បើតាមទិន្នន័យដែលផ្តល់ដោយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា(CMA) អតិថិជនជាង១១ម៉ឺននាក់ត្រូវបានគ្រឹះស្ថានហិរញ្ញវត្ថុ ដែលជាសមាជិករបស់សមាគមនេះ រួមមានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុភតិសន្យាហិរញ្ញវត្ថុ និងឥណទានជនបទ អនុគ្រោះការបង់កម្ចីរបស់ពួកគេ។
លោក កាំង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនងនិងជាអ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ថ្លែងប្រាប់VOAនៅថ្ងៃអង្គារនេះថា គិតមកត្រឹមថ្ងៃទី១០ ខែឧសភា អ្នកខ្ចីជាង១១ម៉ឺននាក់ ត្រូវបានអនុគ្រោះដល់ការបង់សងកម្ចី ក្រោយពីការសិក្សាជាក់ស្តែងរកឃើញាថា ពួកគេរងគ្រោះពិតប្រាកដ ដោយសារជំងឺកូវីដ១៩។ លោកបន្តថា កម្ចីដែលអនុគ្រោះនេះសរុបជាង៤០០លានដុល្លារអាមេរិក។
ទោះជាយ៉ាងណា លោក កាំង តុងងី មិនអាចបញ្ជាក់បាននៅពេលនេះទេ ថាតើអ្នកខ្ចីប៉ុន្មាននាក់ ដែលត្រូវបានអនុគ្រោះ ដោយមិនមានការបង់កម្ចីទាំងស្រុង រយៈពេល៣ខែ ៦ខែ ឬលើសពីនេះនោះទេ។ លោកបញ្ជាក់ថា ការអនុគ្រោះនោះអាចជាការលើកពេលបង់ការប្រាក់ បង់ប្រាក់ដើម ឬពន្យារពេលបង់ទាំងស្រុងក្នុងរយៈពេលណាមួយ។
លោកបញ្ជាក់ថា អតិថិជនជាង១០ភាគរយប៉ុណ្ណោះត្រូវបានបដិសេធមិនព្រមតាមការស្នើសុំ ក្រោមហេតុផលថា ការស្នើសុំរបស់ពួកគេមិនគ្រប់លក្ខខណ្ឌ។
លោកបានថ្លែងថា៖ «ដោយសារតែលក្ខខណ្ឌគាត់អត់គ្រប់គ្រាន់ អ៊ីចឹងទៅ មួយចំនួនយើងពិនិត្យជាក់ស្តែងទៅ គាត់អត់សូវរងផលប៉ះពាល់ទេ។ ដល់អ៊ីចឹងវាធ្វើឲ្យលក្ខខណ្ឌគាត់ហ្នឹងអត់គ្រប់គ្រាន់។ ប្រហែលជា១០ភាគរយហ្នឹង យើងReject(បដិសេធ)ចេញ»។
លោកមានប្រសាសន៍ថា ចំនួនអ្នកស្នើសុំអនុគ្រោះនឹងបន្តកើនឡើង នៅពេលខាងមុខ ដោយសារពេលនេះសមាគមកំពុងប្រមូលទិន្នន័យបន្តទៀត ដែលធ្វើឡើងជារៀងរាល់សប្តាហ៍។ សមាគមបានទិន្នន័យនេះមកពីសមាជិក១០៣ស្ថាប័ន ដែលភាគច្រើនជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់នៅកម្ពុជា។
កាលពីថ្ងៃទី២០ ខែមេសា ធនាគារជាតិនៃកម្ពុជាបានស្នើគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទាំងអស់លើកលែងការសងបំណុល ដែលប្រជាពលរដ្ឋជំពាក់រហូតដល់ចុងឆ្នាំ២០២០ ប្រសិនបើពួកគេពុំមានលទ្ធភាពបង់។ អ្នករងគ្រោះដែលត្រូវសម្រួលការបង់ប្រាក់ រួមមានអ្នកធ្វើការក្នុងវិស័យទេសចរណ៍ សេវាកម្ម កាត់ដេរ សំណង់ និងដឹកជញ្ជូន។
យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជាចេញផ្សាយកាលពីខែមេសា ឆ្នាំ២០២០ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជាមានចំនួន៨៣ និងគ្រឹះស្ថានឥណទានជនបទមានចំនួន២៤៥។
លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា ដែលមានអតិថិជនខ្ចីប្រមាណ៤០ម៉ឺននាក់ មានប្រសាសន៍ថា គិតត្រឹមចុងខែមេសា អតិថិជនប្រមាណ៣០០នាក់ត្រូវបានអនុគ្រោះការបង់ប្រាក់ ដែលភាគច្រើនជាករណីសម្រួលការបង់ការប្រាក់ មិនមែនជាករណីផ្អាកការបង់ប្រាក់ទាំងស្រុងនោះទេ។ លោកបន្តថា ការស្នើសុំរបស់អតិថិជនតែ៧នាក់ប៉ុណ្ណោះ ត្រូវបានច្រានចោល។ លោកមានប្រសាសន៍ថា នេះជាការអនុគ្រោះក្នុងចំនួនច្រើន ដែលធនាគារអេស៊ីលីដាសម្រួលដល់អតិថជន ដោយលោកថា អតិថិជនរបស់លោកមិនសូវជារងផលប៉ះពាល់ច្រើននោះទេ។
