ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រោយ​បាក់​អគារ​នៅ​កែប​ រដ្ឋាភិបាល​ឲ្យ​ចាត់​វិធានការ​តឹងរ៉ឹង​លើ​សំណង់​គ្មាន​លិខិត​អនុញ្ញាត


​ប្រតិ​បត្តិការរុករកជនរងគ្រោះពីការបាក់អគារនៅក្រុងកែប ខេត្តកែប កាលពីថ្ងៃអាទិត្យ ទី០៥ ខែមករា ឆ្នាំ២០២០។ (ខាន់ សុគុំមនោ/VOA)

​ក្រុមការងារ​របស់​មន្ទីរ​ដែនដី​ខេត្ត​កែ​ប​អះអាង​ថា ​បាន​រក​ឃើញ​ថា​ សំណង់​​ដែល​បាន​បាក់រលំ​នៅ​កែប​បាន​​សង់​ខុស​បច្ចេកទេស​ ​តែ​មិនទាន់​បាន​ឃាត់​ផង​ ​សំណង់​ក៏​បាក់​ទៅ​ហើយ។ ​ប៉ុន្តែ​មិន​ដឹង​ថា ​មូលហេតុ​អ្វី​បាន​ជា​សំណង់​មួយ​នេះ​ ​នៅ​បន្ត​ដំណើរ​ការសាងសង់​រហូតដល់​ថ្ងៃ​បាក់​អគារ​នោះ​ទេ។​

ក្រោយ​ករណី​បាក់​អគារ​នៅ​ខេត្ត​កែប​សម្លាប់​មនុស្ស៣៦នាក់​ ​ក្នុង​នោះ​មា​ន​ក្មេងៗ​ផង​ដែរ ​រដ្ឋាភិបាល​បាន​ចេញ​សេចក្តី​ណែនាំ​មួយ​ ដោយ​លើកឡើង​ថា ​រាល់​សំណង់​អគារ​ដែល​ខុសច្បាប់​ ​នឹង​ត្រូវ​ចាត់វិធានការ​យ៉ាង​តឹងរ៉ឹង​ ​ហើយ​ហាមឃាត់​ដាច់ខាត​ការ​ស្នាក់នៅ​ការដ្ឋាន​សំណង់។​

យោង​តាម​សេចក្តី​ណែនាំ​ចុះ​ថ្ងៃទី១០​ ​ខែ​មករា​ ​ស្តី​ពី«ការ​ពង្រឹង​គុណភាព​និង​សុវត្ថិភាព​សំណង់»​ ក្រសួង​រៀបចំ​ដែនដី​ ​នគរូបនីយកម្ម​ ​និង​សំណង់​ ​បាន​លើកឡើង​ថា​ ​រាល់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ក្នុង​វិស័យ​សំណង់​ ត្រូវ​ហាម​ដាច់​ខាត​ការ​សាងសង់​សំណង់​ដែល​គ្មាន​លិខិត​អនុញ្ញាត​សាងសង់​ ​ជួសជុល​ ​ឬ​រុះរើ​ ​និង​លិខិត​អនុញ្ញាត​បើក​ការដ្ឋាន​សាងសង់។ ​ក្រសួង​បន្ត​ថា​ អាជ្ញាធរ​មាន​សមត្ថកិច្ច​ហាម​ដាច់ខាត​ការ​អនុវត្ត​ការងារ​សាងសង់​ឬ​រុះរើ​ ដោយ​អ្នក​សាង​សង់​ដែល​គ្មាន​អាជ្ញា​ប័ណ្ណ​ ឬ​វិញ្ញាបនបត្រ​បញ្ជាក់​ការ​អនុញ្ញាត​ដែល​ចេញ​ដោយ​ក្រសួង​រៀបចំ​ដែនដី។​

ក្រសួង​ក៏​បាន​ហាម​ដាច់ខាត​ការដ្ឋាន​សំណង់​ដែល​ដំណើរ​ការ​សាងសង់​ឬ​រុះរើ​ ​ដោយ​គ្មាន​វិស្វករ​ជំនាញ​ដែល​មាន​អាជ្ញា​ប័ណ្ណ​ចេញ​ដោយ​ក្រសួង ហើយប្រចាំ​ការ​ដ្ឋាន​ជា​អ្នកទទួល​ខុសត្រូវ​។​ ​នេះ​បើ​យោង​តាម​សេចក្តី​ណែនាំ​ ​ដោយ​ចុះហត្ថលេខា​ដោយ​ ​លោក​រដ្ឋមន្រ្តី​ ​ជា​ ​សុផារ៉ា។​

