ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ថា នឹង​ប្រើប្រាស់​ច្បាប់​សំណង់ ប្រឆាំង​ការសាងសង់​ខុស​ច្បាប់


រូបឯកសារ៖ ប្រតិបត្តិការ​ជួយ​សង្រ្គោះ​ជនរងគ្រោះ​ពី​ការ​បាក់​អគារ​មួយ​ខ្នង​នៅ​ខេត្ត​កែប កាលពី​ថ្ងៃសៅរ៍ ទី០៤ ខែមករា ឆ្នាំ២០២០។ (ស៊ុន ណារិន/VOA)
រូបឯកសារ៖ ប្រតិបត្តិការ​ជួយ​សង្រ្គោះ​ជនរងគ្រោះ​ពី​ការ​បាក់​អគារ​មួយ​ខ្នង​នៅ​ខេត្ត​កែប កាលពី​ថ្ងៃសៅរ៍ ទី០៤ ខែមករា ឆ្នាំ២០២០។ (ស៊ុន ណារិន/VOA)

រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នៅ​ថ្ងៃ​អង្គារ​នេះ បាន​ព្រមាន​ប្រើប្រាស់​ផ្លូវ​តុលាការ ប្រឆាំង​នឹង​សំណង់​ខុស​ច្បាប់ តាម​ច្បាប់​ស្ដីពី​សំណង់ ​ដែល​ត្រូវ​បាន​ប្រកាស​ឲ្យ​ប្រើប្រាស់​កាល​ពី​ចុង​ឆ្នាំ​២០១៩។

រូបឯកសារ៖ លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នៅ​ឯ​ការិយាល័យ​របស់​លោក ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៦។ (VOA)
រូបឯកសារ៖ លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នៅ​ឯ​ការិយាល័យ​របស់​លោក ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៦។ (VOA)

លោក​ ជា សុផារ៉ា បាន​ថ្លែង​បែប​នេះ​នៅ​ក្នុង​វគ្គ​ផ្សព្វផ្សាយ​ច្បាប់​ស្ដីពី​សំណង់​សម្រាប់​អ្នក​វិជ្ជាជីវៈ​ក្នុង​វិស័យ​សំណង់ ដែល​ធ្វើ​ឡើង​នៅ​រាជធានី​ភ្នំពេញ។

លោក​បាន​ថ្លែង​ទៅ​កាន់​អ្នក​ចូលរួម​ថា៖

«ពី​មុន​អត់​មាន​ច្បាប់ ​បច្ចុប្បន្ន​នេះ គឺ​មាន​ច្បាប់។ ហើយ​ជឿជាក់​ចុះ​ ខ្ញុំ​អនុវត្ត​បាន។ បើ​អត់​ច្បាប់ ខ្ញុំ​អត់​ដឹង​ធ្វើ​ម៉េច​ដែរ។ អង្វរ​គេ ក៏​គេ​អត់​ស្ដាប់​យើង។ ទៅ​សំពះ ក៏​មិន​និយាយ​រក។ ឥឡូវ​អត់​ទេ​គឺ​ធ្វើ​ទៅ​តាម​ច្បាប់»។

តាម​ច្បាប់​ស្ដីពី​សំណង់​ដែល​ត្រូវ​បាន​ប្រកាស​ឲ្យ​ប្រើប្រាស់​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៩ ត្រង់​មាត្រា​១០១​ចែង​ថា​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​២​ឆ្នាំ​ទៅ​៥ឆ្នាំ ចំពោះ​អ្នក​ត្រួត​ពិនិត្យ​ដែល​បាន​បញ្ជាក់​លើ​គម្រោង​ប្លង់ ឬ​ការងារ​សាងសង់ ឬ​រុះរើ​ថា​ត្រឹមត្រូវ ដែល​តាម​ជាក់ស្ដែង​មិន​អនុលោម​តាម​បទប្បញ្ញត្តិ​បច្ចេកទេស​សំណង់​និង/ឬ​តាម​គម្រោង​ប្លង់​ដែល​បាន​អនុញ្ញាត​ ហើយ​បណ្ដាល​ឲ្យ​មាន​របួស ឬ​បណ្ដាល​ឲ្យ​ខូច​សុខភាព​ដល់​អ្នក​ដទៃ។

មាត្រា​១០៣ ចែង​ថា ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​៥​ទៅ​១០ឆ្នាំ កាល​បើ​អំពី​នេះ​បណ្ដាល​ឲ្យ​មាន​ការ​កាត់​អវយវៈ ឬ​នាំ​ឲ្យ​មាន​ពិការភាព​ជា​អចិន្ត្រៃយ៍​ដល់​ជន​រងគ្រោះ។ ហើយ​កាន់តែ​ធ្ងន់ធ្ងរ ត្រូវ​ផ្ដន្ទាទោស​ពី​៧​ទៅ​១៥​ឆ្នាំ កាល​បើ​អំពើ​នេះ​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់។

រូប​ថត​នៃ​ការ​ផ្សាយផ្ទាល់​មួយ​របស់​បណ្តាញ​ព័ត៌មាន​ក្នុង​ស្រុក​វីអូឌី​នៅ​វេលា​ម៉ោង​១១​យប់​ថ្ងៃ​សុក្រ​ទី​៣ ខែ​មករា ឆ្នាំ ២០១៩ បង្ហាញ​ពី​គំនរ​នៅកន្លែង​អគារកម្ពស់​៦​ជាន់​រលំ​ក្នុង​ខេត្ត​កែប។ (Facebook/VOD Khmer)
រូប​ថត​នៃ​ការ​ផ្សាយផ្ទាល់​មួយ​របស់​បណ្តាញ​ព័ត៌មាន​ក្នុង​ស្រុក​វីអូឌី​នៅ​វេលា​ម៉ោង​១១​យប់​ថ្ងៃ​សុក្រ​ទី​៣ ខែ​មករា ឆ្នាំ ២០១៩ បង្ហាញ​ពី​គំនរ​នៅកន្លែង​អគារកម្ពស់​៦​ជាន់​រលំ​ក្នុង​ខេត្ត​កែប។ (Facebook/VOD Khmer)

ទាក់ទង​នឹង​ករណី​បាក់​អគារ​នៅ​ខេត្ត​កែប ដែល​បាន​សម្លាប់​មនុស្ស​៣៦នាក់ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី លោក ជា សុផារ៉ា បាន​លើក​ឡើង​ថា ហេតុការណ៍​នោះ​កើត​ឡើង​ដោយសារ​ម្ចាស់​អគារ​សង់លើស​២ជាន់ ប្រើប្រាស់​ដែក​មិន​ត្រឹមត្រូវ​តាម​ស្តង់ដារ និង​ដោយសារការ​ប្រញាប់ដោះ​ជន្ទល់​អន្ទា​របស់​បេតុង ក្រោម​រយៈ​ពេល​២០​ទៅ​២៨​ថ្ងៃ។

លោក​បាន​ថ្លែង​ថា៖

«ឧទាហរណ៍​សំណង់​របស់​ឯក សារុន (ម្ចាស់​សំណង់)​នៅ​កែប។ មនុស្ស​ហ្នឹង មក​ពី​បារាំង មិន​មែន​ដំឡូង​មូល​ទេ។ វិស្វករ​សិក្សា​គម្រោង​ប្លង់ គូស​ឲ្យ​គាត់​១៦​សរសៃ ដែក​គ្រឿង​ផ្គុំ​សំណង់ គាត់​យក​ទៅ​ដក​៨​ចេញ ទុក​តែ​៨ ជាប់​មក​ពីណា? ខេត្ត​សម្រេច​ឲ្យ​៥ ជាន់ គាត់​បន្ថែម​បាន​២​ទៀត»។

លោក​រដ្ឋមន្ត្រី​ក៏​បាន​ឲ្យ​ដឹង​ថា សំណង់​ចំនួន​ពីរ​ទៀត​របស់​លោក ឯក សារុន ដែល​ជា​ម្ចាស់​អគារ នៅ​ក្នុង​ខេត្ត​ព្រះសីហនុ កំពុង​ត្រូវ​បាន​ត្រួត​ពិនិត្យ និង​ធ្វើ​កោសល្យវិច័យ។

ក្រោយ​បាក់​អគារ​នៅ​ខេត្ត​កែប ម្ចាស់​សំណង់​ឈ្មោះ ​ឯក សារុន ​ជា​ប្តី​ និង​ភរិយា​ឈ្មោះ ​ឈីវ សុធី ត្រូវ​បាន​ឃាត់​ខ្លួន​រូច​បញ្ជូន​ទៅ​តុលាការ។ ប៉ុន្តែ​តុលាការសម្រេច​មិន​ឃុំ​ខ្លួន​ពួកគេ​នោះ​ទេ ដោយ​តម្រូវ​ឲ្យ​អនុវត្ត​លក្ខខណ្ឌ​មួយ​ចំនួន ក្នុង​នោះ​មាន​ការមិន​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​និង​បាន​ដាក់​ប្រាក់​តម្កល់​ប្រមាណ​៩​ម៉ឺន​ដុល្លារ​អាមេរិក។

បើ​តាម​លោក​រដ្ឋមន្ត្រី អគារ​បាក់​រលំ​ពីរ​ដង ម្ដងក្នុង​ខេត្ត​ព្រះសីហនុ និង​ម្ដង​នៅ​ខេត្ត​កែប​នេះ ត្រូវ​បាន​សម្រេច​ឲ្យ​សាងសង់​ដោយ​សមត្ថកិច្ច​ថ្នាក់​ខេត្ត ដោយ​សារ​អគារ​មាន​ទំហំ​ក្រោម​៣​ពាន់​ម៉ែត្រ​ការ៉េ។

លោក​រដ្ឋមន្ត្រីបាន​បញ្ជា​ឲ្យ​មន្ត្រី​ទាំង​អស់ ត្រូវ​ចុះ​ពិនិត្យ​សំណង់​អគារ​ឲ្យ​បាន​ត្រឹម​ត្រូវ។

លោក​បន្ថែម​ថា៖ «ឲ្យ​តែ​បាន​មក ស៊ីញេ​តាំងពី​លើ​ខ្យល់​រហូត​ដល់​ក្រដាស។ ហត្ថលេខា ក៏​ហត្ថលេខា​ចុះ សម្រេច​ក៏​សម្រេច​ចុះ ក៏​ប៉ុន្តែ​មន្ត្រី​ជំនាញ​ ត្រូវ​ចុះ​ទៅ​ពិនិត្យ​មើល»។

រូបឯកសារ៖ លោក សុខ គីន ប្រធានសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើ ថ្លែងក្នុងពិធីបង្ហាញរបាយការណ៍ពាក់ព័ន្ធនឹងស្ថានភាពរស់នៅរបស់កម្មករសំណង់ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩។ (កាន់​ វិច្ឆិកា/VOA)
រូបឯកសារ៖ លោក សុខ គីន ប្រធានសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើ ថ្លែងក្នុងពិធីបង្ហាញរបាយការណ៍ពាក់ព័ន្ធនឹងស្ថានភាពរស់នៅរបស់កម្មករសំណង់ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩។ (កាន់​ វិច្ឆិកា/VOA)

លោក​ ​សុខ​ ​គីន​ ​ប្រធាន​សហព័ន្ធ​សហជីពកម្មករ​សំណង់​និង​ព្រៃឈើ​ ​មានប្រសាសន៍​ថា​ ​អាជ្ញាធរ​ ​និង​តុលាការ​ ​ត្រូវតែ​ស៊ើបអង្កេត​ ​រកមុខ​អ្នក​ពាក់ព័ន្ធ​ក្នុង​ករណី​បាក់​អគារ​នេះ​ ​ហើយ​ដាក់​ទោស​ទណ្ឌ​ ​ដើម្បី​ធានា​ថា​មិន​មាន​ករណី​បាក់​អគារ​ ​កើតឡើង​ម្ដងទៀត។​

លោក​បាន​ថ្លែង​ប្រាប់ VOA ថា៖

«គឺ​មានការ​ធ្វេសប្រហែស​ពី​អ្នកត្រួត​ពិនិត្យ​ហ្នឹងឯង​ហើយ​មន្ទីរ​ខ្លួនឯង​ហ្នឹង​ ​បើ​ឃើញ​ខុស​ហើយ​ ​អត់​ចាត់វិធានការ​ណា​តឹងរ៉ឹង​ទាក់ទង​ជាមួយ​ផ្លូវច្បាប់​ទេ។​ ​កន្លងមក​ ​យើង​មើល​ឃើញ​ជាក់​ស្ដែង​ ​យើង​ដឹង​ថា​ ​អគារ​នេះ​ខុសច្បាប់​ ​អគារ​នោះ​ខុសច្បាប់។​ ​ក៏ប៉ុន្តែ​អត់មាន​ចាត់វិធានការ​ណាមួយ​ ​ឲ្យ​ក្រុមហ៊ុន​ទាំងអស់​ហ្នឹង​រាងចាល​ទេ»។

របាយការណ៍​របស់​ធនាគារ​ពិភពលោក​ដែល​ចេញផ្សាយ​កាលពី​ ខែ​សីហា​ ​ឆ្នាំ២០១៨​ ​ស្ដីពី​ការ​«ឆ្ពោះ​ទៅ​សម្រេច​សក្ដានុពល​នគរូបនីយកម្ម»​ ​បញ្ជាក់​ថា​ ​ប្រទេស​កម្ពុជា​បាន​ប្រឈម​នឹង​ ​«គុណភាព​អន់ថយ​នៃ​សំណង់​លំនៅដ្ឋាន​ ​និង​កង្វះ​ហេដ្ឋារចនាសម្ព័ន្ធ​ជា​មូលដ្ឋាន​ក្នុង​ទីប្រជុំជន»។​

​របាយការណ៍​បាន​បន្ថែម​ថា​ ​ការ​ផ្ដល់​ការអនុញ្ញាត​ឲ្យ​សាងសង់​ ​នៅតែ​ជា​បញ្ហា​ដោយសារ​តែ​គោលការណ៍«សង់​ជាមុន​ ​ផ្ដល់​អាជ្ញា​ប័ណ្ណ​តាម​ក្រោយ»៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG