ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

ហេតុអ្វី​ចិន​កំពុង​និយាយ​សម្រាល​ពី​ការ​បាត់ខ្លួន​ជើងឯក​​តឺនីស​​ដែល​បាន​ចោទ​ប្រកាន់​ពី​ការបៀតបៀន​ផ្លូវ​ភេទ​នោះ?


រូប​ឯកសារ៖​ អ្នក​ស្រី Peng Shuai ជើងឯក​វាយ​កូនបាល់​ឬ​​តឺនីស​របស់​ចិន​ ក្នុង​​ការ​ប្រកួត​នៅ​ប្រទេស​បារាំង​នៅ​ឆ្នាំ​២០១៧។

អ្វី​ដែល​ទំនងជា​ការបាត់​ខ្លួន​ជើងឯកកីឡា​វាយ​កូនបាល់ឬ​តឺនីស​អូឡាំពិក​ចិនម្នាក់ដែល​បាន​ចោទ​ប្រកាន់​ថា នាង​បាន​រង​ការបៀតបៀនផ្លូវភេទ​ពីអតីត​មន្ត្រីជាន់​ខ្ពស់​ម្នាក់​នៃ​ការិយាល័យ​នយោបាយ​មជ្ឈិម​បក្ស​ហាក់​ដូច​បង្ហាញ​ថា រដ្ឋាភិបាល​ចិន​ចង់​ទប់ស្កាត់​រាល់​ការគំរាម​កំហែង​ណាមួយ​ដល់​ការគ្រប់​គ្រង​របស់​ខ្លួន។ នេះ​បើ​តាម​ពួក​អ្នក​សង្កេតការណ៍បញ្ជាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៨ ​ខែ​វិច្ឆិកា។

អ្នក​ស្រី Peng Shuai អាយុ​៣៥​ឆ្នាំ ជា​អតីត​អ្នក​លេង​កីឡា​វាយ​កូនបាល់ម្ខាង​២នាក់​ប្រចាំ​អាជីព​ដែល​បាន​ពាន​រង្វាន់​លេខ១​របស់​ពិភពលោក បាន​និយាយ​តាម​សេវាកម្ម​បណ្តាញសង្គម​ចិន Weibo កាល​ពី​ថ្ងៃ​ទី២ ខែ​វិច្ឆិកា​ថា អតីត​ឧបនាយក​រដ្ឋមន្ត្រី​លោក Zhang Gaoli បាន​ធ្វើ​ការបៀតបៀន​ផ្លូវ​ភេទ​លើ​អ្នក​ស្រី។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​វីអូអេ​ផ្សាយ​ជា​ភាសា​ចិន។

ពួក​អាជ្ញាធរ​ចិន បាន​លុបចោល​ការចុះផ្សាយ​នេះ​យ៉ាង​ឆាប់​រហ័ស។ ក៏​ប៉ុន្តែ​នៅ​សប្តាហ៍​នេះ ក្រុម​អង្គការ​សិទ្ធិ​មនុស្ស បាន​ចាប់ផ្តើម​សួរ​ថា តើ​គេ​អាច​រក​អ្នក​ស្រី Peng នៅ​ទី​ណា ហើយ​សមាគម​វាយ​កូន​បាល់​តឺនីសស្ត្រីដែល​មាន​ទីតាំង​នៅ​ក្នុង​សហរដ្ឋ​អាមេរិក បាន​ទាមទារ​ថា ការ​អះអាង​របស់​អ្នក​ស្រី «ត្រូវតែ​ដោះស្រាយ​ឲ្យ​បាន​ត្រឹមត្រូវ មាន​ន័យ​ថា ការ​ចោទប្រកាន់​នោះ ត្រូវតែ​ស៊ើប​អង្កេត​ឲ្យ​បាន​ពេញលេញ ត្រឹមត្រូវ​មាន​តម្លាភាព​និង​ដោយ​គ្មាន​ការចាប់​ពិរុទ្ធ។ សមាគម​នេះ​ក៏​បាន​ព្រមាន​ដក​ការ​ប្រកួត​ចេញ​ពី​ប្រទេស​ចិន​ផង​ដែរ។

រដ្ឋាភិបាល​កុម្មុយនីស្ត​របស់​ចិន កម្រ​អត់​ឱន​ឲ្យ​ការធ្វើ​អត្ថាធិប្បាយ​អវិជ្ជមាន​អំពី​ពួក​មន្ត្រី​ខ្លួនណាស់។ មាន​សេចក្តីរាយការណ៍​ថា ពួក​អ្នក​ជំទាស់​ដូចជា​អ្នក​និពន្ធ អ្នក​ប្រឆាំង​និង​អ្នក​លក់​សៀវភៅ​នៅ​ក្រុង​ហុងកុង បាន​បាត់​ខ្លួន​បន្ទាប់​ពី​វាយ​ប្រហារ​លើ​ថ្នាក់​ដឹកនាំ។ អ្នក​ខ្លះ ប្រឈម​នឹង​ប្រព័ន្ធ​ផ្លូវ​ច្បាប់។

លោក Alexander Vuving ជា​សាស្ត្រាចារ្យ​នៅឯ​មជ្ឈមណ្ឌល Daniel K. Inouye សម្រាប់​ការសិក្សា​សន្តិសុខ​តំបន់​អាស៊ីប៉ាស៊ីហ្វិក​នៅ​កោះ​ហាវ៉ៃ បាន​និយាយ​ថា៖ «យើង​អាចភ្ជាប់​តម្រុយ​នានា​និងសង្ស័យ​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ស្ថិត​នៅ​ពីក្រោយ​រឿងទាំង​អស់​នេះ។ ពួក​គេ​បាន​ស្ថិត​នៅ​ក្នុង​ការ​ឃុំឃាំង​របស់​បក្ស»។

លោក Michael McCarty អ្នកស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ Baylor បាន​ថ្លែង​នៅ​ក្នុង​ការ​សិក្សា​មួយ​ថា ការ​គ្រប់គ្រងរបស់អ្នក​ដឹកនាំ​ចិន​ទៅ​លើការ​ចែកចាយ​ព័ត៌មាន «ផ្អែក​លើ​គំនិត​បែប​ប្រវត្តិសាស្ត្រ​មួយ​ដែល​ថា​អធិរាជ​ចិន​ដើរ​តួ​ជា​អ្នក​សម្របសម្រួល​រវាង​ឋាន​សួគ៌​និងឋាន​មនុស្សគឺ​មេ​ដឹកនាំ​ចិន​ជា​តួអង្គ​ពាក់​កណ្តាល​ទេវ»។

លោក Zhang អាយុ​៧៥ឆ្នាំ ជា​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍នៃ​ការិយាល័យ​នយោបាយ​មជ្ឈិម​បក្ស​កុម្មុយនីស្ត​និងជា​លេខាធិការ​បក្ស​កុម្មុយនីស្ត​នៅទីក្រុង​កំពង់ផែ Tianjin។ លោក​បាន​ធ្វើ​ជា​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​ដែល​ត្រួត​ពិនិត្យ​គម្រោង​ទំនប់​វារី​អគ្គីសនី Three Georges Dam និង​គម្រោង​ផ្លូវ​ក្រវាត់​ពាណិជ្ជកម្ម​របស់​ចិន។

លោក Huang Kwei-bo ជា​សាស្ត្រាចារ្យ​ជំនួយ​ផ្នែក​ការទូត​នៅ​ឯ​សាកលវិទ្យាល័យ​ជាតិ Chengchi នៅ​ទីក្រុង​តៃប៉ិ​នៃ​កោះ​តៃវ៉ាន់ បាន​និយាយ​ថា៖ «ខ្ញុំ​គិត​ថា គំនិត​នៅ​ពី​ក្រោយ​បញ្ហា​ដូចនេះ​ជា​និច្ចកាល​គឺ​ក្រុម​ទាំង​មូល​សំខាន់​ជាង​បុគ្គល​ម្នាក់ៗហើយ​ស្ថិរភាព​ស្ថិត​នៅ​ពី​លើ​អ្វីៗ​ទាំង​អស់ ដូច្នេះ​បើ​តាម​គំនិត​នេះ ជាការពិត លោក អ្នក អាច​មាន​ការ​គំនិត​ផ្សេងៗ​ក៏ប៉ុន្តែ ​ធ្វើ​យ៉ាង​ណាមិន​ឱ្យមាន​ផលប៉ះ ពាល់​ដល់​ស្ថិរភាព​ទូទៅនោះ​ទេ ហើយ​ថា ស្ថិរភាព​ទាំងមូល រួមបញ្ជូលការត្រួតត្រា​របស់​គណបក្ស​កុម្មុយនីស្ត​ផង​ដែរ»។

អ្នក​ស្រី Lu Pin អ្នកបង្កើត​បណ្តាញ​ព័ត៌មានសំឡេង​ស្ត្រី (Feminist Voices)​ដែល​ជា​បណ្តាញ​ព័ត៌មាន​អនឡាញដ៏​ធំ​បង្អស់​ស្តីពី​បញ្ហា​របស់​ស្ត្រី​នៅ​ប្រទេស​ចិន បាន​និយាយ​ថា ការចោទប្រកាន់​របស់​អ្នក​ស្រី Peng ធ្វើ​ឱ្យ​ពួក​អ្នក​កាន់​អំណាច​ចិន​មាន​ការ​ជាប់​ពាក់​ព័ន្ធនៅ​ក្នុង​ចលនា​ស្ត្រី #MeToo។

អ្នក​ស្រី Lu បាន​និយាយ​ទៀត​ថា៖ «បទពិសោធន៍​របស់​អ្នក​ស្រី បាន​ជំរុញ​ឲ្យ​ពលរដ្ឋ​គិត​អំពី​ចលនា​ស្ត្រី ពីព្រោះ​ចលនា​នេះ​ជៀស​មិន​ផុត​ពី​ការប្រឈម​នឹងអ្នក​មាន​អំណាច​ទាំង​នោះ។ ខ្ញុំ​ក៏​មើល​ឃើញ​ដែរ​ថា មនុស្ស​មាន​ការភ័យ​ខ្លាច​ពី​ការបាត់​ខ្លួន​របស់​អ្នក​ស្រី Peng។ ខ្ញុំ​ទស្សន៍ទាយ​ថា វា​ជា​ការពិបាក​ដើម្បី​និយាយ​ថា ភាព​អង់អាច​ក្លាហាន​របស់​អ្នក​ស្រី បាន​លើក​ទឹកចិត្ត​មនុស្ស​គ្រប់​រូប​នោះ។ ក៏ប៉ុន្តែ នៅ​ក្នុង​គំនិត​របស់​ខ្ញុំ​គឺ​ថា ការនិយាយ​មិន​សំចៃ​មាត់​របស់​អ្នក​ស្រី Peng មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​ចលនា #MeToo របស់​ចិន»។

ចិន​កំពុង​ជួប​រឿង​ចម្រូងចម្រាស

បណ្តាញ​ទូរទស្សន៍​ផ្លូវការ Global Television Network របស់​ចិន បាន​ចុះផ្សាយ​សារ​អ៊ីមែល​ជា​ភាសា​អង់គ្លេស កាលពី​ថ្ងៃ​ពុធ​ដែលគេ​អះអាង​ថា​បាន​សរសេរ​ដោយ​អ្នក​ស្រី Peng ដែល​និយាយ​ថា អ្នក​ស្រី​មិន​បាន​បញ្ជាក់ថា​សេចក្តីថ្លែងការណ៍​របស់​សមាគមតឺនីស​នោះពិត​ទេ ហើយ​ថា អ្នក​ស្រី​កំពុងសម្រាក​នៅ​ឯ​ផ្ទះ។

គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​បាន​និយាយ​ថា ខ្លួន «បាន​ទទួល​ការលើក​ទឹកចិត្ត​ដោយ​ការធានា​ថា អ្នក​ស្រី​មាន​សុវត្ថិភាព» ។ អ្នក​ស្រី Peng បាន​ចូលរួម​ការប្រកួត​កីឡា​អូឡាំពិក​រដូវ​ក្តៅ​នៅ​ក្នុង​ឆ្នាំ ២០០៨ ២០១២​និង​ឆ្នាំ២០១៦។

