ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្មជន​អតីត​សមាជិក​គណបក្ស​ប្រឆាំង​បីនាក់ ត្រូវ​ចាប់​ដាក់​ពន្ធនាគារ​ចំពោះ​សកម្មភាព​ប្រឆាំង​ការចាប់​ខ្លួន​លោក រ៉ុង ឈុន


រូបឯកសារ៖ លោក​ ប៉ាវ ស៊ីណា​ ​ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា (នៅ​ខាង​ឆ្វេង​ដៃ)​ លោក​រ៉ុង ឈុន​​ប្រធាន​សហភាព​សហជីព​កម្ពុជា​ (នៅកណ្តាល​)​ និង​លោក​អាត់ ធន់​ប្រធាន​សហភាព​ការ​ងារ​កម្ពុជា (នៅខាង​ស្តាំដៃ)​ ចូលរួម​រំឭក​ខួប​លើក​ទី​១៦ឆ្នាំនៃឃាតកម្ម​លើ​លោក​ជា វិជ្ជា។ (ហ៊ុល រស្មី៊/វីអូអេ)
រូបឯកសារ៖ លោក​ ប៉ាវ ស៊ីណា​ ​ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា (នៅ​ខាង​ឆ្វេង​ដៃ)​ លោក​រ៉ុង ឈុន​​ប្រធាន​សហភាព​សហជីព​កម្ពុជា​ (នៅកណ្តាល​)​ និង​លោក​អាត់ ធន់​ប្រធាន​សហភាព​ការ​ងារ​កម្ពុជា (នៅខាង​ស្តាំដៃ)​ ចូលរួម​រំឭក​ខួប​លើក​ទី​១៦ឆ្នាំនៃឃាតកម្ម​លើ​លោក​ជា វិជ្ជា។ (ហ៊ុល រស្មី៊/វីអូអេ)

អ្នក​ទាំង​បី​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ល្មើស​ស្រដៀង​គ្នា​ គឺ​បទ​ចោទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ដល់​សង្គម។​

តុលាការ​រាជធានី​ភ្នំពេញ​សម្រេច​ឃុំខ្លួន​សកម្មជន​ដែល​ជាអតីត​សមាជិក​គណបក្ស​ប្រឆាំង​បីនាក់​ ចំពោះ​សកម្មភាព​របស់​ពួកគេ​ក្នុង​ការ​ចូលរួម​ទាមទារ​ឲ្យ​មាន​ការ​ដោះ​លែង​លោក ​រ៉ុង ឈុន។​

លោក​ រ៉ុង ឈុន ​ប្រធាន​សហភាព​សហជីព​កម្ពុជា ​ត្រូវ​បាន​ចាប់​ខ្លួន​ចំពោះ​ការ​រិះគន់​អំពី​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​បង្គោល​ព្រំដែន​កម្ពុជា​វៀតណាម​នៅ​ខេត្ត​ត្បូងឃ្មុំ។​

សកម្មជន​ទាំងបី​ត្រូវ​បាន​ចាប់​ខ្លួន​ ក្នុង​ពេល​ដាច់​ដោយ​ឡែក​ពីគ្នា​ គឺ​ពីរ​នាក់​ឈ្មោះ​ ជុំ ពុទ្ធី ​និង​ ឈួ ផេង​ ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​កម្លាំង​សន្តិសុខ​ចម្រុះ​ កាល​ពី​យប់​ថ្ងៃ​អង្គារ​ គឺ​នៅ​ពេល​ពួកគេ​ចុះ​ឃ្លាំ​មើល​ព្រះ​សង្ឃ​ចំនួន​៨​អង្គ​និមន្ត​ពី​ខេត្ត​បាត់ដំបង​ ដែល​មាន​បំណង​តស៊ូ​មតិ​ប្រឆាំង​ការ​ចាប់​ខ្លួន​លោក ​រ៉ុង ឈុន ​ប៉ុន្តែ​ត្រូវ​ឃាត់​ព្រះកាយ​ និង​ដាក់​នៅ​វត្ត​មួយ។​

អ្នកស្រី ​ឈឿន ដារ៉ាវី​ ជា​សកម្មជន​ក្រុម​យុវជន​ខ្មែរ​ថាវរៈ​ ដែល​តែង​តែ​ផ្សាយ​ផ្ទាល់​ការ​តវ៉ា​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក ​ប្រាប់ ​VOA ​ថា ​កាល​ពី​ថ្ងៃទី​៤ ខែ​សីហា ​កម្លាំង​សន្តិសុខ​ចម្រុះ​បាន​ឃាត់​ខ្លួន​មនុស្ស​ចំនួន​៤​នាក់​ ក្នុង​នោះ​មាន​ស្ត្រី​មាន​ផ្ទៃពោះ​ម្នាក់​ផង​នៅ​ក្នុង​វត្ត​ថាន់​ ទី​ដែល​ព្រះ​សង្ឃ​៨​អង្គ ​ត្រូវ​បាន​ឃាត់​សួរ។​

អ្នកស្រី​ថា​ ក្នុង​ចំណោម​មនុស្ស​ទាំង​បួន​នាក់​ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​នោះ​ គឺ​មាន​ពីរ​នាក់​ដែល​ជា​សកម្មជន​និង​ជាអតីត​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ ហើយ​ពួក​គេ​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ។​ ចំណែក​ស្ត្រី​ដែល​មាន​ផ្ទៃពោះ​ ហើយ​ត្រូវ​បាន​ដោះ​លែង​នោះ​ ត្រូវ​បាន​អាជ្ញា​ធរ​បង្គាប់​បញ្ជា​ឲ្យ​លាក់​បាំង​ព័ត៌មាន​អំពី​ការ​ចាប់​ខ្លួន​នោះ។​

«គឺ​បួន​នាក់​ ស្រី​មា្នក់ ​ប្រុស​បី​នាក់​ តែ​ដោយសារ​បង​ស្រី​ហ្នឹង​ គាត់​មាន​ទម្ងន់​ហើយ​ក៏​គេ​ចាប់​គាត់​បី​នាក់​ គេ​ដោះ​លែង​គាត់​ចេញ​មក​វិញ​ ហើយ​ក្នុង​ហ្នឹង​គឺ​ គេ​ដាក់​លក្ខខណ្ឌ​ជាមួយ​បង​ស្រី​ហ្នឹង​ថា ​មិន​ឲ្យ​ផ្តល់​ព័ត៌​មាន​ទៅ​ណា​អី​ចឹង»។​


សកម្ម​ជន​ក្រុម​យុវជន​ខ្មែរ​ថាវរៈ​រូប​នេះ​ អះអាង​ថា​ រហូត​មក​ដល់​ពេល​នេះអាជ្ញាធរ​ដែល​ស្លៀកពាក់​ឯក​សណ្ឋាន​ជា​មន្ត្រីន​គរបាល​ និង​ស៊ីវិល​ បាន​មក​ឃ្លាំ​មើល​ទីកន្លែង​ស្នាក់​នៅ​របស់​អ្នកស្រី។​

«នេះ​ស​បញ្ជាក់​ថា​ គេ​កំពុង​តែ​គំរាម​បំបាក់​ស្មារតី​យុវជន​ ដែល​ចូលរួម​តវ៉ា​ទាម​ទារ​រក​យុត្តិធម៌​ឲ្យ​លោក ​រ៉ុង ឈុន ​ហ្នឹង។ ​ ហើយ​ជាក់​ស្តែង​ពួក​ខ្ញុំ​អត់​មាន​ការ​រួញរា​ទេ​ គឺ​យើង​គិត​ថា​ កិច្ចការ​ដែល​យើង​ត្រូវ​ធ្វើ​ហ្នឹង​គឺ​ត្រឹម​ត្រូវ​ហើយ​ គឺ​ឆ្ពោះ​ទៅហើយ​បើ​ទោះ​ជា​គេ​តាម​ដាន។​ ឥឡូវ​ហ្នឹង​ គឺ​គ្រប់ជំហាន​ដែល​គេ​តាម​ ដល់​ផ្ទះ ​ហើយ​នឹង​ចេញពី​ផ្ទះ​ទៅណា ៗ​ តាម​ខ្ញុំ​ ពួក​ខ្ញុំ​គ្រប់​វិនាទី​ អ៊ីចឹង​ហ្មង​ មក​ដល់​ឥឡូវ»។​

ចំណែក​សកម្មជន​ម្នាក់​ទៀត​ គឺ​កញ្ញា ​ស កន្និកា​ ត្រូវ​បាន​ឃាត់​ខ្លួន​ ក្រោយ​ចេញ​ពី​សិក្ខាសាលា​មួយ​ក្នុង​ទី​ក្រុង​ភ្នំពេញ​ កាល​ពី​សប្តាហ៍​មុន។ ​នេះ​បើ​តាម​មន្រ្តី​សិទ្ធិ​មនុស្ស។​

អ្នក​ទាំង​បី​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ល្មើស​ស្រដៀង​គ្នា​ គឺ​បទ​ចោទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ដល់​សង្គម។​

ចំណែក​អតីត​មន្ត្រី​គណបក្ស​ប្រឆាំង​ថ្នាក់​សង្កាត់​ម្នាក់​ទៀត​ គឺ​លោក ​អ៊ុក សំអូន ​ក៏​ត្រូវ​បាន​ឃាត់​ខ្លួន​ដំណាល​គ្នា​លោក ​ជុំ ពុទ្ធី​ និង​លោក ​ឈួ ផេង​ដែរ។​ ប៉ុន្តែ​លោក​សំអូន ​ដែល​ជា​អតីត​ចៅសង្កាត់​សង្កាត់​ដង្កោ​ត្រូវ​បាន​ដោះលែង​មក​វិញ​ ដោយសារ​គ្មាន​ភស្តុតាង​គ្រប់​គ្រាន់។ ​នេះ​បើ​តាម​លោក ​អំ សំអាត​ នាយក​រង​ទទួល​បន្ទុក​ឃ្លាំ​មើល​ និង​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ។​

លោក​ អំ សំអាត ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​ ការ​ចាប់​ខ្លួន​នេះ​រង​ការ​រិះគន់​ពី​សាធារណជន​ថា ​ជា​ទង្វើ​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ។​

«កន្លង​មក​ប៉ុន្មាន​អាទិត្យ​នេះ​ក្រុម​យុវជន​ហ្នឹង​ មាន​ការ​ទាម​ទារ​ និង​តវ៉ា​ជា​បន្តបន្ទាប់​ អ៊ីចឹង​ការ​ឃាត់​ និង​ការ​ចោទ​ប្រកាន់​ និង​ឃុំ​ខ្លួន​នេះ​ ចង់​មិន​ចង់​ គេ​ចោទ​ថា ​ វាជា​ការ​គំរាម​កំហែង​ និង​បំភិត​បំភ័យ​ទៅ​ដល់​យុវជន​ដទៃ​ទៀត​ក្នុង​ការ​ចូលរួម​ក្នុង​សង្គម​ជា​ពិសេស​ការ​តវ៉ា​ និង​ការ​ជួបជុំ​ប្រមូលផ្តុំ​ដោយ​សន្តិវិធី​នោះ»។​

បើ​តាម​លោក ​អំ ​សំអាត​កញ្ញា ​ស កន្និកា​ត្រូវ​បាន​ឃាត់​ខ្លួន​ជាមួយ​យុវជន​ពីរ​នាក់​ទៀត​ គឺ​យុវជន​ ជុំ ហួត​ និង​ជុំ ហួ។ ​ប៉ុន្តែ​យុវជន​ទាំង​ពីរ​ត្រូវ​បាន​ដោះ​លែង​មកវិញ​ បន្ទាប់​ពី​បាន​ធ្វើ​កិច្ច​សន្យា​ជា​មួយ​មន្ត្រី​នគរបាល។​

លោក​ សំ សុគង់​ មេធាវី​ការពារ​ក្តី​ឲ្យ​សកម្មជន​ទាំង​បីនាក់​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​មណ្ឌល​អប់រំ​កែប្រែ​ពីរ​ មាន​ប្រសាសន៍​ថា​ កូន​ក្តី​លោក​ មិន​បាន​ធ្វើ​សកម្ម​ភាព​ណាមួយ​ដែល​ស្តែង​ឲ្យ​ឃើញ​ជា​បទ​ល្មើស​ ដែល​អាច​បើក​ផ្លូវ​ឲ្យ​តុលា​ការ​ចោទ​ប្រកាន់​បាន​ទេ។​ លោក​យល់​ថា​សកម្មភាព​ទាមទារ​យុត្តិធម៌​ឲ្យ​លោក​ រ៉ុង ឈុន ​នោះ ​គឺ​ជា​ការ​បញ្ចេញ​មតិ​ប៉ុណ្ណោះ។​

«សម្រាប់​ខ្ញុំ​ ខ្ញុំ​គិត​ថា​វា​មិន​មែន​ជារឿង​ការ​អនុវត្ត​ច្បាប់​ទេ។​ ភាគ​ច្រើន​គឺ​ជា​រឿង​ទាក់​ទង​នឹង​បញ្ហា​នយោបាយ​ច្រើន​ជាង​ការ​អនុវត្ត​ច្បាប់»។​

បើ​តាម​លោក​មេធាវី​ សំ សុគង់​ កញ្ញា ​ស កន្និកា ​ដែល​ត្រូវ​បាន​ចោទ​ពី​បទ​ញុះញង់​ឲ្យ​មាន​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម​ គឺ​ជា​អតីត​យុវជន​របស់​គណបក្ស​សង្រ្គោះ​ជាតិ​ នៅ​ខេត្ត​កណ្តាល។​ លោក​ ជុំ ពុទ្ធី​ ជា​អតីត​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ខេត្ត​ស្វាយរៀង ​ហើយ​លោក ​ឈួ ផេង ​គឺជា​អ្នក​គាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​ខណ្ឌដង្កោ។​

លោក ​អ៊ី រិន​ អ្នក​នាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​ បញ្ជាក់​ថា ​តុលាការ​ចោទ​ប្រកាន់​ និង​សម្រេច​ឃុំខ្លួន​សកម្មជន​លោក​ ជុំ ពុទ្ធី​ និង​លោក​ ឈួ ផេង​ ប៉ុន្តែ​លោក​បដិសេធ​មិន​ផ្តល់​សេចក្តី​លម្អិត។​

«ឈួ ផេង​ ហើយនឹង ​ជុំ ពុទ្ ធី​ហ្នឹង​ត្រូវ​បាន​ គេ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​មាន​ភាព​វឹកវរ​ទៅ​ដល់​សន្តិសុខ​សង្គម​តាម​មាត្រា​៤៩៤ ​ហើយ​នឹង​មាត្រា​៤៩៥​ នៃ​ក្រម​ព្រហ្មទណ្ឌ​ ហើយ​ចៅក្រម​ស៊ើបសួរ​បាន​សម្រេច​ឃុំ​ខ្លួន​គាត់​នៅ​ មណ្ឌល​អប់រំ​កែប្រែ​ទីមួយ»។​

លោក ​អ៊ី រិន មាន​ប្រសាសន៍​ថា​ លោក​មិន​ដឹង​អំពី​ករណី​របស់​កញ្ញា​ ស កនិ្នកា ​ដោយ​បាន​បង្វែរ​ឲ្យ​សួរ​លោក ​គុជ គឹមឡុង​ អ្នក​នាំពាក្យ​មួយ​រូប​ទៀត​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ។ ​លោក​ គុជ គឹមឡុង​ បដិសេធ​មិន​ផ្តល់​ការ​អធិប្បាយ។​

គួរ​បញ្ជាក់​ថា​លោក ​រ៉ុង ឈុន​ ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៣១​ ខែ​កក្កដា ​ក្រោយ​ពីលោក​បាន​ចុះ​ទៅ​ខេត្ត​ត្បូង​ឃ្មុំ។ ​លោក​បាន​ជួប​ប្រជា​ពលរដ្ឋ ​ដែល​អះអាង​ថា ​ដី​របស់​ពួកគេ​ត្រូវ​បាន​វៀតណាម​ហាម​មិន​ឲ្យ​ធ្វើ​ស្រែ​ចម្ការ ​ហើយ​ការ​បោះ​បង្គោល​ព្រំដែន​បាន​ចូល​មក​ទឹក​ដី​កម្ពុជា​ជា​ច្រើន​រយ​ម៉ែត្រ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG