អ្នកស្រី ម៉ា ភារ៉ាវី កំពុងមើលថែស្វាមី ដែលរងគ្រោះថ្នាក់ចរាចរណ៍នៅមន្ទីរពេទ្យលោកសង្ឃក្នុងរាជធានីភ្នំពេញ។ អ្នកស្រីនិងស្វាមី លោក បឿន បុល អាយុ៤៣ឆ្នាំបានជិះម៉ូតូផ្ទាល់ខ្លួនមកភ្នំពេញចម្ងាយផ្លូវជាង២០០គីឡូម៉ែត្រពីផ្ទះក្នុងភូមិស្វាយប៉ាក ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ក្នុងគោលបំណងស្វែងរកការងារធ្វើនៅទីក្រុង។
អ្នកស្រី ភារ៉ាវី អាយុ៤១ឆ្នាំ មានប្រសាសន៍ថា អ្នកស្រី ស្វាមី និងកូនប្រុសបានបាត់បង់ការងារជាកម្មករសំណង់ក្នុងខេត្តព្រះសីហនុ កាលពីខែមីនា ដោយសារក្រុមហ៊ុនដែលគ្រប់គ្រងដោយជនជាតិចិនខ្វះសម្ភារៈសំណង់ ខណៈរងផលប៉ះពាល់ពីជំងឺកូវីដ១៩ ដូច្នេះកម្មករត្រូវព្យួរពីការងារសិន។
នៅក្នុងបន្ទប់មួយនៅមន្ទីរពេទ្យលោកសង្ឃដែលមានអ្នកជំងឺជាង១០នាក់ទៀតកំពុងសម្រាកព្យាបាលអ្នកស្រី ភារ៉ាវី ដែលមានកូន៤នាក់បានថ្លែងប្រាប់ VOA នៅថ្ងៃច័ន្ទនេះថា អ្នកស្រីមិនមានការងារធ្វើនោះទេនៅក្នុងខេត្តពោធិ៍សាត់ ក្រៅពីដកផ្សិតធម្មជាតិក្នុងព្រៃមកលក់ ហើយការងារនេះរកចំណូលមិនសូវបាន ហើយជួនអត់ ជួនមាន។
ខណៈប្រឈមនឹងបំណុល ហើយមិនមានការងារធ្វើទៀងទាត់ អ្នកស្រីក៏សម្រេចចិត្តមកភ្នំពេញជាមួយស្វាមី និងកូន២នាក់ ដែលក្នុងនោះមានកូនស្រីម្នាក់អាយុ១៥ឆ្នាំឈ្មោះ បឿន សុផាន់ណា រៀនថ្នាក់ទី៨ ដែលអ្នកស្រីមានបំណងឲ្យធ្វើការសិន ដោយសារសាលារៀនបិទ។
អ្នកស្រីថ្លែងប្រាប់VOAនៅថ្ងៃច័ន្ទនេះថា៖ «ក៏ចូលឆ្នាំ ចូលអីហើយហ្នឹង ក៏នៅតែផ្ទះទៅ ក៏ប្អូនហៅមកធ្វើការហ្នឹង ក៏សម្រេចចិត្តនាំកូនចៅមក មកទាំងអស់ទៅ»។
មូលហេតុដែលអ្នកស្រីឲ្យកូនពីរនាក់ ម្នាក់អាយុ១៨ឆ្នាំ និងម្នាក់អាយុ១៥ឆ្នាំ ធ្វើដំណើរតាមរថយន្តឈ្នួលដើម្បីស្វែងរកការងារធ្វើនៅភ្នំពេញ កាលពីថ្ងៃទី៦ខែឧសភាដោយសារអ្នកស្រីត្រូវបង់លុយសងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈ្មោះហត្ថាកសិករ ក្នុងមួយខែប្រមាណ៧០ម៉ឺនរៀល។ អ្នកស្រីត្រូវបង់ប្រមាណ៤ឆ្នាំទៀត។