បើ​តាម​សេចក្តី​ណែនាំ​នោះ​ ​ក្រសួង​ក៏​បាន​ហាម​ដាច់​ខាត​ការ​ស្នាក់នៅ​ក្នុង​អគារ​ដែល​កំពុង​សាងសង់​ ​បើ​ទោះជា​លក្ខណៈ​បណ្ដោះអាសន្ន​ក៏​ដោយ​ ​និង​ហាម​ដាច់ខាត​អ្នក​គ្មាន​ភារកិច្ច​ចូល​ក្នុង​ការដ្ឋាន​សំណង់។​

នេះ​ជា​រូបថត​សំណង់​អគារ​នៅ​ខេត្ត​កែប​ត្រូវ​បាន​គេ​ថត​មុន​ពេល​បាក់​អគារ។ គេ​ឃើញ​មាន​ការ​ចាក់​ប្លង់សេ​ខាង​លើ​អគារ​នេះ។ (រូបថតផ្តល់ឲ្យ)
នេះ​ជា​រូបថត​សំណង់​អគារ​នៅ​ខេត្ត​កែប​ត្រូវ​បាន​គេ​ថត​មុន​ពេល​បាក់​អគារ។ គេ​ឃើញ​មាន​ការ​ចាក់​ប្លង់សេ​ខាង​លើ​អគារ​នេះ។ (រូបថតផ្តល់ឲ្យ)

ជា​ចំណាត់ការ​ ​ក្រសួង​បញ្ជាក់​ថា​ ​អាជ្ញាធរ​មានសមត្ថកិច្ច​ត្រូវ​ចេញ​លិខិត​ផ្អាក​ការសាងសង់​ជាបន្ទាន់។ ក្នុង​ករណី​ការសាងសង់​នៅតែ​បន្ត​ ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ត្រូវ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​តាម​នីតិវិធី​ជាធរមាន។​

​បើ​តាម​សេចក្តី​ណែនាំ​នោះ​ ​ក្រុមហ៊ុន​សាងសង់​ ​ឬ​វិស្វករ​ប្រចាំការ​ដ្ឋាន​ ​ត្រូវ​ជូនដំណឹង​មក​មន្រ្តី​ត្រួត​ពិនិត្យ​សំណង់​ ​ដើម្បី​ចុះ​ពិនិត្យ​លើ​ការងារ​សាងសង់​ ​តាម​ដំណាក់កាល​ដូចជា​ក្នុង​ពេលកំណត់​ទីតាំង​សាងសង់​ ​ក្នុង​ពេល​អនុវត្ត​ការងារ​គ្រឹះ​ ​ក្នុង​ពេល​អនុវត្ត​ការងារ​សសរ​ជាន់ផ្ទាល់ដី​និង​ក្នុង​ពេល​អនុវត្ត​ការងារ​គ្រឿង​ផ្គុំ​បន្តបន្ទាប់​ទៀត។​

ក្នុង​ករណី​ពិនិត្យ​ឃើញ​ថា​ការងារ​សាងសង់​ឬ​រុះរើ​មិន​អនុលោម​តាម​បទដ្ឋាន​បច្ចេកទេស​សំណង់​ គម្រោង​ប្លង់​ស្ថាបត្យកម្ម​ដែល​បាន​អនុញ្ញាត​ហើយ​ ​និង​បទ​បញ្ញត្តិ​ជា​ធរមាន​ដទៃ​ទៀត​ ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ត្រូវ​ចាត់​វិធានការ​ផ្អាក​ កែ​តម្រូវ ​បញ្ឈប់​ ​តម្រូវ​ឲ្យ​រុះរើ​ឬ​វិធានការ​ចាំបាច់​ផ្សេង​ទៀត។

VOA មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក​ ​សេង​ ​ឡូត​ ​អ្នក​នាំពាក្យ​របស់ក្រ​សួង​រៀបចំ​ដែនដី​ ​បាន​នៅ​ឡើយ​ទេ​ ​នា​ថ្ងៃ​ច័ន្ទ​នេះ។​

សេចក្តី​ណែនាំ​ធ្វើ​ឡើង​ ​ក្រោយ​ករណី​បាក់​អគារ​នៅ​ខេត្ត​កែប​ ​ដែល​លោក​ ​ទេព​ ​ធន​ ​រដ្ឋលេខាធិការ​និង​ប្រធាន​គណៈកម្មការ​កោសល្យវិច័យ​លើ​អគារ​បាក់​ ​ធ្លាប់​បាន​ប្រាប់ VOAថា​ ​អគារ​នេះ​បាក់​ដោយសារ​ ​«ការសាងសង់​បេតុង​សសរ​មិន​ធន់»​ ​តាម​លក្ខណៈ​បច្ចេកទេស។

លោក​ ​ទេព​ ​ធន​ ​បាន​ថ្លែង​ថា៖ «គុណភាព​អគារ​ហ្នឹង​តែ​ម្តង​ ​ដោយសារ​ម្ចាស់​ហ្នឹង​ ​ធ្វើ​កិច្ចការ​ហ្នឹង​ដោយខ្លួន​លោក។​ គាត់​ជឿ​តែ​ក្រុម​អ្នក​ជាង​ដែល​ទទួលការ​ហ្នឹង​ ​គាត់​អត់​បាន​សិក្សា​ ​ស្វែង​យល់​អំពី​បច្ចេកទេស។​ ដល់​អញ្ចឹង​ទៅ​ ​ក្នុង​ការអនុវត្ត​ការសាងសង់​ហ្នឹង​ ​វា​មិន​សមស្រប​តាម​លក្ខណៈ​បច្ចេកទេស»។

លោក​បន្ត​ថា​ កាលពី​ថ្ងៃទី៥​ ​ខែ​ធ្នូ​ ឆ្នាំ២០១៩​ ​ក្រុមការងារ​របស់​មន្ទីរ​ដែនដី​ខេត្ត​កែប​ ​បាន​រក​ឃើញ​ថា​ សំណង់​នេះ​សង់​ខុស​បច្ចេកទេស​ ​តែ​មិនទាន់​បាន​ឃាត់​ផង​ ​សំណង់​ក៏​បាក់​ទៅ​ហើយ។ ​ប៉ុន្តែ​មិន​ដឹង​ថា ​មូលហេតុ​អ្វី​បាន​ជា​សំណង់​មួយ​នេះ​ ​នៅ​បន្ត​ដំណើរ​ការសាងសង់​រហូតដល់​ថ្ងៃ​បាក់​អគារ​នោះ​ទេ។​

លោក​ ​សុខ​ ​គីន​ ​ប្រធាន​សហព័ន្ធ​សហជីពកម្មករ​សំណង់​និង​ព្រៃឈើ​ ​មានប្រសាសន៍​ថា​ ​អាជ្ញាធរ​ ​និង​តុលាការ​ ​ត្រូវតែ​ស៊ើបអង្កេត​ ​រកមុខ​អ្នក​ពាក់ព័ន្ធ​ក្នុង​ករណី​បាក់​អគារ​នេះ​ ​ហើយ​ដាក់​ទោស​ទណ្ឌ​ ​ដើម្បី​ធានា​ថា​មិន​មាន​ករណី​បាក់​អគារ​ ​កើតឡើង​ម្តង​ទៀត។​

លោក​បាន​ថ្លែងប្រាប់ VOA ថា៖​«គឺ​មានការ​ធ្វេសប្រហែស​ពី​អ្នកត្រួត​ពិនិត្យ​ហ្នឹងឯង​។​ ​ហើយ​មន្ទីរ​ខ្លួនឯង​ហ្នឹង​ ​បើ​ឃើញ​ខុស​ហើយ​ ​អត់​ចាត់វិធានការ​ណា​តឹងរ៉ឹង​ទាក់ទង​ជាមួយ​ផ្លូវច្បាប់​ទេ។​ ​កន្លងមក​ ​យើង​មើល​ឃើញ​ជាក់​ស្តែង​ ​យើង​ដឹង​ថា​ ​អគារ​នេះ​ខុសច្បាប់​ ​អគារ​នោះ​ខុសច្បាប់។​ ​ក៏ប៉ុន្តែ​អត់មាន​ចាត់វិធានការ​ណាមួយ​ ​ឲ្យ​ក្រុមហ៊ុន​ទាំងអស់​ហ្នឹង​រាងចាល​ទេ​»។​

រូប​ឯកសារ៖ អ្នក​ជួយ​សង្គ្រោះ​កាយ​គំនរ​បំណែក​ពី​អគារ​ដែល​បាន​បាក់​នៅ​ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​អាទិត្យ​ទី​២៣ ខែ​មិថុនា ឆ្នាំ ២០១៩។
រូប​ឯកសារ៖ អ្នក​ជួយ​សង្គ្រោះ​កាយ​គំនរ​បំណែក​ពី​អគារ​ដែល​បាន​បាក់​នៅ​ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​អាទិត្យ​ទី​២៣ ខែ​មិថុនា ឆ្នាំ ២០១៩។

ស្រដៀងគ្នា​នេះ​ ​ករណី​អគារ​បាក់​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​ ​កាលពី​ខែ​មិថុនា​ ​ឆ្នាំ២០១៩​ ​សម្លាប់​មនុស្ស​២៨នាក់​ ​ត្រូវ​បាន​អតីត​អភិបាលខេត្ត​ព្រះសីហនុ​ ​លោក​ ​យន្ត​ ​មីន​ ​អះអាង​ថា​ ​ក្រុមការងារ​ខេត្ត​បាន​ចុះ​ឃាត់​ពីរ​ដង​រួច​ទៅ​ហើយ​ ​តែ​ក្រុមហ៊ុន​របស់​ចិន​នៅ​បន្ត​សាងសង់​ ​រហូតដល់​ថ្ងៃ​បាក់​អគារ។​

របាយការណ៍​របស់​ធនាគារ​ពិភពលោក​ដែល​ចេញផ្សាយ​កាលពី​ ខែសីហា​ ​ឆ្នាំ២០១៨​ ​ស្តី​ពី​ការ «ឆ្ពោះ​ទៅ​សម្រេច​សក្ដានុពល​នគរូបនីយកម្ម»​ ​បញ្ជាក់​ថា​ ​ប្រទេស​កម្ពុជា​បាន​ប្រឈម​នឹង​ ​«គុណភាព​អន់ថយ​នៃ​សំណង់​លំនៅ​ដ្ឋាន​ ​និង​កង្វះ​ហេដ្ឋារចនាសម្ព័ន្ធ​ជា​មូលដ្ឋាន​ក្នុង​ទីប្រជុំជន»។​ ​របាយការណ៍​បាន​បន្ថែម​ថា​ ​ការ​ផ្ដល់​ការអនុញ្ញាត​ឲ្យ​ធ្វើ​សំណង់​នៅតែ​ជា​បញ្ហា​ដោយសារ​គោលការណ៍«សង់​ជាមុន​ ​ផ្ដល់​អាជ្ញា​ប័ណ្ណ​តាម​ក្រោយ»។​

​បន្ទាប់​ពី​បាក់​អគារ​នៅ​ខេត្ត​កែប​សម្លាប់​មនុស្ស​៣៦នាក់​ ​រដ្ឋាភិបាល​បាន​សម្រេច​បង្កើត​ក្រុម​ការងារ​ចម្រុះ​ផ្សេងៗ​គ្នា​ ​ដើម្បី​ត្រួតពិនិត្យ​សំណង់​នៅ​ទូទាំង​ប្រទេស​ ​ដែល​មាន​ថ្នាក់​ដឹកនាំ​តាម​ក្រសួង​ ​និង​មន្រ្តី​ជំនាញ​នៅ​តាម​បណ្តា​ខេត្ត។

គិត​ត្រឹម​ដំណាច់​ឆ្នាំ២០១៩​ ​មាន​គម្រោង​សំណង់​ទូទាំង​ប្រទេស​ចំនួន​៤.៨៨៨​គម្រោងដែលបាន​ទទួល​ច្បាប់​អនុញ្ញាត​ឲ្យ​សាងសង់ ដែលកើន​ឡើង​ពី​៣.២៩០​គម្រោង​ក្នុង​ឆ្នាំ​២០១៨។ ​នេះ​បើ​យោង​តាម​ស្ថិតិ​របស់​ក្រសួង​រៀបចំ​ដែនដី។

បើ​តាម​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ក្រសួង​រៀបចំ​ដែនដី ក្នុង​ការ​ត្រួត​ពិនិត្យ​គុណភាព​សំណង់​ចំនួន​៥៧០​ការ​ដ្ឋាន​ក្នុង​ខេត្ត​ព្រះសីហនុ សំណង់​ចំនួន​២៣​ការ​ដ្ឋាន ​តម្រូវ​ឲ្យ​រុះ​រើ​ ដោយសារហានិភ័យ​ខ្ពស់​ផ្នែក​សុវត្ថិភាព សំណង់​ចំនួន​១៦៦​ការ​ដ្ឋាន ត្រូវ​ធ្វើ​កោសល្យវិច័យ និង​សំណង់​៣៨១​ការដ្ឋាន​ត្រូវ​បាន​ណែនាំ​ឲ្យ​បំពេញ​នីតិវិធី។ ចំណែក​ក្នុង​ខេត្ត​បន្ទាយ​មានជ័យ​វិញ សំណង់​ចំនួន​៥៨៦​ការ​ដ្ឋាន ត្រូវ​បាន​ត្រួត​ពិនិត្យ ក្នុង​នោះ​សំណង់​ដែល​បាន​កែ​តម្រូវ​ចំនួន​២​ការដ្ឋាន ផ្អាក​ការ​ដ្ឋាន​ចំនួន​៤ និង​ណែនាំ​ឲ្យ​បំពេញ​នីតិវិធី​ចំនួន​៤៧០​ការដ្ឋាន៕

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG