ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​យុត្តិធម៌​បដិសេធ​សំណើ​របស់​លោក សម រង្ស៊ី ក្នុង​ការ​ឆ្លើយ​បំភ្លឺ​តាម​ប្រព័ន្ធ​ SKYPE


រូបឯកសារ៖ លោក ស ខេង​ និង​ លោក សម រង្ស៊ី បន្ទាប់​ពីជំនួប​ប្រជុំពិភាក្សា​គ្នា​អំពី​ការធ្វើ​វិសោធនកម្ម​បទបញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ២០១៥ (ហ៊ាន សុជាតា/VOA)
រូបឯកសារ៖ លោក ស ខេង​ និង​ លោក សម រង្ស៊ី បន្ទាប់​ពីជំនួប​ប្រជុំពិភាក្សា​គ្នា​អំពី​ការធ្វើ​វិសោធនកម្ម​បទបញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ២០១៥ (ហ៊ាន សុជាតា/VOA)

មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​យុត្តិធម៌​កម្ពុជា​បាន​ហៅ​ការ​ស្នើ​របស់​លោក​ សម រង្ស៊ី​ សុំ​បំភ្លឺ​រឿង​ក្តី​បរិហារកេរ្តិ៍​​លោក ​ហេង សំរិន តាម​ប្រព័ន្ធ​Skype​ ពី​ក្រៅ​ស្រុក​មក​ថា​«មិន​អាច​ទៅ​រួច​ទេ»។

មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​យុត្តិធម៌​កម្ពុជា​បាន​ហៅ​ការ​ស្នើ​របស់​លោក​ សម រង្ស៊ី​ សុំ​បំភ្លឺ​រឿង​ក្តី​បរិហារកេរ្តិ៍លោក ​ហេង សំរិន តាម​ប្រព័ន្ធ​Skype​ ពី​ក្រៅ​ស្រុក​មក​ថា​«មិន​អាច​ទៅ​រួច​ទេ»​ដោយ​ប្រទេស​កម្ពុជា​មិន​មាន​នីតិវិធី​ផ្ដល់​ចម្លើយ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ​ទេ។

ប៉ុន្តែ អ្នក​វិភាគ​ផ្នែក​ច្បាប់​យល់​ថា​ កម្ពុជា​គួរ​តែ​សម្រប​ខ្លួន​ទៅ​តាម​ការ​ការ​វិវឌ្ឍន៍​នៃ​បច្ចេកវិទ្យា​ថ្មី​របស់​ពិភព​លោក ពីព្រោះ​ប្រទេស​អភិវឌ្ឍន៍​មួយ​ចំនួន​បាន​បញ្ចូល​ប្រព័ន្ធ​នេះ​ទៅ​ក្នុង​នីតិវិធី​របស់​ខ្លួន​រួច​ហើយ។

កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​ លោក​ សម រង្ស៊ី​ ប្រធាន​គណ​បក្ស​ជំទាស់​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​បាន​សរសេរ​ក្នុង​ទំព័រ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​របស់​លោក ដោយ​ស្នើ​សុំ​ឆ្លើយ​សំណួរ​តុលាការ​ក្រុង​ភ្នំពេញ​តាម​រយៈ​ប្រព័ន្ធទំនាក់​ទំនង​ Skype ​លើ​បណ្ដាញ​អ៊ីនធឺណិត​ តប​តាម​ដីកា​កោះ​របស់​តំណាង​អយ្យការ​អម​សាលា​ដំបូង​ក្រុង​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ។

តុលាការ​បាន​កោះ​ហៅ​លោក សម រង្ស៊ី ឲ្យ​បង្ហាញ​ខ្លួន​នៅ​តុលាការ​ក្នុង​សំណុំ​រឿង​បរិហារកេរ្តិ៍​លោក​ ហេង​ សំរិន​ ដែល​ទាក់​ទិន​នឹង​ការ​លើក​ឡើង​ថា​ មាន​កងទ័ព​វៀតណាម​បង្កប់​ខ្លួន​ក្នុង​ជួរ​កងទ័ព​កម្ពុជា​នោះ។

