ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ករណី​បាក់​អគារ​នៅ​ខេត្ត​កែប​ គណៈ​កម្មការ​​រក​ឃើញ​ថា​ដោយសារ​បេតុង​សសរ​មិន​រឹងមាំ


ប្រតិបត្តិការជួយ​សង្រ្គោះ​ជនរងគ្រោះ​ពី​ការ​បាក់​អគារ​មួយ​ខ្នង​នៅ​ខេត្ត​កែប កាលពីថ្ងៃ​សៅរ៍ ទី០៤ ខែមករា ឆ្នាំ២០២០ (ស៊ុន ណារិន/VOA)
ប្រតិបត្តិការជួយ​សង្រ្គោះ​ជនរងគ្រោះ​ពី​ការ​បាក់​អគារ​មួយ​ខ្នង​នៅ​ខេត្ត​កែប កាលពីថ្ងៃ​សៅរ៍ ទី០៤ ខែមករា ឆ្នាំ២០២០ (ស៊ុន ណារិន/VOA)

នៅ​ពេល VOA ​សួរ​ថា ​តើ​នរណា​ទទួល​ខុស​ត្រូវ​លើ​ការ​បាក់​អគារ​នៅ​ខេត្ត​កែប​​ លោក​​ប្រធាន​គណៈ​កម្មការ​កោសល្យវិច័យ​​ថា ​ម្ចាស់​អគារ តែ​ថា​នេះ​ជា​ចំណាត់ការ​របស់​តុលាការ។

មន្រ្តី​ជំនាញ​នៃ​ក្រសួង​ដែន​ដី នគរូបនីយកម្ម និង​សំណង់ បាន​លើក​ឡើង​ថា ករណី​បាក់​អគារ​នៅ​ខេត្ត​កែប​ សម្លាប់​មនុស្ស​៣៦​នាក់ គឺ​ដោយសារ ​«ការ​សាង​សង់​បេតុង​សសរ​មិន​ធន់» តាម​លក្ខណៈ​បច្ចេកទេស។

លោក ទេព ធន រដ្ឋលេខាធិការ​និង​ប្រធាន​គណៈ​កម្មការ​កោសល្យវិច័យ​លើ​អគារ​បាក់​នេះ​បាន​ថ្លែង​ប្រាប់​ VOA នៅ​ថ្ងៃ​សុក្រ​នេះ​ថា ជា​ធម្មតា ​ភាព​ធន់​របស់​បេតុង​សសរ​រឹងមាំ ​ទាល់​តែ​ចាក់យ៉ាង​តិច​២៥ (MPA) កម្លាំង​របស់​វា តែ​លោក​ថា​ សំណង់​នេះ​ចាក់​តែ​ជាង​១០​ប៉ុណ្ណោះ។

លោក​បាន​ថ្លែង​ថា៖ «គុណភាព​អគារ​ហ្នឹង​តែ​ម្តង ដោយ​សារ​ម្ចាស់​ហ្នឹង ធ្វើ​កិច្ចការ​ហ្នឹង​ដោយ​ខ្លួន​លោក។ គាត់​ជឿ​តែ​ក្រុម​អ្នក​ជាង​ដែល​ទទួល​ការ​ហ្នឹង គាត់​អត់​បាន​សិក្សា ស្វែង​យល់​អំពី​បច្ចេកទេស។ ដល់​អញ្ចឹង​ទៅ ក្នុង​ការ​អនុវត្ត​ការ​សាង​សង់​ហ្នឹង វា​មិន​សមស្រប​តាម​លក្ខណៈ​បច្ចេកទេស»។

លោក​បន្ត​ថា កាល​ពី​ថ្ងៃ​ទី​៥ ខែ​ធ្នូ ឆ្នាំ​២០១៩ ក្រុម​ការងារ​របស់​មន្ទីរ​ដែនដី​ខេត្ត​កែប បាន​រក​ឃើញ​ថា សំណង់​នេះ​សង់​ខុស​បច្ចេកទេស តែ​មិន​ទាន់​បាន​ឃាត់​ផង សំណង់​ក៏បាក់​ទៅ​ហើយ។

លោក​មាន​ប្រសាសន៍​ថា៖ «អគារ​ហ្នឹង សង់​ឡើង​កម្ពស់​ណា​ណី​ហើយ បាន​យើង​ចុះ​ពិនិត្យ​ចុង​ក្រោយ កាល​ពី​ថ្ងៃ​ទី​៥ ខែធ្នូ មិន​ទាន់​ទាំង​ចាត់​វិធានការ​ផង វា​ទៅ​បាត់​ហើយ»។

នៅ​ពេល​សួរ​ថា ​តើ​នរណា​ទទួល​ខុស​ត្រូវ​លើ​ការ​បាក់​អគារ​នេះ លោក​ថា ​ម្ចាស់​អគារ តែ​ថា​នេះ​ជា​ចំណាត់ការ​របស់​តុលាការ។ លោក​មាន​ប្រសាសន៍​ថា៖ «អាហ្នឹង​រឿង​របស់​តុលាការ គេ​រក​ឃើញ​យ៉ាង​ម៉េច រឿង​របស់​គេ»។

នៅ​ពេល​សួរ​ថា ​តើ​នឹង​មាន​វិធានការ​លើ​មន្រ្តី​នៃ​មន្ទីរ​ដែនដី​ថ្នាក់​ខេត្ត​ ឬ​យ៉ាងណា លោក ទេព ធន បាន​ថ្លែង​ថា៖ «យើង​អត់​ទាន់​បាន​ដៅ​ទៅ​ដល់​ហ្នឹង​ទេ។ យើង​ខិត​ខំ​មើល​តែ​លក្ខណៈ​បច្ចេកទេស យើង​មើល​តែ​ហ្នឹង​ទេ»។

តាម​កំណត់ហេតុ​មួយ​របស់​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត​កែប​ ចុះ​ថ្ងៃ​ទី​៥ ខែ​ធ្នូ ឆ្នាំ​២០១៩ ដែល​ VOAទទួល​បាន​ សំណង់​ដែល​បាក់​នេះ ត្រូវ​បាន​ចុះ​ត្រួតពិនិត្យ​ការដ្ឋាន​ ហើយ​រក​ឃើញ​ថា «សង់​លើស​ប្លង់​ក្រឡា​ផ្ទៃ​និង​ខុស​ប្លង់​អនុញ្ញាត»។ ប៉ុន្តែ​មិន​ទាន់​ដឹង​ថា ​មូលហេតុ​អ្វី​បាន​ជា​សំណង់​មួយ​នេះ​ អាច​បន្ត​ការ​សាងសង់​រហូត​មក​ដល់​ថ្ងៃ​បាក់​រលំ​នៅ​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០២០។

ក្រោយ​បាក់​អគារ​នៅ​ខេត្ត​កែប ម្ចាស់​សំណង់​ឈ្មោះ ​ឯក សារុន ​ជាប្តី​ និង​ភរិយា​ឈ្មោះ ​ឈីវ សុធី ត្រូវ​បាន​ឃាត់​ខ្លួន​បញ្ជូន​ទៅ​តុលាការ។ ប៉ុន្តែ​តុលាការសម្រេច​មិន​ឃុំ​ខ្លួន​ពួកគេ​នោះ​ទេ ដោយតម្រូវ​ឲ្យ​អនុវត្ត​លក្ខខណ្ឌ​មួយ​ចំនួន ក្នុង​នោះ​មាន​ការ​មិន​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​និង​បាន​ដាក់​ប្រាក់​តម្កល់​ប្រមាណ​៩​ម៉ឺន​ដុល្លារ​អាមេរិក។

ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ខេត្ត​កែប លោក វ៉ៅ សុខា បាន​បដិសេធ​មិន​អត្ថាធិប្បាយ ដោយ​លោក​បង្វែរ​សំណួរ​ទៅ​ក្រុមការងារ​កោសល្យវិច័យ និង​តុលាការ។

លោក​បាន​ថ្លែង​ប្រាប់ ​VOA ​តាម​ទូរស័ព្ទ​ថា៖ «ព្រឹត្តិការណ៍ វា​កើត​ឡើង​ហើយ។ អាហ្នឹង​រឿង​ក្រោយ​ទេ។ ឥឡូវ​ហ្នឹង យើង​មាន​គណៈ​កម្មការ​កោសល្យវិច័យ ហើយ​និង​តុលាការ ហើយ​ទៅ​សួរ​ខាង​ហ្នឹង​ទៅ»។ លោក​បាន​បិទ​ទូរស័ព្ទ​ភ្លាមៗ មិន​ឲ្យ​សួរ​បន្ត​ទៀត​នោះ​ទេ។

លោក សុខ គីន ​ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​សំណង់​និង​ព្រៃ​ឈើ ជំរុញ​រដ្ឋាភិបាល​ដាក់​ទោសទណ្ឌ​មន្រ្តី​ថ្នាក់​ក្រោម ប្រសិន​បើ​រក​ឃើញ​មាន​ការ​អនុញ្ញាត​ឲ្យ​សាងសង់​ដោយ​ខុស​ច្បាប់ ឬ​មិន​បាន​ពិនិត្យ​អគារ​តាម​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ។