អ្នកស្រីមានប្រសាសន៍ថា៖ «ដោយសារជំពាក់រដ្ឋ ហើយបើអត់មក អត់មានអង្ករមានអីហូប ព្រោះខ្ញុំទិញគេ»។
អ្នកស្រីឲ្យដឹងថា អ្នកស្រីបានយកលុយពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាង៣ពាន់ដុល្លារដើម្បីទិញម៉ូតូមួយគ្រឿងតម្លៃជាង២ពាន់ដុល្លារ និងសងបំណុលឯកជនក្នុងភូមិប្រមាណ១ពាន់ដុល្លារ។
ករណីគ្រោះថ្នាក់ចរាចរណ៍ចម្រូងចម្រាស
ជីវិតរបស់ពួកគេជួបការលំបាក ដោយសារការជំពាក់បំណុល អត់ការងារធ្វើ និងចុងក្រោយត្រូវធ្វើចំណាកស្រុក ហើយជួបប្រទះគ្រោះថ្នាក់ចរាចរណ៍។ គ្រោះថ្នាក់ចរាចរណ៍នេះមានភាពចម្រូងចម្រាស ដោយសារតម្លៃសេវាព្យាបាលជាង៧០០ដុល្លារ ហើយពួកគេមិនមានលទ្ធភាពបង់គ្រប់។
ថ្លែងប្រាប់VOA ខណៈស្វាមីកំពុងសម្រាកបែរខ្នង ដោយសារឈឺខ្នង និងកដៃខាងស្តាំហើម ហើយត្រូវវះកាត់នៅថ្ងៃអង្គារស្អែកនេះ អ្នកស្រី ភារ៉ាវី មានប្រសាសន៍ថា អ្នកស្រីបានធ្វើដំណើរមកភ្នំពេញ កាលពីថ្ងៃទី៦ ខែឧសភា ដើម្បីរកការងារធ្វើ ក្រោយប្អូនស្រីប្រាប់ថា មានគេជ្រើសរើសកម្មករធ្វើការនៅរោងចក្រស្បែកសត្វមួយ។ ប៉ុន្តែជាអកុសល អ្នកស្រីនិងស្វាមីដែលជិះម៉ូតូជាមួយគ្នាបានជួបប្រទះគ្រោះថ្នាក់ចរាចរណ៍។
ពេលជួបគ្រោះថ្នាក់ចរាចរណ៍ដោយបុកជាមួយរថយន្តមួយ អ្នកស្រីនិងស្វាមី ត្រូវបានបញ្ជូនមកព្យាបាលនៅគ្លីនិកមួយ មានទីតាំងតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងស្រុកអង្គស្នួលខេត្តកណ្តាល។ បើតាមវិក្កយបត្រដែល VOA ទទួលបាន តម្លៃសេវាព្យាបាលនោះមានចំនួន ៧១០ ដុល្លារ ដោយតម្លៃព្យាបាលអ្នកស្រីអស់ចំនួន ២៣៥ ដុល្លារ និងស្វាមីចំនួន ៤៧៥ ដុល្លារ។
អ្នកស្រី ភារ៉ាវី មានប្រសាសន៍ថា តម្លៃជាង ៧០០ ដុល្លារនេះថ្លៃហួសហេតុ ខណៈអ្នកស្រីគ្រាន់តែរបួសតិចតួចលើជើង និងដៃ។
អ្នកស្រីមានប្រសាសន៍ថា៖ «និយាយអ៊ីចឹង វាដូចជាហួសដែរ។ ដូចថាខ្ញុំតែប៉ុណ្ណឹងដូចថាលាងរបួស។ អាហ្នឹងវាអស់ ២៣៥ (ដុល្លារ) អាហ្នឹងវាហួសត្រង់ហ្នឹងដែរ»។
