នៅថ្ងៃព្រហស្បតិ៍នេះ ក្រុមអ្នកស៊ើបអង្កេតតួកគីបានឆែកឆេរស្ថានកុងស៊ុលនៃប្រទេសអារ៉ាប៊ី សាអូឌីត និងផ្ទះកុងស៊ុលដែលនៅជិតទីនោះក្នុងក្រុងអ៊ីស្តង់ប៊ូលក្នុងការពាក់ព័ន្ធជាមួយការបាត់ខ្លួនលោក Jamal Khashoggi អ្នកកាសែតអារ៉ាប៊ី សាអូឌីត មានមូលដ្ឋានក្នុងស.រ.អា។
ក្រុមអ្នកនីតិបច្ចេកវិទ្យាមួយក្រុមបានចូលទៅពិនិត្យក្នុងស្ថានកុងស៊ុលនេះម្តងហើយក្នុងសប្តាហ៍នេះ កាលពីថ្ងៃចន្ទ ដើម្បីស្វែងរកតម្រុយអំពីអ្វី ដែលបានកើតមានឡើងដល់លោក Khashoggi នៅក្រោយលោកបានចូលទៅក្នុងកន្លែងការទូតនេះកាលពីថ្ងៃទី២ ខែតុលាកន្លងទៅ។
លោក Khashoggi ដែលជាអ្នករិះគន់ព្រះរាជវង្សអារ៉ាប៊ី សាអូឌីត និងដែលបានសរសេរអត្ថបទឱ្យកាសែត The Washington Post មិនបានត្រូវឃើញចាប់តាំងពីពេលនោះមក។
ក្រុមមន្ត្រីតួកគីបាននិយាយថា ភ្នាក់ងារអារ៉ាប៊ី សាអូឌីតបានសម្លាប់ និងកាត់ជើងដៃលោក Khashoggi ហើយក្រុមមន្ត្រីអារ៉ាប៊ី សាអូឌីតនិយាយថា លោកបានដើរចេញពីស្ថានកុងស៊ុលនេះដោយខ្លួនឯង។ ប្រទេសទាំងពីរនេះមិនបានផ្តល់ភស្តុតាងជាសាធារណៈអំពីការបកស្រាយរបស់ខ្លួនស្តីពីហេតុការណ៍នេះទេ។
លោករដ្ឋមន្ត្រីការបរទេសស.រ.អា Mike Pompeo បានទៅបំពេញទស្សនកិច្ចក្នុងប្រទេសទាំងពីរនេះហើយបានជួបជាមួយក្រុមមេដឹកនាំនៃប្រទេសទាំងនេះ ដើម្បីសម្តែងកង្វល់អំពីករណីនេះ និងបង្ហាញបំណងលោក Trump ក្នុងការចង់ដឹងអំពីអ្វី ដែលបានកើតមានឡើង។
លោក Pompeo មានកំណត់នឹងនិយាយត្រួសៗប្រាប់លោក Trump នៅឯសេតវិមាននៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។
លោក Trump បាននិយាយកាលពីថ្ងៃពុធថា លោកចង់បានសំឡេងថត និងវីដេអូនៃការស៊ើបការសម្ងាត់ពីប្រទេសតួកគី «ប្រសិនបើមាន»។
ការទាមទាររបស់ប្រធានាធិបតីអាមេរិកាំងរូបនេះមានឡើង នៅពេលលោកបានសម្តែងការគាំទ្រដល់ប្រទេស អារ៉ាប៊ី សាអូឌីត ដែលជា សម្ព័ន្ធមិត្តយូរយារមកហើយរបស់ស.រ.អា ហើយលោកបាននិយាយថា លោករំពឹងថាការស៊ើបអង្កេតអំពីការបាត់ខ្លួនលោក Khashoggi នឹងចប់សព្វគ្រប់មុនដំណាច់សប្តាហ៍នេះ៕