លោក​ សម រង្ស៊ី ​ប្រធាន​គណបក្ស​ជំទាស់ បាន​ពន្យល់​ក្នុង​សំណេ​ដើម​យ៉ាង​ដូច្នេះ​ថា៖ «ដើម្បី​ជៀស​វាង​កុំ​ឲ្យ​ចំណាយ​ពេល​ និង​សោហ៊ុយ​ច្រើន ខ្ញុំ​អាច​ឆ្លើយ​រាល់​សំណួរ​របស់​តុលាការ​តាម​រយៈ​ប្រព័ន្ធ​អ៊ីនធឺណិត​នេះ​ដែរ​ ដែល​ក្នុង​នោះ​ ​យើង​អាច​ប្រើ​ប្រព័ន្ធ​ទំនាក់​ទំនង​ Skype»។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ប្រព័ន្ធ​ ​ទំនាក់​ទំនង​Skype​ គឺ​ជា​មធ្យោបាយ​ទំនាក់​ទំនង​ដ៏​ពេញ​និយម​លើ​ពិភព​លោក​ ដោយ​អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​ប្រាស់​អាច​ធ្វើ​ការ​ពិភាក្សា​ ឬ​ជជែក​គ្នា​ពី​ទីកន្លែង​ផ្សេង​គ្នា​ក្នុង​ពិភព​លោក ហើយ​អាច​មើល​ឃើញ​មុខ​ និង​កាយ​វិការ​របស់​ដៃ​គូរ​សន្ទនា​បាន​ផង​ដែរ។

ប៉ុន្តែ​ សំណើ​របស់​លោក សម រង្ស៊ី ​ត្រូវ​បាន​ច្រាន​ចោល។

អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​លោក​ ជិន​ ម៉ាលីន​ មាន​ប្រសាសន៍​ថា​ តុលាការ​កម្ពុជា​មិន​ដែល​អនុវត្ត​ និង​គ្មាន​នីតិវិធី​ក្នុង​ការ​សួរ​ចម្លើយ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នោះ​ទេ។

លោក​បន្ថែម​ថា លោក សម រង្ស៊ី​ ក៏​មិន​បាន​ផ្ញើ​លិខិត​ផ្លូវ​ការ​ជូន​តុលាការ​ក្នុង​ការ​ឆ្លើយ​សំណួរ​តាម​ប្រព័ន្ធ​ទំនាក់​ទំនង​Skype ​នោះ​ដែរ។

«ទោះ​បី​ជា​មាន​ជា​សំណើ​របស់​គាត់​ជា​ផ្លូវ​ការ​អី​ក៏​ដោយ ក៏​តាម​បទបញ្ញត្តិ​ច្បាប់​របស់​យើង​ គឺ​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​សួរ​ចម្លើយ​ ឬ​ផ្ដល់​ព័ត៌មាន​អី​តាម​ប្រព័ន្ធ​Skype ​ប្រព័ន្ធ satellite​ អី​ដែរ ពីព្រោះ​បទបញ្ញត្តិ​នីតិវិធី​របស់​យើង ​គឺ​ថា​រាល់​ការ​អនុវត្ត​ដីកា​ហ្នឹង គឺ​ត្រូវ​តែ​បង្ហាញ​ខ្លួន​នៅ​ក្នុង​សវនាការ។​ អញ្ចឹង​ទេ ​ត្រង់​ចំណុច​នេះ​គឺ​មាន​ន័យ​ច្បាស់​លាស់​ហើយ​ថា ជន​ដែល​ត្រូវ​បាន​ដីកា​កោះ​ហ្នឹង​ គឺ​ត្រូវ​តែ​បង្ហាញ​ខ្លួន​មុខ​ព្រះ​រាជ​អាជ្ញា ​ឬ​ចៅ​ក្រម​ស៊ើប​សួរ​បាទ»។

ដីកា​កោះ​របស់​តំណាង​អយ្យការ​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បាន​បង្គាប់​ឲ្យ​លោក​ សម​ រង្ស៊ី ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ចូល​បំភ្លឺ​នា​ព្រឹក​ថ្ងៃ​ច័ន្ទ​ទី​៤ ខែ​មករា ឆ្នាំ​២០១៦​ តប​តាម​បណ្ដឹង​បរិហារកេរ្តិ៍របស់​លោក​ ហេង សំរិន​ ប្រធាន​កិត្តិយស​គណបក្ស​កាន់​អំណាច​ ចំពោះ​វីដេអូ​ខ្លី​មួយ​ដែល​លោក​ សម​ រង្ស៊ី​ បាន​បង្ហោះ​ក្នុង​ទំព័រ​ហ៊្វេសប៊ុក​កាល​ពី​ខែ​វិច្ឆិកា​កន្លង​ទៅ។

វីដេអូ​នោះ​បាន​បង្ហាញ​ពី​ព្រះ​បាទ​នរោត្តម សីហនុ​ កាល​ពី​ទសវត្សរ៍​ទី​៨០ ដែល​ចោទ​ថា​ វៀតណាម​បាន​បញ្ជូន​កង​ទ័ព​ មក​បង្កប់​ខ្លួន​ក្នុង​ជួរ​កងទ័ព​របស់​លោក​ ហេង សំរិន ​ដែល​ជា​ប្រមុខ​រដ្ឋ​កម្ពុជា​នា​សម័យ​នោះ។

យ៉ាង​ណា​ក៏​ដោយ លោក​ សម រង្ស៊ី ​បាន​សរសេរ​ក្នុង​ទំព័រ​ហ្វេស​ប៊ុក​របស់​លោក​ ដោយ​បដិសេធ​ថា​ លោក​មិន​បាន​ធ្វើ​ការ​បរិហារកេរ្តិ៍​លោក​ ហេង សំរិន ​ទេ​ ក្រោយ​ពេល​ លោក​បាន​ស្នើ​សុំ​ឆ្លើយ​នឹង​សំណួរ​បន្ថែម​តាម​រយៈ​ប្រព័ន្ធ​ទំនាក់​ទំនង​ Skypeនោះ ។

លោក​ ជិន​ ម៉ាលីន ​បាន​ពន្យល់​ប្រាប់​ VOA ថា​ ក្នុង​ទិដ្ឋភាព​ច្បាប់​ទូទៅ​ ការ​បង្ហាញ​ខ្លួន​តាម​ការ​បង្គាប់​របស់​តុលាការ​គឺ​ជា​កាតព្វកិច្ច​សំខាន់​ដើម្បី​បញ្ជាក់​អត្តសញ្ញាណ​របស់​ជន​ដែល​ត្រូវ​ចោទ​ពិត​ចំពោះ​មុខ​តុលាការ ​និង​ដើម្បី​បញ្ជាក់​ពី​អាកប្បកិរិយា​សាមី​ខ្លួន​ក្នុង​ការ​ឆ្លើយ​តប​នឹង​សំណួរ​របស់​តំណាង​តុលាការ​ផង​ដែរ។

«អញ្ចឹង​ហើយ​ក្នុង​ករណី​នេះ ​គឺ​ជា​នយោបាយព្រហ្មទណ្ឌ​ថា ​គេ​កម្រ​ នឹង​ធ្វើ​ការ​ទាក់​ទង​និង​ប្រព័ន្ធ​satellite​ ​នេះ​ណាស់​ពីព្រោះ​វា​ពិបាក​នៅ​ក្នុង​ការ​វិនិច្ឆ័យ​ទៅ​លើ​អត្តសញ្ញាណ​ពិត​ប្រាកដ​ ហើយ​ក៏​វា ​ពិបាក​នៅ​ក្នុង​ការ​វិនិច្ឆ័យ​ទៅ​តាម​ផ្នត់​គំនិត​របស់​ជន​ដែល​ត្រូវ​ឆ្លើយ​នេះ​ ឬក៏​ជន​ដែល​ត្រូវ​សួរ​ដេញ​ដោល​នេះ​ដែរ​បាទ»។

ផ្ទុយ​ទៅ​វិញ លោក ​សុក សំអឿន​ ​មេធាវី​ឯករាជ្យ ​និង​ជា​អ្នក​ជំនាញ​ច្បាប់​កម្ពុជា បាន​ថ្លែង​ថា​ ​តុលាការ​ក៏​អាច​បញ្ជាក់​អត្តសញ្ញាណ​ពិត​ និង​ឥរិយាបថ​របស់​លោក ​សម រង្ស៊ី ​តាម​ប្រព័ន្ធ​ថ្មី​នេះ​ផង​ដែរ​ ហើយ​បទ​ចោទ​របស់​លោក ​ហេង ​សំរិន លើ​លោក​ សម រង្ស៊ី​ គឺ​មិន​មាន​ទោស​ទណ្ឌ​ធ្ងន់ធ្ងរ​នោះ​ទេ។

លោក ​សុក​ សំអឿន​ ពន្យល់​ថា ក្នុង​នីតិវិធី​តុលាការ​កម្ពុជា​ គេ​អាច​កាត់​កំបាំង​មុខ​ជន​ដែល​ត្រូវ​ចោទ​ក៏​បាន​ ប៉ុន្តែ​ការ​ស្នើ​របស់​លោក ​សម រង្ស៊ី​ ក្នុង​ការ​ឆ្លើយ​តាម Skype ​គឺ​បង្ហាញ​ពី​ចេត​នា​សហការ​របស់​លោក​ក្នុង​ការ​ផ្ដល់​ចម្លើយ។

«ចំពោះ​ខ្ញុំ​ គ្រាន់​តែ​គិត​ថា​ឥឡូវ​យើង​មាន​បច្ចេកវិទ្យា​អី​ហើយ​ ហើយ​តុលាការ​គួរ​រឿង​ខ្លះ​ គួរ​តែ​សម្រប​សម្រួល​ទៅ។ បើ​សិន​ជា​រឿង​ហ្នឹង ​វា​ឧក្រិដ្ឋ​អីណា​ មាន​អ្នក​សម្លាប់​មនុស្ស​មាន​អី​អ្ហា​ហ្នឹង​ បាន​យើង​ចាំ​បាច់​ត្រូវ​តែ​បង្ខំ​ឲ្យ​ជន​ជាប់​ចោទ​ហ្នឹង​ បង្ហាញ​មុខ​។ តែ​អ្ហា​នេះ ​គ្រាន់​តែ​ជា​បណ្ដឹង​ហ្នឹង​ ហើយ​វា​ជា​បណ្ដឹង​បទ​បរិហារកេរ្តិ៍​ហ្នឹង ​អត់មាន​ទោស​ពន្ធនាគារ​ផង​ហ្នឹង»។

លោក ​សុក សំអឿន​ បន្ថែម​ថា​ ​ក្នុង​ប្រទេស​អភិវឌ្ឍន៍​មួយ​ចំនួន​ គេ​ប្រើ​ប្រាស់​ប្រព័ន្ធ​ទំនើប​នេះ ​ដើម្បី​សម្រួល​ដល់​សាក្សី​ក្នុង​ការ​ផ្ដល់​ចម្លើយ។