លោកមានប្រសាសន៍ថា៖ «ឥណទានដែលយើងធ្វើបច្ចុប្បន្នពាក់ព័ន្ធនឹងកសិកម្មច្រើន ហើយពាក់ព័ន្ធនឹងកសិកម្មមិនសូវមានផលប៉ះពាល់ ព្រោះគាត់លក់ដាំដំណាំ ដាំអីបានថ្លៃ លក់បានកំណើនជាងមុន។ យើងមិនធ្វើវិស័យទេសចរណ៍ច្រើនទេ ហើយយើងមិនធ្វើវិស័យកាត់ដេរធំៗហ្នឹងទេ។ ហើយសំណង់ក៏យើងមិនសូវមានដែរ»។
បើតាមលោក អ៊ិន ចាន់នី ក្នុងចំណោមអតិថិជនដែលស្នើសម្រួលកម្ចីនោះ មាន១៩២នាក់មកពីវិស័យទេសចរណ៍ ១៥នាក់មកពីវិស័យកាត់ដេរ ២នាក់មកពីវិស័យសំណង់ ៦៧នាក់មកពីវិស័យដឹកជញ្ជូន និងសល់ពីនោះមកពីវិស័យផ្សេងៗ។ កម្ចីដែលអនុគ្រោះនេះ សរុបប្រមាណ៥១លានដុល្លារអាមេរិក។
លោកបញ្ជាក់ថា ចំនួននេះអាចបន្តកើនឡើងទៀត ដោយសារធនាគាររបស់លោកទើបតែមានរបាយការណ៍ត្រឹមខែមេសាតែប៉ុណ្ណោះ។
សមាគមធនាគារនៅកម្ពុជាមិនឆ្លើយតបនឹងការស្នើសុំទិន្នន័យថា តើអតិថិជនប៉ុន្មាននាក់ដែលជំពាក់លុយធនាគារ បានស្នើសុំអនុគ្រោះការបង់ប្រាក់នោះទេ។
VOA មិនអាចសុំការឆ្លើយតបពីលោកស្រី ជា សិរី អគ្គនាយិកាធនាគារជាតិនៃកម្ពុជាបានទេនៅថ្ងៃអង្គារនេះ។
អ្នកនាង លៀប សុធារី រស់នៅក្នុងខេត្តព្រៃវែង មានប្រសាសន៍ថា អ្នកនាងត្រូវបានព្យួរពីការងារជាប្រធានផ្នែកនៅរោងចក្រកាត់ដេរឈ្មោះ Crystal Martin នៅតំបន់7NG ក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល តាំងពីខែមីនា ហើយរហូតមកដល់ចុងខែមេសា អ្នកនាងត្រូវបានបញ្ឈប់ពីការងារតែម្តង។
អ្នកនាង សុធារី មានប្រសាសន៍ថា កាលពីខែមីនា អ្នកនាងបានស្នើសុំពន្យារពេលបង់ប្រាក់ទៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្រេឌីត(Kredit) ដែលត្រូវបង់ចំនួន២៦០ដុល្លារក្នុងមួយខែ តែគ្រឹះស្ថានមិនព្រម។ អ្នកនាងបន្តថា ជាសំណាងល្អ អ្នកនាងអាចបើកលុយអត្ថប្រយោជន៍ប្រមាណ១.៥០០ដុល្លារកាលពីចុងខែមេសា ហើយអ្នកនាងអាចត្រៀមលុយនេះបង់គ្រឹះស្ថានក្នុងរយៈពេល២ខែខាងមុខទៀត។
អ្នកនាង សុធារី អាយុ៣៤ឆ្នាំ និងមានកូន២នាក់ មានប្រសាសន៍ថា៖ «ខ្ញុំធ្លាប់ទៅសួរ ខ្ញុំព្យួរការងារអ៊ីចឹង ខ្ញុំអត់មានលុយបង់។ ដល់ពេលខ្ញុំទៅសួរគេ គេថាអត់ទេ ធនាគារមិនមែនរបស់រដ្ឋទេ របស់ឯកជន។ អ៊ីចឹងរាជរដ្ឋាភិបាលគ្មានសិទ្ធិលូកដៃទេ។ លែងសួរលែងឆ្ងល់បើគេនិយាយអ៊ីចឹងហើយ វាចប់តែម្តង។ ខ្ញុំសួរគេថា ខ្ញុំឮសម្តេច[នាយករដ្ឋមន្រ្តី]និយាយស្មានតែថាធនាគារគេអនុវត្តតាមអីអ៊ីចឹង»។
VOA មិនអាចសុំការអត្ថាធិប្បាយពីតំណាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្រេឌីតបានទេនៅថ្ងៃអង្គារនេះ ដោយគ្រឹះស្ថានស្នើឲ្យសាកសួរសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាវិញ។
មន្រ្តីសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជាលើកឡើងថា អតិថិជនដែលតវ៉ារឿងមិនអនុគ្រោះពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អាចទាក់ទងទៅសមាគម នោះសមាគមនឹងសិក្សាជាក់ស្តែង ដើម្បីធ្វើអន្តរាគមន៍ ប្រសិនបើពួកគេពិតជារងផលប៉ះពាល់ពិតប្រាកដដោយសារជំងឺកូវីដ១៩នេះ៕