ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឥណ្ឌា​មាន​អត្រា​ឆ្លង​ជំងឺ​កូវីដ១៩​ ក្នុង​មួយ​ថ្ងៃ​ច្រើន​បំផុត​ក្នុង​ពិភព​លោក


ក្រុមបុគ្គលិកសុខាភិបាលដែលស្ថិតក្នុងឯកសណ្ឋានការពារពីជំងឺឆ្លងកូវីដ១៩ កំពុងលើកសាកសពជនរងគ្រោះដោយសារជំងឺកូវីដដាក់កន្លែងបូជាសព នៅក្រុងញូវដេលី ប្រទេសឥណ្ឌា កាលពីថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២១។
ក្រុមបុគ្គលិកសុខាភិបាលដែលស្ថិតក្នុងឯកសណ្ឋានការពារពីជំងឺឆ្លងកូវីដ១៩ កំពុងលើកសាកសពជនរងគ្រោះដោយសារជំងឺកូវីដដាក់កន្លែងបូជាសព នៅក្រុងញូវដេលី ប្រទេសឥណ្ឌា កាលពីថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២១។

ប្រទេស​ឥណ្ឌា​បាន​រាយការណ៍​ថា មាន​ការ​ឆ្លងជំងឺ​កូវីដ១៩​ ថ្មី​ចំនួន ​៣១៤.៨៣៥ ​ករណី​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ដែល​ជាចំនួន​ឆ្លង​ខ្ពស់​បំផុត​ក្នុង​រយៈពេល​មួយ​ថ្ងៃ​ លើស​ប្រទេស​ណាៗ​ទាំងអស់ ក្នុង​អំឡុងពេល​មួយ​ឆ្នាំ​នៃ​ការរាតត្បាត​ពី​ជំងឺ​នេះ​ទូទាំង​ពិភពលោក។

ផ្ទុយទៅវិញ សហ​រដ្ឋ​អាមេរិក​មាន​ការ​ឆ្លង​ថ្មី​ចំនួន ​៣០០.៣១០​ ករណី ​ក្នុង​មួយ​ថ្ងៃ​ នៅថ្ងៃទី​ ២​ ខែ​មករា។ នេះ​បើយោង​តាម​សាកល​វិទ្យាល័យ Johns Hopkins

ប្រទេស​ឥណ្ឌា​ដែល​មាន​ប្រជាជន​ច្រើនជាង​គេ​លំដាប់​លេខ​ ២ ​នៅ​លើពិភព​លោក​ កំពុង​ប្រឈម​នឹង​ការឆ្លង​នៅ​រលក​ទី ២ ដែលបាន​ជំរុញ​ប្រព័ន្ធ​ថែ​រក្សា​សុខភាព​របស់​ប្រទេស​នេះ​ ហៀបនឹងដួល​រលំ​ ដោយ​មន្ទីរពេទ្យ​ប្រឹង​អស់​សមត្ថភាព ​ហើយ​ខ្វះ​អុកស៊ីសែន។ កង្វះ​អុកស៊ីសែន​មាន​សភាព​ធ្ងន់ធ្ងរ​ ដែល​នាំ​ឲ្យ​តុលាការ​ជាន់ខ្ពស់​នៅ​រដ្ឋធានី​ញូវដែលី ​បញ្ជា​ឲ្យ​រដ្ឋាភិបាល​បង្វែរ​អុកស៊ីសែន​ពី​រោងចក្រ​ទៅ​ប្រើ​នៅ​មន្ទីរពេទ្យ។

ថ្ងៃ​ព្រហស្បតិ៍​ គឺ​ជាថ្ងៃ​ទី ​៨ ​ជាប់ៗ​គ្នា​ដែល​ឥណ្ឌា​បាន​ផ្សព្វផ្សាយ​ករណី​ឆ្លង​វីរុសថ្មី​ចំនួន​ជាង​ ២០ ម៉ឺន​នាក់ ​ដែល​ធ្វើ​ឱ្យ​ចំនួន​អ្នកឆ្លង​សរុប​នៅក្នុង​ប្រទេស​ឡើង​ដល់​ជាង ​១៥ លាន ៩ សែន​នាក់ ​គឺ​នៅ​លំដាប់​ទី​ ២ ​បន្ទាប់ពី​សហ​រដ្ឋ​អាមេរិក​ដែល​មាន​អ្នកឆ្លង​ចំនួន ​៣១ លាន ៨ ​សែន​នាក់។​

ក្រសួង​សុខាភិបាលឥណ្ឌា​ក៏បាន​បង្ហាញ​ថា​ មនុស្ស​ចំនួន ​២.១០៤​នាក់​ បាន​ស្លាប់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ដែល​បង្កើន​ចំនួន​អ្នកស្លាប់​សរុប​ដល់ ១៨៤.៦៥៧​នាក់។

ដោយឡែក ការសិក្សា​ពី​ដំបូងៗ ​ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ពុធ​ ដោយ​ទស្សនាវដ្តី​ពេទ្យ New England of Medecine បង្ហាញ​ថា វ៉ាក់សាំង​ចាក់ ២ ដូស​ដែល​ផលិត​ដោយ​ក្រុមហ៊ុន Pfizer និង Moderna របស់​អាមេរិក ​មិនមាន​ហានិភ័យ​ណាមួយ​លើ​ស្ត្រី​មាន​ផ្ទៃ​ពោះ​ទេ៕

XS
SM
MD
LG