ករណីនេះត្រូវបានផ្សព្វផ្សាយលើបណ្តាញសង្គមហ្វេសប៊ុករបស់ទំព័រហ្វេសប៊ុកមួយឈ្មោះ«San Prum»រហូតដល់មានអ្នកចែករំលែកបន្តជាង៥០០។ ករណីនេះក៏បានឮទៅដល់ក្រសួងសុខាភិបាល។ ក្រសួងសុខាភិបាលក៏ចេញលិខិតព្រមានគ្លីនិកមួយនេះ។
នៅក្នុងលិខិតព្រមានមួយចុះថ្ងៃទី៨ ខែឧសភា ក្រសួងសុខាភិបាលលើកឡើងថា គ្លីនិកដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងឃុំបែកចាន ស្រុកអង្គស្នួលខេត្តកណ្តាលយកតម្លៃសេវាព្យាបាល«ច្រើនលើសប្រក្រតី» ហើយមិនមានតារាងតម្លៃច្បាស់លាស់តាមការណែនាំរបស់ក្រសួងសុខាភិបាល។ ក្រសួងបានផាកពិន័យគ្លីនិកនោះ តែមិនបានបញ្ជាក់ចំនួនប៉ុន្មាននោះទេ។ ក្រសួងក៏បានព្រមានបិទគ្លីនិកនេះ ប្រសិនបើមានករណីដូច្នេះកើតឡើងម្តងទៀត។
ម្ចាស់គ្លីនិកសុធារិទ្ធបែកចានដែលមានរឿងចម្រូងចម្រាសនេះ លោក ស្រស់ សុភ័ក្រ្តា ប្រាប់VOAនៅថ្ងៃច័ន្ទថា វិក្កយបត្រតម្លៃជាង៧០០ដុល្លារនេះជាតម្លៃសរុប ប្រសិនបើពួកគេត្រូវបញ្ជូនទៅពិនិត្យមើលនៅមន្ទីរពេទ្យផ្សេងទៀត ដោយលោកថា វេជ្ជបណ្ឌិតពិនិត្យទៅឃើញថាបាក់ឆ្អឹង។
លោកមានប្រសាសន៍ថា៖ «អាវិក្កយបត្រដែលខ្ញុំដាក់ជូនដំបូងហ្នឹង ខាងពេទ្យគេប៉ាន់ប្រមាណឃើញថា ឥឡូវហ្នឹងគេយកទៅថតឃើញថា មានបាក់ដៃ ពេលហ្នឹង យើងប៉ាន់ប្រមាណឃើញថា បើសិនជាមានបញ្ហាបាក់ដៃផង បាក់ជើងផង ហើយយើងត្រូវបញ្ជូនគាត់យកឡើងទៅលើទៀត អាហ្នឹងយើងនឹងគិតសេវាអីទៀតបានអស់ប៉ុណ្ណឹង»។
លោកបន្តថា ជនរងគ្រោះជាស្វាមីត្រូវគ្រូពេទ្យដេរជើង ដេរគុម្ពត្រចៀកសរុប១៦ថ្នេរ។ លោកបន្តថា តម្លៃចុងក្រោយដែលមានការព្រមព្រៀងពីជនរងគ្រោះគឺមានចំនួន៤៥០ដុល្លារ។ លោកមានប្រសាសន៍ថា ក្រុមគ្រួសារមិនគួរយកករណីនេះទៅបង្ហោះលើហ្វេសប៊ុក ដោយលោកថា គ្លីនិករបស់លោកនឹងបន្ធូរបន្ថយ ប្រសិនបើជនរងគ្រោះមិនមានលទ្ធភាពបង់។
លោកមានប្រសាសន៍ថា៖ «ឧបមាថានៅពេលដែលទូទាត់ហ្នឹង តម្លៃខាងពេទ្យហ្នឹងលើសលស់ដោយប្រការណា យ៉ាងម៉េច គាត់អាចសួរនាំបាន។ យើងក៏ចេះសម្រួលគាត់ក្នុងពេលហ្នឹង។ ប៉ុន្តែគាត់អត់មាននិយាយអីទៀតទេ។ គាត់បានថា សុំតម្លៃត្រឹម៤៥០(ដុល្លារ) ហើយខាងពេទ្យក៏ព្រមព្រៀងជាមួយគាត់ទៅ»។
បើតាមវិក្កយបត្រតម្លៃព្យាបាលដែល VOA ទទួលបាន ការព្យាបាលសង្រ្គោះបន្ទាន់នោះរួមមានរបួសបាក់ជើង របួសបាក់ដៃ ដេររបួស ថ្លៃដាក់អុកស៊ីសែនជាដើម។ ចំណែកសេវាដឹកតាមរថយន្តពេទ្យមានតម្លៃ១០០ដុល្លារ។
លោក ស្រស់ សុភ័ក្រ្តា បន្តថា ក្រសួងផាកពិន័យគ្លីនិករបស់លោកជាប្រាក់ តែលោកបដិសេធមិនប្រាប់ពីចំនួនទឹកប្រាក់នោះ។ ប៉ុន្តែមន្រ្តីក្រសួងសុខាភិបាលម្នាក់បានលើកឡើងថាប្រាក់ផាកពិន័យនោះមានចំនួន៥លានរៀល។
កាលពីថ្ងៃសៅរ៍ទី៩ខែឧសភា រដ្ឋលេខាធិការក្រសួងសុខាភិបាលលោកស្រី ឱ វណ្ណឌីន បានទៅជួបជនរងគ្រោះផ្ទាល់នៅបន្ទប់ជួលរបស់ប្អូនស្រីជនរងគ្រោះ ក្នុងភូមិព្រៃសំព័រសង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយបានយកថវិកា ១ លាន ៨ សែន រៀល ទៅឲ្យជនរងគ្រោះ។ ពួកគេទាំងពីរនាក់ត្រូវបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យលោកសង្ឃដោយឥតគិតថ្លៃ។
នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី មានប្រសាសន៍ថា ករណីយកតម្លៃព្យាបាលថ្លៃជាករណីទូទៅនៅកម្ពុជា ដែលតែងតែកើតឡើងនៅពេទ្យឯកជនដែលលោកថា មិនមានដាក់តម្លៃព្យាបាលច្បាស់លាស់។ លោកថាករណីបែបនេះគួរតែមានការដោះស្រាយជាប្រព័ន្ធ មិនមែនដោះស្រាយម្តងមួយករណីៗនោះទេ។ លោកជំរុញឲ្យមានការកំណត់តម្លៃសមរម្យសម្រាប់ការព្យាបាល។
លោកមានប្រសាសន៍ថា៖«ក៏ប៉ុន្តែបញ្ហាធំគឺពេទ្យឯកជនយើងហ្នឹងជាទូទៅ គាត់មិនមានភាពច្បាស់លាស់នៅក្នុងការដាក់តម្លៃទេ អ៊ីចឹងរាល់ការត្រួតពិនិត្យព្យាបាលអ្នកជំងឺហ្នឹង ជាពិសេសអ្នកជំងឺដែលមានការសង្រ្គោះបន្ទាន់អីជាដើមហ្នឹង គឺជាទូទៅឃើញមានព័ត៌មានអំពីការយកតម្លៃលើសខ្ពស់ ដែលធ្វើឲ្យអ្នកខ្លះមិនមានលទ្ធភាពក្នុងការបង់លុយទេ»។
ប្អូនស្រីរបស់អ្នកស្រីភារ៉ាវី គឺអ្នកស្រី ម៉ា ចរិយា អាយុ៣២ឆ្នាំ ដែលជាកម្មកររោងចក្រនិងជួលបន្ទប់នៅក្នុងខណ្ឌដង្កោ ថ្លែងប្រាប់VOAនៅបន្ទប់ជួលថា អ្នកស្រីបានហៅបងស្រី និងក្រុមគ្រួសារមកធ្វើការនៅរោងចក្រនៅភ្នំពេញ ដោយសារឃើញគេរើសកម្មករនៅរោងចក្រស្បែកសត្វមួយ។ អ្នកស្រីបន្តថា អ្នកស្រីបានយកលុយដែលលក់ខ្សែដៃប្រមាណ ២០០ ដុល្លារ ដែលទុកសម្រាប់សងបំណុលផ្ទាល់ខ្លួន មកជួយបង់ថ្លៃព្យាបាលបងស្រីសិន។
អ្នកស្រីមានប្រសាសន៍ថា៖ «អ៊ីចឹងខុសមកពីខ្ញុំថា បើសិនបងមានរឿងអី ខ្ញុំក៏ពិបាកដែរ ព្រោះខ្ញុំអ្នកតេ(ទូរស័ព្ទ)ឲ្យគាត់មក រកការងារ។ ហើយឲ្យមករកការងារ មកជួបគ្រោះថ្នាក់អ៊ីចឹង»។
នៅពេលបង្ហាញរឿងរ៉ាវរបស់អ្នកស្រីម៉ា ភារ៉ាវី លោក ហង្ស វិទូ អ្នកតាមដានសង្គមម្នាក់ និងជាស្ថាបនិកក្រុមអ្នកវិភាគវ័យក្មេង មានប្រសាសន៍ថា បញ្ហាកូវីដនេះប៉ះពាល់ធ្ងន់ធ្ងរដល់អ្នកដែលធ្វើការងារជាកម្មករ កម្មការិនី និងពលករ។ លោកបន្ថែមថា ករណីជនរងគ្រោះឈ្មោះភារ៉ាវី ជាបញ្ហាមួយដែលតំណាងឲ្យអ្នករងគ្រោះជាច្រើនផ្សេងទៀត។
លោកមានប្រសាសន៍ថា៖ «ខ្ញុំជឿជាក់ថា ប្រហែលជាកម្មករ កម្មការិនីផ្សេងៗទៀតក៏មានវិបត្តិស្រដៀងគាត់ ឬមួយក៏ដូចគាត់ក៏ថាបាន»។
ត្រឡប់មកអ្នកស្រី ម៉ា ភារ៉ាវី ដែលកំពុងមើលថែស្វាមីនៅមន្ទីរពេទ្យលោកសង្ឃ អ្នកស្រីកំពុងបារម្ភអនាគតកូន និងកូនមិនបានរៀនខ្ពស់ទៅថ្ងៃខាងមុខ ដោយសារស្វាមីរងគ្រោះថ្នាក់ចរាចរណ៍ ហើយរាងកាយប្រហែលមិនដូចមុន។
អ្នកស្រីមានប្រសាសន៍ថា៖ «ខ្ញុំគិតថា ប្រហែលជាមិនបាន[រៀនខ្ពស់] ទេឥឡូវប្តីពិការទៀតបាត់ហើយ»។
បន្ថែមពីនេះទៀត អ្នកស្រីក៏បារម្ភអំពីសុវត្ថិភាពកូនរបស់អ្នកស្រី ដែលពួកគេរស់នៅដោយខ្លួនឯង ពេលឪពុកម្តាយធ្វើចំណាកស្រុកទៅធ្វើការរកចំណូល ហើយទុកកូនភ្លោះ ប្រុសមួយស្រីមួយអាយុ១២ឆ្នាំឲ្យនៅផ្ទះ។
អ្នកស្រីមានប្រសាសន៍ថា៖ «គេចេះតែថាហើយ តែខ្ញុំ គិតថាបើខ្ញុំមិនទៅ មិនអាចមានអីឲ្យកូនហូប។ ហើយបើយើងមិនខំប្រឹងរកខ្លួន ឯង ធ្វើ ម៉េចបានកូនហូប? បានកូនរៀន?បានកូនចាយ?»៕