ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កងសន្តិសុខ​បិទ​ការ​ដើរហែក្បួន​របស់​អ្នកតវ៉ា​គាំទ្រ​លោក រ៉ុង ឈុន ដែល​ប្រើ​សារ«អំពាវនាវ​ឲ្យ​ពលរដ្ឋ​គោរព​ទង់ជាតិ»


ការ​ប៉ះទង្គិច​គ្នា​រវាង​ក្រុមអ្នកតវ៉ា និង​កងសន្តិសុខ​របស់​ខណ្ឌ​បឹងកេងកង ក្នុង​ទីក្រុង​ភ្នំពេញ​ នៅ​ថ្ងៃ​ទី​១២ ខែសីហា​ ឆ្នាំ​២០២០។ (ហ៊ុល រស្មី/វីអូអេ)
ការ​ប៉ះទង្គិច​គ្នា​រវាង​ក្រុមអ្នកតវ៉ា និង​កងសន្តិសុខ​របស់​ខណ្ឌ​បឹងកេងកង ក្នុង​ទីក្រុង​ភ្នំពេញ​ នៅ​ថ្ងៃ​ទី​១២ ខែសីហា​ ឆ្នាំ​២០២០។ (ហ៊ុល រស្មី/វីអូអេ)

លោក​ ហ៊ុន វណ្ណៈ​ សមាជិក​ម្នាក់​របស់​ក្រុម​យុវជន​ខ្មែរ​ថាវរៈ​ ប្រាប់​អ្នក​កាសែត​ថា​ ការ​តវ៉ា​នៅ​ថ្ងៃនេះ​ គឺ​ជា​ការ​ពញ្ញាក់​ស្មារតី​ឲ្យ​ពលរដ្ឋ​ខ្មែរ​ ងាក​មក​បង្កើន​ទឹកចិត្ត ​ស្នេហាជាតិ​ ដោយ​ការ​ចំណាយ​ពេល​ត្រឹម​បីនាទី​ សម្រាប់​គោរព​ទង់​ជាតិ​ប្រទេស​ជាតិ​រៀង​រាល់​ថ្ងៃ។

នៅ​ថ្ងៃពុធ​នេះ​ ការ​ប្រឈម​មុខ ​និង​ការ​រុញច្រាន​គ្នា​មួយ​បាន​កើត​ឡើង​ រវាង​ក្រុម​អ្នក​តវ៉ា​មួយ​ក្រុម​មាន​គ្នា​ប្រមាណ​២០​នាក់​ ជាមួយ​កង​សន្តិសុខ​ចម្រុះ​ក្នុង​ខណ្ឌ​បឹងកេងកង​រាប់សិប​នាក់​ នៅ​ពេល​ក្រុម​អ្នក​តវ៉ា​ បាន​ដើរ​ហែក្បួន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ងាក​មក​ចំណាយ​ពេល​បី​នាទី​ ដើម្បី​គោរព​ទង់​ជាតិ​ប្រទេស​កម្ពុជា​ជា​រៀងរាល់​ថ្ងៃ។​

ការ​រុញច្រាន​ដែល​ឈាន​ដល់​ការ​ប៉ះទង្គិច​គ្នា​រវាង​អ្នក​តវ៉ា​ និង​កង​សន្តិសុខ​ដោយ​អន្លើៗ​នេះ​ បាន​កើត​ឡើង​នៅ​តាម​ផ្លូវ​មួយ​ចូល​ផ្សារ​អូឡាំពិក ​ក្នុង​សង្កាត់​បឹងកេងកង​ ខណ្ឌ​បឹងកេងកង​ ទីក្រុង​ភ្នំពេញ​ បណ្តាល​ឲ្យ​យុវតី​មួយ​រូប​ដែល​អះអាង​ថា​ ជា​កម្មការិនី​រោងចក្រ​កាត់​ដេរ​ ​ដួល​ស្ទើរ​តែ​សន្លប់​បាត់​ស្មារតី។​

កញ្ញា ហូ សារ៉េត​ វ័យ២៤​ឆ្នាំ​ ដែល​ដួល​ស្ទើរ​តែសន្លប់បាត់​ស្មារតី​ ដោយសារ​ការប៉ះទង្គិច​រវាង​ក្រុម​អ្នកតវ៉ា និង​កងសន្តិសុខ​ខណ្ឌបឹងកេងកង​ ក្នុង​ទីក្រុង​ភ្នំពេញ​ នៅ​ថ្ងៃ​ទី​១២ ខែសីហា​ ឆ្នាំ​២០២០។ (ហ៊ុល រស្មី/វីអូអេ)
កញ្ញា ហូ សារ៉េត​ វ័យ២៤​ឆ្នាំ​ ដែល​ដួល​ស្ទើរ​តែសន្លប់បាត់​ស្មារតី​ ដោយសារ​ការប៉ះទង្គិច​រវាង​ក្រុម​អ្នកតវ៉ា និង​កងសន្តិសុខ​ខណ្ឌបឹងកេងកង​ ក្នុង​ទីក្រុង​ភ្នំពេញ​ នៅ​ថ្ងៃ​ទី​១២ ខែសីហា​ ឆ្នាំ​២០២០។ (ហ៊ុល រស្មី/វីអូអេ)

កញ្ញា​ ហូ សារ៉េត​ វ័យ​២៤​ឆ្នាំ​ ដែល​បាន​ដួល​ទៅ​នឹង​ដី​ ដោយ​សារ​ការ​រុញច្រាន​ពី​កង​សន្តិសុខ​ជាច្រើន​នាក់​នោះ​ ​ បាន​បង្ហាញ​ការ​ខឹង​សម្បារ​នឹង​កង​សន្តិសុខ​ ដែល​កញ្ញា​ថា​ ប្រើ​អំពើ​ហិង្សា​មក​លើ​ក្រុម​អ្នក​តវ៉ា។​

«ខ្ញុំ​ខ្មាស​គេ​ណាស់!​ ខ្ញុំ​ខ្មាស​អន្តរជាតិ​ណាស់​ ដែល​ពួក​លោក​ឯង​ ពាក់​ឯកសណ្ឋាន​សញ្ជាតិ​ខ្មែរ​ហើយ​ អ្នក​ឯង​មក​ធ្វើ​បាប​ខ្មែរ។ ​សន្តិភាព​ស្រុក​ខ្មែរ​មាន​តែ​ប៉ុណ្ណឹង​ណាស់!​ សន្តិសុខ​ស្រុកខ្មែរ​មាន​តែ​ប៉ុណ្ណឹង!​ ខ្ញុំ​អរគុណ​សន្តិភាព​ស្រុក​ខ្មែរ​ហើយ!»​

នៅ​មុន​ពេល​ដែល​កញ្ញា ​ហូ សារ៉េត​ ដួល​នោះ​ ​កង​កម្លាំង​សន្តិសុខ​ខណ្ឌ​បឹងកេងកង​ បាន​បើក​រថយន្ត​ល្បាត​សន្តិសុខ​មួយ​ ដោយមាន​ការ​ប្រកាស​ពី​ឧបករណ៍​បំពង​សំឡេង​ ឲ្យ​ក្រុម​អ្នក​តវ៉ា​ដែល​ភាគច្រើន​ជា​ក្រុម​យុវជន​ខ្មែរថាវរៈ​ និង​មនុស្ស​វ័យ​ចំណាស់​ជា​បុរស​និង​ស្រ្តី​មួយ​ចំនួន​ទៀត​ ទៅ​សុំ​ការ​អនុញ្ញាត​ពី​សាលា​រាជធានី​ភ្នំពេញ។​

ក៏​ប៉ុន្តែ​ក្រុម​អ្នក​តវ៉ា​ បាន​ប្រកែក​ និង​សួរ​ដេញ​ដោល​រក​ខុស​ត្រូវ​តាម​ផ្លូវ​ច្បាប់​ ចំពោះ​ការ​ចេញ​តវ៉ា​ដោយ​សន្តិវិធី។​ បន្តិច​ក្រោយ​មក​ កង​សន្តិសុខ​បាន​បើក​រថយន្ត​យឺតៗ​ បង្ខំ​ឲ្យ​អ្នក​តវ៉ា​ដើរ​ថយចេញ​ពី​មុខ​រថយន្ត។​ នៅពេល​អ្នក​តវ៉ា​បដិសេធ​មិន​ថយ​ចេញ​ពីមុខ​រថយន្ត​នោះ​កង​សន្តិសុខ​ជាច្រើន​ក៏ចូល​ទៅ​រុញ​ច្រាន ​និង​ចាប់​ឆក់​យក​ទង់​ជាតិ​ប្រទេស​កម្ពុជា​ពី​ក្រុម​អ្នក​តវ៉ា​មួយ​ចំនួន​ បង្ក​ឲ្យ​មាន​ការ​ប៉ះទង្គិច​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​កញ្ញា ​ហូ សារ៉េត ​ដួល​ទៅ​ផ្ទប់​នឹង​ចំណី​ផ្លូវ​មួយ ​ក្បែរ​ផ្សារ​អូឡាំពិក។ ​ក្រុម​អ្នក​តវ៉ា​បាន​ស្តី​បន្ទោស​កង​សន្តិសុខ​ចំពោះ​ការ​ដណ្តើម​ទង់​ជាតិ​ពី​ក្រុម​អ្នក​តវ៉ា។​

កញ្ញា​ ជា គន្ធីន​ វ័យ​១៨ ឆ្នាំ​ រាប់ពី​ខាង​ឆ្វេង​ដៃ ឈរ​នៅ​កណ្តាល។ (ហ៊ុល រស្មី/វីអូអេ)
កញ្ញា​ ជា គន្ធីន​ វ័យ​១៨ ឆ្នាំ​ រាប់ពី​ខាង​ឆ្វេង​ដៃ ឈរ​នៅ​កណ្តាល។ (ហ៊ុល រស្មី/វីអូអេ)

ពេល​កំពុង​ឈរ​កាន់​ទង់ជាតិ​ប្រទេស​កម្ពុជា​នៅ​ចំពោះ​មុខ​កង​សន្តិសុខ​នោះ អ្នក​តវ៉ា​ជា​យុវតី​មួយ​រូប​ គឺ​កញ្ញា ​ជា​ គន្ធីន ​អាយុ​១៨​ឆ្នាំ​និយាយ​ថា៖​ «ជា​បេះដូង​របស់​ប្រទេស​ខ្មែរ​...​បែរ​ជា​មក​ដណ្តើម​ទង់​ជាតិ​កញ្ឆក់​យក»។​

អាជ្ញាធរ​ផ្សារ​មួយ​រូប​ បាន​ព្យាយាម​បំបែក​អ្នក​តវ៉ា​ នៅ​មុន​ការ​ប៉ះ​ទង្គិច​នោះ​ និង​បាន​ពន្យល់​ប្រាប់​ក្រុម​អ្នក​តវ៉ា​ថាការ​តវ៉ា​របស់​ពួក​គេ​ ដែល​ធ្វើ​ឡើង​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​នោះ​ បាន​ប៉ះពាល់​ដល់​សណ្តាប់​ធ្នាប់​សាធារណៈ​នៅ​ក្នុង​បរិវេណ​ផ្សារ។ ​អាជា្ញធរ​រូប​នោះ​បាន​ប្រាប់​ក្រុម​អ្នក​តវ៉ា​យ៉ាង​ដូច្នេ៖​

«ខ្ញុំ​ចង់​និយាយ​ថា​ បើ​អូន​ឯង អាច​រក​តំណាង​ទៅ​ស្នើ​សុំ​ទៅ​សាលា​រាជធានី​ ដើម្បី​បញ្ចេញ​មតិ។ ​អូន​ឯង​មិន​ចេះ​តែ​មក​ធ្វើ​អី​នេះ​ទេ»។

ដោយឡែក​ នៅ​ក្នុង​ការ​តវ៉ា​នាថ្ងៃ​នេះ​ អ្នក​សារ​ព័ត៌មាន​របស់​សំឡេង​សហ​រដ្ឋ​អាមេរិក​ និង​អ្នក​សារ​ព័ត៌មាន​របស់​សំឡេង​ប្រជា​ធិបតេយ្យ​វីអូឌី​ មិន​ត្រូវ​បាន​មន្ត្រី​សន្តិសុខ​ផ្សារ​អូឡាំពិក​ និង​ក្រុម​ប្រជា​ការពារ​របស់​សង្កាត់​បឹងកេងកង​ អនុញ្ញាត​ឲ្យ​ចូល​ក្នុង​ផ្សារ​ទេ​ នៅ​ពេល​ក្រុម​អ្នក​តវ៉ា​ផ្តើម​យុទ្ធនាការ​របស់​ពួក​គេ​ពី​ក្នុង​ផ្សារ​នៅព្រឹក​ថ្ងៃ​ពុធ​នេះ។​ មន្ត្រី​សន្តិសុខ​ម្នាក់​និយាយ​ថា៖​

«ខ្ញុំ​អត់​ហ៊ាន​ឲ្យបង​ចូល​ផ្សារ។​ អាហ្នឹង​វាពិបាក​និយាយ​គ្នា​បន្តិច។​ បើបង​នៅ​ដើរ​តាម​ផ្លូវ​ ខ្ញុំ​អាច​អធ្យាស្រ័យ​បាន​តែ​បើ​ចូល​ផ្សារ​ខ្ញុំ​សុំ​ហាម​ឃាត់»។​

នៅ​ពេល​អ្នក​កាសែត​សួរ​មន្ត្រី​សន្តិសុខ​នោះ​ អំពី​ហេតុផល​ដែល​ហាម​មិន​ឲ្យ​ចូល​ផ្សារ​ខណៈ​សាធារណ​ជន​នៅ​ពេញ​ក្នុង​ផ្សារ​នោះ​ មន្ត្រី​សន្តិសុខ​និយាយ​ថា៖​«កន្លែង​ចំណុច​នេះ​ ខ្ញុំ​ពិបាក​និយាយ​ជាមួយ​ណាស់»។​

ក្រុម​យុវជន​ខ្មែរថាវរៈ​ និង​អ្នក​តវ៉ា​ឯ​ទៀត​ បាន​ចេញ​សកម្មភាព​តវ៉ា​ជា​សាធារណៈ​របស់​ខ្លួន​ជា​បន្តបន្ទាប់​ ក្នុង​គោល​បំណង​ទាម​ទារ​ឲ្យ​ដោះលែង​លោក​ រ៉ុង ឈុន​ មេ​ដឹកនាំ​សហភាព​សហជីព​កម្ពុជា​ ដែល​ត្រូវ​បាន​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​ចាប់​ឃុំ​ខ្លួន​ ក្រោយ​លោក​និយាយ​រិះគន់​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​បង្គោល​ព្រំដែន​កម្ពុជា​វៀតណាម​នៅ​ខេត្ត​ត្បូងឃ្មុំ។ ​ក្នុង​ការ​តវ៉ា​រាល់​លើក​គេ​សង្កេត​ឃើញ​កងកម្លាំង​សន្តិសុខ​ចម្រុះ​របស់​ទីក្រុង​ភ្នំពេញ​ តែង​តែ​តាម​រំខាន​ និង​បង្ក្រាប​សកម្មភាព​តវ៉ា​នោះ។​

លោក ហ៊ុន វណ្ណៈ សមាជិក​យុវជន​ខ្មែរ​ថាវរៈ រាប់ពី​ឆ្វេងដៃ​ទៅ ឈរ​នៅ​កណ្តាល កំពុង​ជជែក​ជាមួយ​អាជ្ញាធរ​ផ្សារ​អូឡាំពិក ក្នុង​ទីក្រុង​ភ្នំពេញ​ នៅ​ថ្ងៃ​ទី​១២ ខែសីហា​ ឆ្នាំ​២០២០។ (ហ៊ុល រស្មី/វីអូអេ)​
លោក ហ៊ុន វណ្ណៈ សមាជិក​យុវជន​ខ្មែរ​ថាវរៈ រាប់ពី​ឆ្វេងដៃ​ទៅ ឈរ​នៅ​កណ្តាល កំពុង​ជជែក​ជាមួយ​អាជ្ញាធរ​ផ្សារ​អូឡាំពិក ក្នុង​ទីក្រុង​ភ្នំពេញ​ នៅ​ថ្ងៃ​ទី​១២ ខែសីហា​ ឆ្នាំ​២០២០។ (ហ៊ុល រស្មី/វីអូអេ)​

លោក​ ហ៊ុន វណ្ណៈ​ សមាជិក​ម្នាក់​របស់​ក្រុម​យុវជន​ខ្មែរ​ថាវរៈ​ ប្រាប់​អ្នក​កាសែត​ថា​ ការ​តវ៉ា​នៅ​ថ្ងៃនេះ​ គឺ​ជា​ការ​ពញ្ញាក់​ស្មារតី​ឲ្យ​ពលរដ្ឋ​ខ្មែរ​ ងាក​មក​បង្កើន​ទឹកចិត្ត ​ស្នេហាជាតិ​ ដោយ​ការ​ចំណាយ​ពេល​ត្រឹម​បីនាទី​ សម្រាប់​គោរព​ទង់​ជាតិ​ប្រទេស​ជាតិ​រៀង​រាល់​ថ្ងៃ។ ​ប៉ុន្តែ​សកម្ម​ភាព​នេះ​បែរ​ជា​មិន​ត្រូវ​បាន​លើក​ទឹកចិត្ត​ដោយ​អាជ្ញាធរ​ តែ​បែរ​ជា​ត្រូវ​បាន​បង្ក្រាប​ទៅ​វិញ។​

«ស្ថានភាព​ហ្នឹង​ហើយ​ ដែល​ ដែល​ពួក​យើង​ធ្វើ​យុទ្ធនាការ​ហ្នឹង​ដោយសារ​មើល​ឃើញ​អ៊ីចឹង។​ពួក​គាត់​ អត់​សូវ​ស្រឡាញ់​ជាតិ​ប៉ុន្មាន​ទេ។​ ឥឡូវ​គាត់​បង្ហាញ​នូវ​ជំហរ​ថា​ គ្រាន់​តែ​យើង​ចង់​ឲ្យ​ខ្មែរ​ស្រឡាញ់​ជាតិ​ ក៏​គាត់​រារាំង»។​

លោក​បន្ថែម​ថា​ ការ​តវ៉ា​ទាមទារ​រក​យុត្តិធម៌​ជូន​លោក ​រ៉ុង ឈុន​ រមែង​រង​ការ​បង្ក្រាប​ ទើប​ធ្វើ​ឲ្យ​ក្រុម​យុវជន​ងាក​មក​ធ្វើ​សកម្មភាពលើក​កម្ពស់​ស្មារតី​ស្រឡាញ់​ជាតិ​ដល់​ពលរដ្ឋ​ខ្មែរ​ទូទៅ​ និង​កងកម្លាំង​ដែល​បម្រើ​រដ្ឋាភិបាលក្នុង​នោះ​ក៏មាន​ទាំង​កង​សន្តិសុខ​ផង​ដែរ។​

លោក ថា ​ឡាវី ជា​យុវជនម្នាក់​នៃ​ក្រុម​យុវជនខ្មែរ​ថាវរៈ។ (ហ៊ុល​ រស្មី/វីអូអេ)​
លោក ថា ​ឡាវី ជា​យុវជនម្នាក់​នៃ​ក្រុម​យុវជនខ្មែរ​ថាវរៈ។ (ហ៊ុល​ រស្មី/វីអូអេ)​

លោក​ ថា ​ឡាវី យុវជន​ជា​អ្នក​តវ៉ា​មួយ​រូប​ទៀត​ចាត់​ទុក​ថា ការ​រារាំង​របស់​កង​សន្តិសុខ​ មិន​ឲ្យ​អ្នក​តវ៉ា​ដើរ​ហែ​ក្បួន​ ដើម្បី​ជំរុញ​ទឹកចិត្ត​ស្នេហា​ជាតិ​នោះ​គឺ​ជា​រឿង​គួរ​ឲ្យ​អស់​សំណើច។​

«មើល​ទៅ​វា​ដូច​ជា​កំប្លែង​ខ្លាំង​សម្រាប់​ខ្ញុំ។ នៅពេល​ដែល​យើង​ជា​មនុស្ស​ម្នាក់​ យុវជន​ម្នាក់​ ដែល​ស្រឡាញ់​ជាតិ​របស់​យើង​នាំគ្នា​ចូល​រួម​ជា​សកម្មភាព​ដើម្បី​បញ្ជ្រាប​ដល់​មហាជន​ឲ្យ​បាន​ឃើញ​ពី​អ្វី​ដែល​យើង​ចង់​បាន​គឺ​ការ​ស្រឡាញ់​ជាតិ​ ហើយ​ម្នាក់ៗ​ចេះ​ឈឺ​ឆ្អាល​បញ្ហា​ជាតិ​ តាមដាន​បញ្ហា​ដែល​វិវឌ្ឍ​ប្រចាំ​ថ្ងៃ​ ក៏​មាន​អា​ការ​រារាំង​ពី​សំណាក់​អាជ្ញាធរ»។​

វីអូអេ​ព្យាយាម​សុំ​ការ​អធិប្បាយ​ពី​លោក ​ធឹម សំអាន​ អភិបាល​ខណ្ឌ​បឹងកេងកង​ តែ​លោក​ថា ​ កំពុង​ជាប់​រៀន​នៅ​ក្រសួង​មហាផ្ទៃ។ ​វីអូអេ​មិន​អាច​ទាក់​ទង​សុំ​ការ​អធិប្បាយ​ពី​លោក ​ម៉េត​ មាសភក្តី​ មន្ត្រី​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​បាន​ទេ​ដោយ​សារ​ទូរស័ព្ទ​លោក​រោទិ៍​ តែ​គ្មាន​អ្នក​ទទួល។​

លោក ​អំ សំអាត​ នាយក​រង​ទទួល​បន្ទុក​ឃ្លាំ​មើល​ និង​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​ មាន​ប្រសាសន៍​ថា​ទង្វើ​ហាម​ឃាត់​របស់​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​មក​លើ​ក្រុម​អ្នក​តវ៉ា​ មិន​បង្ហាញ​ឲ្យ​ឃើញ​ថារដ្ឋាភិបាល​កម្ពុជា​ផ្តល់​តម្លៃ​ដល់​ប្រព័ន្ធ​ប្រជា​ធិបតេយ្យ​ដែល​យក​ជា​ប្រជា​ពលរដ្ឋ​ជា​ធំ​នោះ​ទេ។​

«ទង្វើ​នៃ​រូបភាព​ទាំង​អស់​នេះ​ គឺ​វា​មិនមែន​តែ​ ដើរ​នៅ​ក្នុង​គន្លង​ប្រជា​ធិបតេយ្យ​ទេ​ គឺ​វា​ផ្ទុយ​ទៅ​វិញ​គឺ​ វា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ទៅ​ដល់​សេរីភាព​របស់​ប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​លទ្ធិ​ប្រជា​ធិបតេយ្យ​...​អ៊ីចឹង​ហើយ​បាន​ជា​គេ​លើក​ឡើង​ ​ឬក៏​មតិ​ជាតិ​មួយ​ចំនួន​ និង​អន្តរជាតិ​ គេ​លើក​ឡើង​ថា​ប្រទេស​កម្ពុជា​យើង​ហ្នឹង​ លទ្ធិ​ប្រជា​ធិបតេយ្យ​ និង​ការ​គោរព​សិទ្ធិ​មនុស្ស​កំពុង​តែ​បោះ​ជំហាន​ថយ​ក្រោយ»។​ ​

