ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ជំនាញ​ពិភាក្សា​ពី​បញ្ហា​ប្រឈម​របស់​ជនជាតិ​ម៉ុងតាញ៉ា


ទាញ​យក​ពី​តំណភ្ជាប់​ដើម

អ្នក​ជំនាញ​ពិភាក្សា​ពី​បញ្ហា​ប្រឈម​របស់​ជនជាតិ​ម៉ុងតាញ៉ា

លោក ភីធឺ ម៉ាក់ខ្វៃ ​ស្ថាបនិក​មូលនិធិ​ Fainting Robin ​និង​ជាអ្នកជំនាញ​ខាងច្បាប់​​​យល់​ថា​សន្និសីទ​នេះ​ គឺ​ជា​ការបង្ហាញ​ដល់​អ្នក​ធ្វើ​គោល​នយោបាយ​សហរដ្ឋ​អាមេរិក​ឱ្យ​គិត​គូ​ដល់​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន​ដែល​ធ្វើ​ការងារនិង​លះបង់ ​​ដើម្បី​ផល​ប្រយោជន៍​សហរដ្ឋ​​អាមេរិក​នៅ​ទូទាំង​ពិភពលោកក្នុងពេល​អតីតកាល ​និង​បច្ចុប្បន្ន។

អ្នកជំនាញ​ខាងផ្នែក​ជនជាតិ​តំបន់​ភ្នំ​នៅ​កម្ពុជា​និង​វៀតណាម​ និងអតីត​ទាហាន​អាមេរិកាំងក្នុងសង្គ្រាម​វៀតណាម​បាន​មកជួបជុំគ្នា​កាលពីថ្ងៃទី​៣ ខែ​កុម្ភៈ​ដើម្បីពិភាក្សា​ពីបញ្ហា​ប្រឈមដែល​ជនជាតិ​ដើម​ជួប​ប្រទះ​និង​ស្នើ​ឱ្យ​មាន​ការយកចិត្ត​ទុក​ដាក់​ថែម​ទៀត​លើ​ពួកគេ។

សន្និសីទ​លើក​ទីមួយដែល​មាន​រយៈពេល​មួយ​ថ្ងៃ​នេះ​បាន​រៀបចំ​ឡើង​នៅ​សាកល​វិទ្យាល័យ ​North Carolina Wilmington ​ដោយ​សហការ​ជាមួយ​នឹង​មូលនិធិ​Fainting Robin ។

លោក ភីធឺ ម៉ាក់ខ្វៃ ​ស្ថាបនិក​មូលនិធិ​ Fainting Robin ​និង​ជាអ្នកជំនាញ​ខាងច្បាប់​យល់​ថា​សន្និសីទ​នេះ​ គឺ​ជា​ការបង្ហាញ​ដល់​អ្នក​ធ្វើ​គោល​នយោបាយ​សហរដ្ឋ​អាមេរិក​ឱ្យ​គិត​គូ​ដល់​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន​ដែល​ធ្វើ​ការងារនិង​លះបង់ ដើម្បី​ផល​ប្រយោជន៍​សហរដ្ឋអាមេរិក​នៅ​ទូទាំង​ពិភពលោកក្នុងពេល​អតីតកាល ​និង​បច្ចុប្បន្ន។

«គេនាំគ្នា​និយាយ​ដោយ​រត់មាត់​អំពី​ជនភៀសខ្លួន​និង​ការ​ហាមឃាត់​ជនអន្តោប្រវេសន៍​និង​ការហាម​ឃាត់​ជនមូស្លិម​ហើយ​អ្វីដែល​យើង​បាន​ឃើញ​នៅថ្ងៃនេះ​គឺ​មនុស្ស​មួយក្រុម​ដែល​ពិត​ជាបាន​លះបង់​ដើម្បី​យោធាសហរដ្ឋ​អាមេរិក​ក្នុង​អំឡុង​សង្រ្គាម​នៅវៀតណាម​និង​បាន​លះបង់​ខ្ពស់ណាស់​ចំពោះ​ភារកិច្ច​នោះ‍»។

