ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋធានីនៃប្រទេសឥណ្ឌាបិទពេលមានការកើនឡើងនូវជំងឺកូវីដ១៩


បុគ្គលិក​សុខាភិបាល​ម្នាក់​និយាយ​ទៅ​កាន់​ស្ត្រីម្នាក់​នៅ​មជ្ឈមណ្ឌល​ធ្វើ​ចត្តាឡីស័ក​មួយ​សម្រាប់​អ្នក​ជំងឺ​កូវីដ១៩ ក្នុង​ទីក្រុង​ញូវដែលី ប្រទេស​ឥណ្ឌា ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១។
បុគ្គលិក​សុខាភិបាល​ម្នាក់​និយាយ​ទៅ​កាន់​ស្ត្រីម្នាក់​នៅ​មជ្ឈមណ្ឌល​ធ្វើ​ចត្តាឡីស័ក​មួយ​សម្រាប់​អ្នក​ជំងឺ​កូវីដ១៩ ក្នុង​ទីក្រុង​ញូវដែលី ប្រទេស​ឥណ្ឌា ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១។

រដ្ឋធានីញូវដែលីបិទ​រយៈពេល​មួយ​សប្តាហ៍​ គិត​ចាប់​ពីយប់​ថ្ងៃច័ន្ទ​តទៅ ​ដើម្បី​បង្ការ​ការ​ដួល​រលំ​នៃ​ប្រព័ន្ធ​សុខាភិបាល​របស់​រដ្ឋធានី​នៃ​ប្រទេសឥណ្ឌាមួយ​នេះ។ ​អាជ្ញាធរ​បាន​និយាយ​ថា​ ពួកគេ​បាន​ប្រឹងប្រែង​អស់​ពី​សមត្ថភាពពេលមាន​ករណី​ផ្ទុះឡើង​ការ​ឆ្លងជំងឺ​កូវីដ១៩​។​

រថយន្ត​សង្គ្រោះ​បន្ទាន់​បើក​ពី​មន្ទីរពេទ្យ​មួយ​ទៅ​មន្ទីរពេទ្យ​មួយ​ដោយ​ព្យាយាម​រក​គ្រែ​ទំនេរ​កាល​ពីចុង​សប្តាហ៍​ ខណៈ​អ្នក​ជំងឺ​តម្រង់​ជួរ​នៅខាង​ក្រៅ​មន្ទីរពេទ្យ​រង់ចាំ​គ្រូ​ពេទ្យ។ ​នៅ​កន្លែង​បូជាសព​មានឡាន​ពេទ្យ​ដឹក​សព​ក្នុង​មួយឡានៗ​មានសព​ចំនួន​៦។​

លោកវេជ្ជបណ្ឌិត ​Suresh Kumar ប្រធាន​មន្ទីរពេទ្យ ​Lok Nayak Jai Prakash Narayan​ ដែល​ជាមន្ទីរ​ពេទ្យធំ​បំផុត​មួយ​ក្នុង​រដ្ឋធានីញូវដែលី​បាន​និយាយ​ថា​«អ្នកជំងឺ​នៅតែ​មក​ជា​បន្ត​បន្ទាប់​ក្នុង​ស្ថានភាព​ដែល​ស្ទើរតែ​ទប់ទល់​លែង​បាន»។​

លោក​ Kumar​ និយាយ​ថា​ ​យើងត្រូវ​ការ​អុកស៊ីសែន​ខ្លាំង​បំផុត។ ​ប៉ុន្តែ​លោក​រដ្ឋមន្រ្តី ​Arvind Kejriwal​ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា​ រដ្ឋធានីនេះ​កំពុង​ខ្វះ​អុកស៊ីសែន​និង​ថ្នាំមួយ​ចំនួន​ទៀត។​ លោក​ថា​ ត្រូវ​មាន​វិធាន​ការ​តឹងរ៉ឹង​ថ្មី​ដើម្បី​កុំ​ឲ្យ​ «ប្រព័ន្ធ​សុខាភិបាល​ដួល​រលំ»។​

លោក ​Bhramar Mukherjee ​អ្នក​ឯកទេស​ខាង​ជីវគីមី​នៅ​សាកល​វិទ្យាល័យ​ Michigan ​ដែល​បាន​តាមដាន​ការ​រាតត្បាត​នៅ​ឥណ្ឌា​និយាយ​ថា​ គ្រាន់តែ​ប៉ុន្មានខែ​បន្ទាប់​ពី​ប្រទេស​ឥណ្ឌា​គិត​ថា​មាន​ការ​រាលដាល​ដ៏អាក្រក់​បំផុតនោះ​ ឥឡូវ​វីរុស​នេះ​កំពុង​តែរីករាលដាល​ដោយមាន​អត្រា​លឿនជាង​ពេល​ណាៗទាំងអស់។

ឥណ្ឌា​បាន​រាយការណ៍ថា​មាន​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ ជាង​ ២ សែន ៧ ម៉ឺន​ករណី​កាល​ពី​ថ្ងៃច័ន្ទ ដែល​ជា​ចំនួន​ខ្ពស់​បំផុត​ចាប់​តាំង​ពី​មាន​ការ​រាតត្បាត​ជំងឺ​កូវីដ១៩​មក៕

XS
SM
MD
LG