ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វត្តខ្មែរ​នៅ​រដ្ឋ​ចរចា​ជួយ​ពង្រឹង​ប្រពៃណី​វប្បធម៌​និង​អក្សរសាស្រ្ត​ជាតិ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

«វត្តខ្មែរ​ចរចា‍»​ គឺជា​វត្ត​ដ៏ចំណាស់​មួយ ស្ថិត​នៅ​ភាគខាង​កើត​ទីក្រុង​អាត្លង់តា រដ្ឋចរចា សហរដ្ឋ​អាមេរិក។

«វត្តខ្មែរ​ចរចា‍»​ គឺជា​វត្ត​ដ៏ចំណាស់​មួយ​ដែល​ជាទី​សក្ការៈ​សម្រាប់​សហគមន៍​ខ្មែរ​នៅ​ទីនេះ​គោរព​បូជា​អស់​រយៈពេល​ជាង​៣០ឆ្នាំ​មក​ហើយ។

ស្ថិត​នៅ​ភាគខាង​កើត​ទីក្រុង​អាត្លង់តា​ វត្ត​នេះ​បាន​កកើត​ឡើង​ដំបូង​គេ​ក្នុង​ចំណោម​វត្ត​ទាំង​៥​នៅ​ក្នុង​រដ្ឋ​ចរចា ​សហរដ្ឋ​អាមេរិក។

លោក សេង ប៊ុនថៃ ​ជា​ទីប្រឹក្សា​ពុទ្ធិកៈ​សមាគមវត្ត​ខ្មែរ​ចរចា​តាំង​ពី​ឆ្នាំ​១៩៨៧៖

«គោល​បំណង​វត្ត​ចរចា​យើង​ចាប់ផ្តើម​មុន​ដំបូង ​គឺ​យើង​អប់រំ​ដើម្បី​ខ្មែរ​យើង​ឱ្យចេះ​ស្រឡាញ់​រក្សា​ពុទ្ធសាសនា។ នេះ​ទីមួយ។ ទីពីរ ​យើង​រក្សា​បុណ្យ​ទំនៀម​ទម្លាប់​ប្រពៃណី​សម្រាប់​អ្នកជឿ​ព្រះពុទ្ធ​សាសនា។ ហើយ​ទីបី​ គឺ​ដើម្បី​ផ្សព្វផ្សាយ​ទៅ​ក្មេង​ជំនាន់​ក្រោយ​ គឺអប់រំ​ឱ្យ​ចេះ​ធ្វើ​បុណ្យ​ឱ្យចេះ​ស្រឡាញ់​ចាស់​ស្រឡាញ់ទុំ​ វា​ជា​ផ្នែក​មួយ​ដែល​យើង​ធ្វើ​ពី​ចាស់​ទៅ​ទៅ​ក្មេងៗ​ជំនាន់​ក្រោយ‍»។

វត្ត​ខ្មែរ​ចរចា ​ក៏​បាន​ដើរ​តួនាទី​ជួយ​ដល់​ការ​លើក​កម្ពស់​ប្រពៃណី​ និង​ទំនៀម​ទម្លាប់​ខ្មែរ​ផង​ដែរ។

ព្រះតេជគុណ ប្រាជ្ញ សារ៉ាន់ ​ព្រះចៅ​អធិការ​ វត្ត​ខ្មែរ​ចរចា ​ពន្យល់​ពី​កិច្ចការ​ក្នុង​ពេល​បច្ចុប្បន្ន​និង​កន្លង​មក៖

«គឺ​បាន​ជួយ​ដល់​ពួក​កូនចៅ​របស់​ពុទ្ធបរិស័ទ​ទាំង​ផ្នែក​ការធ្វើ​បុណ្យទាន​តាម​រយៈ​មាតា​បីតា​ដែល​អញ្ជើញ​មក​វត្តក្តី ​ក៏ដូចជា​តាម​រយៈ​ការ​ផ្សព្វផ្សាយ​ទៅតាម​ទី​បុញ្ញកម្ម​ផ្សេងៗ​ដែល​មាន​តាម​គេហដ្ឋាន​ដែល​មាន​ដូចជា​ ពិធីបុណ្យ​ ពិធី​អាពាហ៍​ពិពាហ៍​ ឬ​ក៏​ពិធី​សង្គម​ដែល​បង្កើត​ជា​ទិវា​កម្ពុជា​ ឬ​ក្រុងខ្មែរ​ ឬ​សមាគម ​ដូចជា​សកម្មភាព​បុណ្យ​អុំទូក​ជាដើម ​យើង​ក៏​បាន​បញ្ជ្រាប​កិច្ចការ​ហ្នឹង​រួម ដើម្បី​ឱ្យ​កូនខ្មែរ​ហ្នឹង​បាន​គិត​ឃើញ​ថា​ព្រះសង្ឃ​ពុំមាន​តួនាទី​តែ​ប្រតិបត្តិ​ព្រះធម៌​នៅក្នុង​វត្ត​យក​និពាន្ធ​យកសួគិ៍​ទេ​ គឺ​បាន​ជួយ​ក្នុង​បច្ចុប្បន្ន​នេះ​ដែរ‍»។

ទីវត្ត​ទាំង៥​ ខិតខំ​រួមគ្នា​ក្នុង​ការជួយ​ថែរក្សា​សាសនា​ ប្រពៃណី​និង​វប្បធម៌ ​និង​អប់រំ​សហគមន៍។ នេះ​បើ​តាម​ការបញ្ជាក់​របស់​ព្រះចៅ​អធិការ​ ប្រាជ្ញ សារ៉ាន់។

ព្រះតេជគុណ​ ប្រាជ្ញ សារ៉ាន់ ​ជា​ព្រះចៅ​អធិការ​វត្ត​ខ្មែរ​ចរចា ដែល​ស្ថិត​នៅ​ភាគ​ខាង​កើត​ទីក្រុង​អាត្លង់តា រដ្ឋចរចា សហរដ្ឋ​អាមេរិក។ (ពិន ស៊ីសុវណ្ណ/VOA)
ព្រះតេជគុណ​ ប្រាជ្ញ សារ៉ាន់ ​ជា​ព្រះចៅ​អធិការ​វត្ត​ខ្មែរ​ចរចា ដែល​ស្ថិត​នៅ​ភាគ​ខាង​កើត​ទីក្រុង​អាត្លង់តា រដ្ឋចរចា សហរដ្ឋ​អាមេរិក។ (ពិន ស៊ីសុវណ្ណ/VOA)

នៅឯ​វត្ត​ត្រៃ​រតនារាម​ហៅវត្ត​ថ្មី​ ដែល​ស្ថិតនៅ​ភាគ​ខាងត្បូង​ទីក្រុង​អាត្លង់តា ​ព្រះតេជគុណ ​ពិសិដ្ឋ កំសាន្ត​ព្រះចៅ​អធិការ​វត្ត​ក៏​បាន​ជួយ​បំបួស​កូនខ្មែរ​ខ្លះ​ក្នុង​រយៈពេល​ខ្លី​ផង​ដែរ។
«កន្លង​មក​អាត្មា​តែងតែ​រៀបចំ​ឱ្យ​មាន​បួស​ក្នុង​ពេល​រដូវក្តៅ​ ពេល​ដែល​សិស្ស​សាលា​សម្រាក​ពី​ការ​សិក្សា​របស់​រដ្ឋ​ក៏មាន​ពួក​ក្មេងៗ​ហ្នឹង​ អាត្មា​យក​មក​បួស​បួន​ប្រាំ​នាក់​ជារៀង​រាល់​ឆ្នាំ​ ដើម្បី​អប់រំ​ឱ្យ​ស្គាល់​តម្លៃ​អ្វី​ទៅ​ជា​ព្រះពុទ្ធសាសនា​របស់​យើង។ គ្នា​មក​ទៅ​ក៏​បាន​យល់​បាន​ដឹង។ ត្រឡប់​ទៅ​វិញ​ក៏​មាន​ការគោរព​មាតា​បីតា​រហូត។ បាន​សឹក​ទៅវិញ​អាច​ធ្វើ​អាចារ្យ​បាន​ខ្លះ ​អាច​សូត្រ​ធម៌​សូត្រ​អី​ដឹកនាំ​ពុទ្ធបរិស័ទ»។

សហគមន៍​ខ្មែរ​នៅ​ទីនេះ​មាន​ទំហំ​មិន​ជា​ធំ​ប៉ុន្មាន​ទេ​ គឺ​មាន​សមាជិក​ជាង​មួយ​ម៉ឺន​នាក់​តែ​ប៉ុណ្ណោះ ប៉ុន្តែ​កំពុង​តែ​រីកធំធាត់​បន្ត​ទៀត​ ដោយសារ​មាន​ការ​បង្កើត​ជា​ក្រុង​ខ្មែរ​ និង​ផ្សារ​ខ្មែរ​ជាដើម។

លោក ​សេង ប៊ុនថៃ ​យល់​ថា​ ការ​រីកចម្រើន​នេះ​នឹង​ចូលរួម​ចំណែក​ដល់​ការ​លើក​ស្ទួយ​ព្រះពុទ្ធ​សាសនា​នៅ​ទីនេះ​ផង​ដែរ។

«ខ្ញុំ​ជឿថា​ នឹង​មាន​ការ​បន្ត​ទៅ​ដល់​ក្មេងៗ​ទៀត ​ពីព្រោះ​ថា​មាន​ក្មេងៗ​ជំនាន់​ក្រោយ​ដែល​បង្កើត​ជា​សមាគម​ផ្សេងៗ​សុំ​វត្ត​ចាស់​យើង​ចូលរួម​ ដើម្បី​ជា​យោបល់​ហើយ​ជួយ​កិច្ចការ​ជួយ​ជ្រោម​ជ្រែង​ធ្វើ​ម៉េច​ឱ្យ​បាន​ចម្រើន​ទៅ​ខាង​សមាគម​គេ​ផង​ ហើយ​ខាង​វត្ត​យើង​ហ្នឹង​ក៏​មាន​សភាព​អធិក​អធម​តទៅ​មុខ​ទៀត​ដែរ‍»។​

រីឯ​ព្រះតេជគុណ​ ប្រាជ្ញ សារ៉ាន់​ នៃ​វត្ត​ខ្មែរ​ចរចា​ នៅតែ​មាន​ក្តី​សង្ឃឹម​ថា ​កូនខ្មែរ​ដែល​កើត​នៅ​ទីនេះ​នឹង​បន្ត​រក្សា​វប្បធម៌​ប្រពៃណី​ខ្មែរ​បាន។
«ផ្នែក​អប់រំ​ព្រះពុទ្ធសាសនា​ ក៏ជា​ផ្នែក​អប់រំ​មួយ​ដែល​ជឿជាក់​ថា​ នឹង​រក្សា​បាន​ទៅ​មុខ​ពីព្រោះ​ផ្នែក​មួយ​របស់​វត្ត​ផង​របស់​មាតា​បីតា​ផង ​សុទ្ធតែ​ជា​អ្នក​ជឿ​នូវ​កម្មផល​ហើយ​ខំ​បណ្តុះ​បណ្តាល​ទាំងអស់​គ្នា​ ហាក់​ដូច​ជា​កូន​ដែល​ទៅរៀន​នៅ​សាលា​ពុំមែន​ពឹងតែ​គ្រូ​ម្យ៉ាង​ទេ​ គឺ​មាតាបីតា​ក៏​ចូលរួម​អប់រំ​កូន​ដូច្នោះ​ដែរ។ យ៉ាងណា​មិញ​វត្តអារ៉ាម​ក៏ជា​ផ្នែក​មួយ​ហើយ​គ្រួសារ​មាតាបីតា​ ក៏​ជាផ្នែក​មួយ​ហើយ​អាត្មា​សង្ឃឹម​ថា ​នឹង​មិន​បាត់​បង់​ទេ។ ព្រះពុទ្ធ​សាសនា​មាន​ដរាប​ណា​ការ​គោរព​ប្រតិបត្តិ​នឹង​មាន​ដរាប​នោះ‍»។

ហើយ​សម្រាប់​ឆ្នាំ​២០១៧​នេះ​ វត្តចរចា​ក៏​បាន​បើក​បង្រៀន​ភាសា​ខ្មែរ​ដល់​កូនខ្មែរ​ជំនាន់​ក្រោយ​ផងដែរ ​បន្ទាប់​ពី​អាក់ខាន​អស់​រយៈពេល​ជាយូរ៕

XS
SM
MD
LG