លោក​បាន​ថ្លែង​ប្រាប់​ VOA ​ថា៖ «ពី​ព្រោះ​ជា​ទូទៅ រដ្ឋាភិបាល​បាន​ផ្តល់​តួនាទី​និង​តំណែង​ឲ្យ​បុគ្គល​ដែល​កាន់​នៅ​ស្ថាប័ន ឬ​មន្រ្តី ស្ថាប័ន​ដែល​ពាក់ព័ន្ធ​នោះ ប៉ុន្តែ​គាត់​អត់​បាន​ប្រើ​តួនាទី និង​សមត្ថភាព​របស់​ខ្លួន​អស់។ បើ​អញ្ចឹង​អានេះ គឺ​ស្នើ​ឲ្យ​ចាត់​វិធាន​ការ​តាម​ច្បាប់​ម្តង បើ​សិន​ឃើញ​បុគ្គល​ណា ឬ​ស្ថាប័ន​ណា ឃុបឃិត​ជាមួយ​ម្ចាស់​ក្រុមហ៊ុន ដើម្បី​សាង​សង់​ដោយ​ខុស​ច្បាប់ ហើយ​ធ្វើ​ឲ្យ​វា​ប៉ះពាល់​ដល់​គ្រោះ​ថ្នាក់​របស់​កម្មករ»។

បន្ទាប់​ពីបាក់​អគារ​នៅ​ខេត្ត​កែប​សម្លាប់​មនុស្ស​៣៦​នាក់ រដ្ឋាភិបាល​បាន​សម្រេច​បង្កើត​ក្រុម​ការងារ​ចម្រុះ​ផ្សេងៗ​គ្នា ដើម្បី​ត្រួត​ពិនិត្យ​សំណង់​នៅ​ទូទាំង​ប្រទេស ដែល​មាន​ថ្នាក់​ដឹកនាំ​តាម​ក្រសួង និង​មន្រ្តី​ជំនាញ​នៅ​តាម​បណ្តា​ខេត្ត។

សង្គម​ស៊ីវិល​ដែល​ធ្វើការ​ផ្នែក​ការពារ​សិទ្ធិ​កម្មករ​ ជំរុញ​ឲ្យ​រដ្ឋាភិបាល​ចាត់​វិធានការ​តឹងរ៉ឹង​ចំពោះ​សំណង់​ខុស​ច្បាប់​ និង​ស្វែង​រក​មន្ត្រី​ដែល​ពាក់ព័ន្ធ​នឹង​ករណី​បាក់​រលំ​អគារ​នៅ​ខេត្ត​កែប មក​ទទួល​ខុស​ត្រូវ​តាម​ផ្លូវ​ច្បាប់។

ស្រដៀង​គ្នា​នេះ ករណី​អគារ​បាក់​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៩ សម្លាប់​មនុស្ស​២៨​នាក់ ត្រូវ​បាន​អតីត​អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន អះអាង​ថា ក្រុម​ការងារ​ខេត្ត​បាន​ចុះ​ឃាត់​ពីរ​ដង​រួច​ទៅ​ហើយ តែ​ក្រុមហ៊ុន​របស់​ចិន​នៅ​បន្ត​សាងសង់ រហូត​ដល់​ថ្ងៃ​បាក់​អគារ។

តាម​ច្បាប់​ស្ដីពី​សំណង់​ដែល​ត្រូវ​បាន​ប្រកាស​ឲ្យ​ប្រើប្រាស់​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៩ ត្រង់​មាត្រា​១០១​ចែង​ថា​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ ពី​២ឆ្នាំ​ទៅ​៥ឆ្នាំ ចំពោះ​អ្នក​ត្រួត​ពិនិត្យ និង​បញ្ជាក់​ ដែល​បាន​បញ្ជាក់​លើ​គម្រោង​ប្លង់ ឬ​ការងារ​សាងសង់ ឬ​រុះរើ​ថា​ត្រឹមត្រូវ ដែល​តាម​ជាក់ស្ដែង គម្រោង​ប្លង់ ឬ​ការងារ​សាងសង់ ឬ​រុះរើ​នោះ មិន​អនុលោម​តាម​បទប្បញ្ញត្តិ​បច្ចេកទេស​សំណង់​និង/ឬ​តាម​គម្រោង​ប្លង់​ដែល​បាន​អនុញ្ញាត​ ហើយ​បណ្ដាល​ឲ្យ​មាន​របួស ឬ​បណ្ដាល​ឲ្យ​ខូច​សុខភាព​ដល់​អ្នក​ដទៃ។

មាត្រា​១០៣ ចែង​ថា ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​៥​ទៅ​១០ឆ្នាំ កាល​បើ​អំពី​នេះ​បណ្ដាល​ឲ្យ​មាន​ការ​កាត់​អវយវៈ ឬ​នាំ​ឲ្យ​មាន​ពិការភាព​ជា​អចិន្ត្រៃយ៍​ដល់​ជន​រងគ្រោះ។ ហើយ​កាន់តែ​ធ្ងន់ធ្ងរ ត្រូវ​ផ្ដន្ទាទោស​ពី​៧​ទៅ​១៥​ឆ្នាំ កាល​បើ​អំពើ​នេះ​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG