ក្រសួងរ៉ែ និងថាមពលបានចេញប្រកាសថ្មីមួយ ដោយតម្រូវឲ្យអ្នកលក់ដូរហ្គាសជាកំប៉ុងនិងធុងទាំងអស់ ត្រូវសុំការអនុញ្ញាតពីអាជ្ញាធរពាក់ព័ន្ធ ដោយក្នុងនោះមានការកម្រិតបរិមាណលក់ហ្គាស នៅតាមផ្ទះល្វែងផងដែរ។ នេះបើយោងតាមប្រកាសស្តីពីនីតិវិធីនៃការគ្រប់គ្រងបច្ចេកទេសសុវត្ថិភាពឧស្ម័នអិលភីជីក្នុងកំប៉ុងនិងធុង និងប្រេងរំអិលក្នុងកំប៉ុងនិងធុង ដើម្បីលក់និងប្តូរដល់យានយន្ត ចុះថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ និងមន្រ្តីរបស់ក្រសួងរ៉ែ និងថាមពល។
ការកំណត់នេះជាគោលដៅមួយក្នុងការកាត់បន្ថយហានិភ័យ ដែលអាចកើតឡើង ដោយសារការផ្ទុះហ្គាសដែលជាការព្រួយបារម្ភមួយ។ ប្រកាសដែលចុះហត្ថលេខាដោយរដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលលោក ស៊ុយ សែម ធ្វើឡើង ក្រោយមានករណីផ្ទុះហ្គាសមួយនៅកណ្តាលរាជធានីភ្នំពេញ កាលពីខែកក្កដា ដែលសម្លាប់មនុស្ស៤នាក់និងរបួស៥នាក់។
បើតាមប្រកាសដែល VOA ទទួលបាន ការលក់ដូរហ្គាសតូចតាចនិងតាមកម្រិតកំណត់ ត្រូវមានការអនុញ្ញាតពីរដ្ឋបាលក្រុងស្រុកខណ្ឌ ដែលទីតាំងអាជីវកម្មនោះស្ថិតនៅ។ ការអនុញ្ញាតពីរដ្ឋបាលក្រុងស្រុកខណ្ឌ កំណត់ចំពោះឧស្ម័នអិលភីជីដែលប្រើកំប៉ុងឬធុង ដែលមានចំណុះឧស្ម័នអិលភីជី ចាប់ពី ៤៥គីឡូក្រាម ចុះក្រោមនិងមានស្តុកឧស្ម័នជាក់ស្តែងសរុប ចាប់ពី ១០១គីឡូក្រាម ដល់ ៥ម៉ឺនគីឡូក្រាម។ ចំពោះប្រេងរំអិលវិញ មានកំណត់ប្រើកំប៉ុងឬធុង ដែលមានចំណុះប្រេងរំអិល ចាប់ពី ២០០លីត្រ ចុះក្រោម និងមានស្តុកប្រេងរំអិលជាក់ស្តែងសរុប ចាប់ពី ២០១លីត្រ ដល់ ១៥ម៉ឺនលីត្រ។
ក្រសួងរ៉ែនិងថាមពលឲ្យដឹងថា ការដាក់ពាក្យស្នើសុំត្រូវធ្វើឡើងនៅការិយាល័យច្រកចេញចូលតែមួយ ស្របតាមការកំណត់របស់រដ្ឋបាលក្រុងស្រុកខណ្ឌ។
ក្រុមហ៊ុនដែលចង់រកស៊ីលក់ហ្គាសនិងប្រេងរំអិលនេះត្រូវសុំការអនុញ្ញាតពីក្រសួងរ៉ែ និងថាមពលដោយផ្ទាល់ ប្រសិនបើការលក់ដូរកំប៉ុងឬធុង ចាប់ពី ៤៨គីឡូក្រាម ចុះក្រោមនិងមានស្តុកឧស្ម័នលើសពី ៥ម៉ឺនគីឡូក្រាម។ ចំពោះប្រេងរំអិលវិញគឺចាប់ពី ២០០លីត្រ ចុះក្រោមនិងមានស្តុកជាក់ស្តែងសរុបលើសពី ១៥ម៉ឺនលីត្រ។
អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាតនៃក្រសួងរ៉ែ និងថាមពល លោក ជៀប សួរ មានប្រសាសន៍ថា នេះជាប្រកាសថ្មីមួយដែលចែងលម្អិត ដោយសារកន្លងទៅមានជាសេចក្តីណែនាំខ្លីៗតែប៉ុណ្ណោះ។ លោកបន្តថា សម្រាប់ផ្ទះល្វែងទីតាំងតូចៗជាប់ៗគ្នា មានការអនុញ្ញាតឲ្យលក់ហ្គាសត្រឹមតែ ៥០០គីឡូក្រាម ចុះក្រោម ដែលសរុបទៅមានជាង ៣០ធុង តែប៉ុណ្ណោះ។ លោកបញ្ជាក់ថា ការបញ្ចូលហ្គាសក្នុងធុង ត្រូវមានទីតាំងជាក់លាក់ ដោយមានឧបករណ៍គ្រប់គ្រាន់ គឺមិនអនុញ្ញាតឲ្យបញ្ចូលនៅផ្ទះល្វែងនោះទេ។
មន្រ្តីរូបនោះអំពាវនាវឲ្យប្រជាពលរដ្ឋអនុវត្តតាមការណែនាំ ដើម្បីធានាកាត់បន្ថយហានិភ័យនៃការផ្ទុះហ្គាស។
លោកមានប្រសាសន៍ថា៖ «នៅក្នុងផ្ទះល្វែង យើងអត់ឲ្យមានបញ្ចូលទេ។ ហើយទន្ទឹមនឹងនេះ ទីតាំងផ្សេងៗទៀតតាមកម្រិតវា។ ប្រសិនបើបរិមាណវាកម្រិតណា វាត្រូវមានគម្លាតពីទីតាំងផ្ទះអ្នកជិតខាង ឬក៏កន្លែងការដ្ឋានផ្សេងៗ ប៉ុន្មានម៉ែត្រៗ»។
លោក ជៀប សួរ បន្តថា ក្រសួងនឹងធ្វើការផ្សព្វផ្សាយនិងការបណ្តុះបណ្តាលដល់ថ្នាក់ក្រោមជាតិអំពីប្រកាសនេះ។
នាយកប្រតិបត្តិប្រចាំប្រទេសកម្ពុជានៃសម្ព័ន្ធភាពគណនេយ្យសង្គម លោក សន ជ័យ មានប្រសាសន៍ថា ការកម្រិតស្តង់ដារអប្បបរមានៃការគ្រប់គ្រងទុកដាក់ហ្គាសជារឿងចាំបាច់មួយ ខណៈការប្រើប្រាស់ហ្គាសមានការកើនឡើង ពីមួយថ្ងៃទៅមួយថ្ងៃ ហើយហានិភ័យនៅតែខ្ពស់នៅឡើយ។
លោកមានប្រសាសន៍ថា៖ «យើងមើលទៅលើឥរិយាបថនៃការយល់ដឹងទៅលើហានិភ័យវិញ ខ្ញុំយល់ថា នៅមានកម្រិតទាប។ សូម្បីតែការដឹកជញ្ជូនហ្នឹង ក៏មានការព្រួយបារម្ភអំពីលទ្ធភាពនៃការផ្ទុះឆេះដែរ។ អ៊ីចឹងរូបភាពជាច្រើន ដែលយើងមើលឃើញទៅលើបញ្ហាឧស្ម័នហ្គាសនេះ»។
លោក សន ជ័យ បន្តថា កម្ពុជាត្រូវមានយន្តការនៃការតាមដាននិងត្រួតពិនិត្យជាប្រចាំ ដើម្បីធានាការអនុវត្តរបស់អ្នកលក់ដូរ។
លោកបញ្ជាក់ថា៖ «រឿងដែលសំខាន់គឺការអនុវត្ត។ ការអនុវត្តនេះវាត្រូវការមន្រ្តីដែលសកម្ម ហើយនឹងចុះត្រួតពិនិត្យឲ្យបានហ្មត់ចត់ទូលំទូលាយ។ ចៀសវាងកុំឲ្យមានបញ្ហា ដូចអ្វីដែលកើតមកកន្លងមកហ្នឹង។ ក្របីបាត់ទើបធ្វើរបងជាក្រោយ បណ្តែតបណ្តោយឲ្យមានការលក់ដូរដោយខុសច្បាប់ ហើយទីបញ្ចប់ មិនមានអ្វីក្រៅតែពីការបញ្ជាក់ពីរដ្ឋាភិបាលថា កន្លែងលក់ដូរហ្នឹងលក់ដូរចែកចាយដោយខុសច្បាប់»។
បើតាមប្រកាសថ្មីនេះ អគ្គនាយកដ្ឋានប្រេងកាតនៃក្រសួងរ៉ែ និងថាមពល មានភារកិច្ចពិនិត្យនិងផ្តល់យោបល់លើសំណុំឯកសារស្នើសុំ ហើយក្រុមមន្រ្តីជំនាញត្រូវចុះពិនិត្យទីតាំងស្នើសុំជាក់ស្តែង តាមការចាំបាច់។ សុពលភាពនៃអាជ្ញាបណ្ណមានរយៈពេល ១០ឆ្នាំ៕