លោក​ម៉ាក់ខ្វៃយល់​ថា​ជនជាតិ​ម៉ុង​តាញ៉ា​ក៏មិនខុស​ពី​ពលរដ្ឋ​ប្រទេសដទៃ​នាពេល​បច្ចុប្បន្ន​នេះ​ដែល​នៅតែ​លះបង់ដើម្បីជួយ​សហរដ្ឋ​អាមេរិក​នៅលើវិស័យ​យោធានិង​ស៊ើបការណ៍សម្ងាត់​ដូច្នេះ​សហរដ្ឋ​អាមេរិក​ត្រូវ​តែ​យក​ចិត្ត​ទុកដាក់​ដល់ពួកគេ។​

«ដោយសារតែ​ពួកគេ​គឺ​ជាមុខ​សញ្ញា​តាមកម្ចេច​នៅក្នុង​ប្រទេស​របស់​ពួកគេ​ដូចជា​ក្រុម​ម៉ុង​តាញ៉ា​ធ្លាប់​ជួប​ប្រទះ​ដូច្នេះខ្ញុំ​គិត​ថា​យើង​ជំពាក់​គុណពួកគេ​ដែល​ត្រូវផ្តល់​ទីជម្រក​ការពារ‍»។​

ក្នុង​អំឡុង​សង្រ្គាម​នៅ​វៀតណាម ​អ្នកភ្នំ​ក្នុង​ប្រទេស​វៀតណាម​ដែល​គេ​ហៅ​ថា​ក្រុមម៉ុងតាញ៉ា​គឺជា​អ្នកប្រយុទ្ធ​ដ៏​ជំនាញ​និង​ជាសម្ព័ន្ធមិត្ត​ដ៏ស្មោះស្ម័គ្រ​របស់សហរដ្ឋអាមេរិក។ ក្រោយ​ពី សង្គ្រាមបាន​បញ្ចប់​ មាន​មិត្ត​រួម​អាវុធ​របស់​ពួកគេ​ខ្លះ​មកពី​កងកម្លាំង​ពិសេស Green Beret យល់ថា​បាន​ជំពាក់​គុណ​អ្នក​ទាំង​នោះ​និង​ធ្វើ​សកម្មភាព​ដែល​បង្ហាញ​ពីការទទួល​ខុស​ត្រូវ​ដោយបានជម្លៀស​ជនជាតិ​ភ្នំ​ចេញ​ពី​ប្រទេស​វៀតណាម​តាមច្រក​ប្រទេស​កម្ពុជា​កាលពី​ចុង​ទសវត្សរ៍​១៩៩០​និង​ដើម​ឆ្នាំ២០០០ ហើយ​ទទួលយកពួកគេមកតាំងទីលំនៅនៅរដ្ឋ​ North Carolina។

លោក Larry Crile ​គឺ​ជា​អតីត​ទាហាន ​Green Beret របស់សហរដ្ឋ​អាមេរិក​ដែលធ្លាប់​បាន​បំពេញ​បេសក​កម្មនៅប្រទេស​វៀតណាម​រយៈពេល​ជិត​មួយឆ្នាំក្នុង​ឆ្នាំ​១៩៦៩។ លោក​គឺ​ជា​អ្នកជំនាញ​ខាង​សុខាភិបាល​ ប្រចាំ​នៅ​អង្គភាព​ A344 ដែលមានមូលដ្ឋាន​នៅ​ជំរុំ​ Bunard Camp ក្នុង​ស្រុក​Don Luan ខេត្ត​ Phouc Long ដែលស្ថិតនៅ​ចម្ងាយ​១០០គីឡូម៉ែត្រ​ភាគខាងជើង​ទីក្រុង​ហូជីមិញ។

លោក ​Larry Crile ​និង​មេបញ្ជាការ​អាមេរិកាំងសរុប​ចំនួន៦នាក់​បាន​ធ្វើការជាមួយ​នឹង​ទាហាន​ម៉ុងតាញ៉ាជាង​២០០នាក់ដើម្បី​ជួយ​ពួកគេការពារភូមិករ​ប្រឆាំង​នឹង​ការ​រុលចុះ​របស់​ទាហាន​វៀតណាម​ខាងជើង។

លោក​បញ្ជាក់​ថា​ជនជាតិ​ម៉ុងតាញ៉ា​ចង់​រស់នៅដោយក្តីសុខ​តែនៅក្នុង​តំបន់​របស់​ពួកគេ​ប៉ុន្តែ​ការដណ្តើម​អំណាច​រវាង​ប្រទេស​វៀតណាម​ខាងត្បូង​និង​ខាង​ជើង​បាន​ទាញ​ពួក​គេ​ចូលក្នុង​ភ្នក់ភ្លើង​សង្គ្រាម​ហើយ​ក្លាយ​ជា​ជនរងគ្រោះ។

«សង្គ្រាម​បាន​បង្ក​ឱ្យ​មាន​អ្នកស្លាប់បាត់បង់​ជីវិតបើទោះបីជាពួកគេ​គ្មានចំណែក​ក្នុង​សង្គ្រាមក៏​ដោយ។ នោះគឺជាសង្គ្រាម​រវាង​ក្រុមកំម្មុយនីស្ត​និង​ក្រុមប្រជាធិបតេយ្យ​ឬ​រវាង​វៀតណាម​ខាង​ត្បូង​និង​ខាង​ជើង។ តើ​ក្រុមម៉ុងតាញ៉ា​មានជាប់ពាក់ព័ន្ធអ្វីទៅ? ប៉ុន្តែ​មាន​អ្នកស្លាប់បាត់បង់ជីវិត​ហើយ​ជាការ​គួរ​ឱ្យ​ក្រៀមក្រំ​ណាស់​ហើយ​ខ្ញុំ​កាន់តែ​ក្រៀមក្រំ​ខ្លាំង​ចំពោះ​បញ្ហានេះ។ ខ្ញុំ​មិន​អាច​ផ្លាស់ប្តូរបាន​អីចឹង​ហើយ​វា​កាន់តែ​ធ្វើ​ឱ្យ​ខ្ញុំ​កាន់តែ​ក្រៀមក្រំជាងមុន‍»។

លោក Larry Crile ដែល​បច្ចុប្បន្នគឺ​ជា​ចៅហ្វាយក្រុង Ostrander ដែល​ជាក្រុង​តូច​មួយ​នៅក្នុង​រដ្ឋ​អូហៃយូ​យល់​ថា​សហរដ្ឋ​អាមេរិក​ត្រូវ​តែ​ជួយឱ្យ​អតីត​យុទ្ធជនទាំងនោះ​និង​ក្រុម​គ្រួសារ​របស់​ពួកគេ​បាន​ជីវភាព​ប្រសើរឡើង។ ក្នុងនោះ​គឺ​ត្រូវ​ឱ្យអប់​រំសាធារណជន​បានដឹង​ពីការចូលរួម​ចំណែក​របស់​ពួកគេ​ដើម្បី​ឱ្យ​ពួកគេ​បាន​លើកស្ទួយវប្បធម៌​របស់​ពួកគេនិង​ផ្តល់​ឱ្យ​ពួកគេ​នូវ​ក្តី​សុបិន​របស់​អាមេរិកាំង។

«សូមផ្តល់​ឱ្យ​ពួកគេ​នូវ​ចំណែកមួយ​នៃក្តី​សុបិន​របស់​សហរដ្ឋ​អាមេរិក​ប្រសិនបើ​អ្នក​អាច​ធ្វើ​បាន​ហើយ​ប្រសិនបើវាជាផ្នែកមួយ​នៃ​រដ្ឋ ​North Carolina។ ខ្ញុំ​គិត​ថា​នោះ​ជារឿង​អស្ចារ្យ។ នោះអាច​មិន​មែនជា​អ្វី​ដែល​ពួកគេ​ពិតជា​ចង់បានទេ​ប៉ុន្តែ​យើង​ត្រូវតែ​ប្រារព្ធ​វប្បធម៌​របស់​ពួកគេ​ផងដែរ‍»។

បច្ចុប្បន្ន​មាន​ជនជាតិម៉ុងតាញ៉ាដែលរស់នៅរដ្ឋ North Carolina ជាង​១៥.០០០​នាក់​ភាគ​ច្រើននៅ​ទីក្រុង​ Greenboro, Charlotte, និង​ Raleigh។

ពួកគេ​មួយចំនួន​ខិតខំ​សម្របខ្លួន​ចូលក្នុង​សហគមន៍ថ្មីនេះ​ប៉ុន្តែ​ក៏មានអ្នកខ្លះ​នៅ​មាន​ចិត្ត​ចង់​តស៊ូ​ដើម្បី​ទាមទារ​សិទ្ធិ​សេរីភាព​ជូនពលរដ្ឋ​នៅក្នុង​ប្រទេស​កំណើតដែរ។​

ការណ៍​នេះ​ដោយសារតែ​សង្គ្រាម​នៅ​ប្រទេសវៀតណាម​បានបញ្ចប់​នៅ​ខែ​មេសា​ឆ្នាំ​១៩៧៥នៅ​ពេល​ដែល​សហរដ្ឋ​អាមេរិក​ដក​ចេញ​ពិតមែន​ប៉ុន្តែ​ក្រុម​ចលនា​តស៊ូ​របស់​អ្នកភ្នំប្រឆាំង​នឹង​រដ្ឋាភិបាល​កំម្មុយនីស្ត​វៀតណាម​នៅ​តែ​បន្តដដែល។

លោក ​Y Duen Buondap ​បាន​ចូលរួម​ក្នុ​ងចលនាតស៊ូដែលមាន​ឈ្មោះ​ថារណសិរ្ស​រួបរួមរំដោះ​ពលរដ្ឋ​រងការជិះជាន់ហៅកាត់ថា FULRO​ នៅក្នុង​ឆ្នាំ​១៩៧៦ហើយប្រយុទ្ធនៅក្នុង​តំបន់​ភាគ​កណ្តាលប្រទេសវៀតណាម​ដូចជា​ខេត្ត​កាន់ធូម (Kon Tum) និងខេត្តផ្លៃគូ (Plaiku)។ លោក ​Buondap​ និង​សហការី​ព្រម​ទាំង​ក្រុមគ្រួសារ​របស់​ពួកគេ​ជាង​៤០០នាក់​បាន​មកដល់​ទីក្រុង​Charlotte រដ្ឋ​North Carolina ​សហរដ្ឋអាមេរិកនៅឆ្នាំ​១៩៩២បន្ទាប់ពីតស៊ូនៅក្នុង​ព្រៃ​រយៈពេល​១៧ឆ្នាំ។

លោក​ Y Duen Buondap និងក្រុមសកម្មជន​សហគមន៍​របស់​គាត់​ខិតខំ​ធ្វើ​កិច្ច​ការ​ឱ្យ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ដាក់​សម្ពាធ​ដល់​រដ្ឋាភិបាល​វៀតណាម​ឱ្យ​ទទួល​ស្គាល់​សិទ្ធិ​របស់​ពលរដ្ឋ​សិទ្ធិ​សេរីភាព​សាសនា​និង​ដីធ្លី​ជនជាតិ​ម៉ុងតាញ៉ា​ដែល​នៅក្នុងប្រទេស។

