ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មួយ​ឆ្នាំ​បន្ទាប់​ពី​ការ​វាយប្រហារ​ដ៏​ធំ​មួយ ប៉ាគីស្ថាន​អះអាង​ថា​មាន​គោលនយោបាយ​ដែល​ផ្លាស់ប្តូរ​មួយ


 ជនរងគ្រោះ​ពី​ការ​វាយប្រហារ​សាលរៀន​យោធាន​មួយ​នៅ​ប៉ាគីស្ថាន។
ជនរងគ្រោះ​ពី​ការ​វាយប្រហារ​សាលរៀន​យោធាន​មួយ​នៅ​ប៉ាគីស្ថាន។

ស្ថាប័ន​យោធា​របស់​ប្រទេស​ប៉ាគីស្ថាន​ ដែល​ត្រូវ​បាន​ស្តី​បន្ទោស​ជា​ញឹកញាប់​ពី​ការ​គាំទ្រ​ភាគី​មិន​ពាក់ព័ន្ធ​នឹង​រដ្ឋ​ប្រឆាំង​នឹង​ប្រទេស​ជិត​ខាង​ បាន​អះអាង​ថា​ ខ្លួន​បាន​ផ្លាស់​ប្តូរ​គោលនយោបាយ​របស់​ខ្លួន​ហើយ។ រដ្ឋាភិបាល​បាន​ចាត់​ឡើង​នូវ​ផែនការ​សកម្មភាព​ថ្នាក់​ជាតិ​មួយ​ដើម្បី​ដោះស្រាយ​លទ្ធិ​ជ្រុលនិយម។ ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​បន្ទាប់​មក​នេះ​ តើ​ការ​អះអាង​ពី​ការ​ផ្លាស់​ប្តូរ​គោលនយោបាយ​នោះ​បាន​ចេញ​ជា​រូប​រាង​ហើយ​ឬ​នៅ?

ការ​វាយ​ប្រហារ​ដ៏​ខ្ទេចខ្ទាំ​ទៅ​លើ​សាលារៀន​មួយ​នៅ​ប៉ាគីស្ថាន​កាល​ពី​មួយ​ឆ្នាំ​មុន​នេះ​ ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​ដែល​បាន​ផ្លាស់​ប្តូរ​ទិសដៅ​យុទ្ធសាស្រ្ត​របស់​ប្រទេស​នេះ។ ស្ថាប័ន​យោធា​របស់​ប្រទេស​ប៉ាគីស្ថាន​ ដែល​ត្រូវ​បាន​ស្តី​បន្ទោស​ជា​ញឹកញាប់​ពី​ការ​គាំទ្រ​ភាគី​មិន​ពាក់ព័ន្ធ​នឹង​រដ្ឋ​ប្រឆាំង​នឹង​ប្រទេស​ជិត​ខាង​ បាន​អះអាង​ថា​ ខ្លួន​បាន​ផ្លាស់​ប្តូរ​គោលនយោបាយ​របស់​ខ្លួន​ហើយ។ រដ្ឋាភិបាល​បាន​ចាត់​ឡើង​នូវ​ផែនការ​សកម្មភាព​ថ្នាក់​ជាតិ​មួយ​ដើម្បី​ដោះស្រាយ​លទ្ធិ​ជ្រុលនិយម។ ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​បន្ទាប់​មក​នេះ​ តើ​ការ​អះអាង​ពី​ការ​ផ្លាស់​ប្តូរ​គោលនយោបាយ​នោះ​បាន​ចេញ​ជា​រូប​រាង​ហើយ​ឬ​នៅ?

សិស្ស​សាលា​កំពុង​ច្រៀង​ចម្រៀង​ ​ដោយ​សន្យា​ថា​នឹង​ធ្វើការ​អប់រំ​កូនៗ​របស់​ពួក​សត្រូវ​ ដែលជា​ការ​សងសឹក​មួយ​ទៅ​លើ​ការ​វាយប្រហារ​ដែល​បាន​សម្លាប់​មនុស្ស​ជាង១៤០នាក់​ កាល​ពី​មួយ​ឆ្នាំ​មុន។ នេះ​ជា​ឧទាហរណ៍​មួយ​នៃ​ការ​ផ្សព្វផ្សាយ​តាម​ទូរទស្សន៍ ដែល​ក្រុម​យោធា​ប៉ាគីស្ថាន​បាន​ផលិត​ឡើងតាំង​ពី​ចុង​ខែ​ធ្នូ​ឆ្នាំ​មុន។

ការ​វាយប្រហារ​ទៅ​លើ​សាលារៀន​មួយ​នៅ​ក្រុង​ Peshawar ​បាន​ធ្វើ​ឲ្យ​ប្រជាជន​ក្នុង​ប្រទេស​នេះប្រមូល​ផ្តុំ​គ្នា​ប្រឆាំង​នឹង​ពួក​ជ្រុលនិយម។ ក្រុម​អ្នក​នយោបាយ​ដែល​គាំទ្រ​ការពិភាក្សា​ជាមួយ​នឹង​ពួក​តាលីបង់​នៅ​ប៉ាគីស្ថាន​បាន​ដក​ខ្លួន​ចេញ​វិញ។ ក្រុម​យោធា​បាន​ពង្រឹក​ប្រតិបត្តិការ​ប្រឆាំង​នឹង​កន្លែង​លាក់​ខ្លួន​របស់​ពួក​ភេរវករ​នៅ​តំបន់​កុលសម្ព័ន្ធ​ដែល​គ្មាន​ច្បាប់​គ្រប់​គ្រង​ត្រឹមត្រូវ។ រដ្ឋាភិបាល​ក៏​បាន​ប្រកាស​ពី​ផែនការ​សកម្មភាព​ថ្នាក់​ជាតិ​ដើម្បី​ដោះស្រាយ​លទ្ធិ​ជ្រុលនិយម និងសកម្មភាព​យោធា​ផង​ដែរ។

យោធា​ប៉ាគីស្ថាន​តែងតែ​ត្រូវ​បាន​ស្តីបន្ទោស​ពី​ការ​ផ្តល់ទី​ជម្រក​ដល់​ក្រុម​សកម្មប្រយុទ្ធ​នៅ​ពេល​ដែល​ពួក​គេ​ត្រូវ​ការ​ ហើយ​ក្រុម​នោះ​បាន​ប្រើ​ប្រាស់​ទីតាំង​ទាំង​នោះ​ដើម្បី​ប្រឆាំង​នឹង​ប្រទេស​ឥណ្ឌា និង​អាហ្វហ្គានីស្ថាន​ ដែល​នៅ​ជិត​ខាង។ លោក Hasan Askari Rizvi អ្នក​វិភាគ​នយោបាយ​ម្នាក់​ និយាយ​ថា ព្រឹត្តិការណ៍​វិវត្តនា​ពេល​ថ្មីៗ​នេះ​ត្រូវ​បាន​គេ​មើលឃើញ​ថា​ជា​ការ​ផ្លាស់ប្តូរ​ផ្នែក​ផ្នត់​គំនិត។

«មាន​ការ​ផ្លាស់​ប្តូរ​ធំៗ​នៅ​ក្នុង​ការ​គិត​របស់​យោធា​ ហើយ​នៅ​ពេល​ដែល​យើង​និយាយពី​យោធា គឺ​យើង​និយាយអំពី​ថ្នាក់​លើ​នៃ​ពួក​យោធា គឺ​ថា ពួកគេ​កំពុង​តែ​ចាប់​ផ្តើម​យល់​ឃើញ​ថា ​ក្រុម​ភេរវកម្ម​ជ្រុល​និយម​ទាំង​នោះ​ជា​ការ​គំរាមកំហែង​ដ៏​ធំ​មួយ​ទៅ​ដល់​ប្រទេស​ប៉ាគីស្ថាន»។

យោងតាម​លោក ​Praveen Swami ​ការីនិពន្ធ​ផ្នែក​កិច្ចការ​យុទ្ធសាស្រ្ត​របស់​សារព័ត៌មាន​ Indian Express បាន​ឲ្យ​ដឹង​ថា​ សកម្មភាព​ដែល​ធ្វើ​ឡើង​មក​ទល់​នឹង​ពេល​នេះ​មិន​ទាន់​គ្រប់គ្រាន់​ដើម្បី​បំពេញ​ចិត្ត​ប្រទេស​ឥណ្ឌា​ដែល​នៅ​ជិត​ខាង​នៅ​ឡើយ។

«អ្នក​មិន​ចាំ​បាច់​ធ្វើ​អ្វី​ច្រើនទេ​ក្រៅ​ពី​ការ​ស្វែង​រក​តាម​គេហទំព័រ​ Google ​ ដើម្បី​ដឹង​ថា​ ការ​អះអាង​ឬ​ក្តី​សង្ឃឹម​ស្រដៀង​គ្នា​នេះធ្លាប់​ត្រូវ​បាន​លើកឡើង​ជា​ច្រើន​ដង​រួច​មក​ហើយ​ គឺ​តាំង​ពី​អាណត្តិ​គ្រប់​គ្រង​អំណាច​របស់​លោក ​Pervez Musharraf ​មក​ម្ល៉េះ»។

ប្រទេស​អាហ្វហ្គានីស្ថាន​ដែល​ជា​ប្រទេស​ជិត​ខាង​ស្ថិត​នៅ​ភាគ​ខាង​លិច​របស់​ប៉ាគីស្ថាន​ បាន​ជួប​ប្រទះ​នូវ​កំណើន​អំពើហិង្សា​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ។ របាយការណ៍​របស់​មន្ទីរ​បញ្ចកោណ​បាន​ចោទ​ប្រកាន់​ការ​កើន​ឡើង​នៃ​អំពើ​ហិង្សា​ទាំងនេះទៅ​លើ​ «ការ​បះបោរ​ដ៏​រឹងមាំ​ដឹក​នាំ​ដោយ​ក្រុម​តាលីបង់»។ ប្រជាជន​អាហ្វហ្គានីស្ថាន​បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​ប៉ាគីស្ថាន​ថា ​បាន​គាំទ្រ​ពួក​តាលីបង់​នៅ​អាហ្វហ្គានីស្ថាន។

លោក ​Mohammad Ismael Qasimyar គឺ​ជា​អ្នក​ទទួល​បន្ទុក​ផ្នែកទំនាក់​ទំនង​ការបរទេស​សម្រាប់​ក្រុម​ប្រឹក្សា​សន្តិភាព​ជាន់​ខ្ពស់​របស់​ប្រទេស​អាហ្វហ្គានីស្ថាន។ លោក​និយាយ​ថា៖ «បើ​និយាយ​ពី​ពួក​តាលីបង់​នៅ​ប៉ាគីស្ថាន​វិញ​ ពួក​នោះ​ប្រហែល​បាន​ផ្លាស់​ប្តូរ​យុទ្ធសាស្រ្ត​របស់​ខ្លួន​បាត់​ទៅ​ហើយ»។ លោក​បន្ថែម​ថា៖ «ប៉ុន្តែ​ បើ​និយាយ​ពី​ក្រុម​ប្រឆាំង​ប្រដាប់​អាវុធ​ និង​ក្រុម​បះបោរ​នៅ​អាហ្វហ្គានីស្ថាន​វិញ​ ពួក​គេ​ទាំង​អស់​នេះ​កំពុង​តែ​បន្ត​សកម្មភាព​របស់​ពួក​គេ។ យើង​មិន​មាន​អារម្មណ៍​ថា​ មាន​ការ​ផ្លាស់​ប្តូរ​ណា​មួយ​កើត​ឡើង​ទេ»។

ទោះ​យ៉ាង​ណា មន្រ្តី​ប៉ាគីស្ថាន​មិន​យល់​ស្រប​ជាមួយ​នឹង​ទស្សនៈ​នេះ​ឡើយ។ ពួកគេ​និយាយ​ថា ប៉ាគីស្ថាន​កំពុង​តែ​ព្យាយាម​ធ្វើការ​សម្របសម្រួល​កិច្ច​ពិភាក្សា​សន្តិភាព​រវាង​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន ​និង​ពួក​តាលីបង់​នៅ​អាហ្វហ្គានីស្ថាន ហើយ​ថា ​ប៉ាគីស្ថាន​ក៏​ចាប់​ផ្តើម​ឡើង​វិញ​នូវ​ដំណើរ​កិច្ចពិភាក្សា​ដែល​ជាប់​គាំង​ជាមួយនឹង​ឥណ្ឌា​ផង​ដែរ។

ក៏​ប៉ុន្តែ​ កង្វះ​នៃ​ភាព​ជឿជាក់​នៅ​ក្នុង​តំបន់​នៅ​តែ​មាន​ក្នុង​កម្រិត​ខ្ពស់​នៅ​ឡើយ​ ហើយ​ភាគី​អាហ្វហ្គានីស្ថាន​និង​ឥណ្ឌា​និយាយ​ថា ពួកគេ​នឹង​រង់ចាំ​មើល​ចំណាត់ការ​ដែល​អាច​មើល​ឃើញ​ជា​មុន​សិន មុន​ពេល​ពួកគេជឿ​ទៅលើ​សម្តី​វោហាសាស្ត្រ​ផ្សេងៗ៕

ប្រែសម្រួលដោយ ណឹម​ សុភ័ក្រ្តបញ្ញា

XS
SM
MD
LG