រដ្ឋមន្ត្រីក្រសួងរតនាគារ ស.រ.អា លោក Steve Mnuchin បានដកខ្លួនចេញពីសន្និសីទវិនិយោគមួយក្នុងប្រទេសអារ៉ាប៊ីសាអូឌីតដែលនឹងធ្វើឡើងនៅសប្តាហ៍ក្រោយខណៈពេលដែលរដ្ឋាភិបាលក្រុងរីយ៉ាដ នៅតែប្រឈមនឹងសំណួរអំពីការទាក់ទិនរបស់ខ្លួននៅក្នុងការបាត់ខ្លួននិងការសម្លាប់អ្នកកាសែតអារ៉ាប៊ីសាអូឌីតម្នាក់មានមូលដ្ឋានក្នុងស.រ.អា.ក្នុងប្រទេសតួកគី។
លោក Mnuchin បានធ្វើសេចក្តីប្រកាសនេះកាលពីថ្ងៃព្រហស្បតិ៍តាម Twitter នៅក្រោយពួកប្រធានក្រុមហ៊ុនបស្ចិមប្រទេសច្រើននាក់បានដកខ្លួនចេញពីសន្និសីទបីថ្ងៃនេះដែលចាប់ផ្តើមធ្វើនៅថ្ងៃអង្គារនៅក្នុងក្រុងរីយ៉ាដ។
នៅពេលមានរបាយការណ៍ច្រើនឡើងៗពីប្រទេសតួកគី ចោទប្រកាន់ថាពួកភ្នាក់ងារអារ៉ាប់បានធ្វើទារុណកម្ម, សម្លាប់និងបានកាត់រាងកាយលោក Jamal Khashoggi ជាកង់ៗកាលពីពីរសប្តាហ៍កន្លងទៅនេះនៅខាងក្នុងស្ថានកុងស៊ុលរបស់រដ្ឋាភិបាលក្រុងរីយ៉ាដ ក្នុងក្រុងអ៊ីស្តង់ប៊ុល ពួកប្រធានកិច្ចការប្រតិបត្តិក្រុមហ៊ុននានាបានប្រកាសថា ពួកគេនឹងមិនចូលរួមក្នុងសន្និសីទការផ្តើមគំនិតអំពីវិនិយោគក្នុងពេលអនាគតនេះទេ។
អាជ្ញាធរអារ៉ាប៊ីសាអូឌីតបានបដិសេធថាពួកគេមិនបានសម្លាប់លោក Khashoggi ទេ។ អ្នកសារព័ត៌មានរូបនេះជាអ្នករិះគន់ព្រះអង្គម្ចាស់រជ្ជទាយាទ Mohammed bin Salman ដែលជាមេដឹកនាំតាមព្រឹត្តន័យនៃប្រទេសនេះ៕