អ្នកស្រី Peng Shuai ជើងឯកកីឡាវាយកូនបាល់ឬវាយតឺនីសចិនដែលបាត់ខ្លួន បានបង្ហាញខ្លួនជាថ្មីជាសាធារណៈកាលពីថ្ងៃអាទិត្យនៅឯកន្លែងប្រកួតកីឡាយុវជនមួយក្នុងទីក្រុងប៉េកាំងហើយក្រោយមក បានប្រាប់មន្ត្រីអូឡាំពិកម្នាក់ថា អ្នកស្រីមានសុវត្ថិភាពហើយមានសុខភាពល្អទេ។
អ្នកស្រី Peng មិនត្រូវបានគេឃើញចាប់តាំងពីដើមខែនេះមក បន្ទាប់ពីអ្នកស្រីបានចោទប្រកាន់លោក Zhang Gaoliអតីតឧបនាយករដ្ឋមន្ត្រីចិនពីការចាប់បង្ខំអ្នកស្រីឱ្យរួមភេទកាលពីប៉ុន្មានឆ្នាំកន្លងមកនេះ។ អវត្តមានរបស់អ្នកស្រីពីក្រសែភ្នែកសាធារណជន បានបណ្តាញឲ្យមានការទាមទារពីអន្តរជាតិឲ្យពួកមន្ត្រីចិនប្រាប់ពីសុវត្ថិភាពរបស់អ្នកស្រី។
កាលពីថ្ងៃអាទិត្យ អតីតជើងឯកវាយកូនបាល់ឬតឺនិសអូឡាំពិក៣លើករូបនេះ បានបង្ហាញខ្លួនដោយឈរនៅខាងក្រៅកន្លែងវាយកូនបាល់ឬតឺនិស គ្រវីដៃហើយចុះហត្ថលេខាលើកូនបាល់វាយតឺនិសសម្រាប់ពួកកូនក្មេង។
ក្រោយមក អ្នកស្រីបាននិយាយទូរស័ព្ទរយៈពេល៣០នាទីជាមួយលោក Thomas Bach ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ(IOC)ដែលបាននិយាយថា អ្នកស្រី សូមថ្លែងអំណរគុណគណៈកម្មាធិការអូឡាំពិកអន្តរជាតិចំពោះការព្រួយកង្វល់អំពីអ្នកស្រី។
គណៈកម្មាធិការអូឡាំពិកអន្តរជាតិ(IOC) បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «អ្នកស្រីបានពន្យល់ថា អ្នកស្រីមានសុវត្ថិភាពនិងសុខភាពល្អ ដោយកំពុងរស់នៅឯផ្ទះរបស់អ្នកស្រីក្នុងទីក្រុងប៉េកាំង ក៏ប៉ុន្តែចង់ឲ្យមានការគោរពឯកជនភាពរបស់អ្នកស្រីនៅពេលនេះ»។
ការបាត់ខ្លួននិងការចោទប្រកាន់របស់អ្នកស្រី Peng ប្រឆាំងអតីតមន្ត្រីចិន កើតមានឡើងនៅពេលដែលរដ្ឋាភិបាលក្រុងប៉េកាំងគ្រោងធ្វើជាម្ចាស់ផ្ទះរៀបចំកីឡាអូឡាំពិករដូវរងាដោយចាប់ផ្តើមនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅពេលដែលមានការថ្កោលទោសពីសំណាក់អន្តរជាតិអំពីប្រវត្តិសិទ្ធិមនុស្សរបស់ចិន៕
(ព័ត៌មានខ្លះនៅក្នុងអត្ថបទនេះមានប្រភពពីទីភ្នាក់ងារព័ត៌មាន Reutersនិង AP)