«អ្វី​ដែល​ខ្ញុំ​ធ្លាប់​ឃើញ​មក​ ​ដូច​នៅ​អាមេរិក​អី​ ​គឺ​គេ​ធ្វើ​អញ្ចឹង។ តែ​គ្រាន់​តែ​កន្លង​មក​ ខ្ញុំ​ធ្លាប់​ឃើញ​គេ​ ឃើញ​ចំពោះ​សាក្សី​ហ្អេ​ណា៎។ សាក្សី​ បើ​គេ​អត់​មាន​លទ្ធភាព​មក​អី​អញ្ចឹង​ គេ​ធ្វើ​តាម​ហ្នឹង។ អ្ហា​ហ្នឹង​ គេ​អាច​ឃើញ​មុខ​គ្នា ​ព្រោះធម្មតា​ការ​សាក​សួរ​ស្អីៗ ​គឺ​យើង​ឃើញ​មុខ​គ្នា មើល​ទឹក​មុខ​គ្នា​ អាច​ដឹង​ថា ​អ្នក​ហ្នឹង​ ​ឆ្លើយ​ត្រង់​ ឬ​ឆ្លើយ​មិន​ត្រង់​អី ​ព្រោះ​ស្រួល​បន្ត​សំណួរ​ទៀត​ណា។ ​ហើយ​នៅ​យុត្តាធិការ​ខ្លះ​គឺ​គេ​ប្រើ​តាម​ទូរស័ព្ទ​ផង ​ក៏​មាន​ដែរ។ ​អ្ហា​ហ្នឹង ​អត់​ឃើញ​មុខ​គ្នា​ផង​ បើ​Skype​ គឺ​បាន​ឃើញ​មុខ»។

យ៉ាង​ណា​ក៏​ដោយ​ លោក​ ជិន​ ម៉ាលីន​ យល់​ថា ​ការ​ប្រើប្រាស់​ប្រព័ន្ធ​ទំនាក់​ទំនង​Skype​ ​និង​អ៊ីនធឺណិតនេះ​ គឺ​មិន​ត្រូវ​បាន​គេ​ចែង​ និង​ធ្លាប់​ប្រើប្រាស់​ក្នុង​ប្រទេសកម្ពុជា​ទេ។

លោក​បន្ថែម​ថា តុលាការ​ទំនង​នឹង​អាច​ចេញ​ដីកា​ចាប់​ខ្លួន​លោក​ សម រង្ស៊ី ក្រោយ​ពី​លោក​ សម រង្ស៊ី ខក​ខាន​មិន​បាន​ផ្ដល់​ចម្លើយ​តាម​ការ​បរិច្ឆេទ​កំណត់​ទេ​នោះ។

ប្រធាន​គណបក្ស​ប្រឆាំង​ លោក​ សម រង្សី​ ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ បាន​ទទួល​ដីកា​ចាប់​ខ្លួន​និង​ដីកា​កោះ​ជា​បន្ត​បន្ទាប់​នៅ​ចុង​ឆ្នាំ​២០១៥​ ​ក្រោយ​ពេល​មាន​ភាព​ប្រេះឆា​នយោបាយ​ជាមួយ​គណបក្ស​កាន់​អំណាច​របស់​លោក​ ហ៊ុន សែន។​

លោក សម រង្ស៊ី ​ត្រូវ​បាន​រដ្ឋ​សភា​ដែល​មាន​តែ​អ្នក​តំណាង​រាស្ត្រ​ពី​គណបក្ស​ប្រជាជន​កម្ពុជា​សម្រេច​លុប​ចោល​អភ័យ​ឯកសិទ្ធិ​ជា​អ្នក​តំណាងរាស្ត្រ​នៅ​ខែ​វិច្ឆិកា​ ដើម្បី​បើក​ផ្លូវ​ឱ្យ​តុលាការ​អាច​អនុវត្ត​លើ​រូប​លោក​ក្នុង​សំណុំ​រឿង​បរិហារកេរ្តិ៍​ ​និង​ញុះញង់​ ដែល​លោក​បាន​ថ្លែង​ថា​លោក ហោ ណាំហុង​ រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា ​បាន​ឃុបឃិត​ជាមួយ​ក្រុម​ខ្មែរ​ក្រហម ​ពេល​ដែល​លោក​ ហោ ណាំហុង នៅ​ជាប់​ក្នុង​ពន្ធនាគារ​បឹង​ត្របែក៕

XS
SM
MD
LG