ទោះ​ជាយ៉ាងណាក៏ដោយ ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​និង​អ្នក​សង្កេតការណ៍​កីឡា​វាយ​កូន​បាល់​តឺនីស​បាន​សង្ស័យ​ពី​ការលាក់​បាំង។ បណ្តាញ​ព័ត៌មាន Tennis.com’s បាន​ចុះផ្សាយ​តាម​Twitter ថា «ខ្ញុំ​ពិបាកជឿ​ថា អ្នក​ស្រី Pang Shuai ប្រាកដ​ជា​បាន​សរសេរ​អ៊ីមែល​ដែល​យើង​បាន​ទទួល​នោះ»។

អង្គការ​សិទ្ធិ​មនុស្ស Human Rights Watch បាន​និយាយ​ថា សញ្ញា Hashtag #WhereisPengShuai «កំពុង​ត្រូវចែកចាយ​ច្រើនទូទាំង​ពិភពលោក» ហើយ​ជើង​ឯក​វាយ​កូន​បាល់​ផ្សេង​ទៀត​ដូច​ជា នាង Naomi Osaka, Serena Williams និង Novak Djokovic បាន​បង្កើន​ការព្រួយ​កង្វល់​អំពីអ្វី​ដែល​ទំនង​ជា​ការ​បាត់​ខ្លួន​នេះ។

អង្គការ​សិទ្ធិ​មនុស្ស Human Rights Watch បាន​បញ្ជាក់​ថា៖ «រដ្ឋាភិបាល​ចិន​ដែល​ជា​ដៃគូ​កីឡា​អូឡាំពិក​រដូវ​រងារ​របស់​គណៈកម្មាធិការ​កីឡា​អូឡាំពិក​អន្តរជាតិ (IOC) ជា​រឿយៗ​បាន​ធ្វើ​ឲ្យ​បុគ្គល​បាត់​ខ្លួន​ដោយ​ការបង្ខំដោយ​សារ​ការ​បញ្ចេញ​ទស្សនៈ​ឬ​សកម្មភាព​របស់​ពួក​គេត្រូវ​បាន​គេ​ចាត់ទុក​ថាជា​បញ្ហា​ឬ​ជា​ការ​អាម៉ាស់»។

លោក Daryl Adiar ជា​សាស្ត្រាចារ្យ​ជំនួយផ្នែក​ការរៀបចំ​ចាត់​ចែង​កីឡា​នៅ​សាលា​ពាណិជ្ជកម្ម​នៃ​សាកលវិទ្យាល័យ​បច្ចេកវិទ្យា Sydney នៃ​ប្រទេស​អូស្ត្រាលី បាន​និយាយ​ថា៖ «ដោយ​ប្រើ​ពាក្យ​ប្រៀប ធៀប​ក្នុង​កីឡា​វាយ​កូនបាល់​នោះ បាល់​ឥឡូវ​នេះ​ស្ថិត​នៅ​ខាង​ចិន​ហើយ»។

លោក​និយាយ​ទៀត​ថា៖ «អ្នក​ស្រី Peng Shuai ទំនង​ជា​កំពុង​ស្វះស្វែង​រក​សវនាការ​នៅ​ក្នុង​តុលាការ ជា​អ្វី​ដែល​ប្រហែល​ជាពួក​អ្នក​ប្តឹងផ្តល់​ក្នុង​ពិភពលោក គួរ​តែ​មាន​សិទ្ធិ​ទទួល​បាន»។

ពួក​មន្ត្រី​ចិន មិន​បាន​ធ្វើ​អត្ថាធិប្បាយ​អំពី​ស្ថានភាព​របស់​អ្នក​ស្រី Peng Shuai ឬអំពីការទាមទារ​របស់​សមាគម​កីឡា​វាយ​កូនបាល់នោះ​ទេ៕

ប្រែ​សម្រួល​ដោយ​លោក ជឹង ប៉ូជីន

XS
SM
MD
LG