«យើងបន្ត​ធ្វើការ​ជាមួយ​នឹង​រដ្ឋាភិបាល​(សហរដ្ឋ​អាមេរិក)​ដើម្បី​សុំ​ពួកគេ​ឱ្យទទួល​ស្គាល់ ​(ចលនា​) ​របស់​យើង​និង​សុំ​ឱ្យ​ពួកគេ​ធ្វើការ​ជាមួយ​នឹង​រដ្ឋាភិបាលវៀតណាម​ដើម្បី​ទទួល​ស្គាល់​ទឹកដី​របស់​យើង​និង​បញ្ឈប់ការកាប់សម្លាប់​ពលរដ្ឋ​របស់​យើង​និង​ដកពួកគេ​ចេញ​ពី​ទឹកដី​របស់​យើង​។ ពួកគេ​ត្រូវ​ប្រគល់​ដី​នោះ​ឱ្យ​មក​យើងវិញ‍»។​

លោក​យល់ថា​រដ្ឋាភិបាល​វៀតណាម​ពូកែ​ខាង​កុហកមជ្ឈដ្ឋាន​អន្តរជាតិ​ពីស្ថានភាព​ពិត​របស់​ពលរដ្ឋ​តំបន់​ភ្នំ។

ប៉ុន្តែ​លោក​ Y Siu Hlong ដែលជាជនជាតិ​ពូនង​និង​ជា​នាយកប្រតិបត្តិ​នៃ​សមាគម​ជនជាតិ​ម៉ុងតាញ៉ានៅ​ទីក្រុងGreensboro បាន​បញ្ជាក់​ថាលោកពេញចិត្ត​នឹង​ជីវភាព​នៅសហរដ្ឋ​អាមេរិក​ហើយ​ខិតខំ​ធ្វើការ​ជួយដល់​សមាជិកសហគមន៍អាស៊ីដែល​ជាជនភៀសខ្លួន​ហើយ​ត្រូវ​ការ​ជំនួយ៖

«ខ្ញុំ​គ្រាន់តែ​សង្ឃឹមថាថ្ងៃណាមួយ​រដ្ឋាភិបាល ​(វៀតណាម)​ នឹងផ្លាស់ប្តូរ​ឱ្យ​បាន​ប្រសើរជាង​មុន​ប៉ុន្តែខ្ញុំ​មិន​មាន​ក្តីសង្ឃឹម​ទេ​ថា​យើង​អាច​រំដោះ​ប្រទេស​យើង​បាន​ឬក៏​យក​ប្រទេស​យើង​បាន​មកវិញ​ដោយសារតែ​គ្មានអ្នកណា​ម្នាក់​ជួយ​ឧបត្ថម្ភ​យើងទេ​ហើយ​ក្រុមយើងមានគ្នាតិច។ យើង​ក៏​មិន​ចង់​ធ្វើ​សង្គ្រាម​ជាមួយ​នឹង​នរណា​ម្នាក់​ដែរ‍»។

លោក​ Y Siu Hlong ជាអតីតទាហាន ​FULRO រយៈពេល​១២ឆ្នាំ​ពីឆ្នាំ​១៩៧៥ដល់ឆ្នាំ​១៩៨៦នៅ​តំបន់​ភាគ​កណ្តាល​ប្រទេស​វៀតណាម។ លោក​និង​សហការីចំនួន​២០០នាក់​បាន​មកដល់​សហរដ្ឋ​អាមេរិក​ក្នុង​ឆ្នាំ​១៩៨៦។

លោកស្រី​សារ៉ា ខូម អ្នកវិភាគ​ឯករាជ្យ​ខាងផ្នែកសិទ្ធិ​មនុស្សបាន​បញ្ជាក់ថា​ជនជាតិម៉ុងតាញ៉ា​ដែល​នៅ​ភាគកណ្តាល​ប្រទេស​វៀតណាម​បង្ខំចិត្ត​រត់ចាកចេញពីប្រទេស​ដោយសារតែ​ការធ្វើ​ទុក្ខបុកម្នេញ​ជាប្រចាំ​ពីរដ្ឋាភិបាល​លើសិទ្ធិសេរីភាព​សាសនា​និង​សិទ្ធិរស់នៅរបស់ពួកគេ។

«បញ្ហាប្រឈម​ដ៏ធំ​សម្រាប់​ជនជាតិពូនង​នៅក្នុង​ប្រទេស​វៀតណាម​ក៏ដូច​ជាក្រុមម៉ុងតាញ៉ា​នៅ​តំបន់​ភ្នំភាគកណ្តាល​ប្រទេស​គឺ​មានក្រុម​ដែល​ត្រូវ​តែ​រត់ភៀសខ្លួន​ចេញពីប្រទេសវៀតណាម​ដោយ​សារតែ​ការធ្វើ​ទុក្ខបុក្ខម្នេញ ការចាប់ដាក់ពន្ធនាគារ ការធ្វើ​ទារុណ្ឌកម្ម​និង​មិនអាច​គោរព​សាសនា​បាន​ដោយសេរី‍»។​

មធ្យោបាយតែមួយគត់សម្រាប់ពួកគេ​គឺភៀសខ្លួនចូលក្នុង​ទឹកដីប្រទេសកម្ពុជាប៉ុន្តែនៅទីនោះ​ពួកគេ​ក៏​មិន​ទទួល​បាន​ការស្វាគមន៍ពីអាជ្ញាធរកម្ពុជាដែរ។ នេះ​បើតាមការបញ្ជាក់​របស់​លោក​ស្រី​សារ៉ា ខូម។

លោកស្រី​បាន​បន្ថែម​ថា៖

«បើបើជួបប្រទះស្ថានភាព​ដូចនេះ​ក្នុង​ប្រទេស​វៀតណាម​ក៏ដោយអ្នកដែល​បាន​រត់ភៀសខ្លួន​ចូល​មក​ប្រទេស​កម្ពុជា​មិន​ត្រូវ​បាន​គេ​ទទួលស្គាល់​ជាជនភៀសខ្លួនទេ​ហើយ​ពួកគេ​ជាច្រើន​ត្រូវ​បាន​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​វៀតណាម​វិញ។ ដូច្នេះ​នៅសល់​តែ​ពួកគេ​មួយចំនួន​តូច​ប៉ុណ្ណោះ​ក្នុង​ប្រទេស​កម្ពុជា​តាំងពីឆ្នាំ​២០១៥‍»។

សម្រាប់​អ្នកដែល​បាន​រត់ភៀសខ្លួន​មក​ដល់​សហរដ្ឋ​អាមេរិក​ហើយ​រស់នៅក្នុង​រដ្ឋ​North Carolina គឺ​កូនចៅរបស់​ពួកគេ​ទទួលបាន​ជោគជ័យ​ក្នុងការសិក្សា​និងការងារ​ហើយបាន​សម្រប​ក្នុង​សង្គម​អាមេរិកាំង​បាន​ល្អ​ប្រសើរ។

លោកភីធឺ ម៉ាក់ខ្វែយល់ថា​នេះជារឿង​ដែល​បាន​ធ្វើ​ឱ្យ​លោក​សប្បាយ​រីករាយ៖

«ដូច្នេះ​មានរឿងរ៉ាវ​ជោគជ័យ​ដ៏គួរ​ឱ្យ​កត់សម្គាល់​ខ្លះដែរ។ វាជាការពិត​ដែល​គេ​ត្រូវ​ចាកចេញ​ពី​លំនៅដ្ឋាន​ប៉ុន្តែ​ក៏​មាន​អនាគត​ល្អ​សម្រាប់​ពួកគេ​នៅ​ទីនេះ។ អ្នកខ្លះ​ទទួល​បាន​ជោគជ័យ​ហើយ​អ្នកខ្លះ​ទៀត​ក៏ខិតខំប្រឹងប្រែងតស៊ូដែរ‍»។​

ក្រៅពី​ឧបសគ្គ​បន្សល់ពីសង្គ្រាម​ជនជាតិ​ភ្នំនៅប្រទេស​កម្ពុជា​និង​វៀតណាម​កំពុង​ទទួល​រងសម្ពាធ​ខាង​សង្គម​ដែល​អាច​ធ្វើ​ឱ្យ​ពួកគេ​បាត់​បង់ភាសា​ដើមហើយនេះ​គឺជា​គោលដៅ​មួយ​ដែល​មូលនិធិ Fainting Robin កំពុងខិតខំប្រឹងប្រែង​ធ្វើ​គឺ​ការ​ថែរក្សា​ភាសា​និង​វប្បធម៌​របស់​ពួកគេ។

លោកស្រីប៊ែកឃី បាត់ល័រ​អ្នកជំនាញ​ខាង​ភាសាវិទ្យានៃ​សាកលវិទ្យាល័យ North Carolina ​យល់​ថា​សន្និសីទ​នេះ នឹង​ជួយ​ឱ្យ​មាន​ការយកចិត្ត​ទុក​ដាក់​ដល់ភាសារបស់ជនជាតិ​ដើម។

លោកស្រី ប៊ែកឃី​ យល់​ថា ​វាជាផលប្រយោជន៍​សម្រាប់​ប្រជាជាតិ​មួយ​ប្រសិនបើ​ពួកគេ​អាច​រក្សា​ទុក​ភាសា​ខុសៗ​គ្នាឱ្យហើយ​សម្រាប់​រដ្ឋាភិបាល​កម្ពុជា​និង​វៀតណាម គឺគួរតែ​រៀបចំឱ្យ​មាន​សម្ភារៈសិក្សា​សម្រាប់​ជនជាតិ​ពូនង​និង​រក្សា​នូវ​ស្ថិរភាព​សម្រាប់​ពួកគេ​ដោយ​មិន​រងការ​បណ្តេញចេញ​ពី​ភូមិដ្ឋាន។

«ដូច្នេះ​ប្រសិនបើ​សហគមន៍​មានស្ថិរភាព​ហើយ​មាន​សម្ភារៈសិក្សា​អប់​រំ​សម្រាប់​កូនចៅ​ជនជាតិ​ពូនងគឺជា​ជំហាន​ដ៏ធំមួយហើយ‍»។​

ប៉ុន្តែលោកស្រី​ក៏​ទទួលស្គាល់​ដែរ​ថា ​កត្តា​សេដ្ឋកិច្ច​ក៏បាន​ជំរុញ​យុវជនឱ្យ​សិក្សា​ភាសា​ដែល​ងាយ​ស្រួល​ស្វែងរក​ការងារ​ធ្វើ​ហើយ​បំភ្លេច​ភាសា​ដើមផងដែរ។ ដូច្នេះ​ហើយ​អ្នកដឹកនាំ​សហគមន៍​ត្រូវ​ចេះ​ស្វែងរក​វិធី​ណាដែល​ធ្វើ​ឱ្យ​យុវជនប្តេជ្ញាចិត្តផ្ទាល់​ខ្លួន​នៅបន្ត​ភាសា​ដើម​របស់​ពួកគេ។​

«ដូច្នេះ​ជួនកាល​នៅក្នុង​សហគមន៍ខ្លះ​យើង​ឃើញ​អ្នកខ្លះ​មាន​មូលហេតុជំរុញផ្ទាល់ខ្លួន មូលហេតុ​វប្បធម៌​ សាសនា​ដើម្បី​អាចឱ្យ​ពួកគេ​ធ្វើ​ទំនាក់​ទំនង​កាន់តែ​ប្រសើរ​ជាមួយ​នឹង​សហគមន៍​ទាំងមូល។ ដូច្នេះ​មានហេតុផល​ជាច្រើន​ដែល​ពលរដ្ឋ​អាច​នៅ​និយាយ​ភាសា​ដើម​របស់​ពួកគេ​ប៉ុន្តែ​ហេតុផលនោះត្រូវតែ​មានលក្ខណៈជំរុញខ្លាំង​ជាពិសេស​សម្រាប់​ក្មេង‍ៗ»។

លោកសាស្ត្រាចារ្យ​ Sylvain Vogel ​អ្នកស្រាវជ្រាវខាងភាសាវិទ្យា​និង​ជាគ្រូភាសាសំស្រ្តឹតនៅ​សាកល​វិទ្យាល័យភូមិន្ទ​ភ្នំពេញយល់​ថា​យុវជន​គួរតែ​បន្ត​និយាយ​ភាសា​កំណើត​នៅ​ក្នុង​រង្វង់គ្រួសារ​និង​សហគមន៍​បើទោះបីជាខ្លួនត្រូវ​រៀនភាសា​ដទៃ​ដើម្បី​ធ្វើការ​ក៏​ដោយ។

«យុវជន​ត្រូវតែ​សម្រប​ខ្លួន​ជាមួយ​នឹង​បរិស្ថាន​។ ឧទាហរណ៍​បើសិន​ណា​ជា​គេ​ចង់​ធ្វើ​ការ​នៅ​ស្រុក​ខ្មែរ​ច្បាស់​ថា​គេ​ចង់​ចេះ​ខ្មែរ​ដែរ​។ បើ​សិន​ណា​នៅ ស្រុក​វៀតណាម​ច្បាស់​ជា​គេ​ត្រូវ​រៀនភាសា​វៀតណាម​ដែរ​។ ក៏ប៉ុន្តែ​គេ​អាច​និយាយភាសាពីរ​តាម​ផ្លូវ​ការ​គេ​និយាយខ្មែរ​ឬ​វៀតណាម។ ក្នុង​ភូមិ​ក្នុង​គ្រួសារ​ជាមួយ​នឹង​បងប្អូនគេ​អាច​និយាយ​ព្នង​បាន​។ ដូច្នេះ​មានពីរភាសា​‍»។ ​

លោក ​វ៉ូហ្សែល ​កំពុងតែ​ស្រាវជ្រាវ​ពី​ភាសា​ពូនង​ដើម្បី​អាច​ចងក្រងរឿងព្រេង កំណាព្យ​និង​ការសរសេរ​តាម​ក្បួនខ្នាតវេយ្យាករណ៍​ហើយ​លោក​ថា​លោក​មិន​មានជួបនឹង​ឧបសគ្គអ្វី​ពី​រដ្ឋាភិបាលកម្ពុជាទេ។

«បើសិនណា​គេ​ធ្វើការ​ស្រាវជ្រាវ​ឥឡូវ​ ឧទាហរណ៍​រឿងព្រេង​និង​កំណាព្យ​បុរាណ​បើសិនណា​យើងមិន​ថត​មិន​សរសេរ​ស្រាវជ្រាវ​ឥឡូវ​ខ្ញុំ​ខ្លាច​វាបាត់​។ ដោយសារ​ស្រាវជ្រាវ​ហើយ​នឹង​សរសេរ​ឱ្យ​មាន​បន្ត​ទៅទៀត​ខ្ញុំ​ការណ៍នេះ​មិនមែន​មាន​ន័យ​ថា​ខ្ញុំ​អាច​សង្គ្រោះភាសា​ពូនង​ទេ​ប៉ុន្តែខ្ញុំ​សូមជួយ​គឺតែប៉ុណ្ណឹង​ទេ​គឺ​សូម​ជួយ​មួយ​ចំណែក​តួច​ក៏​ប៉ុន្តែ​បើសិន​ណា​ម្នាក់​ៗ​ធ្វើ​ការងារ​តួនាទី​របស់​ខ្លួន​យើង​អាច​ជួយ​ភាសា​ពូនង​អាច​រស់នៅ​អនាគតនេះ‍»។​

មូលនិធិ ​Fainting Robin ​គ្រោង​នឹង​រៀបចំ​សន្និសីទ​នេះ​ជាលើក​ទីពីរ​នៅ​ឆ្នាំ​ក្រោយ​ដើម្បី​បង្ហាញ​ពី​ផលប៉ះ​ពាល់​ដល់​គោល​នយោបាយ​សហរដ្ឋ​អាមេរិក​មាន​មក​លើ​តំបន់​ជា​ពិសេស​ប្រទេស​កម្ពុជា៕

XS
SM
MD
LG