អគ្គិភ័យបានសម្លាប់អ្នកជំងឺកូវីដ១៩ ចំនួន ១៣ នាក់ នៅក្នុងមន្ទីរពេទ្យមួយកន្លែង នៅតំបន់ភាគខាងលិចប្រទេសឥណ្ឌា នៅព្រឹកថ្ងៃសុក្រនេះ ស្របពេលដែលការបន្តកើនឡើងយ៉ាងខ្លាំងនៃការឆ្លងជំងឺកូវីដ១៩ បានធ្វើឲ្យប្រទេសនេះខ្វះខ្យល់អុកស៊ីហ្ស៊ែន និងធនធានព្យាបាលអ្នកជំងឺ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP។
ប្រទេសឥណ្ឌាបានរាយការណ៍ពីករណីឆ្លងប្រចាំថ្ងៃចំនួន ៣៣២.៧៣០ ករណី ដែលច្រើនបំផុតក្នុងពិភពលោកជាលើកទី ២ ទៀត នៅថ្ងៃសុក្រនេះ។ ការកើនឡើងនេះ បានប៉ះពាល់ដល់ប្រព័ន្ធសុខភាពសាធារណៈ ដោយមន្ទីរពេទ្យខ្វះបុគ្គលិក ដោយសារអ្នកជំងឺច្រើនហួស ហើយខ្វះខាតសម្ភារៈផ្គត់ផ្គង់។
ស្ថានភាពនេះកាន់តែអាក្រក់ឡើងពីមួយថ្ងៃទៅមួយថ្ងៃ រហូតមន្ទីរពេទ្យបានផ្សាយនៅក្នុងបណ្តាញព័ត៌មានសង្គម អង្វរសុំឲ្យរដ្ឋាភិបាលផ្តល់ខ្យល់អុកស៊ីហ្ស៊ែន ហើយគំរាមឈប់ទទួលយកអ្នកជំងឺថ្មី។
នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi បានកោះប្រជុំជាមួយរដ្ឋមន្ត្រីពីបណ្តារដ្ឋនានារបស់ឥណ្ឌា នៅថ្ងៃសុក្រនេះ ដើម្បីសម្រេចថាតើដោះស្រាយតាមវិធីណាចំពោះការរាតត្បាតនៃជំងឺកូវីដ១៩នេះ។
ដោយបន្ថែមករណីថ្មីនៅថ្ងៃសុក្រនេះ ឥណ្ឌាបានរកឃើញការឆ្លងសរុប ១៦ លានករណី ដែលជាចំនួនលំដាប់ទី ២ បន្ទាប់ពីសហរដ្ឋអាមេរិក។ ប្រទេសឥណ្ឌាមានចំនួនប្រជាពលរដ្ឋជិត ១.៤០០លាននាក់។ ឥណ្ឌាបានកត់ត្រាចំនួនមនុស្សស្លាប់ ២.២៦៣ នាក់ នៅក្នុងរយៈពេលមួយថ្ងៃចុងក្រោយ ដែលធ្វើឱ្យចំនួនអ្នកស្លាប់ទាំងអស់កើនដល់ ១៨៦.៩២០នាក់។ នេះតាមក្រសួងសុខាភិបាលឥណ្ឌា៕