ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នគរបាល​ជាតិ​ហៅ​ការបង្ហោះ​ព័ត៌មាន​ក្នុង​​ហ្វេសប៊ុក​ពី​ការចាប់​ក្មេង​​​ថា​ជា​«ព័ត៌មាន​មិនពិត»​ ​និង​ព្រមាន​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់


នាយ​ឧត្តម​សេនីយ៍​ ​គៀត ច័ន្ទថារិទ្ធ​ អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​​និយាយ​ជាមួយ​អ្នក​សារព័ត៌មាន​​​​​ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​​ថ្ងៃ៣១ ខែ​កក្កដា ឆ្នាំ​២០១៧។ (កាន់ វិច្ឆិកា/VOA)
នាយ​ឧត្តម​សេនីយ៍​ ​គៀត ច័ន្ទថារិទ្ធ​ អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​​និយាយ​ជាមួយ​អ្នក​សារព័ត៌មាន​​​​​ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​​ថ្ងៃ៣១ ខែ​កក្កដា ឆ្នាំ​២០១៧។ (កាន់ វិច្ឆិកា/VOA)

​​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ហៅ​ការ​បង្ហោះ​ ​ឬ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ពី​ការ​​ចាប់​​​ក្មេង​​ ​លើ​បណ្តាញ​សង្គម​​​​​ ​ហ្វេសប៊ុក​ថា​ជា​ ​«ព័ត៌មាន​មិនពិត»​ ​និង​​ថា​ជា​ចេតនា​​​​របស់​​ជន​មួយ​ក្រុម​​ដែល​​មាន​បំណង​ធ្វើ​ឲ្យ​សង្គម​មាន​ភាព​ច្របូក​ច្របល់ នេះ​បើ​តាម​ការ​ប្រកាស​របស់​ ​អ្នក​នាំពាក្យ​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ​នាព្រឹក​ថ្ងៃ​ចន្ទ។​

ខណៈ​ដែល​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការ​ចាប់​ក្មេងត្រូវ​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម​ជា​ញឹកញាប់​ ​កំពុង​ធ្វើ​ឲ្យ​ប្រជាពល​រដ្ឋ​មាន​ការ​ព្រួយ​បារម្ភនោះ អគ្គស្នងការ​ដ្ឋាន​នគរបាលជាតិ​បាន​ប្រកាស​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះថា​ ព័ត៌មាន​ដែល​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម​ទាំង​នោះ​ ​សុទ្ធ​តែ​ជា​ ​«ព័ត៌មាន​ក្លែង​ក្លាយ​ ​និង​បានប្រកាស​ចាត់​វិធានការ​តឹងរ៉ឹង»​ ​លើ​អ្នកបង្ហោះ​ ​និង​អ្នក​ចែកចាយ​បន្តពាក់ព័ន្ធ​នឹង​ករណីនេះ។​

អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ហៅ​ការ​បង្ហោះ​ ​ឬ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ពី​ការចាប់​ក្មេង ​លើ​បណ្តាញ​សង្គម​ ​ហ្វេសប៊ុក​ថា​ជា​ ​«ព័ត៌មាន​មិនពិត»​ ​និងថា​ជា​ចេតនារបស់ជន​មួយ​ក្រុមដែលមាន​បំណង​ធ្វើ​ឲ្យ​សង្គម​មាន​ភាព​ច្របូក​ច្របល់ នេះ​បើ​តាម​ការ​ប្រកាស​របស់​ ​អ្នក​នាំពាក្យ​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ​នាព្រឹក​ថ្ងៃ​ចន្ទ។​

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ ​នាយ​ឧត្តម​សេនីយ៍​ ​គៀត ច័ន្ទថារិទ្ធ​ ​ប្រាប់​អ្នក​សារព័ត៌មានថា រយៈពេល​ជាង​មួយ​ខែ​កន្លង​មក​ ​មានក្រុម​ដែល​មាន​ចេតនា​មិនល្អ​មួយ​ចំនួន​បាន​នាំ​គ្នា​បង្ហោះ​ ​ឬ​ក៏​ផ្សាយ​ព័ត៌មាន​មិន​ពិត​ទាក់ទង​នឹង​ការ​ដែល​ថា​ ​មាន​ក្រុម​ដើរ​ចាប់​ជម្រិត​កូន​ក្មេង​ ​ឬ​ចាប់​ក្មេង​ដើម្បី​វះ​យក​គ្រឿង​ក្នុង​ជា​ដើម។​ ​លោក​បញ្ជាក់​ថា​ ​ការបង្ហោះ​ព័ត៌មាន​មិនពិត​ទាំង​នោះ​កាន់​តែ​រីក​ធំ​ទៅៗ​ ​ទើប​ធ្វើឲ្យ​ប្រជាពលរដ្ឋ​មានការ​ព្រួយ​បារម្ភ​ ​និង​ងាយ​យល់​ច្រឡំក្នុង​សកម្មភាពផ្សេងៗ​ ​ថា​ជា​ករណី​ចាប់​ក្មេង។​

លោក​បន្ត​ថា​ ​រហូត​មកដល់​ពេល​នេះ​ ​នគរបាលជាតិរក​ឃើញករណី​បំផុស​បំផុល​លើ​បណ្តាញ​សង្គមបែប​នេះ​ប្រមាណ​ជា​១៥​ករណី​ ​ដែល​លោក​អះអាង​ថា​ ​ករណី​ទាំង​នេះ​សុទ្ធ​តែ​ជា​ករណី​មិនពិត​ ​និង​ត្រូវ​បាន​ចាត់​ទុកថា​ជា​ចេតនា​ធ្វើ​ឲ្យ​សង្គម​មាន​ភាព​អសន្តិសុខ​ ​និង​ច្របូក​ច្របល់។​

លោក​ ​គៀត ច័ន្ទថារិទ្ធ​ ​មាន​ប្រសាសន៍​ថា៖​

​«មិនមាន​ករណី​នេះ​កើត​ឡើង​ទេ​សូមមេត្តា​កក់ក្តៅ​ទៅ​ ​ហើយ​កុំ​មាន​កា​រ​ភ្ញាក់​ផ្អើល​អី។​ ​ក៏​សូម​សំណូម​ពរ​ប្រជាពល​រដ្ឋ​យើង​ទាំងអស់​ដែល​ប្រើ​បណ្តាញ​ព័ត៌មាន​ ​ជាពិសេស​បណ្តាញ​ហ្វេសប៊ុក​ហ្នឹង​ ​សុំ​មេត្តា​ប្រយ័ត្ន​ប្រយែង។ ​អាបណ្តាញ​ហ្វេសប៊ុក​នេះ​វាមានរឿង​ពិត​ ​និង​រឿង​មិនពិត​ ​វា​ស៊ីសង​អ្នក​ផុស​អ្នក​បញ្ចេញ​ ​អា​ព័ត៌មាន​មិនពិត​ហ្នឹង​វាពុលពេញ​ហ្នឹងទាំង​អស់...។​ ចុង​ក្រោយ​ក៏​សុំ​បញ្ជាក់​ដែរ ការ​និយាយ​បំផ្លើស​ ​ការផ្សាយ​ព័ត៌មាន​មិនពិត​ ​ការ​បញ្ជូន​ដំណឹង​មិនពិត​ ​មាន​ទោស»។​

អ្នក​នាំពាក្យ​រូប​នេះ​បន្ថែម​ថា​ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវបន្តរក​អ្នក​ដែល​បង្ហោះ​ចែក​ចាយ​ព័ត៌មាន​មិនពិត​ទាំង​នោះ​ដើម្បី​ស្វែង​រក​មូលហេតុ​នៅ​ពី​ក្រោយ​ ​និង​ចាត់​វិធានការ​ទៅ​តាម​ផ្លូវ​ច្បាប់។​ ​លោក​ក៏​បានអំពាវ​នាវ​ឲ្យ​ប្រជាពល​រដ្ឋ​សហការ​ជាមួយ​សមត្ថកិច្ច​ ​ដើម្បី​ស្វែង​រក​ករណី​ល្មើស​ផ្សេងៗ​ ​ដែល​កំពុង​កើត​មាននៅ​ក្នុង​សង្គម​ ​តាមរយៈ​ការ​រាយការណ៍​ផ្ទាល់​ទៅសមត្ថកិច្ច​ ​ឬ​ទាក់ទងទៅ​លេខ​ ​១១៧ និង​១១៨។

ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ ​មាន​ការ​បង្ហោះ​ជា​សារ​ ​ជា​រូបភាព​និង​វីដេអូ​ ​ទៅក្នុង​បណ្តាញ​សង្គមនានា​ទាក់​ទិន​នឹង​ ​ចាប់​ខ្លួន​ក្មេង​នឹង​វះអវៈយុវៈ​ក្មេង​ជា​ច្រើន។​ ​ការ​ស៊ើបអង្កេត​មួយ​ ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ ​អគ្គ​ស្នង​ការ​ដ្ឋាន​នគរបាល​ជាតិ​ ដើម្បី​ពង្រឹង​ការ​តាមដាន​ ​និង​ក្តាប់ព័ត៌មាន​នា​នា​ក្នុង​សង្គម។​

ពាក់ព័ន្ធ​នឹង​ករណី​បង្ហោះ​ព័ត៌មានពីការ​ចាប់​ក្មេង​នេះ​ ​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​មួយរូប​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​កាលពី​ថ្ងៃ​អាទិត្យ​ ​បន្ទាប់​ពី​សកម្មជន​រូបនោះ​បាន​ប្រើ​ប្រាស់គណនី​ ​ហ្វេស​ប៊ុក​ ​មួយ​មាន​ឈ្មោះ​ថា​ ​«Nay Sineng»​ ​បង្ហោះ​សារ​ថា​ ​មាន​ជនជាតិ​វៀតណាម​មក​ចាប់​ក្មេង​វះ​ក្រលៀន​ ​និង​ភ្នែក​ ​នៅ​ស្រុក​បារាយណ៍​ ​ខេត្ត​កំពង់​ធំ។​

​នាយ​ឧត្តម​សេនីយ៍​ ​គៀត ច័ន្ទថារិទ្ធ​ ​អះអាង​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃចន្ទ​នេះ​ថា​ ​ជនជាតិ​វៀតណាម​ដែល​ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ​ ​ «Nay Sineng»​ ​បានបង្ហោះ​ ​គឺជា​មុខ​សញ្ញា​លួច​ម៉ូតូ មិន​មែន​ជា​អ្នក​ចាប់​ក្មេង​ដូចការ​បង្ហោះ​នោះ​ទេ។​ ​លោក​បន្ថែម​ថា​ ​បន្ទាប់ពីសមត្ថកិច្ចបាន​សួរនាំ​ម្ចាស់​គណនី​ហ្វេស​ប៊ុក​នោះ ​ព្រះ​រាជអាជ្ញាក៏បាន​បញ្ជា​ឲ្យ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​ដើម្បី​ស៊ើបអង្កេត​បន្ត។​

លោក​ ​យឹម សុវណ្ណ​ ​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះជាតិ​ ​បាន​ស្នើ​ឲ្យ​សមត្ថកិច្ច​ស៊ើបអង្កេត​ករណី​នេះ​ដោយ​ស្មើភាព ​និង​គ្មាន​ហេតុផល​នយោបាយ។​ ​លោក​ក៏​បានអំពាវ​នាវ​ឲ្យ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ ប្រើប្រាស់​ដោយ​ភាព​ត្រឹមត្រូវ​ ​ជៀសវាង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ដែល​ខុសច្បាប់។​

លោក​បញ្ជាក់​ថា៖

​«សុំ​ឲ្យក្រសួង​មហាផ្ទៃ​ធ្វើការ​ស៊ើបអង្កេត​ដោយ​អព្យាក្រឹត្យ​ ​ដោយ​កុំ​ឲ្យ​មាន​ហេតុផល​នយោបាយ​នៅ​ពី​ក្រោយ​ ​ស្វែងរក​ការពិត​ ​ដោះស្រាយ​បញ្ហា​ហ្នឹង»។

យោង​តាម​របាយការណ៍​របស់​អគ្គ​គ​ស្នង​ការ​ដ្ឋាន​នគរបាល​ជាតិ​ដែល​ចេញផ្សាយ​កាល​ពី​ចុង​ខែ​កក្កដា​នេះ​ ​ឱ្យ​ដឹង​ថា​អគ្គ​គ​ស្នង​ការ​ដ្ឋាន​នគរបាលជាតិ​ក៏​បានធ្វើ​ការ​អង្កេត​និង​ប្រមូល​ព័ត៌មាន​ ​ពី​បណ្តាអង្គការសង្គមស៊ីវិល​ និងក្រុមដែលមាននិន្នាការប្រឆាំង​មួយ​ចំនួន​ ​ព្រមទាំង​បញ្ជា​ឲ្យ​ចាត់​វិធាន​ការ​ភ្លាមៗ​តាម​ផ្លូវច្បាប់​ចំពោះ​ជន​ទាំង​ឡាយណា​ដែល​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន​ ​ក្នុង​ចេតនា​បំពុល​បរិយាកាស​សង្គម​ ​បង្កើត​ឲ្យ​មាន​ភាព​ច្របូក​ច្របល់​ខាង​នយោបាយ​គ្រប់​រូបភាព។​

លោក​ ​សូ ចន្ថា​ ​សាស្រ្តាចារ្យ​ផ្នែក​វិទ្យាសាស្រ្ត​នយោបាយ​ ​ប្រាប់​ ​VOA​ ​ថា​ ​ករណី​នៃ​ការ​បង្ហោះ​ផ្សព្វផ្សាយ​ព័ត៌មាន​លើ​បណ្តាញ​សង្គមពីការចាប់​ក្មេង​ ​អាចជាការ​បង្កើត​ឡើង​របស់​ក្រុម​មួយ​ដែល​មានបំណងធ្វើ​ឲ្យ​មានភាព​ចលាចល​មុននឹង​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​កាន់​តែ​ខិត​ចូលមក​ដល់​ ​ដើម្បី​កេង​ចំណេញ​ផ្នែក​នយោបាយ។​ ​លោក​បន្ថែមថា ​ប្រជាពលរដ្ឋ​តែង​ចែក​រំលែក​ព័ត៌មាន​ ​ឬ​បញ្ហាដែល​កំពុង​កើត​មាន​ក្នុង​សង្គម​ដើម្បី​ជំរុញ​ឲ្យ​មាន​ដំណោះ​ស្រាយ​ ​ដូច្នេះ​លោក​ថា​ ​ការ​ចាប់​ខ្លួន​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ដែលចែក​រំលែក​ព័ត៌មាន​ផ្សេងៗ​បន្ត​ ​គឺជាការ​បំបិទ​សិទ្ធិ​ប្រជាពល​រដ្ឋ​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ព័ត៌មានបន្ត​ពី​បញ្ហា​ផ្សេងៗ។​

លោក​ ​សូ ចន្ថា​ ​មាន​ប្រសាសន៍​ថា៖​

«វា​ជា​ចំណែក​មួយ​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ដែលបញ្ចេញ​មតិ​ពាក់ព័ន្ធ​នឹង​បញ្ហា​នានានៅក្នុង​សង្គម​ហ្នឹង​ ​អាច​នឹង​ត្រូវ​បាន​រិតត្បិត​សេរីភាពអីផងដែរ​ ​ទី១។​ ​ទី២​ ​ខ្ញុំ​គិត​ថា​ ​យោង​លើ​ករណី​ហ្នឹងអាច​ជា​ចំណែក​មួយ​ដែលធ្វើ​ឲ្យ​រដ្ឋាភិបាល​បង្កើត​ច្បាប់​ ​ដើម្បី​គ្រប់គ្រង​ព័ត៌មាន​តាមអ៊ីនធឺណេត​អី​ហ្នឹង​ជា​ដើម»។

​យ៉ាងណា​ក៏​ដោយ​ ​លោក​ ​គៀត ច័ន្ទថារិទ្ធ​ ​អះអាង​ថា​ក្នុង​ចំណោម​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការ​ចាប់​ក្មេង​ចំនួន​១៥​ករណី​ ​ដែល​សមត្ថកិច្ច​រកឃើញ​ថា​មិនមែន​ជា​ការ​ពិត​នោះ​ ​មានករណី​ចំនួន​ពីរ​ពាក់ព័ន្ធ​នឹង​ការ​ចាប់​ក្មេង​នេះ​ដែរ ទី​១​ ម្តាយមីង​បាន​ចាប់​ក្មួយ​របស់​ខ្លួន​ដើម្បី​ជម្រិត​ទារ​ប្រាក់​ពី​ឪពុកម្តាយ​របស់​ក្មេង​ ​និង​ករណី​មួយទៀតជា​ការ​លួងលោម​ក្មេង​ស្រី​អាយុ​៨​ឆ្នាំ​ម្នាក់​នៅ​សាលា​ទួល​ស្វាយព្រៃ​ ​និង​បញ្ជូន​ឲ្យ​ត្រឡប់​មកផ្ទះ​វិញ​ ​ដោយ​ក្មេងស្រី​នោះ​អះអាងថា ជាការ​ចាប់​ច្រឡំ។

​ដោយ​ឡែក​កាល​ពី​ថ្ងៃទី២២​ ​ខែ​កក្កដា​នេះ​ ​សមត្ថកិច្ច​ក៏​បាន​ឃាត់​ខ្លួន​បុរស​ ​និង​ស្រ្តី​ដែល​ជា​យុវជនចំនួន​ពីរ​នាក់​ ​ពាក់ព័ន្ធ​នឹង​ការ​បង្ហោះព័ត៌មាន​មិន​ពិត​មួយ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ ​ថា​មាន​យន្ត​ហោះ​ធ្លាក់​នៅ​ខេត្ត​សៀមរាប។​ ​ក្រោយ​កា​រ​បង្ហោះ​នោះ​ ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ពួក​គេ​ទាំង​ពីរ​នាក់​ទៅ​សួរ​នាំ​ ​និង​បាន​ឲ្យ​ពួក​គេ​ធ្វើ​កិច្ចសន្យា​ ​និង​សុំទោស​ជា​សាធារណៈ​ ​មុន​នឹង​ដោះ​លែង​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ៕​

XS
SM
MD
LG