មន្រ្តីសង្គមស៊ីវិលអះអាងថា ប្រទេសកម្ពុជាមិនទាន់មានការគ្រប់គ្រងហ្គាសឲ្យបានល្អត្រឹមត្រូវ និងមានសុវត្ថិភាពនៅឡើយទេ ខណៈការយល់ដឹងរបស់ប្រជាពលរដ្ឋនៅមានកម្រិតនៅឡើយ។ ការលើកឡើងបែបនេះធ្វើឡើង ក្រោយមានគ្រោះអគ្គីភ័យនៅផ្ទះលក់ហ្គាសមួយក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ដែលបានសម្លាប់មនុស្ស៤នាក់ និង៥នាក់ទៀតរងរបួស។
ហេតុការណ៍អគ្គីភ័យដោយសារផ្ទុះហ្គាសនេះ កើតឡើងនៅផ្ទះលក់ហ្គាស ខ្យល់អ៊ីដ្រូសែន និងថ្មស្អុយមួយកន្លែង ស្ថិតតាមបណ្តោយផ្លូវលេខ៦៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ធុងហ្គាសធំៗជាច្រើនត្រូវបានដាក់លក់នៅខាងក្នុងផ្ទះ និងខាងមុខផ្ទះ។ ការផ្ទុះនេះបណ្តាលឲ្យកូនរបស់ម្ចាស់ផ្ទះពីរនាក់ និងកម្មករពីរនាក់ស្លាប់។ នេះបើយោងតាមវេបសាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។ សមត្ថកិច្ចឲ្យដឹងថា ហេតុការណ៍នេះ បណ្តាលមកពីការផ្សារដែកខ្ទាតកម្ទេចផ្កាភ្លើងប៉ះជាមួយហ្គាស ទើបបណ្តាលឲ្យឆាបឆេះតែម្តង។
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព ថ្លែងប្រាប់ VOA នៅថ្ងៃច័ន្ទនេះថា ការផ្ទុះហ្គាសឆេះផ្ទះនិងធ្វើឲ្យមនុស្សស្លាប់និងរងរបួសនេះ កើតឡើងជាបន្តបន្ទាប់គួរឲ្យព្រួយបារម្ភនៅកម្ពុជា។ លោកបន្តថា ការដាក់លក់ហ្គាសនៅកម្ពុជាស្ថិតក្នុងហានិភ័យខ្ពស់និងងាយបង្កគ្រោះថ្នាក់ ក្នុងនោះមានការប្រើប្រាស់ធុងហ្គាសចាស់ មិនត្រឹមត្រូវតាមស្តង់ដារ ដែលទាមទារការត្រួតពិនិត្យឲ្យបានហ្មត់ចត់។
លោកមានប្រសាសន៍ថា៖ «ផ្ទះគាត់មានតែមួយបន្ទប់ហើយគាត់ដាក់ហ្គាសលក់ ហើយវាអត់មានឃ្លាំងស្តុកអីត្រឹមត្រូវ កន្លែងដាក់ស្តុកអីផ្សេងដោយឡែក។ អ៊ីចឹងទៅ កាលណាផ្ទុះទៅ គឺហានិភ័យទាំងខ្លួនឯង និងអ្នកដែលនៅជិតខាងហ្នឹងបាទ។ អ៊ីចឹងរឿងហ្នឹង ដែលជាការមួយព្រួយបារម្ភ»។
លោកបន្តថា ប្រជាពលរដ្ឋក៏មិនទាន់បានស្វែងយល់ពីហានិភ័យនៃការផ្ទុះហ្គាសនេះនិងរបៀបនៃការប្រើប្រាស់ឲ្យមានសុវត្ថិភាពនៅឡើយទេ។
លោកបញ្ជាក់ថា៖ «រឿងនេះកើតឡើងជាច្រើនលើកច្រើនសាហើយដែរដូច្នេះខ្ញុំយល់ថា វាគួរតែមានវិធានការពីអាជ្ញាធរនៅក្នុងការណែនាំគាត់នៅក្នុងការទុកដាក់យ៉ាងម៉េចឲ្យមានសុវត្ថិភាព»។
បើតាមលោកយង់ គិមអេង ការប្រើប្រាស់ហ្គាសនៅកម្ពុជាមានច្រើន ដោយសារវាមានតម្លៃថោកជាងសាំង។ លោកក៏ព្រួយបារម្ភចំពោះរថយន្តតាក់ស៊ីដែលប្រើប្រាស់ហ្គាសផងដែរ ហើយគួរមានការត្រួតពិនិត្យឲ្យបានត្រឹមត្រូវ។
កាលពីខែសីហា ឆ្នាំ២០១៩ មានករណីផ្ទុះហ្គាស បង្កជាអគ្គីភ័យឆេះស្ថានីយបញ្ចូលហ្គាសរថយន្តមួយកន្លែងនៅខេត្តសៀមរាប បណ្តាលឲ្យមនុស្សជាង១០នាក់រងរបួសធ្ងន់និងស្រាល។
បើតាមអនុក្រឹត្យស្តីពីលក្ខខណ្ឌនិងវិធានការនានាស្តីពីការបង្ការ និងការពន្លត់អគ្គីភ័យចេញផ្សាយកាលពីឆ្នាំ២០១៧ មានការហាមឃាត់ការជក់បារី ដុតសំរាម ប្រើប្រាស់ភ្លើង ទូរស័ព្ទដៃ ឬ វត្ថុផ្សេងៗ ដែលអាចប្រតិកម្មបង្កើតបានជាប្រភពភ្លើងនិងប្រភពកម្តៅ នៅក្បែរគោលដៅស្តុកវត្ថុធាតុងាយឆេះនិងងាយផ្ទុះឆេះ។ អនុក្រឹត្យនោះ ក៏មានការហាមយកលំនៅដ្ឋានធ្វើជាឃ្លាំងស្តុកសារធាតុងាយឆេះនិងងាយផ្ទុះឆេះ។
លោក អំ សំអាត នាយករងទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ មានប្រសាសន៍ថា ករណីផ្ទុះហ្គាសចុងក្រោយសម្លាប់មនុស្សនេះ បង្ហាញថា កម្ពុជាស្ថិតនៅក្នុងហានិភ័យខ្ពស់នៃការប្រើប្រាស់លក់ដូរហ្គាស ខណៈការប្រើប្រាស់ និងការចែកចាយហ្គាសនៅកម្ពុជាមានច្រើន ប៉ុន្តែមិនទាន់មានច្បាប់ទាក់ទងនឹងការត្រួតពិនិត្យកន្លែងលក់ហ្គាសឲ្យបានត្រឹមត្រូវទេ។
លោកមានប្រសាសន៍ថា៖ «គិតថា ប្រសិនបើយើងមិនមានវិធានការគ្រប់គ្រងឲ្យបានត្រឹមត្រូវទេ អាហានិភ័យនឹងខ្ពស់ និងអាចបន្តច្រើនទៅទៀត»។
លោកបន្តថា ប្រជាពលរដ្ឋកម្ពុជាជាច្រើនដែលប្រើប្រាស់ហ្គាស ក៏មិនទាន់យល់ដឹងអំពីរបៀបនៃការប្រើប្រាស់ប្រកបដោយសុវត្ថិភាពនៅឡើយទេ។ លោកបញ្ជាក់ថា៖ «ខ្ញុំយល់ថា រាល់ថ្ងៃនេះ ប្រជាពលរដ្ឋខ្មែរមិនទាន់យល់ដឹងអំពីការប្រើប្រាស់ឲ្យបានត្រឹមត្រូវទាក់ទងនឹងបញ្ហាហ្គាសនេះ ហើយនឹងវិធានការនិងសុវត្ថិភាពនៃការប្រើប្រាស់ឲ្យបានត្រឹមត្រូវនៅឡើយ។អ៊ីចឹងខ្ញុំគិតថា រដ្ឋាភិបាលគួរមានវិធានការឲ្យបានហ្មត់ចត់ដើម្បីចៀសវាងហានិភ័យកាន់តែខ្ពស់បន្តទៅទៀត»។
លោក ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត ដែលទទួលបន្ទុកក្នុងការគ្រប់គ្រងហ្គាសនេះដែរ បដិសេធមិនឆ្លើយតបភ្លាមៗ ដោយតម្រូវឲ្យ VOA ដាក់លិខិតទៅក្រសួងរ៉ែ និងថាមពលដើម្បីសុំការឆ្លើយតប។
កាលពីខែមីនា ឆ្នាំ២០២០ ក្រសួងរ៉ែនិងថាមពល បានចេញផ្សាយវីដេអូទាក់ទងនឹងសុវត្ថិភាពនៃការទុកដាក់ប្រើប្រាស់ហ្គាស ក្នុងនោះមានការត្រួតពិនិត្យកំប៉ុងថ្មី មិនច្រេះស៊ី ឬ ក្រពឹត កុំដាក់ហ្គាសឲ្យត្រូវកម្តៅថ្ងៃនិងដាក់ឲ្យឆ្ងាយពីវត្ថុងាយឆេះជាដើម។
នៅព្រឹកថ្ងៃច័ន្ទនេះ លោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បើកកិច្ចប្រជុំមួយដោយណែនាំដល់ការិយាល័យបង្ការអគ្គីភ័យ ត្រូវបង្កើនការចុះណែនាំអប់រំជាប្រចាំដល់អ្នកប្រកបមុខរបរ ដែលងាយរងគ្រោះដូចជាស្ថានីយលក់ប្រេង ទីតាំងលក់និងបញ្ចូលហ្គាស ជាពិសេសទីតាំងដែលងាយរងគ្រោះផ្សេងៗទៀត ហើយកន្លែងរកស៊ីទាំងអស់នោះ គួរតែមានបំពង់ពន្លត់អគ្គីភ័យ ដើម្បីត្រៀមជួយសង្គ្រោះបឋម ក្នុងករណីដែលមានអគ្គីភ័យកើតឡើងជាយថាហេតុ៕