ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​គាំទ្រ​លោក​រ៉ុង ឈុន​ស្វែង​រក​អន្តរាគមន៍​ពី​អង្គ​ទូត ​ក្រោម​ការ​ឃ្លាំ​មើល​យ៉ាង​តឹងរ៉ឹង​ពី​កម្លាំង​សន្តិសុខ


រូបឯកសារ៖ លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា ឈរ​ជាមួយ​នឹង​បាតុករ​លើក​រូបភាព​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ភរិយា គឺ​លោកស្រី ប៊ុន រ៉ានី ខណៈ​ដែល​ពួកគេ​ស្នើ​សុំ​អត្ថប្រយោជន៍​ការងារ​សម្រាប់​ជួយ​កម្មករ ថ្ងៃ​ទី ២៩ ខែកក្កដា ឆ្នាំ​២០២០។
រូបឯកសារ៖ លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា ឈរ​ជាមួយ​នឹង​បាតុករ​លើក​រូបភាព​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ភរិយា គឺ​លោកស្រី ប៊ុន រ៉ានី ខណៈ​ដែល​ពួកគេ​ស្នើ​សុំ​អត្ថប្រយោជន៍​ការងារ​សម្រាប់​ជួយ​កម្មករ ថ្ងៃ​ទី ២៩ ខែកក្កដា ឆ្នាំ​២០២០។

ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ដែល​គាំទ្រ​លោក រ៉ុង ឈុន ​នៅ​រសៀល​ថ្ងៃ​សុក្រ​នេះ ​បាន​ប្រមូល​ផ្តុំ​គ្នា​ដាក់​ញត្តិ​ទៅ​ស្ថាន​ទូត​អាមេរិក​បារាំង និង​សហភាព​អឺរ៉ុប ដើម្បីសុំ​អន្តរាគមន៍​ទាមទារ​ឲ្យ​ដោះ​លែង​មេ​ដឹកនាំ​សហជីប​រូប​នេះ​ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ ទាក់ទង​នឹង​ការ​រិះគន់​បញ្ហា​ព្រំដែន។​

អ្នក​តវ៉ា​មួយ​ចំនួនពាក់​អាវ​ស ​ដែល​មាន​រូប​លោក ​រ៉ុង ឈុន ​និង​មាន​សារ​ថា​ «ប្រទេស​ជាតិ​ជា​របស់​យើង​ទាំង​អស់​គ្នា»។​ ពួកគេ​ស្រែក​ថា ​«ដោះ​លែង​លោក រ៉ុង ឈុន» និង«​លោក រ៉ុង ឈុន គ្មាន​កំហុស​ទេ»។​ ការ​តវ៉ា​របស់​ពួកគេរាប់​សិប​នាក់ក៏​ត្រូវ​បាន​ឃ្លាំ​មើល​ដោយ​កម្លាំង​អាជ្ញាធរ​កង​សន្តិសុខ​រាប់​សិប​នាក់​យ៉ាង​តឹង​រ៉ឹង​ផង​ដែរ។​

បន្ទាប់​ពី​ដាក់​ញត្តិ​សុំ​អន្តរាគមន៍​នៅ​ស្ថានទូត​អាមេរិក​ហើយ ពួកគេ​ក៏​បន្ត​ដំណើរ​ទៅ​ស្ថានទូត​បារាំង​ផង​ដែរ។ ​ប៉ុន្តែ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ដើរ​នោះ​ទេ។​ អាជ្ញាធរ​ចង់​ឲ្យ​ពួកគេ​ធ្វើ​ដំណើរ​តាម​រ៉ឺម៉ក​កង់​បី។​

ក្រោយ​ដាក់​ញត្តិ​នៅ​ស្ថានទូតទាំងពីរ លោក ​រ៉ុង វ៉ាន់​ ក្មួយ​ប្រុស​លោក ​រ៉ុង ឈុន​ មាន​ប្រសាសន៍​ថា អ្នក​គាំទ្រនឹង​បន្ត​ដាក់​ញត្តិ​ទៅ​ស្ថាន​ទូត​ផ្សេង​ទៀត​នៅ​ពេល​ក្រោយ។

លោក​ ហ៊ុន វណ្ណៈ ​អាយុ​៣៨​ឆ្នាំ​ ជា​សមាជិក​នៃ​យុវជនខ្មែរ​ថាវរៈ​ ដែល​បាន​ចូលរួម​ការ​តវ៉ា​នេះ​ដែរ​ លើក​ឡើង​ថា ​អាជ្ញាធរ​មិន​ឲ្យ​ពួកគេ​ដើរ​នោះ​ទេ​ ដោយ​សារ​ខ្លាច​មាន​ការ​ដឹង​ឭ​ដល់​ប្រជា​ពលរដ្ឋ​នៅ​ភ្នំពេញ។​

លោក​មាន​ប្រសាសន៍​ថា៖​ «ពេល​ដែលយើង​ដើរ​តាម​ផ្លូវ​លើក​បដា​ឬ​ក៏​ស្រែក​អ៊ីចឹង​ទៅ ​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​ឆ្ងល់​ចង់​ដឹង ​ហើយ​អា​រឿង​ហ្នឹង​និយាយ​តៗ​គ្នា​ផ្សព្វផ្សាយ​ ធ្វើ​ឲ្យ​តុលាការ​ក៏​ដូច​ជា​ខាង​ប្រព័ន្ធ​យុត្តិធម៌​ ក៏ដូច​ជា​ចំណាត់​របស់​រដ្ឋាភិបាល​ហ្នឹង​ត្រូវ​បាន​គេ​រិះគន់។ ដល់​អ៊ីចឹង​បាន​គេ​មិន​ចង់​ឲ្យ​យើង​ដើរ»។​

កន្លង​ទៅ​អាជ្ញាធររាជធានី​ភ្នំពេញ​បាន​លើក​ឡើង​ថា​ រាល់​ការ​តវ៉ាប្រមូល​ផ្តុំ​ត្រូវ​សុំ​ការ​អនុញ្ញាត​ពី​សាលា​ក្រុង។​ ចំណែក​ក្រសួង​យុត្តិធម៌​ក៏​បាន​ព្រមាន​ចាត់​វិធានការ​ផ្លូវ​ច្បាប់​លើ​អ្នក​តវ៉ា​ទាមទារ​ឲ្យដោះ​លែង​លោក​ រ៉ុង ឈុន ​និងប្រឆាំង​នឹង​ចំណាត់​ការ​របស់​តុលាការ​ផង​ដែរ។​

លោក ​រ៉ុង ឈុន ​ដែល​ជាអ្នក​តាម​ដាន​បញ្ហា​ព្រំដែន​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​យប់​ថ្ងៃសុក្រ​ទី​៣១​ ខែ​កក្កដា​ នៅ​គេហដ្ឋាន​របស់​លោក ​ក្នុង​ទីក្រុង​ភ្នំពេញ​ ចំពោះ​ការ​អធិប្បាយ​នានា​របស់​លោក​ពាក់ព័ន្ធ​នឹង​ការ​បោះ​បង្គោល​ព្រំដែន​កម្ពុជា​វៀតណាម ​នៅ​ខេត្ត​ត្បូងឃ្មុំ។​

មេដឹកនាំ​សហជីព​រូបនេះ​ត្រូវ​បាន​ចោទ​ប្រកាន់​ថាបាន​ប្រព្រឹត្ត​បទ​ល្មើស​ជាក់​ស្តែង ​និង​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ក្នុង​សង្គម​ ដោយ​យោង​តាម​មាត្រា ​៤៩៥​ នៃ​ក្រម​ព្រហ្ម​ទណ្ឌ​កម្ពុជា។​ បទ​ចោទ​នេះ​ត្រូវ​បាន​រិះគន់​ថា​ ប្រើ​ប្រាស់​ជា​ញឹក​ញាប់ដើម្បី​បំបិទ​សំឡេង​អ្នក​រិះគន់​ក្នុង​ប្រទេស៕

XS
SM
MD
LG