ្សេង​ទៀត ដូចជា​ចក្រភព​អង់គ្លេស បារាំង និង​អាល្លឺម៉ង់​ជាដើម ក៏​បាន​បញ្ជាក់​ផងដែរ​ថា ពួកគេ​នឹង​ជួយ​ប្រទេស​ឥណ្ឌា។ ចំណែក​ឯ​ប្រទេស​ប៉ាគីស្ថាន​ដែល​ជា​សត្រូវ​ចម្បង​របស់​ឥណ្ឌា​វិញ ក៏​បាន​សន្យា​ជួយ​ផងដែរ៕

XS
SM
MD
LG