ពាក់​ព័ន្ធ​នឹង​ការ​ហាម​ឃាត់​មិន​ឲ្យ​អ្នក​កាសែត​ចូល​យក​ព័ត៌មាន​ក្នុង​ផ្សារ​សាធារណៈ​ដោយ​គ្មាន​ហេតុផល​នោះ​ ​មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ​យល់​ថា​ នេះ​ជា​ការ​រំលោភ​សិទ្ធិ​សេរីភាព​សារ​ព័ត៌មាន។​

អាជ្ញាធរ​ផ្សារ​អូឡាំពិក​ និង​កងសន្តិសុខ​ក្នុង​ខណ្ឌ​បឹងកេងកង ក្នុង​ទីក្រុង​ភ្នំពេញ​ នៅ​ថ្ងៃ​ទី​១២ ខែសីហា​ ឆ្នាំ​២០២០។ (ហ៊ុល រស្មី/វីអូអេ)
អាជ្ញាធរ​ផ្សារ​អូឡាំពិក​ និង​កងសន្តិសុខ​ក្នុង​ខណ្ឌ​បឹងកេងកង ក្នុង​ទីក្រុង​ភ្នំពេញ​ នៅ​ថ្ងៃ​ទី​១២ ខែសីហា​ ឆ្នាំ​២០២០។ (ហ៊ុល រស្មី/វីអូអេ)

ប៉ុន្តែ​ លោក​នាយ​ឧត្តម​សេនីយ៍​ឆាយ​ គឹម​ខឿន​ អ្នក​នាំពាក្យ​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ​ មាន​ប្រសាសន៍​ថា ​ គ្មាន​ការ​ហាម​ឃាត់​ណា​មួយ​មិន​ឲ្យ​អ្នក​កាសែត​ចុះ​យក​ព័ត៌មាន​ក្នុង​ផ្សារ​ទេ។​លោក​ថា​ ការ​ហាម​ឃាត់​នោះ​ អាច​មក​ពី​អ្នក​គ្រប់គ្រង​ផ្សារ​ រៀបចំ​ការពារ​សណ្តាប់​ធ្នាប់​ក្នុង​ផ្សារ។​

«អត់​មាន​ឃាត់​អ៊ីចឹង​ទេ​អូន។ ​អត់មាន​ទេ​ មាន​ច្បាប់​ទម្លាប់​ណា​ឃាត់​អ៊ីចឹង?»​

លោក​បន្ថែម​ថា៖​

«រឿង​គ្នា​កំពុង​ដោះស្រាយ​សណ្តាប់​ធ្នាប់​ រឿង​អី​ទេ​ដឹង!​ អាហ្នឹង​អូន​ឯង​ព្រឹកមិញ​មិន​ទៅ​សួរ​អ្នក​គ្រប់​គ្រង​ផ្សារ​អូន»។​

ការ​តវ៉ា​របស់​ក្រុម​យុវជន​ខ្មែរ​ថាវរៈ​ និង​អ្នក​តវ៉ា​ឯទៀត​ដើម្បី​ដាស់​តឿន​ពី​ការ​ស្រឡាញ់​ជាតិ​ខ្មែរ​នៅ​ថ្ងៃ​នេះ​កើត​មាន​ឡើង​នៅចំ​ពេល​ដែល​សហភាព​អឺរ៉ុប​ផ្តើម​យក​ពន្ធ​២០​ភាគ​រយ​ លើ​ទំនិញ​នាំចូល​ពី​កម្ពុជា​ទៅ​ក្នុង​ទីផ្សារ​សហភាព​អឺរ៉ុប​ តាម​កម្មវិធី​អនុ​គ្រោះពន្ធ​លើ​«គ្រប់​មុខ​ទំនិញ​ទាំងអស់​លើក​លែង​សព្វាវុធ» ​ឬ​ហៅ​កាត់​ថា​ EBA។​ ការ​សម្រេច​យក​ពន្ធ​នេះ​ ធ្វើ​ឡើង​ ដោយសារ​សហភាព​អឺរ៉ុប​រក​ឃើញ​ថា​ កម្ពុជា​បាន​រំលោភ​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ៕

XS
SM
MD
LG