ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​យុត្តិធម៌​គ្រោង​ឱ្យ​អ្នក​ជាប់​ទោស​ក្នុង​បទល្មើស​ស្រាល​ទៅ​ធ្វើ​ការងារ​សហគមន៍​ ជំនួស​ការ​ជាប់​ឃុំឃាំង


រូបឯកសារ៖ អនីតិជន​ដែល​ជា​ទណ្ឌិត​កំពុង​រៀន​ជួសជុល​គ្រឿងចក្រ​ក្នុង​គម្រោង​វគ្គ​បណ្តុះ​បណ្តាល​របស់​អង្គការ​ជីវិត​នៅ​កម្ពុជា។ (រូបថត​ផ្តល់​ឲ្យ​ដោយ This Life Cambodia)
រូបឯកសារ៖ អនីតិជន​ដែល​ជា​ទណ្ឌិត​កំពុង​រៀន​ជួសជុល​គ្រឿងចក្រ​ក្នុង​គម្រោង​វគ្គ​បណ្តុះ​បណ្តាល​របស់​អង្គការ​ជីវិត​នៅ​កម្ពុជា។ (រូបថត​ផ្តល់​ឲ្យ​ដោយ This Life Cambodia)

អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​ ​លោក​ ​ជិន ម៉ាលីន​ ​នៅ​ព្រឹក​ថ្ងៃសុក្រ​នេះ​ ​លើក​ឡើង​ថា ​ក្រសួង​យុត្តិធម៌​នឹង​ដាក់​អ្នក​ទោស​ ​ឬ​ទណ្ឌិត​ ​មួយ​ចំនួន​នៅ​ទូទាំង​ប្រទេស​ ​ឲ្យ​ធ្វើ​ការងារ​សហគមន៍​ ​ជំនួស​ឲ្យ​ការ​ជាប់​ឃុំ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​ ​បន្ទាប់​ពី​ក្រសួង​បញ្ចប់​ការ​រៀបចំ​យន្តការ​ ​និង​ក្របខណ្ឌ​ច្បាប់​លម្អិត។

គម្រោង​នេះ​ត្រូវ​បាន​អ្នក​ឃ្លាំ​មើល​សិទ្ធិមនុស្ស​ ​និង​សង្គម​លើកឡើ​ងថា​ ​អាច​នឹង​ទទួល​បាន​ជោគជ័យ​ ​លុះ​ត្រាតែ​តុលាការ​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងៗ​ ​អនុវត្ត​ដោយ​ភាព​ត្រឹមត្រូវ។

​ក្រសួង​យុត្តិធម៌​កំពុង​រៀបចំ​ដាក់​ឲ្យ​ទណ្ឌិត​ដែល​កំពុង​ជាប់​ពន្ធនាគារ​ ​អនុវត្ត​ទោស​ដោយ​ធ្វើ​ការងារ​សហគមន៍​ ​ជំនួស​ឲ្យ​ការ​ជាប់​ឃុំ​ដើម្បី​ផ្តល់​ប្រយោជន៍​ដល់​សង្គម​ ​និង​កាត់​បន្ថយ​ចំនួន​អ្នក​ទោស​ដែល​កំពុង​កើន​ឡើង​ច្រើន​ក្នុង​ពន្ធ​នាគារ។​ ​នេះ​បើ​តាមការ​ឲ្យ​ដឹង​ពី​អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌។

លោក​ ​ជិន ម៉ាលីន​ ​អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​ ​ប្រាប់​ ​VOA​ ​នា​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ថា​ ​ការ​អនុវត្ត​ទោស​សហគមន៍​ ​គឺ​ជា​ការ​ដាក់​អ្នក​ទោស​ឲ្យ​ធ្វើ​ការងារផ្សេងៗ​ទៅ​តាម​ជំនាញ​របស់​ពួកគេ​នៅ​ក្នុង​សហគមន៍ ជំនួស​ឲ្យ​ការ​ជាប់ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ ដោយ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​សមត្ថ​កិច្ច។ លោក​បន្ថែម​ថា ​ក្រសួង​យុត្តិធម៌​ ​គ្រោង​នឹង​អនុវត្ត​សាកល្បង​ការងារ​នេះ​ក្នុង​ខេត្ត​បាត់​ដំបង​ជា​មុន​ ​មុន​នឹង​ឈាន​ទៅ​ដាក់​ឲ្យ​អនុវត្ត​ទូទាំង​ប្រទេស។

លោក ជិន ម៉ាលីន​ ​បញ្ជាក់​ថា៖​

«នៅ​ពេល​ដែល​យើង​ដាក់​ឲ្យ​អនុវត្ត​ហើយ​ ​យើង​នឹង​រៀប​ចំ​យន្តការ​ក្រប​ខណ្ឌ​ច្បាប់​ ​ក្របខណ្ឌ​គតិយុត្ត​គោល​នយោបាយ​លម្អិត​ ថាតើ​ប្រភេទ​ទោស​បែប​ណា​ដែល​ត្រូវ​អនុវត្ត ហើយ​ប្រភេទ​ទោស​បែប​ណា​ មាន​ជំនាញ​បែប​ណា ដាក់​នៅ​កន្លែង​ណា​ ​ហើយ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​យ៉ាង​ម៉េច​ ​យើង​នឹង​លម្អិត​ នៅ​ពេល​ដែល​យើង​រៀបចំ​យន្តការ​ជាក់ស្តែង​នៅ​តាម​ក្រោយ»។

​តាម​ការ​ឲ្យ​ដឹង​របស់​អ្នកនាំពាក្យ​អគ្គ​នាយកដ្ឋាន​ពន្ធនាគារ បច្ចុប្បន្ន​អ្នក​ទោស​នៅ​ក្នុង​ពន្ធ​នាគារ​សរុប​ទូទាំង​ប្រទេស​មាន​ជាង​២ម៉ឺន​៦​ពាន់​នាក់​ ​ខណៈ​កម្ពុជា​មាន​ពន្ធនាគារ​ និង​មណ្ឌល​កែប្រែ​តែ​ចំនួន​២៩​ប៉ុណ្ណោះ។

លោក ជិន ម៉ាលីន​ អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​ ​បាន​បញ្ជាក់​ប្រាប់​ ​VOA ​បន្ថែម​ថា​ ​ការ​ដាក់​ឲ្យ​អនុវត្ត​ទោស​សហគមន៍​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​សមត្ថ​កិច្ច​នេះ​ ​នឹង​ធ្វើ​ឲ្យ​សង្គម​ ​និង​ទណ្ឌិត​អាច​ទទួល​បាន​ផល​ប្រយោជន៍​ច្រើន​ ​ព្រមទាំង​អាច​កាត់​បន្ថយ​ការ​កក​ស្ទះ​ចំនួន​ទណ្ឌិត​ក្នុង​ពន្ធនាគារ​ដែល​កំពុង​កើន​ឡើង​បាន​ទៀត​ផង។

លោក​ពន្យល់​បន្ថែម​ថា៖​

«វា​អាច​ផ្តល់​ឱកាស​ដល់​អ្នកទោស​ ​មែនទែន​ទៅ​គាត់​ប្រព្រឹត្ត​បទ​ល្មើស​មែន​ ​ប៉ុន្តែ​អាច​ជា​កំហុស​ខុស​ឆ្គង​មួយ​ពេល​ ​អញ្ចឹង​យើង​អាច​ផ្តល់​ឱកាស​ឲ្យ​គាត់​ក្នុងការ​ប្រើប្រាស់​ជំនាញ​ ​និង​ទេពកោសល្យ​របស់​គាត់​ហ្នឹង ក្នុងការ​ជួយ​ដល់​សង្គម និង​សហគមន៍ ជាជាង​យក​គាត់​មកទុកចោល​វា​មិន​អាច​ជួយ​អីបាន​សោះ​ដល់​សង្គម។ ក៏​ប៉ុន្តែ​មិនមែន​ព្រលែង​គាត់​ចោល​ គាត់​ចង់​ធ្វើ​អី​បាន​តាម​ចិត្ត​ ​គាត់​អាច​នូវ​បង្ក​ហានិភ័យ​ ​ឬក៏​គ្រោះ​ថ្នាក់​ដល់​សង្គម​ទេ គឺ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​យ៉ាង​តឹងរ៉ឹង​បំផុត»។

លោក ជិន ម៉ាលីន​ ​ថា​ ​ទោស​សហគមន៍​មាន​ចែង​ក្នុង​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា​ជាយូរ​មក​ហើយ​ ​ប៉ុន្តែ​មិនអាច​អនុវត្ត​បាន​ ​ដោយ​សារ​បញ្ហា​ចំណេះ​ដឹង​របស់​ប្រជាពលរដ្ឋ​នៅ​មាន​កម្រិត​រហូត​ឈាន​ដល់​មាន​ការ​កាត់​ទោស​ជន​ល្មើស​ដោយ​ការ​វាយ​ ​ឬ​សម្លាប់​ ​ក្រៅ​ប្រព័ន្ធ​តុលាការ​ជា​ដើម។​ ​លោក​បន្ថែម​ថា​ ​ដើម្បី​ជៀសវាង​ការ​ភាន់​ច្រឡំ​ពី​សំណាក់​ប្រជាពលរដ្ឋ​ ​ការ​ដាក់​ឲ្យ​ទណ្ឌិត​អនុវត្ត​ទោស​សហគមន៍​ ​ចាំបាច់​ត្រូវ​មាន​ការ​ផ្សព្វផ្សាយ​ ​និង​អប់រំ​ឲ្យ​បាន​ទូលំទូលាយ​ជា​មុន។

​មាត្រា​៧២​ ​នៃ​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា​ដែល​បាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​តាំង​ពី​ឆ្នាំ​២០០៩​ ​បាន​ចែង​ពី​និយមន័យ​នៃ​ការងារ​សហគមន៍​ថា៖​ ​«កាលណា​ជនជាប់​ចោទ​ទទួល​ទោស​ដាក់​ពន្ធនាគារ​ ​ដែល​អតិបរមា​តិចជាង​ ​ឬស្មើ​៣​ឆ្នាំ​ ​តុលាការ​អាច​ប្រកាស​ទោស​ការងារ​សហគមន៍។​ ​ការងារ​សហគមន៍​ គឺជា​កាតព្វកិច្ច​ត្រូវ​បំពេញ​ក្នុង​ថេរវេលា​ចន្លោះ​ពី​៣០ម៉ោង​ ​ទៅ​២០០​ម៉ោង​ ​នូវ​ការងារ​គ្មាន​កម្រៃ​ជា​ប្រយោជន៍​ដល់​រដ្ឋ​ ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ ​ឬ​នីតិបុគ្គល​នៃ​នីតិ​សាធារណៈ​ផ្សេង​ទៀត ដល់​សមាគម ឬ​ដល់​អង្គការ​មិនមែន​រដ្ឋាភិបាល»។

លោក​ ​ឌុច ពិសិដ្ឋ​ ​ប្រធាន​ផ្នែក​តស៊ូ​មតិ​នៅ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ ​(CCHR)​ ​លើក​ឡើង​ថា គម្រោង​នៃ​ការ​អនុវត្ត​ឲ្យ​អ្នក​ទោស​ធ្វើ​ការងារ​សហគមន៍​នេះ​នឹង​ទទួល​បាន​ប្រសិទ្ធភាព​ ​លុះត្រាតែ​តុលាការ​ពង្រឹង​កេរ្តិ៍ឈ្មោះ​ ​និង​ទំនុក​ចិត្ត​ក្នុង​ការ​អនុវត្ត​ច្បាប់​ ជៀសវាង​ការ​ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​ ជាពិសេស​ការ​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងៗ​ អនុវត្ត​ដោយ​ភាព​ត្រឹមត្រូវ។

លោក​ ឌុច ពិសិដ្ឋ មាន​ប្រសាសន៍​ថា៖​

«ត្រូវ​តែមាន​កិច្ច​សហប្រតិបត្តិការ​ខ្ពស់​រវាង​អាជ្ញាធរ​ដែល​ពាក់ព័ន្ធ​ហ្នឹង​គឺ​តាមដាន​ ​ឬក៏​គ្រប់គ្រង​ទណ្ឌិត​ករណី​អនុវត្ត​ការងារ​សហគមន៍​ហ្នឹង​ឲ្យ​បាន​ដិតដល់​នៅ​តាម​មូលដ្ឋាន​របស់​ខ្លួន។ ហើយ​ចំណុច​មួយ​ទៀត​គឺ​ត្រូវ​តែព្យាយាម​ធ្វើ​ម៉េច​ពន្យល់​ឲ្យ​សាធារណជន ឬក៏​សហគមន៍​ហ្នឹង គឺ​យល់ដឹង​ពី​យន្តការ​ហ្នឹង​ ​កុំ​ឲ្យ​គាត់​មាន​អារម្មណ៍​ភ័យ​ខ្លាច​នៅ​ពេល​ដែល​ទណ្ឌិត​ណា​មួយ​ដែល​អាចឲ្យ​ធ្វើ​ការងារ​សហគមន៍​ ជាជាង​ការ​ដាក់​ទោស​គាត់»។

ក្រៅ​ពី​គម្រោង​ដាក់​អ្នក​ទោស​ដែល​ប្រព្រឹត្ត​បទ​ល្មើស​ស្រាល​ឲ្យ​ធ្វើ​ការងារ​ក្នុង​សហគមន៍​ ​ក្រសួង​យុត្តិធម៌​ក៏​ធ្លាប់​បាន​ប្រកាស​ឲ្យ​ដឹង​ថា ​ខ្លូន​កំពុង​រៀបចំ​បង្កើត​បណ្ណាល័យ​អេឡិចត្រូនិក​ ឬ​ E-library​ ​ដើម្បី​ចងក្រង​ឯកសារ​ច្បាប់​នានា​ ​សម្រាប់​ជា​ជំនួយ​ដល់​ចៅក្រម​ ​និង​ព្រះរាជអាជ្ញា​ ក្នុង​ការ​សម្រេច​សេចក្តី​ ​ក៏​ដូច​ជា​ការផ្សព្វ​ផ្សាយ​សាលក្រម​ ​សាលដីកា​ និង​សេចក្តី​សម្រេច​របស់​តុលាការ​ដល់​សាធារណជន​ផង​ដែរ។

​ការ​ប្រកាស​ពី​គម្រោង​ថ្មីៗ​របស់​ក្រសួង​យុត្តិធម៌​កម្ពុជា​ ​ធ្វើ​ឡើង​ចំ​ពេល​ដំណើរ​ទស្សនកិច្ច​របស់​អ្នក​រាយកាណ៍​ពិសេស​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ ​លោកស្រី​ ​រ៉ូណា ស្មីត​ មក​កាន់​ប្រទេស​កម្ពុជា​ ​រយៈពេល​១០ថ្ងៃ​ ​ដែល​នឹង​បញ្ចប់​នៅ​ថ្ងៃ​សុក្រ​សប្តាហ៍​ខាង​មុខ៕

XS
SM
MD
LG