លោកយាយ សៀង ឃឿន អាយុ៧៣ឆ្នាំ កាលពីសប្តាហ៍មុន បានទទួលអំណោចជាកា្តរមឈូសមួយ។ លោកយាយមានប្រសាសន៍ថា លោកយាយបានស្នើសុំក្តារមឈូសនេះដើម្បីទុកសម្រាប់ពេលមរណភាព ដោយសារជីវភាពខ្វះខាត។
លោកយាយ ឃឿនមិនអាចដើរបានឆ្ងាយ ឬមិនអាចឈរបានយូរទេ ដោយសារលោកយាយមានជំងឺពុកឆ្អឹងខ្នង។ លោកយាយបានរៀបរាប់ថា ដោយសារជីវភាពខ្វះខាត ហើយមិនមានកូនរស់នៅជាមួយ លោកយាយបានសុំក្តារមឈូសមួយពីចៅអធិការវត្តក្បែរផ្ទះ ដើម្បីទុកពេលលោកយាយទទួលមរណភាព។
លោកយាយបានថ្លែងប្រាប់ VOA ថា៖
«ខ្ញុំលើកដៃសុំលោក។ សុំនេះមិនមែនទើបតែសុំទេ។ សុំយូរណាស់ហើយ។ ដល់ពេលខ្ញុំចាប់ផ្តើមឈឺខ្លាំង ក៏លោកសុំឲ្យគេដឹកមកឲ្យ ហើយក៏បានចាស់ជរា ប៉ុន្មាននាក់ទេ ក្នុងភូមិនេះ»។
លោកយាយបានបញ្ជាក់បន្ថែមថា៖
«អត់មានលុយខ្ញុំក្រ ខ្ញុំថា បើខ្ញុំម៉េចៗ ក៏ក្តារជញ្ជាំងខ្ញុំនេះ រនាបឫស្សីនេះ ឲ្យអ្នកស្រុកគេគាស់មក ប៉ុណ្ណោះឯង។ បានអានេះ ក៏ខ្ញុំអរ។ ខ្ញុំអត់មានអារម្មណ៍ថាម៉េច។ ខ្ញុំមានអារម្មណ៍ត្រេកអរ»។
នៅក្នុងផ្ទះឈើតូចមួយ ប្រក់ស័ង្កសី ក្នុងភូមិថ្មី ឃុំសាមគ្គី ស្រុកប្រាសាទបល្ល័ង្ក ដែលមានចម្ងាយជាង៦០គីឡូម៉ែត្រពីទីរួមខេត្តកំពង់ធំ លោកយាយ សៀង ឃឿនបានទុកមឈូសនោះនៅខាងក្នុងផ្ទះ មិនឆ្ងាយប៉ុន្មានពីកន្លែងលោកយាយសម្រាន្តនោះទេ។
បើទោះទុកក្តារមឈូសនៅខាងក្នុងផ្ទះ ក្បែរកន្លែងលោកយាយសម្រាន្តក៏ដោយ លោកយាយមានប្រសាសន៍ថា មិនមានអារម្មណ៍តក់ស្លុត ឬភ័យខ្លាចអ្វីនោះទេ។
លោកយាយ ឃឿន បានបញ្ជាក់ថា៖
«ខ្ញុំអត់មានថា អារម្មណ៍ខ្លាចអី ខ្លាចអីទេ កូនអើយ ក្មួយអើយ។ ខ្ញុំអត់មានអារម្មណ៍(តក់ស្លុត)។ ខ្ញុំនឹកឃើញចាស់ ប៉ុណ្ណេះហើយ វាមិនទៅក្រោយវិញទេ។ វាដឹងតែទៅមុខហើយ។ បើថា ឲ្យខ្ញុំមានអារម្មណ៍ម៉េចៗ ខ្ញុំគ្មានអារម្មណ៍ទេ»។
លោកយាយមានប្រសាសន៍ថា លោកយាយមានកូនពីរនាក់ តែពួកគេមិនរស់ក្នុងផ្ទះជាមួយលោកយាយនោះទេគឺកូនម្នាក់រស់នៅក្នុងឃុំជាមួយគ្នា និងម្នាក់ទៀតទៅធ្វើការនៅប្រទេសថៃ។
នៅផ្ទះលោកយាយឃឿនមិនមានអគ្គិសនីប្រើប្រាស់នោះទេ។ នៅពេលយប់ឡើង លោកយាយអុជទានដើម្បីបំភ្លឺផ្ទះ។ ពេលខ្លះ លោកយាយមានចៅមកគេងជាមួយ។ ពេលខ្លះទៀត សម្រាន្តម្នាក់ឯង និងពេលខ្លះទៀត លោកយាយទៅសម្រាន្តនៅវត្តអណ្តូងឥដ្ឋ ក្បែរផ្ទះ។ លោកយាយត្រូវបានផ្គត់ផ្គង់អាហារដោយចាស់ៗដែលចម្អិនអាហារនៅវត្តក្បែរនោះ។ លោកយាយមានប្រសាសន៍ថា កូនរបស់លោកយាយដែលធ្វើការនៅប្រទេសថៃ ក៏បានផ្ញើប្រាក់មួយចំនួនសម្រាប់ទិញថ្នាំសង្កូវផងដែរ។
កាលពីថ្ងៃទី៤ ខែមករា នៅវត្តអណ្តូងឥដ្ឋវិនយធរោ ដែលស្ថិតក្នុងភូមិថ្មី ក្រុមហ៊ុនទឹកសុទ្ធវីតាល់បានចែកអំណោយ មានជាគ្រឿងឧបភោគ និងសម្ភារៈប្រើប្រាស់មួយចំនួន ទៅដល់អ្នកភូមិចាស់ៗជាង២០០នាក់នៅក្នុងស្រុកប្រាសាទបល្ល័ង្ក។ ក្នុងនោះ ចាស់ៗចំនួន៤០នាក់ក៏បានទទួលក្តារមឈូសផងដែរ។
រូបភាពនៃពិធីទទួលក្តារមឈូសដែលត្រូវបានតំរៀបជាជួរ ត្រូវបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក។ អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមួយចំនួនបានរិះគន់ថា នេះជា«ការប្រមាថជីវិតមនុស្ស»។
អ្នកភូមិម្នាក់ទៀត លោក ឡេង ថេង អាយុ៦៩ឆ្នាំ មានប្រសាសន៍ថា កាលពីចុងឆ្នាំមុន លោកបានឈឺធ្ងន់ ហើយស្មានតែមិនរស់ទេ។ លោកបន្តថា ភរិយារបស់លោកបានយល់សប្តិឃើញលោកទទួលបានផ្ទះថ្មី ដែលលោកចាត់ទុកថា ជាក្តារមឈូសនេះហើយ។
លោកមានប្រសាសន៍ថា៖
«ខ្ញុំត្រេកអរមែនទែនបានលោកឲ្យមក ព្រោះគ្មានកូនចៅណាធ្វើឲ្យបានទេ។ ប្រសិនបើខ្ញុំអស់ព្រះជន្ម មានតែជញ្ជាំងក្តារ ឬក្តារក្រាលហ្នឹងយកទៅធ្វើមឈូស។ សុំទានលោក បានលោកឲ្យមក។ អរពេញចិត្តតែម្តង។ សប្បាយចិត្តរកពុទ្ធោហើយ! ដាក់នៅផ្ទះ ទៅអង្អែលផង បានថា ផ្ទះអញស្អាតណាស់។ តាំងពីមិនទាន់បានម្ល៉េះ ប្រពន្ធ យាយខ្ញុំយល់សប្តិថា តានេះបានផ្ទះស្អាតខ្លាំងណាស់។ គេធ្វើផ្ទះឲ្យស្អាតមែនទែន។ ដល់ពេលខ្ញុំអស់ជីវិត មានផ្ទះនោះហើយស្អាតរបស់ខ្ញុំ។ ខ្ញុំយកទៅ។ មានស្អីយកទៅជាមួយ? ខ្ញុំយល់អីចឹង បានជាខ្ញុំអរ»។
លោកមានប្រសាសន៍បន្ថែមថា លោកមានកូន៦នាក់ ហើយពួកគេពេញចិត្តនឹងការផ្តល់ក្តារមឈូសនេះ។ លោកបន្តថា បើមានការបរិច្ចាគទៀត លោកចង់ស្នើសុំក្តារមឈូសមួយទៀតសម្រាប់ភរិយារបស់លោក។
លោកមានប្រសាសន៍ថា៖
«អត់ទេ គ្មានអីខ្លាចទេខ្ញុំ។ នេះបើសិនព្រះអង្គមានទៀត ខ្ញុំស្នើមួយទៀត សម្រាប់យាយបាត់ហើយ។ មានទៀតសុំទានមួយទៀត។ គ្មានអីតត់ស្លុត។ តែខ្ញុំនោះសប្បាយចិត្តរកពុទ្ធោបានក្តារមឈូស។ ធ្វើម៉េចបានតក់ស្លុត បើខ្ញុំខ្វះខាតយ៉ាងនេះនុះ»។
នៅក្នុងបរិវេណវត្តដដែលនេះ លោកយាយស លួត អាយុ៧៧ឆ្នាំ និងលោកតាម៉ាត់ ញ៉ូង អាយុ៨៨ឆ្នាំ ដែលជាប្តីប្រពន្ធនឹងគ្នា បានទទួលក្តារមឈូសម្នាក់មួយ។ ពួកគេមានកូន៦នាក់ ប៉ុន្តែកូន៥នាក់បានរស់នៅបែកផ្ទះទៅហើយ។ ពួកគេលើកឡើងថា នៅសល់កូនម្នាក់រស់នៅជាមួយ។ ប៉ុន្តែមានបញ្ហាប្រព័ន្ធសរសៃប្រសាទ។
ទាក់ទងនឹងការផ្តល់កា្តរមឈូស លោកយាយ ស លួត មានប្រសាសន៍ថា៖ «ត្រេកអរនឹងគេឲ្យ មិនពិបាកខ្ញុំមានលុយកាក់ទៅទិញ ក្តារគេយកមកសម្រាប់ខ្លួនឯង។ ថ្លៃណាស់ គ្រាន់តែជួលគេ៤០ម៉ឺនរៀលបានគេវាយផ្គុំឲ្យ។ ទៅរកលុយណាបាន៤០ម៉ឺនរៀល។ ទុកមុនឲ្យស្រេច។ កុំឲ្យពិបាកដល់កូនចៅ។ ពេលខ្ញុំមរណទៅ ហៅភ្ញៀវបងប្អូនទៅជួយ ក្តារខ្ញុំមានស្រេច អត់មានពិបាកជួលគេវាយផ្គុំទេ។ តែផ្គុំ៤០ម៉ឺនរៀលបានៗ»។
លោកយាយបានបញ្ជាក់បន្ថែមថា៖
«ចាស់ៗត្រូវការកូនចៅត្រៀមទុកបីបួនឆ្នាំមុនក៏មាន បីបួនប្រាំខែមុនក៏មាន។ អត់មានពិបាកទៅភ្លាម វាយភ្លាមទេ។ សុទ្ធតែកូនចៅត្រៀមទុកស្រេច។ អាយុជីវិតសព្វថ្ងៃអត់មើលឃើញដូចតាំងលក់ខោអាវទេ។ អត់មានទេ មិនដឹងព្រឹក មិនដឹងពេលល្ងាចទេ។ រាងប៉ុននេះហើយ អត់មានរឹងមាំប៉ុន្មានទេ»។
លោកយាយបានឲ្យដឹងទៀតថា ជំនាន់មុនៗ លោកយាយក៏បានត្រៀមជាក្តារមឈូសសម្រាប់ឪពុកម្តាយរបស់លោកយាយផងដែរ។
លោកតា ម៉ាត់ ញ៉ូង មានប្រសាសន៍ថា លោកតាធ្លាប់មានក្តារមឈូសមួយដែលកូនធ្វើទុកឲ្យ កាលពីជាង២ឆ្នាំមុន តែកូនបានរើក្តារនោះចេញវិញ ដោយសារគេនិយាយថា ឈើហ្នឹងមានព្រាយកាន់។ លោកបន្តថា កូនចៅក៏បានធ្វើចេតិយមួយនៅវត្ត កាលពីឆ្នាំ២០០៤ សម្រាប់ទុកដាក់ធាតុរបស់លោកតាផងដែរ។
លោកតាមានប្រសាសន៍ថា៖
«ខ្ញុំ សុខភាព បើគិតទៅ ពីម្សិលមកថ្ងៃនេះ ផ្លាស់ប្តូរជានិច្ច។ ជួនណាក៏ឲ្យហូបបាយបាន។ ជួនណាក៏ឲ្យដេកបាន។ ជួនណាអត់ដេកបានដែរ។ ជីវិតដែលតាំងមកមិនទៀងមិនប្រាកដ ទោះបីធ្វើក្តារមកដល់ហើយ មិនភ័យថា ធ្វើនោះឲ្យឆាប់ស្លាប់ ឬក៏យ៉ាងណា ធ្វើនោះក៏តម្កល់ ដូចជាខ្ញុំធ្វើចេតិយអញ្ចុះឯង។ ប៉ុនវាអរគុណនឹងម្យ៉ាង ទីមួយគឺយប់ថ្ងៃវាអត់ដឹង បើកាលណាកូនគេបែកឆ្ងាយ បើបានអាក្តារហ្នឹង វាស្រួលណាស់ពេកហើយ»។
ចំណែកអ្នកភូមិម្នាក់ទៀត លោកយាយ ឃួន លួន អាយុ៧៤ឆ្នាំ មានប្រសាសន៍ថា លោកយាយមានកូនម្នាក់ តែរស់នៅបែកផ្ទះពីលោកយាយ។ លោកយាយបន្តថា សព្វថ្ងៃនេះ មករស់នៅក្នុងវត្ត ដោយសារមិនមានអ្នកមើលថែ។ លោកយាយបានសុំក្តារមឈូសមួយ ទុកសម្រាប់លោកយាយទទួលមរណភាព។
លោកយាយមានប្រសាសន៍ថា៖
«ប៉ុន្តែខ្ញុំវាក្រ ចេះតែសុំទានលោកទៅ! មានកម្លាំងអី! សង្ឃឹមកូន ក៏គេបែករបរទៅហើយ។ ខ្ញុំមិនដឹងរកកោះរកត្រើយអីឃើញ ក៏សុំព្រះអង្គមួយ»។
វត្តអណ្តូងឥដ្ឋវិនយធរោ ដែលជាកន្លែងចែកក្តារមឈូស ទើបតែត្រូវបានបង្កើតឡើងបានជាង១០ខែប៉ុណ្ណោះ ហើយបានក្លាយជាវត្តអារាមមួយស្ថិតនៅជិតផ្ទះរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិថ្មី។ ដូច្នេះហើយទើបព្រះចៅអធិការវត្តបានស្វះស្វែងរកជំនួយ ដើម្បីជួយកសាងវត្ត ក៏ដូចជាជួយចាស់ៗនៅក្នុងតំបន់នេះ។ វត្តនេះមានព្រះសង្ឃចំនួន១២អង្គ ហើយភាគច្រើនជាព្រះសង្ឃនៅមានវ័យក្មេងនៅឡើយ។
ព្រះអង្គ យុន ប៊ុនយ៉ុម ព្រះចៅអធិការវត្តអណ្តូងឥដ្ឋ មានសង្ឃដីកាថា អំណោយក្តារមឈូសនេះជាការស្នើសុំរបស់ចាស់ៗនៅក្នុងឃុំ ហើយជាការផ្តល់ដោយឯកជន មិនមែនដោយក្រុមហ៊ុនវីតាល់នោះទេ។ ប៉ុន្តែក្រុមហ៊ុនវីតាល់បានចូលរួមក្នុងការចែកជាទេយ្យទានដល់ចាស់ៗនៅក្នុងឃុំ។
ព្រះអង្គមានសង្ឃដីកាបន្តថា តាមពិតទៅ ក្តារមឈូសទាំងនេះត្រូវចែកតាមផ្ទះរបស់ប្រជាពលរដ្ឋ ប៉ុន្តែដោយសារម្ចាស់ទានមិនមានពេល ដូច្នេះហើយទើបតំរៀបធ្វើជាពិធីចែក។
ព្រះអង្គមានសង្ឃដីកាថា៖
«ពីដើមដាក់ក្រោមសាលាឆាន់នេះទាំងអស់។ ប៉ុន្តែលោកជំទាវ(លោកស្រី ជឹង សុគន្ធាវី នាយិកាប្រតិបត្តិរបស់ក្រុមហ៊ុនវីតាល់) គាត់ថា គាត់អញ្ជើញមក ហើយគាត់អត់មានពេលដើរតាមផ្ទះទេ។ គាត់សុំចែកនៅវត្តទាំងអស់។ ព្រះអង្គជួយចាត់ចែងរៀបចំទៅ! អាត្មាក៏ដាក់ទៅហ្នឹង ទៅជាមួយក្រុមការងារគាត់ហ្នឹង ហើយមាន៦នាក់ដែលចែកតាមផ្ទះ»។
ព្រះអង្គមានសង្ឃដីកាថា ដោយសារការចែកក្តារមឈូសនេះមានភ្ជាប់នឹងក្រុមហ៊ុនវីតាល់ដែលម្ចាស់ជាកូនស្រីរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺលោកស្រី ហ៊ុន ម៉ាណា ទើបនាំឲ្យមានការរិះគន់ជាបន្តបន្ទាប់។ ព្រះអង្គបានបញ្ជាក់ថា៖
«តាមពិត វាអត់មានន័យអាក្រក់ទេ។ អ្នកដែលយល់ហើយភ្ជាប់រឿងនយោបាយខ្លះ។ ដោយសារអី រឿងវីតាល់នេះរឿងនយោបាយ»។
ព្រះអង្គបានបញ្ជាក់បន្ថែមថា យុវជនរបស់សហភាពសហព័ន្ធយុវជនកម្ពុជាដែលដឹកនាំដោយកូនប្រុសរបស់លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ានី គ្រាន់តែជាក្រុមស្ម័គ្រចិត្តចុះជួយចែកអំណោយតែប៉ុណ្ណោះ។
ព្រះអង្គបានពន្យល់បន្ថែមថា៖
«យើងដឹងស្រាប់ហើយនៅក្នុងសង្គមខ្មែរយើង តែចាស់ជរាទ្រុឌទ្រោមហើយ គេតែងធ្វើក្តារមឈូសទុកហើយ ឬក៏ធ្វើចេតិយទុកហើយ។ ទំនៀមនេះ វាមិនមែនមានថ្ងៃនេះទេ។ វាមានរាប់រយឆ្នាំពីណាពីណីមកហើយ។ បងឯងសាកពិនិត្យ ដើរតាមផ្ទះ តាមសម្បែងមើល សុទ្ធតែធ្វើចេតិយ សុទ្ធតែក្តារមឈូសក្រោមផ្ទះរួចអស់ទៅហើយ។ វាអត់មានអីដែលត្រូវចម្លែករឿងហ្នឹងទេ។ អ្នកដែលមើលពីខាងក្រៅ យើងយល់ទៅ ប្រហែលជាការប្រមាថជីវិត ប៉ុន្តែតាមពិតទៅ មិនមានជាការប្រមាថទេ។ អានេះ គេគ្រាន់ថា យើងជូនគាត់ គាត់ត្រៀមសម្រាប់ជីវិតរបស់គាត់។ គេហៅថា ផ្ទះថ្មី។ គេហៅផ្ទះអនិច្ចាសម្រាប់ជីវិតគាត់»។
ព្រះអង្គបានឲ្យដឹងទៀតថា មុនពេលទទួលក្តារមឈូសនេះ ព្រះអង្គបាននិមន្តចុះទៅតាមផ្ទះរបស់ប្រជាពលរដ្ឋ ហើយសួរកូនចៅរបស់ពួកគេថា ពេញចិត្តឲ្យឪពុកម្តាយទទួលក្តារមឈូសឬទេ? ព្រះអង្គមានសង្ឃដីកាថា ពលរដ្ឋចំនួន៣គ្រួសារបានលើកឡើងថា ពួកគេមានលទ្ធភាពធ្វើក្តារមឈូសដោយខ្លួនឯង នៅពេលឪពុកម្តាយរបស់គេទទួលមរណភាព។
បើតាមព្រះអង្គ យុន ប៊ុនយ៉ុម ក្តារមឈូសមួយមានតម្លៃប្រហែល៥០ម៉ឺនរៀល។ ព្រះអង្គមានសង្ឃដីកាថា សប្បុរសជនបានធ្វើក្តារមឈូសនេះប្រមាណជា២ពាន់ក្តារមឈូសរួចមកហើយ ដើម្បីចែកជូនចាស់ៗក្រីក្រនៅតាមបណ្តាខេត្តផ្សេងៗ។
VOA មិនអាចសុំការឆ្លើយតបពីក្រុមហ៊ុនទឹកសុទ្ធវីតាល់បាននៅឡើយទេ។
លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ និងកិច្ចការសាសនា មានប្រសាសន៍ថា មិនគួរមានការផ្តល់ក្តារមឈូសឲ្យបុគ្គលមុនស្លាប់ ហើយថតរូបបង្ហោះព្រោងព្រាតនោះទេ។ លោកបញ្ជាក់ថា សប្បុរសជនអាចប្រគល់ក្តារមឈូសទៅឲ្យវត្តអារាមទុកដាក់ ហើយពេលអ្នកភូមិណាមួយស្លាប់ មិនមានលទ្ធភាពធ្វើក្តារមឈូស ព្រះសង្ឃអាចផ្តល់ទៅដល់ក្រុមគ្រួសារនោះ។
លោកមានប្រសាសន៍ថា៖
«បើគាត់ចាស់ៗ គាត់សុំអីចឹង 'យាយអើយ តាអើយ ខ្ញុំផ្ញើនៅព្រះអង្គ វត្តនេះ....។ លោកយាយ លោកតា ចាស់ៗភូមិហ្នឹង លោកយាយណាអញ្ជើញទៅមុន គុណម្ចាស់ប្រទាន។ អស់ប្រាប់ខ្ញុំករុណាទៀត។ ខ្ញុំធ្វើយកទៅទុកទៀត'។ អានេះវាជាលក្ខណៈបានបុណ្យកុសលល្អហើយ»។
ព្រះពុទ្ធសាសនាជាសាសនារដ្ឋរបស់ប្រទេសកម្ពុជា ដែលប្រជាពលរដ្ឋភាគច្រើនប្រណិប័តតាម។ នៅពេលមានមនុស្សស្លាប់ ក្រុមគ្រួសារតែងតែធ្វើការរំលាយសព។
ប្រជាពលរដ្ឋដែលទទួលបានក្តារមឈូសនោះមកឃុំចំនួនពីរគឺឃុំសាមគ្គី និងឃុំក្រយា ក្នុងស្រុកប្រាសាទបល្ល័ង្ក។ ក្នុងនោះចាស់ៗមកពីភូមិថ្មីមានចំនួន១៦នាក់ ដែលបានទទួលក្តារមឈូស។ អ្នកភូមិបានលើកឡើងថា នៅវត្តដែលទើបបង្កើតនេះមិនមានឈាបនដ្ឋានសម្រាប់បូជាសពនោះទេ។ ដូច្នេះនៅពេលនរណាម្នាក់ទទួលមរណភាព សពរបស់ពួកគេត្រូវយកទៅបូជានៅក្នុងព្រៃមួយកន្លែង ខាងក្រោយវត្ត ដែលអ្នកភូមិហៅថា«ព្រៃខ្មោច»៕